សញ្ញាសំខាន់ៗ ចំនួន៨ ដែលប្រាប់អ្នកថាអ្នកជាបុគ្គលិកមានឥទ្ធិពលនៅកន្លែងធ្វើការ

ពេលខ្លះអ្នកមានអារម្មណ៍មិនស្រួលក្នុងចិត្ត ដោយសារការខិតខំរបស់អ្នកមិនត្រូវបានកោតសរសើរពីអ្នកដែលនៅក្នុងក្រុមហ៊ុនរបស់អ្នក។ អ្នកត្រូវធ្វើការថែមម៉ោង ត្រូវបានគេផ្តល់ការងារច្រើនជាងធម្មតា អ្នកបានទទួលការរិះគន់កាន់តែច្រើនពីអ្នកគ្រប់គ្រងរបស់អ្នក និងមានរឿងជាច្រើនទៀត។ អ្នកប្រហែលជាមិនយល់ពីមូលហេតុដែលចៅហ្វាយរបស់អ្នក បានធ្វើឱ្យអ្នកមានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលថ្មីៗនេះទេ ប៉ុន្តែវាប្រហែលជាមកពីអ្នកជាបុគ្គលិកល្អដែលគាត់ចង់រក្សាឲ្យនៅក្បែរខ្លួន។ ខាងក្រោមនេះយើងគូសបញ្ជាក់នូវសញ្ញា ចំនួន៨ ដែលប្រាប់អ្នកថាអ្នកមានឥទ្ធិពលនៅកន្លែងធ្វើការ៖

១. អ្នកត្រូវបានគេសរសើរចំពោះភាពវិជ្ជមានរបស់អ្នកនៅក្នុងកន្លែងធ្វើការ (You are Complimented on Your Positivity in the Office)

មនុស្សចង់នៅជិតអ្នកដែលមានភាពវិជ្ជមាននៅក្នុងកន្លែងធ្វើការជានិច្ច។ ហើយខណៈពេលដែលភាពប្រាកដនិយមក៏ជាគុណភាពដែលមានគុណតម្លៃនៅក្នុងខ្លួនបុគ្គលម្នាក់ៗផងដែរនោះ មនុស្សមានភាពវិជ្ជមាននាំមកនូវអាកប្បកិរិយា “យើងអាចធ្វើវាបាន” ចំពោះរាល់ការប្រជុំក្រុមការងារ ការពិភាក្សាគ្នា ប្រជុំពិភាក្សាម្នាក់ទល់ម្នាក់ និងរឿងជាច្រើនទៀត។

២. រាល់​សំណើ​របស់​អ្នក​ដែល​បាន​​ធ្វើ​ឡើង​ត្រូវ​បាន​យកចិត្ត​ទុកដាក់​បំផុត​ពី​ក្រុម​ការងារ (Your Proposals are Taken Seriously)

រាល់​ពេល​ដែល​អ្នក​​​ដាក់​សំណើ​​ឡើង​ដូច​ជា សុំ​ផ្លាស់ប្ដូរ​ពេលវេលា កិច្ចប្រជុំ សុំ​ជំនួយ ឬ​ដាក់​ចេញ​ការ​សម្រេចចិត្ត​ណា​មួយ​ អ្នក​គឺ​ជា​មនុស្ស​មាន​ឥទ្ធិពល​លើ​ក្រុម​ការងារ ប្រសិន​បើ​អ្នក​​​បាន​ធ្វើ​ឲ្យ​សំណើ​ទាំង​នោះ​ជា​រឿង​សំខាន់ និង​ចាំបាច់​ដែល​ក្រុម​ការងារ​ត្រូវ​អនុវត្ត។ ក្រុម​ការងារ​ដែល​នៅ​ជុំវិញ​អ្នក​បាន​ជឿជាក់​លើ​ការ​សម្រេចចិត្ត​របស់​អ្នក និង​​ធ្វើ​វា​ប្រកបដោយ​ការ​យកចិត្ត​ទុកដាក់​បំផុត​។

៣. អ្នក​ទទួល​បាន​​​​មតិ​រិះគន់​ស្ថាបនា​​ដោយ​ត្រង់​ទៅ​ត្រង់​មក​ពី​ចៅហ្វាយ​របស់​អ្នក (You Get Honest and Direct feedback from Your Boss)

បុគ្គលិក​គ្រប់រូប​អាច​ទទួល​បាន​ការ​អភិវឌ្ឍ​សមត្ថភាព​​តាម​វិធី​មួយ ឬ​ច្រើន​យ៉ាង។ ក៏ប៉ុន្តែ​សម្រាប់​បុគ្គលិក​ដែល​មាន​ឥទ្ធិពល​ដូចជា​អ្នក ចៅហ្វាយ​របស់​អ្នក​នឹង​ព្យាយាម​រក​វិធី​ជា​ច្រើន​ដើម្បី​​​តម្រង់​ទិស​អភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​ឲ្យ​កាន់តែប្រសើរ​ឡើង​ជា​ងបុគ្គលិក​ផ្សេងៗ​ទៀត ​ដូច​ជាបង្ហាញ​​ទំនុក​ចិត្ត​ដល់​អ្នក សរសើរ​លើកទឹកចិត្ត និង​ផ្ដល់​មតិ​ណែនាំ​កែលំអ​នៅ​ពេល​មាន​កំហុស​កើត​ឡើង។

៤. អ្នក​មាន​អារម្មណ៍ថាអ្នកមានស្តង់ដារការងារខ្ពស់ជាងមិត្តរួមការងាររបស់អ្នក (You Feel You are Held to a Higher Standard than Your Colleagues)

លទ្ធផល​ការងារ​ គឺ​ជា​រឿង​សំខាន់​ ដូចនេះ​បើ​អ្នក​សង្កេត​ឃើញ​ថា អ្នក​សម្រេច​បាន​លទ្ធផល​ល្អ​តាម​ផែនការ ឬ​លើស​ផែនការ​​ជាង​បុគ្គលិក​ឯ​ទៀត មានន័យ​ថា អ្នក​ជា​បុគ្គលិក​ដែល​មាន​សក្ដានុពល​ហើយ។ អ្នក​នឹង​ពិបាក​គេច​ចេញ​ពី​ក្រសែភ្នែក​ចៅហ្វាយ​របស់​អ្នក​ណាស់ ហើយ​ការ​ដំឡើង​តំណែង​តួនាទី​ឲ្យ​កាន់តែ ធំ​សម្រាប់​អ្នក អាច​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ឆាប់ៗ​ទៀត​ផង។

៥. មនុស្ស​គ្រប់គ្នា​ចូលចិត្ត​ជជែក​ជាមួយ​អ្នក (People Find You Approachable)

នេះ​មានន័យ​ថា មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​កន្លែង​ការងារ​ចូលចិត្ត​​ជជែក​និយាយ​ជាមួយ​អ្នក​ ឬ​សាកសួរ​ពី​នេះ​ពី​នោះ ជា​ពិសេស​គឺ​សុំ​​យោបល់​ពី​អ្នក​​នៅ​ពេល​ដែល​ពួកគេ​មាន​បញ្ហា​អ្វី​មួយ។ ជាង​នេះ​ទៅ​ទៀត​ ពួកគេ​ត្រូវការ​ឲ្យ​អ្នក​ជួយ​ពួកគេ និង​ឲ្យ​តម្លៃ​នូវ​អ្វី​ដែល​អ្នក​និយាយ។ អ្នក​ត្រូវ​បាន​​មនុស្ស​គ្រប់គ្នា​មើល​មក​ថា ជា​បុគ្គល​ម្នាក់​ដ៏​គួរឲ្យ​ទុកចិត្ត​បំផុត​​ដែល​អាច​ផ្ដល់​គំនិត ការ​ប្រឹក្សា ឬ​ដំបូន្មាន​ប្រកបដោយ​​វិជ្ជាជីវៈ។

៦. អ្នកគ្រប់គ្រងរបស់​អ្នក​តែង​​សុំ​​យោបល់​​ពី​អ្នក​នៅ​ពេល​​ត្រូវការ​ជំនួយផ្សេងៗ​ (Your Manager Asks Your Opinions on Things)

វា​ជា​សញ្ញាណ​ដ៏​ល្អ​បំផុត​មួយ​នៅ​ពេល​ដែល​សង្កេត​ឃើញ​ថា ប្រធាន​របស់​អ្នក​​ចង់​បាន​យោបល់​ផ្សេងៗ​ចេញ​ពី​មាត់​អ្នក។ អ្វីដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​ គឺ​​​ប្រធាន​​របស់​អ្នក​​ឧស្សាហ៍​​សុំ​ឲ្យ​អ្នក​​​បញ្ចេញ​​មតិ​យោបល់​នៅ​ក្នុង​កិច្ចប្រជុំ​សំខាន់ ឬ​លើក​យក​សម្ភី​របស់​អ្នក​ទៅ​និយាយ​នៅ​​ពី​មុខ​ក្រុម​ការងារ​ ហើយ​​និយាយ​សរសើរ​ពី​គំនិត​របស់​អ្នក​យ៉ាង​ពេញមាត់​ជាដើម​។

៧. ​អ្នកតែងរវល់ជាប់ជានិច្ចជាមួយនឹងការងារ (You are Constantly Busy)

ជា​ថ្មី​ម្តង​ទៀត ភាព​រវល់​គ្មាន​ពេល​សម្រាក​នៅ​កន្លែង​ការងារ មិនមែន​ជា​រឿង​មួយ​ដែល​អ្នក​ចូលចិត្ត​បំផុត​នោះ​ឡើយ។ យ៉ាងណាមិញ នេះ​​ជា​សញ្ញាណ​ល្អ​មួយ​​ដែល​បញ្ជាក់​ថា អ្នក​ជា​បុគ្គលិក​មាន​ការ​ទទួល​ខុសត្រូវ ហើយ​ត្រូវ​បាន​ផ្តល់​ទំនុក ចិត្ត​ពី​ចៅហ្វាយ​នាយ​ឲ្យ​មើល​ការ​ខុសត្រូវ​លើ​ការងារ​ជាង​បុគ្គលិក​ផ្សេងៗ​ទៀត។ ចៅហ្វាយ​របស់​អ្នក​យល់​ថា អ្នក​ជា​បុគ្គលិក​សំខាន់​ជាងគេ ដែល​រួមចំណែក​ឲ្យ​លទ្ធផល​ការងារ​ក្នុង​ក្រុម​សម្រេច​ទៅ​បាន​យ៉ាង​រលូន។

៨. អ្នក​​ត្រូវ​បាន​អញ្ជើញ​​​ចូលរួម​​ប្រជុំ​សំខាន់ៗច្រើន​ជាង​មិត្តរួមការងារផ្សេងៗ​ទៀត (You Have Been Invited to Meetings that Your Colleagues Have not)

អ្នក​ប្រហែល​ជា​ត្រូវ​បាន​ស្នើ​ឲ្យ​ចូល​ទៅ​អង្គុយ​ក្នុង​បន្ទប់​ប្រជុំ​សំខាន់​​ជាមួយ​ចៅហ្វាយ​របស់​អ្នក​​ច្រើន​ជាង​​បុគ្គលិក​ផ្សេងៗ​ទៀត​ដែល​មាន​តំណែង​​តួនាទី​ដូច​ជា​អ្នក​។  នេះ​ជា​សញ្ញាណ​យ៉ាង​ច្បាស់​មួយ​បញ្ជាក់​ថា អ្នក​ជា​បុគ្គលិក​សំខាន់​​។ ចៅហ្វាយ​ ឬ ថ្នាក់​ដឹកនាំ​ក្នុង​ក្រុមហ៊ុន​ចង់​ឲ្យ​អ្នក​បាន​ដឹង​ពី​គម្រោង​ការងារ និង​អ្វី​ផ្សេងៗ​ទៀត​ដែល​កើត​មាន​នៅ​ក្នុង​ក្រុមហ៊ុន​ ហើយ​នឹង​អាច​ផ្តល់​អនាគត​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ធ្វើ​ការ​នៅ​ទី នេះ។

សម្រួលពី៖ Business Insider, 8 signs you have more influence at work than you think


អត្ថបទទាក់ទង

ទម្លាប់សំខាន់ៗ ចំនួន៥ ដែលធ្វើឲ្យការងារបស់អ្នកមានលទ្ឋផលល្អ

One thought on “សញ្ញាសំខាន់ៗ ចំនួន៨ ដែលប្រាប់អ្នកថាអ្នកជាបុគ្គលិកមានឥទ្ធិពលនៅកន្លែងធ្វើការ

Leave a Reply