កុំធ្វើរឿង ៩ យ៉ាងនេះ ដើម្បី​ចៀសវាង​​ភាពរកាំរកូសនៅ​កន្លែង​ធ្វើការ

មិនថា​នៅ​កន្លែងណាក៏​ដូចកន្លែងណាដែរ​មនុស្ស​មិន​អាចចៀស​ផុតពីការឈ្លោះទាស់ទែងគ្នា ឬ​ការមិនសូវចុះ​សម្រុងគ្នាទេជា​ពិសេស ​គឺ​នៅ​កន្លែងធ្វើការផ្ទាល់តែម្តង។ ​បើទោះបីជា​កន្លែងនោះមានវិន័យតឹងរ៉ឹងយ៉ាងណាក៏គេមិន​ងាយ​នឹងបញ្ចៀសបញ្ហា​ទាំងនេះ​បានដែរ។ ប្រសិនបើ​អ្នក​មិន​ចង់​ឲ្យ​មាន​បញ្ហាជាមួយនឹងគេទេ​អ្នក​ត្រូវ​រក​វិធី​ផ្សេងៗ​ដែល​អ្នក​គិតថា​ស័ក្តិ​សមក្នុង​ការដោះស្រាយ​បញ្ហា​ជាមួយ​មិត្ត​រួមការងារ​របស់អ្នក​ក្នុងគោលបំណងធ្វើឲ្យទំនាក់ទំនង​របស់អ្នក​កាន់តែ​ប្រសើរ។​ កាលណា​អ្នក​មានទំនាក់ទំនងល្អ​ជាមួយ​មិត្តរួមការងារ​ នោះកន្លែង​ការងារ​របស់អ្នក​នឹង​ក្លាយជា​កន្លែងដែល​គួរ​ឲ្យ​ចង់ទៅ ហើយ​​​ការងារ​របស់អ្នកក៏​ក្លាយ​ជា​ការងារ​ដែលគួរឲ្យ​ចង់ធ្វើ​ផងដែរ។ ម្យ៉ាងទៀត​ បើ​កាលណា​អ្នកបានប្រាស្រ័យទាក់ទង​គ្នា​បានល្អ ​វានាំឲ្យ​​មានការកាត់​បន្ថយ​នូវ​ការយល់​ឃើញខុស​រវាងគ្នា និង​​គ្នា​​ហើយ​​ផលិតភាព​ការងារ​របស់អ្នកក៏​កើនឡើង​តាមហ្នឹង​​ដែរ។ ដូច្នេះ​ដើម្បីមាន​មិត្តភ័ក្ដិ​រាប់អាននៅគ្រប់ទីកន្លែងដែលអ្នកធ្វើការ ​និងចៀសវាង​​ភាពរកាំរកូសនៅ​កន្លែង​ធ្វើការ សូមកុំធ្វើរឿង ៩ យ៉ាងដូចខាងក្រោម៖

១. កុំ​ខ្សែ​លើ​អ្នកដទៃ

បើមានភារកិច្ចជាក្រុម ត្រូវចេះជួយគ្នា និងមិនព្យាយាមស្វែងរកគុណសម្បត្តិតែម្នាក់ឯងទេ។ ចូរកុំព្យាយាម​បំផ្លាញឱកាសរបស់មិត្តរួមការងារ ខណៈគេបានទៅមុខលឿនជាងអ្នក។ សូមធ្វើជាមិត្តល្អ បុគ្គលិកល្អ នោះអ្នកនឹងក្លាយ​ជាមនុស្សម្នាក់ដែលអ្នកផ្សេងដណ្ដើមគ្នាធ្វើជាមិត្ត។

កុំ​ពូកែ​រ​អ៊ូរ​ទាំពេក

ជាទូទៅ មនុស្សចូលចិត្តភាពវិជ្ជមាន ច្រើនជាងអវិជ្ជមាន។ ប្រសិនបើអ្នកពូកែត្អូញត្អែរឥតឈប់ នោះគិតទៅមើល៍ តើអ្នកដទៃគិតយ៉ាងណាចំពោះអ្នក? ម្យ៉ាងទៀត បើអ្នកឮមិត្តរួមការងារ​រអ៊ូរឿងការងារ ឬនិយាយដើមអ្នកផ្សេង ចូរអ្នករក្សាវាទុកម្នាក់ឯងបានហើយ។

កុំខកខានឱកាស​ជជែកគ្នាតូចៗ

វិធីល្អបំផុតក្នុងការចុះសម្រុងជាមួយមនុស្សគ្រប់គ្នា គឺចូលរួមក្នុងការនិយាយគ្នាតូចៗ។ សួរគេពីនេះពីនោះ​ ដូចជាគេធ្វើអ្វីនៅចុងសប្តាហ៍? តើ​កូនៗរបស់ពួកគេយ៉ាងម៉េចដែរ?…។ល។ ការជជែកគ្នា​ខ្លីៗ​ពីរបីដង​ អាចនាំឲ្យអ្នកកាន់តែស្និទ្ធស្នាលគ្នាខ្លាំងឡើង។

កុំ​បដិសេធ​គំនិតរបស់នរណាភ្លាមៗ

សូមប្រយ័ត្នចំពោះវិធីដែលអ្នកនឹងប្រាប់នរណាម្នាក់ ខណៈពេលអ្នក​មិនចូលចិត្តគំនិតរបស់​ពួកគេ។ ចូរពិចារណា​វា​ជាមុន មុនពេលបដិសេធវាដោយស្វ័យប្រវត្តិ។ អ្នកត្រូវសម្ដែង​ការគោរព​យ៉ាង​សមរម្យ​ចំពោះ​ពួកគេ ទោះបីគំនិតនិងយោបល់របស់​ពួកគេ ​មិន​ត្រឹមត្រូវ​ ហើយ​ឆ្គាំឆ្គង​ក៏ដោយ។

៥. កុំ​បដិសេធ​ជួយ​អ្នកដទៃ

ការពិតគ្មាននរណានឹងចូលចិត្តអ្នកទេ ប្រសិនបើគេពឹងពាក់អ្នក តែ​អ្នក​បដិសេធការ​សុំ​ជំនួយនោះ។ ប៉ុន្តែ​បើអ្នកបានជួយធុរៈដែលគេបានពឹង ទោះវាតូចក្ដី គេនឹងដឹងគុណ ព្រមទាំង​គោរព​សរសើរ​អ្នក។

កុំ​បង្ក​សំឡេង​ក្នុង​បន្ទប់ការងារ

ធ្វើការនៅក្នុងបន្ទប់រួមគ្នា វាពិបាកណាស់ ព្រោះវាមិនមែនជាបន្ទប់ផ្ទាល់ខ្លួន ហើយវាតែងផ្ដល់​ឲ្យ​អ្នកនូវអារម្មណ៍ចង្អៀតចង្អល់។ ប៉ុន្តែមិត្តរួមការងាររបស់អ្នកក៏មិនខុស​ពីអ្នកប៉ុន្មានឡើយ។ ដូច្នេះកុំ​បន្ថែម​សម្ពាធកាន់តែច្រើន គឺកុំបង្ករសំឡេងឮខ្លាំងៗ ដោយដាក់​សំឡេង​សារ​ ឬ​សំឡេង​ទូរសព្ទ​រោទ៍​ឮៗ ប្រើឧបករណ៍បំពងសម្លេងឮពេលនិយាយទូរសព្ទ ឬ​និយាយគ្នាខ្លាំងៗ​ជាមួយ​នរណា​ម្នាក់​ក្នុង​ការិយាល័យ។

កុំខកខានអញ្ជើញមិត្តឲ្យបានគ្រប់គ្នា

ប្រសិនបើអ្នកមានកម្មវិធីជួបជុំ ឬញ៉ាំអាហាររួមគ្នា សុំកុំភ្លេច​អញ្ជើញអ្នករួមការងារ​ឲ្យបាន​គ្រប់ៗគ្នា។ បើ​កាលណា​អ្នកហៅម្នាក់ ហើយអត់ម្នាក់ វាហាក់​បង្ហាញថា អ្នកបានរើស​អើង ​ឬប្រកាន់​បក្សពួកដូច្នោះដែរ។ អ្នកត្រូវអញ្ជើញទៅជាក្រុម ទោះបីមានអ្នកខ្លះជ្រើសរើស​មិន​ទៅក៏ដោយ។

កុំ​រំលង​កម្មវិធី​ខួប​កំណើត

ប្រសិន​បើ​ការិយាល័យរបស់អ្នក មាននរណាម្នាក់ខួបកំណើត ហើយ​ត្រូវ​សរសេរ​កាត​ជូន​ពរ​ខួប​កំណើត នោះ​ត្រូវ​ចូលរួម​សរសេរ ឬបើគេស្នើសុំឲ្យបរិច្ចាគ​លុយខ្លះសម្រាប់ពិធីជប់លៀង នោះ​កុំ​លាក់​ខ្លួនធ្វើមិនដឹង។ ការចូលរួមបែបនេះ គឺជាជំហានក្នុងការភ្ជាប់ទំនាក់ទំនង​ជាមួយ​អ្នកដែល​នៅ​ជុំវិញ​អ្នកបានកាន់តែប្រសើរ។

កុំយកអាហារមានក្លិនមិនល្អចូលការិយាល័យ

វាមិនងាយស្រួលទេ ក្នុងការយកម្ហូបដែលមានក្លិនស្អុយចូលការិយាល័យ ហើយជួនកាល​ក្លិន​វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នករួមការងាររបស់អ្នកឈឺផងដែរ។ ពួកគេនឹងចង់ចៀសវាងអ្នក ប្រសិន​បើ​អ្នក​ធ្វើ​បែបនេះ ហើយ​បើដូច្នេះ​តើអ្នកអាចបង្កើតមិត្ត​បានយ៉ាងដូចម្តេចនៅពេល​ដែល​គ្មាន​នរណា​ម្នាក់​ចង់​និយាយ​ជាមួយ​អ្នកទៀត?

ជារួមមកវិញ ការ​បង្កើត​មិត្តភ័ក្ដិ​នៅកន្លែង​ធ្វើការ​ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​វិស័យ​ការងារ​ទូទៅ។ ការ​រាប់អាន​ និង​មាន​មិត្ត​នៅ​ការិយាល័យ​ អាច​ជួយ​ឲ្យ​អ្នក​រីករាយនឹងការងាររបស់អ្នករាល់ថ្ងៃ។ ដូច្នេះ​ សូមកុំធ្វើរឿង ៩ យ៉ាងខាងលើ ដើម្បីចៀសវាង​​ភាពរកាំរកូសនៅ​កន្លែង​ធ្វើការ និងមាន​មិត្តភ័ក្ដិ​រាប់អានច្រើន។

Leave a Reply