គ្រឿងផ្សំ ៦មុខ ដើម្បីរៀបចំចាត់ចែងជីវិតមួយឲ្យល្អប្រពៃ

ជីវិតមួយដែលចាត់ទុកថារស់នៅក្នុងភាពល្អប្រសើរ មិនមែនអាស្រ័យលើចំនួនទឹកលុយរាប់លាន ដែលអ្នកមាននៅក្នុងកុងគណនីធនាគារ ឬឡានលែនរ៉ូវ័រដែលអ្នកជិះ ឬក៏ភូមិគ្រឹះដ៏ធំស្កឹមស្កៃដែលអ្នករស់នៅទេ។ ជីវិតមួយដែលល្អ គឺជាជីវិតមួយដែលរស់នៅដោយមានអត្ថន័យ។ ជីវិតដែលមានអត្ថន័យ អាចមានគ្រឿងផ្សំច្រើនយ៉ាងដែលអ្នកអាចរាប់បញ្ចូលក្នុងបញ្ជីមានដូចជា ស្មារតីស្ងប់ស្ងាត់ សេរីភាពហិរញ្ញវត្ថុ សុខភាពល្អ ទំនាក់ទំនងល្អ ឬមានពេលលំហែកំសាន្តច្រើន…។ល។ លោក Jim Rohn បានផ្តល់គ្រឿងផ្សំ ៦មុខ ដើម្បីអ្នកអាចយកទៅរៀបចំចាត់ចែងជីវិតមួយឲ្យល្អប្រពៃបាន។

១. ផលិតភាព (Productivity)

អ្នកមិនអាចរីករាយបានទេ បើអ្នកមិនអាចផលិត ឬបង្កើតអ្វីមួយបាន។ ជីវិតរបស់យើងកើតមកមិនមែនសម្រាប់សម្រាកលំហែកាយទេ ប៉ុន្តែសម្រាប់បំពេញកិច្ចការអ្វីមួយ។ ពិតមែនហើយ យើងត្រូវការសម្រាក ដើម្បីមានថាមពលគ្រប់គ្រាន់ សម្រាប់ផលិតអ្វីមួយជាប្រយោជន៍សម្រាប់ខ្លួនយើង និងអ្នកដទៃ។

តើហេតុផលអ្វីខ្លះ នៃការមានរដូវកាល និងគ្រាប់ពូជ, ទឹកភ្លៀង ដី និងពន្លឺព្រះអាទិត្យ និងភាពអស្ចារ្យនៃជីវិត? នោះគឺដើម្បីចង់ឃើញថាយើងអាចធ្វើអ្វីបានជាមួយរបស់ទាំងនេះ ដោយព្យាយាមដោយដៃរបស់ អ្នកដើម្បីមើលឃើញនូវអ្វីដែលអ្នកអាចធ្វើបាន។

២. មិត្តល្អ (Good Friends)

មិត្តភាព ជាប្រព័ន្ធគាំទ្រគ្នាដ៏ល្អមួយនៅក្នុងពិភពលោក ដូច្នេះសូមកុំបដិសេធខ្លួនអ្នកក្នុងការប្រើប្រាស់ពេលវេលាសម្រាប់ការកសាងមិត្តភាព។ មិត្តភាពពិតប្រាកដមិនអាចកាត់ថ្លៃបាន។ មិត្តភ័ក្ភសម្រាប់តែពេលកំសាន្តសប្បាយងាយរកបានណាស់ ប៉ុន្តែអ្នកនឹងស្គាល់មិត្តពិតប្រាកដពេលអ្នកជួបប្រទះនឹងវិបត្តិ ឬបញ្ហាប្រឈមធំណាមួយ។​ មិត្តល្អចេះជួយគ្នាពេលបញ្ហាកើតឡើង មិត្តមិនល្អនឹងរត់ចោលអ្នកពេលវិបត្តិមកដល់។

៣. វប្បធម៌របស់អ្នក (Your Culture)

ភាសា តន្រ្តី ពិធីបុណ្យ ប្រពៃណី ទំលៀមទម្លាប់ ឬសំលៀកបំពាក់របស់អ្នកមានសារប្រយោជន៍ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់អ្នក ដែលអ្នកត្រូវយល់ដឹង និងសម្របខ្លួនជាមួយនឹងរឿងទាំងនោះ។ លក្ខណៈពិសេសដោយឡែកនៃយើងម្នាក់ៗ ពេលរស់នៅជាមួយគ្នា ធ្វើឲ្យសង្គមយើងរស់រវើក មានថាមពល និងមានឥទ្ធិពលលើគ្នាទៅវិញទៅមក។

៤. ស្មារតី (Spirituality)

ស្មារតី បង្កើតជាទម្រង់មូលដ្ឋានគ្រឹះនៃគ្រួសារ ដែលកសាងជាតិមួយឡើង។ ស្មារតីធ្វើឲ្យយើងចេះសិក្សារៀនសូត្រ ប្រតិបត្តិល្អ និងបង្រៀនដល់អ្នកដទៃ។ ចូរយកចិត្តទុកដាក់ថែទាំ និងពង្រឹងស្មារតីរបស់អ្នក ព្រោះស្មារតីជាចំណែកដ៏សំខាន់នៃធម្មជាតិរបស់អ្នក ហើយគឺជាអ្វីដែលធ្វើឲ្យអ្នកមានលក្ខណៈជាមនុស្ស ខុសប្លែកពីសត្វទំាងឡាយដូចជា ឆ្កែ ឆ្មា កណ្តុរ បក្សាបក្សី… ជាដើម ។ល។

៥. កុំភ្លេចអ្វីៗទំាងឡាយ (Don’t Miss Anything)

ឪពុកម្តាយរបស់ខ្ញុំបានបង្រៀនខ្ញុំថា ចូរកុំភ្លេចអ្វីៗទាំងឡាយដូចជា ទស្សនាកីឡា សិល្ប:សំដែង ស្តាប់ចម្រៀង អានសៀវភៅ ។ល។ ចូរប្រើប្រាស់ពេលទំនេររបស់អ្នកធ្វើអ្វីមួយ ដើម្បីទទួលបានបទពិសោធន៍ជីវិត។ នៅពេលអ្នករស់នៅល្អ មានជីវិតរស់រវើក អ្នកនឹងទទួលបានជីវិតរីករាយ ហើយភាពជោគជ័យនឹងរត់រកអ្នកជាមិនខាន។

៦. គ្រួសាររបស់អ្នក និងអ្នកជិតដិត (Your family and Inner Circle)

ចូរវិនិយោគពេលវេលាជាមួយពួកគេ ពួកគេនឹងផ្តល់ពេលវេលាសម្រាប់អ្នក។ ចូរជំរុញចិត្តពួកគេ ពួកគេនឹងផ្តល់ការជំរុញចិត្តដល់អ្នក។ ចូរយកចិត្តទុកដាក់ជាមួយអ្នកជិតដិតរបស់អ្នក ទោះជារឿងតិចតួចក៏ដោយ។ ចូរចំណាយពេលទូរស័ព្ទមកសួរសុខទុក្ខឪពុកម្តាយ ភរិយា/ស្វាមី និង កូនៗរបស់អ្នក ពេលអ្នកធ្វើដំណើរទៅឆ្ងាយ។

នៅពេលដែលឪពុកចាកចេញពីផ្ទះ ហើយគាត់នៅចងចាំស្នាមថើបរបស់កូនស្រីគាត់ គាត់នឹងក្លាយជាបុរសដែលមានថាមពលពេលធ្វើដំណើរ។ នៅពេលដែលស្វាមីចាកចេញពីផ្ទះ ហើយគាត់នៅចងចាំរង្វង់ដៃថ្នាក់ថ្នមដ៏កក់ក្តៅរបស់ភរិយាគាត់ គាត់ជាបុរសដែលមិនអាចចុះចាញ់បាន។ រឿងទាំងនេះជួយឲ្យអ្នកមានថាមពល ភាពរស់រវើក និងមានឥទ្ធិពល។ ចូរកុំភ្លេចបង្កើតកាសអស់ទាំងនេះ។

បុគ្គលត្រាស់ដឹងទាំងឡាយបាននិយាយថា៖ មានគុណធម៌ និងគុណតម្លៃជាច្រើន  ប៉ុន្តែអ្វីដែលល្អប្រពៃបំផុតនោះ គឺការយកចិត្តទុកដាក់ចំពោះអ្នកដទៃ។”

គ្មានអ្វីដែលល្អប្រសើរជាងសេចក្តីស្រឡាញ់នោះទេ!

ប្រភព៖ Jim Rohn in the Success Magazine A good life contains these 6 essentials


Leave a Reply