ភាពច្នៃប្រតិដ្ឋដ៏អស្ចារ្យ គឺជាលទ្ធផលនៃការធ្វើសំយោគ (Synergy)

សំយោគ (Synergy) ស័ង-យោក សំ. បា. ( ន. ) ការ​ប្រកប; ការ​ផ្សំ; ការ​រួប​រួម; ការ​ទាក់ទង​ជាមួយ; ការ​នៅ​រួម​គ្នា; ការ​ពាក់ព័ន្ធ; សមាគម​ដ៏​ស្និទ្ធ​ជិត ។ ព. វ. អក្សរ​តម្រួត​គ្នា, ដូច​ជា ក្ក, ក្ខ, គ្គ, គ្ឃ; ច្ច, ច្ឆ, ជ្ជ, ជ្ឈ, ញ្ញ ជាដើម (ហៅ អក្សរ​សំយោគ) ។ សំយោគ​វិធាន,–ពិធាន ឬ–វិធី (ស័ង-យោគៈ–) បែប​តម្រួត​អក្សរ ។ សូត្រ​សំយោគ សូត្រ​សង្កត់​អក្សរ​តួ​ដើម​ដែល​មាន​អក្សរ​តម្រួត​នៅ​ខាង​ចុង​ឲ្យ​ធ្ងន់, ដូច​ជា តស្ស (ត័ស-សៈ) ។

សំយោគ (Synergy) សំដៅលើការផ្គុំគ្នា បូកបញ្ចូលគ្នា ការសហការគ្នារវាងមនុស្ស២នាក់ ក្រុម​ការងារ២ក្រុម ឬច្រើនជាង ហើយលទ្ធផលនៃការផ្គុំគ្នានេះ ផ្តល់ផលច្រើនជាងផលបូករបស់វា។ នេះគឺបានន័យថា ១+១ > ២ អាចដល់ ៣ ឬ ៤ ឬ ១០ ឬ ១០០ ឬ ១០០០។

នៅពេលដែលគំនិតខុសគ្នា តែអាចសំយោគគ្នាបាននៅជាគំនិតទី៣ ដែលល្អប្រសើរជាងគំនិត ទី១ និងទី២ នោះហើយជាលទ្ធផលនៃការសំយោគ។

នៅក្នុងធម្មជាតិ សត្វក្ងានព្រៃហើរជាក្រុម ដែលប្រសិទ្ធភាពនៃការហោះហើរបែបនេះខ្លាំងជាង ៧១% នៃការដែលវាហើរតែម្នាក់ឯង។ ហើយនៅពេលដែល​សត្វហើរមុខគេអស់កម្លាំងក្នុងការនាំមុខ វាក៏ប្តូរទីតាំងឱ្យបក្សីផ្សេងទៅនាំមុខម្តង ក្នុងការបន្ត​ដំណើរជាក្រុម ដែលបក្សីនីមួយៗអាចចំណេញថាមពល ៧១% ក្នុងការហោះហើរ។ នេះជា​ឧទាហរណ៍​ដ៏ល្អមួយនៃការធ្វើការជាក្រុមបែបសំយោគ។ 

ការហើរជាក្រុមរបស់ក្ងានព្រៃ

នៅក្នុងធម្មជាតិ ភាពខុសគ្នាតែអាចសំយោគគ្នាបានផ្តល់ជាប្រយោជន៍ធំធេងណាស់។ ការសំយោគរវាងមនុស្សប្រុស និងមនុស្សស្រីអាចផ្តល់ជាជីវិតថ្មីបាន។ ការសំយោគរវាងសត្វឃ្មុំ និងផ្កា អាចផ្តល់ផលដល់រុក្ខជាតិសម្រាប់ការបន្តពូជ រីឯសត្វឃ្មុំទទួលបានឋាមពលសម្រាប់ចិញ្ចឹមជីវិត។

នៅក្នុងក្រុមគ្រួសារ ទម្លាប់សំយោគគំនិតមានសារសំខាន់ណាស់សម្រាប់បង្កើតសុភមង្គល ភាពសុខដុម និងភាពរីកចម្រើន។ ជាពិសេសការសំយោគគំនិតផ្សេងគ្នារវាងស្វាមីនិងភរិយាក្នុងការរកស៊ី ការវិនិយោគផ្សេងៗ ឬការអប់រំប្រៀនប្រដៅកូន។

នៅក្នុងអង្គការ ស្ថាប័ន រោងចក្រ សហគ្រាស ការសំយោគគំនិតផ្សេងគ្នារវាងអ្នកដឹកនាំ និងបុគ្គលិក រវាងសមាជិកក្នុងក្រុមការងារ នឹងបង្កើតឱ្យមានគំនិតកាន់តែល្អប្រសើរ គំនិតរួមគ្នា ដែលនឹងរុញឱ្យការប្រតិបត្តិប្រព្រឹត្តិទៅបានល្អ ពីព្រោះម្នាក់ៗមានអារម្មណ៍ក្នុងភាពជាម្ចាស់លើគំនិតរួមនោះ។

បញ្ហាប្រឈមដ៏ធំមួយដែលរារាំងការសំយោគគំនិត គឺការយល់ឃើញថាគំនិតរបស់មេដឹកនាំជាន់ខ្ពស់ ជាគំនិតឧត្ដុង្គឧត្ដម អស្ចារ្យ មិនចេះខុស ត្រឹមត្រូវទាំងស្រុង។ ការយល់ឃើញបែបនេះ មិនថាជាការយល់ឃើញរបស់មេដឹកនាំខ្លួនឯង ឬរបស់សហការីទេ នឹងបង្កការរាំងស្ទះដល់ការសំយោគគំនិត។ ជាលទ្ធផល ក្រុមការងារទាំងមូលនឹងធ្វើតាមគំនិតដែលចេញពីបុគ្គលតែម្នាក់ប៉ុណ្ណោះ។ តួនាទីរបស់អ្នកដឹកនាំ គឺការសម្របសម្រួលឱ្យមានការសំយោគគំនិតផ្សេងៗ ដើម្បីទទួលបានគំនិតដែលល្អប្រសើរសម្រាប់ក្រុមទាំងមូលយកទៅអនុវត្ត។

ជាទូទៅ ការធ្វើការរួមគ្នាក្នុងក្រុម ឬការសហការគ្នា ច្រើនមានការរារាំងការសំយោគគំនិតដោយការគិតរាក់ៗបែបអាត្មានិយម និងក្រអឺតក្រទម តាមរយៈការយល់ថា “ខ្ញុំត្រូវ អ្នកខុស”។ ការគិតបែបនេះបង្កការរាំងស្ទះក្នុងការប្រមូលគំនិតនិងសំយោគគំនិត។ នៅពេលមានគំនិតពីរផ្សេងគ្នាលេចឡើង យើងត្រូវស្វែងរកជម្រើសទី៣ ដែលជាការសំយោគនៃគំនិតទាំង២។

ទម្លាប់សំយោគគំនិត អាចកើតឡើងបាន ដរាបណាអ្នកអាចបង្កើតទម្លាប់គិត “ឈ្នះ-ឈ្នះ និងទម្លាប់ “យល់ពីគេសិន មុនឱ្យគេយល់ពីអ្នក” ជាមុនសិន។ បើពុំដូច្នេះទេ ការព្យាយាមសំយោគគំនិតផ្សេងគ្នា នឹងត្រូវរាំងស្ទះដោយសារការគិតចាញ់ឈ្នះរៀងៗខ្លួន ឬការមិនព្រមស្តាប់ និងមិនព្រមយល់ពីគ្នា។

អ្នកត្រូវយល់ថា សមិទ្ធផលធំៗគួរឱ្យស្ញប់ស្ញែងទាំងឡាយក្នុងពិភពលោកដូចជាទូរស័ព្ទឆ្លាតវៃ យាន្ត​អវកាស យន្តហោះជាដើម សុទ្ធតែកើតចេញពីការសំយោគគំនិតរវាងវិស្វករជាច្រើនដែលមានជំនាញផ្សេងៗគ្នា គំនិតផ្សេងៗគ្នា តែចេះធ្វើការជាមួយគ្នា និងសំយោគគំនិតគ្នាបាន។

ឯកសារយោង៖

១. វចនានុក្រមខ្មែរ

២. Stephen Covey (1989): The 7 Habits of Highly Effective People.

៣. ឧបនិស្ស័យ ៧ប្រការសម្រាប់បុគ្គលឆ្នើម និពន្ធដោយ Stephen Covey (1989): The 7 Habits of Highly Effective People. ប្រែសម្រួលដោយ គឹម ចាន់ណា (២០១៦)


អត្ថបទទាក់ទង

វិធីសាស្ត្រ​សំខាន់ៗដែល​ធ្វើ​ឲ្យ​អ្នកដទៃ​មាន​ភាពជឿជាក់ និង​ទុកចិត្ត​លើ​អ្នក​

Leave a Reply