មធ្យោបាយចំនួន ៦​ ដើម្បីដោះស្រាយបញ្ហា​ផលិត​ភាព​ការងារ​របស់​អ្នក

រូបមន្តផលិតភាពការងារ (Productivity = Outputs ÷ Inputs)

  • Inputs គឺជាការចំណាយទៅលើធនធានផ្សេងៗ ការផលិត ទីកន្លែង និងកម្លាំងពលកម្ម… (Resources, Production, Facilities, Workers…)
  • Outputs គឺជាទិន្នផលដែលបានមកពីការផលិត ការប្រើសប្រាស់ទីកន្លែង និងការប្រើប្រាស់កម្លាំងពលកម្ម (Profit, Services, Products)

មានកត្តា​សំខាន់ៗ ៦ យ៉ាងដែលរារាំង​មនុស្សយើង​ មិនឱ្យទទួល​បាន​លទ្ធផលវិជ្ជមាន​ ប៉ុន្តែអ្នកនៅតែ​អាចអភិវឌ្ឍខ្លួន​បាន​ ដើម្បីបើក​សោរសក្តានុពល​ពីក្នុងខ្លួន​ និងក្លាយជា​កម្លាំងដ៏មហិមា​ ដែលមិនមាន​អ្វីឃាត់ឈ្នះ​។ តាមពិត​ កត្តាទាំង ៦ យ៉ាង​នេះ អាចជួយ​អ្នកឱ្យទទួលបាន​ ឬបាត់បង់​ផលិតភាព​ ដោយ​អាស្រ័យទៅលើរបៀប​ដែលអ្នកប្រើប្រាស់វា​។ ខាងក្រោមនេះ ​ជាមធ្យោបាយខ្លះៗ​ ដើម្បីដោះស្រាយ​បញ្ហាពេលជួប​កត្តាទាំងនេះ​ និងជួយបង្កើត​ផលិតភាព​ការងាររបស់អ្នក​៖

១. គោលដៅ

ការជួបប្រជុំក្រុម​ការងារមួយសប្តាហ៍​ម្តងដើម្បីប្រាប់​គ្នានូវកិច្ចការ​ដែល​សម្រេចបាន​គឺជាទម្លាប់ល្អ​។ ការធ្វើបែបនេះជួយ​ពង្រឹងគោលដៅ​ឱ្យកាន់តែរឹងមាំ​ព្រោះតែការ​បានឃើញលទ្ធផល​ជាបណ្តើរៗ​។ ការកំណត់​គោលដៅ​ច្បាស់លាស់នឹង​ចង​ទឹកចិត្តមនុស្សឱ្យ​ប្តេជ្ញាចំពោះការងារ​ទៅតាមពេល​ដែលបានកំណត់​។

២. ឥរិយាបថ

ឥរិយាបថមាន​ទាំងល្អ​និងអាក្រក់​ ហើយជាទូទៅអ្នក​មិនអាចកែប្រែ​ឥរិយាបថអ្នក​ដទៃដោយ​ត្រង់បានទេ​។ ទោះជាយ៉ាងណា​ មធ្យោបាយមួយ​ដើម្បីបង្កើតឥទ្ធិពល​លើឥរិយាបថ​មនុស្សដទៃ​ គឺអ្នកត្រូវ​បង្ហាញ​ឥរិយាបថ​ល្អតាម​រយៈការអនុវត្ត​ជាក់ស្តែង​ពោលគឺឱ្យ​តម្លៃមនុស្ស​ក្នុងរបៀប​ដែលអ្នកចង់​បានការ​ឱ្យតម្លៃពីអ្នក​ដទៃដែរ​។ ហើយមធ្យោបាយ​ល្អបំផុតដើម្បី​បណ្តុះឥរិយាបថ​ល្អក្នុង​ខ្លួនអ្នក​គឺត្រូវបន្ត​រៀនស្វែង​យល់រឿងថ្មីៗ​ជានិច្ច។

៣. អារម្មណ៍តានតឹង

អារម្មណ៍តាន​តឹង បំផ្លាញសុខភាព​ផ្លូវចិត្តរបស់​មនុស្សយ៉ាងខ្លាំង​។ ​ចំណុចដែលត្រូវ​ដឹងទាក់ទងនឹង​អារម្មណ៍តាន​តឹងគឺថាវាកើតឡើង​នៅពេល​មនុស្សយល់​ថាគេខ្វះការ​គ្រប់គ្រងលើស្ថានការ។​ ដើម្បីយកឈ្នះ​លើអារម្មណ៍​បែបនេះ​ អ្នកគួរព្យាយាមបង្ហាញ​ឥទ្ធិពលឱ្យបាន​ញឹកញាប់នៅ​កន្លែងធ្វើការ​ និងរក្សា​តុល្យភាព​ការងារ​និងជីវិត​គ្រួសារ។

៤. ការរិះគន់

ការរិះគន់ជា​ទិដ្ឋភាព​ដ៏សំខាន់មួយ​នៃការបង្កើត​ផលិតភាព​ការងាររបស់អ្ន​ក។ នៅពេលអ្នក​ចេះបែង​ចែកការរិះគន់​ អ្នកនឹងយល់ថា​វាជួយឱ្យការងារ​របស់អ្នកទទួល​បានលទ្ធកាន់​តែប្រសើរព្រោះ​វាអាចជា​កញ្ចក់ឆ្លុះ​បញ្ចាំងចំណុច​ដែលអ្នកមើលមិន​ឃើញដោយ​ខ្លួនឯង។

៥. ថាមពល

ថាមពលដើរតួ​សំខាន់ណាស់ក្នុង​ផលិតភាពការងារ​។ ដើម្បី​បំពេញ​ការងារបានល្អ​ អ្នកត្រូវការ​ថាមពលគ្រប់គ្រាន់​ ហើយប្រភពថាមពល​សម្រាប់មនុស្ស​គឺគ្រឿង​បរិភោគដែល​ល្អសម្រាប់សុខភាព​ដូចជាផ្លែឈើ​ស្រស់ជាដើម​។ លំហាត់​ប្រាណក៏ជួយឱ្យមនុស្ស​បង្កើនការយកចិត្តទុក​ដាក់និងកម្រិត​ថាមពល​ដែរ​។ 

៦. បច្ចេកវិទ្យា

ការមានជំនាញ​ខាងកុំព្យូទ័រតិចតួច​ ពន្យឺត​ល្បឿនការងារ​របស់អ្នក​។ ដើម្បីកុំ​ឱ្យធ្លាក់ខ្លួន​ទៅជាជនរងគ្រោះ​នៃបច្ចេកវិទ្យា​ អ្នកត្រូវ​អភិវឌ្ឍខ្លួន​ឱ្យដើរទាន់​បច្ចេកវិទ្យាថ្មីៗ​។ ទោះជាយ៉ាងណា​​ គួរចាំថា​អ្នកមានតួនាទី​សម្រេចចិត្ត​ និង​ប្រើប្រាស់​បច្ចេកវិទ្យាដើម្បី​សម្រួល​ការងារ មិនមែន​គិតតែពី​រត់តាម​ចរន្ត​បច្ចេកវិទ្យា​មិនឈប់​នោះទេ​។

ម្រួលពី៖​ 8 Things Killing Your Productivity, Success Magazine


អត្ថបទទាក់ទង

គុណសម្បត្តិសំខាន់ៗចំនួន ៥ ដែលធ្វើឲ្យអាជីពរបស់អ្នកទទួលបានជោគជ័យ

Leave a Reply