វិធីសាស្រ្តសំខាន់ៗចំនួន ៥ ដើម្បីរក្សាតុល្យភាពការងារនៅការិយាល័យ និងនៅផ្ទះ

ឧបសគ្គធំបំផុតមួយ​ដែល​រារាំង​មនុស្ស​មាន​គំនិត​ច្នៃប្រឌិត និង​សហគ្រិន​ពីការ​ធ្វើ​បន្ទាប់​បន្សំ​បន្ថែម ពីលើ​ការងារ​ពេញ​ម៉ោង​ គឺ​ការ​ភ័យ​ខ្លាច​ថា គេ​នឹងមាន​ទម្ងន់​ការងារ​ច្រើន​ពេក។ ការរក្សា​តុល្យភាព​ឱ្យ​បាន​ល្អ​ មិន​មែន​ជារឿង​ងាយ​ស្រួល​ទេ ទោះបី​ការងារ​បន្ថែម​របស់​អ្នក​ជា​គម្រោង​ច្នៃប្រតិដ្ឋដ៏សាមញ្ញមួយ​ក៏​ដោយ។ ការគិត​ដល់​ទំនួល​ខុស​ត្រូវ​បន្ថែម ​ក្នុង​ពេល​កំពុង​តែ​ធ្វើ​ការ​ពេញ​ម៉ោង​ហើយ​ ជាគំនិតដែល​ពិបាកទទួល​យក​បាន​ណាស់ ជាពិសេស​នៅពេល​ការងារ​ពេញ​ម៉ោង​របស់​អ្នក តម្រូវ​ឱ្យ​អ្នក​បង្ហាញ​វត្តមាន​ នៅក្នុង​ការិយាល័យ​ពី​ព្រឹក​ដល់​ល្ងាច។ ការដែលអ្នកមានការងារពេញម៉ោងផង និងការងារក្រៅម៉ោងផងនេះហើយ ធ្វើឲ្យអ្នកចាប់ផ្តើមពិបាករក្សាទំនួលខុសត្រូវឱ្យបានពេញលេញណាស់។ ទោះជាយ៉ាងណា អ្នកអាចប្រើប្រាស់គន្លឹះមួយចំនួនខាងក្រោមនេះ ដើម្បីរក្សាតុល្យភាពការងារទាំងពីរ៖ 

១. កំណត់គោលដៅប្រាក់ចំណូល

ទោះបីអ្នកធ្វើការបន្ថែមជាភ្នាក់ងារបម្រើសេវាអតិថិជនពីចម្ងាយឬជាអ្នកធ្វើការឯករាជ្យក៏ដោយ ក៏អត្ថប្រយោជន៍ចម្បងមួយពីការធ្វើការនៅផ្ទះគឺភាពបត់បែន។ កំណត់ទុកថាអ្នកត្រូវរកប្រាក់បន្ថែមប៉ុន្មានក្នុងមួយខែដើម្បីសម្រេចគោលដៅរបស់អ្នក ឬដើម្បីដោះបំណុលផ្សេងៗ។ ពេលកំណត់ដឹងបែបនេះហើយ អ្នកធ្វើការងារតែតាមម៉ោងពេលដែលល្មមដើម្បីសម្រេចគោលដៅនោះបានហើយ។ ការធ្វើបែបនេះនឹងផ្តល់ពេលទំនេរខ្លះដើម្បីសម្រាកនិងកម្សាន្តជាមួយគ្រួសារឬមិត្តភក្តិ។

២. រៀបចំផែនការទុកមុនមួយសប្តាហ៍

កិច្ចការល្អបំផុតដែលអ្នកអាចធ្វើបានសម្រាប់ខ្លួនឯងនៅពេលអ្នកមានទំនួលខុសត្រូវច្រើនគឺត្រូវរៀបចំនិងគោរពតាមកាលវិភាគការងារយ៉ាងហ្មត់ចត់។ ព្រឹត្តិការណ៍ដែលកើតឡើងខុសការរំពឹងទុកអាចនឹងបំផ្លាញផលិតផលរបស់អ្នកយ៉ាងងាយ។ តើមានដំណោះស្រាយអ្វី? ចំណាយពេលខ្លះនៅចុងសប្តាហ៍ដើម្បីរៀបចំគម្រោងការងារដែលអ្នកត្រូវធ្វើក្នុងមួយសប្តាហ៍ខាងមុខ។ ពេលមានកាលវិភាគការងារបែបនេះ អ្នកអាចនឹងច្រានព្រឹត្តិការណ៍ក្រៅពីគម្រោងនេះចេញបានយ៉ាងងាយ។ 

៣. រៀនបដិសេធរឿងខ្ជះខ្ជាយពេលវេលា

នៅពេលការងារបន្ថែមរបស់អ្នកត្រូវធ្វើនៅផ្ទះ អ្នកមិនសូវមានសម្ពាធហើយងាយនឹងច្រឡូកច្រឡំផែនការដែលអ្នកបង្កើតទុកសម្រាប់ពេលមួយសប្តាហ៍ណាស់។ ការឃ្លាតចេញពីផែនការត្រឹមតែមួយម៉ោងប្រហែលមិនមែនជារឿងធំដុំទេ ប៉ុន្តែនៅពេលអ្នកដឹងថាអ្នកខាតបង់ការងារច្រើនប៉ុនណាពីការខ្ជះខ្ជាយពេលវេលានោះ អ្នកនឹងខឹងខ្លួនឯងមិនខាន។ តើអ្វីជាដំណោះស្រាយ? គឺត្រូវប្តេជ្ញាចិត្តគោរពតាមផែនការណ៍ដែលអ្នកបានកំណត់អាទិភាពរួច និងហ៊ានបដិសេធរឿងខ្ជះខ្ជាយពេលវេលាផ្សេងទៀត។

៤. ជម្រុះទម្លាប់ធ្វើតែការងារដែលគ្មានការកម្សាន្ត

ពេលមានការងារច្រើនបន្ថែមដើម្បីរកប្រាក់ចំណូលដែលត្រូវធ្វើនៅផ្ទះទៀត អ្នកងាយនឹងរវល់ភ្លេចខ្លួនណាស់។ ប៉ុន្តែអ្នកក៏ត្រូវការពេលយ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្តាហ៍ដើម្បីសម្រាកឬបញ្ចូលថាមពលជាថ្មីដែរ។ ចំណុចគន្លឹះគឺអ្នកត្រូវមានពេលធ្វើកិច្ចការកម្សាន្តដែលអ្នកចូលចិត្តធ្វើប៉ុន្តែមិនទាក់ទងនឹងការងារឬប្រាក់ចំណូល។ នេះជារបៀបដែលអ្នកអាចរក្សាតុល្យភាពរវាងការងារនិងជីវិត។ 

៥. នៅថ្ងៃសម្រាកមិនត្រូវគិតដល់ការងារទេ

នៅពេលអ្នកមានការងារពីរ ចិត្តរបស់អ្នក ហាក់ដូចជាផ្តោតតែលើការងារគ្រប់ពេល។ ក្នុងស្ថានភាពបែបនេះ អ្នកងាយនឹងបណ្តោយចិត្តគិតដល់ការងារ សូម្បីតែនៅពេលសម្រាក។ បើអ្នកយល់ថាចិត្តរបស់អ្នក អន្ទះសារចំពោះការងារគ្រប់ពេល អ្នកគួរបង្កើតបញ្ជីការងារដែលអ្នកបានធ្វើរួចរាល់ទុកមួយកន្លែង។ ទម្លាប់បែបនេះ ជួយឱ្យចិត្តរបស់អ្នកមើលឃើញគម្លាតខ្លះពីទំនួលខុសត្រូវដែលបានបំពេញរួចរាល់ និងការងារថ្មីដែលនឹងត្រូវចាប់ផ្តើមធ្វើនៅពេលក្រោយ។ នៅចន្លោះទំនួលខុសត្រូវរវាងការងារដែលធ្វើរួច និងការងារដែលត្រូវធ្វើ អ្នកមិនត្រូវគិតដល់ការងារអ្វីទាំងអស់។

សរុមក សម្រាប់មនុស្សភាគច្រើន នៅពេលនាឡិកាចង្អុលដល់ម៉ោងប្រាំល្ងាចភ្លាម គេក៏សម្រាកពីការងារភ្លែតដែរ។ ហើយបើអ្នកធ្វើការងារបន្ថែមមួយទៀត នេះក៏ជាពេលដែលត្រូវរៀបចំត្រៀមខ្លួនសម្រាប់កិច្ចការបន្ទាប់ទៀតដែរ។ ការពិតសម្រាប់មនុស្សសម័យទំនើបនេះ គឺថាការងារតែមួយមិនអាចទទួលបានប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ជីវភាពឱ្យធូរធារបានទេ។ យើងសង្ឃឹមថា គន្លឹះមួយចំនួនខាងលើនេះ នឹងអាចជួយរក្សាតុល្យភាពការងារនៅការិយាល័យ និងនៅផ្ទះរបស់អ្នកប្រកបដោយប្រសិទ្ឋភាព។


អត្ថបទទាក់ទង

ដំបូន្មានសំខាន់ៗចំនួន ៤ ពីមនុស្សដែលមានបទពិសោធន៍ច្រើនក្នុងជីវិត ដើម្បីសម្រេចគោលដៅអាជីពរបស់អ្នក

 

Leave a Reply