គន្លឹះសំខាន់ៗចំនួន ៧ ដែលអាចជួយឲ្យអ្នករីកចម្រើនជារៀងរាល់ថ្ងៃ

ការស្គាល់ខ្លួនឯង គឺជាសញ្ញាមួយដែលនាំឲ្យយើងចេះដឹងថាខ្លួនជានរណា ខ្លួនកំពុងស្ថិតក្នុងលំហណា និងពេលណា។ ហេតុនេះ ការស្គាល់ខ្លួនឯង ត្រូវផ្អែកលើចំណុច ៣ យ៉ាងគឺ៖

  • កាល (ពេលវេលា)
  • លំហ (ទីកន្លែង ឬទីតាំង)
  • ឋានៈសង្គម (តួនាទី និងភារកិច្ច)

រីឯការគោរពខ្លួនឯង គឺជាសីលចរិតមួយដែលបង្ហាញនូវការប្រព្រឹត្តខ្លួនឲ្យសមរម្យតាមឋានៈ ឬប្រព្រឹត្តយ៉ាងណា ដើម្បីរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរ ឬតម្លៃរបស់ខ្លួនចំពោះអ្នកដទៃ តាមរយៈការស្គាល់ខ្លួនឯង។

ត្រឡប់មកការអភិវឌ្ឍខ្លួនវិញ ដើម្បីក្លាយជាមនុស្សមានសមត្ថភាពម្នាក់ អ្នកត្រូវតែជាមនុស្សដែលមានភាពរីកចម្រើនជាប្រចាំ ហើយសមត្ថភាពរបស់អ្នកជារឿយៗ ត្រូវបានកំណត់ដោយភាពឆ្លាតវៃរបស់អ្នក។ ដូច្នេះហើយ អ្នកគួរចំណាយពេលប្រចាំថ្ងៃ ដើម្បីរៀនសូត្រ និងបង្កើនមូលដ្ឋាននៃចំណេះដឹងថ្មីៗបន្ថែមទៀត។ ការដែលអ្នកដឹងច្រើន អ្នកនឹងកាន់តែយល់ពីបញ្ហា និងដំណោះស្រាយស៊ីជម្រៅជាងមុន។ ខាងក្រោមនេះ ជាគន្លឹះសំខាន់ៗចំនួន ៧ ដែលអាចនឹងជួយជម្រុញដល់ការយល់ដឹងរបស់អ្នកឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៖

១. ចែករំលែកចំណេះដឹងរបស់អ្នកទៅកាន់អ្នកផ្សេងទៀត

ការចែករំលែកចំណេះដឹងរបស់អ្នកទៅកាន់អ្នកដ៏ទៃ មិនធ្វើឱ្យអ្នកខាតបង់អ្វីនោះទេ។ នៅពេលដែលអ្នកកាន់តែចែករំលែក អ្នកកាន់តែយល់ដឹង និងធ្វើឱ្យការចងចាំរបស់អ្នកកាន់តែប្រសើរជាងមុន។ លើសពីនេះទៅទៀត អ្នកក៏អាចទទួលបានការកោតសរសើរ និងការគោរពស្រលាញ់ពីមនុស្សជុំវិញខ្លួនថែមទៀតផង។

២. អានឱ្យបានច្រើន

ចិត្តគំនិតយើងប្រៀបដូចជាសាច់ដុំអ៊ីចឹង ពេលណាយើងប្រើវាកាន់តែច្រើន វានឹងកាន់តែខ្លាំង ហើយរឹងមាំ។ ការអាន គឺជាធាតុមួយយ៉ាងសំខាន់ក្នុងការបង្កើនចំណេះដឹងថ្មីៗ។ មិនថាអ្នកអានសៀវភៅ អានកាសែត អានព័ត៌មាន ឫអានអត្ថបទផ្សេងៗដែលមាននៅលើប្រព័ន្ធអ៊ីនធើណេតក៏ដោយ អ្នកគួរជ្រើសរើសឱ្យបានត្រឹមត្រូវ និងអានដោយយកចិត្តទុកដាក់។

៣. ចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលផ្សេងៗ

ក្រៅពីការរៀននៅសាលា អ្នកគួរចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាល ឬសិក្ខាសាលា ដែលមានការចូលរួមពីសំណាក់វាគ្មិនដែលមានបទពិសោធន៍ច្បាស់លាស់។ ការចូលរួមនេះផ្ដល់ឱកាសឱ្យអ្នកពង្រឹងជំនាញទន់ផ្សេងៗ រួមទាំងអាចកសាងបណ្តាញទំនាក់ទំនងជាមួយអ្នកចូលរួមវគ្គបណ្ដុះបណ្ដាលដែលមកពីក្រុមហ៊ុន ឬស្ថាប័នផ្សេងៗទៀត។

៤. ចេះសួរ ចេះឆ្ងល់

ការចង់ដឹង ចង់ឮ គឺជាកត្តាសំខាន់មួយដែលធ្វើឱ្យអ្នកក្លាយជាមនុស្សឆ្លាត។ បើអ្នកមិនយល់ ឬចង់ដឹងពីចំណុចណាមួយ អ្នកគួរតែស្វែងរកចម្លើយ ឬសួរអ្នកដែលយល់ដឹងចំណុចនោះ។

ពាក្យស្លោកខ្មែរមួយឃ្លាបានពោលថា “ធ្វើអ្វី ធ្វើឱ្យហើយ កុំទុកឡើយ បង្កើតកេរ្ដិ៍” ។ ដូចគ្នាដែរ បើអ្នកមានចម្ងល់អ្វីហើយ គួរតែចោទសួរ និងដោះស្រាយភ្លាមៗកុំទុកចាំពេលនេះ ពេលនោះ។

៥. ផ្លាស់ប្ដូរទម្លាប់មិនល្អ

ទម្លាប់ចាស់ណាដែលមិនល្អ អ្នកគួរផ្លាស់ប្ដូរវាចោលទៅ។ ឧទាហរណ៍ ការគេងមិនគ្រប់គ្រាន់ ការញ៉ាំបាយមិនបានទៀងពេលវេលាជាដើម។ នៅពេលដែលសរីរាង្គកាយរបស់អ្នកមិនបានទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ ការលូតលាស់ទាំងផ្លូវកាយ និងផ្លូវចិត្ត ក៏និងស្ថិតនៅត្រឹមកម្រិតទាបមួយ។ ផ្ទុយទៅវិញ បើអ្នកថែរក្សាសុខភាពអ្នកបានល្អ នោះចិត្តគំនិតរបស់អ្នកនឹងល្អស្រស់ថ្លា ហើយធ្វើកិច្ចការអ្វីក៏ប្រកបដោយគំនិតច្នៃប្រឌិតថ្មីៗដូចគ្នា។

៦. ចំណាយពេលចេញក្រៅ

ពេលដែលអ្នកចេញក្រៅ អ្នកនឹងបានឃើញនូវអ្វីដែលថ្មីៗដូចជា ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និងរបៀបធ្វើការងារថ្មីខុសប្លែកពីអ្វីដែលអ្នកធ្លាប់បានធ្វើ។ អ្នកក៏អាចធ្វើដំណើរទៅកន្លែងដែលអ្នកមិនធ្លាប់បានទៅពីមុនមក ដើម្បីបង្កើនភាពអត់ធ្មត់ និងអភិវឌ្ឍទស្សនៈរបស់អ្នកឱ្យកាន់តែទូលំទូលាយជាងមុន។

៧. ចំណាយពេល ៥ ទៅ ១០នាទី ធ្វើសម្មាធិ

មុនពេលអ្នកចូលគេង អ្នកគួរចំណាយពេល ៥ ទៅ ១០នាទី ធ្វើសម្មាធិចិត្ត ហើយព្យាយាមគិតឡើងវិញថា ថ្ងៃនេះអ្នកបានធ្វើអ្វីខ្លះ ហើយរឿងដែលអ្នកបានធ្វើនោះផ្ដល់ផលប្រយោជន៍ដល់អ្នកឬទេ? ហើយថ្ងៃស្អែក តើអ្នកមានគម្រោងធ្វើអ្វីបន្តទៀត? អ្នកគួរមានកូនសៀវភៅមួយដើម្បីកត់ត្រាទុករាល់សកម្មភាពដែលអ្នកបានធ្វើ ក៏ដូចជាសកម្មភាពដែលអ្នកត្រូវធ្វើបន្ត។ 


អត្ថបទទាក់ទង

វិធី​សាស្រ្ត ៤ ​យ៉ាងដើម្បី​ប្រើប្រាស់​ទេពកោសល្យ ឬ​ទម្លាប់​ឱ្យធ្វើ​ការបម្រើ​អ្នក

Leave a Reply