អភិវឌ្ឍន៍ខ្លួន ៥ ជំហ៊ានដើម្បីក្លាយជាបុគ្គលឆ្នើម

“សម្លឹងមើលខាងក្នុង ដើម្បីសម្រេចគោលដៅខាងក្រៅ”

ចំណុចស្នូលនៃការអភិវឌ្ឍន៍ខ្លួនឯង គឺការស្គាល់ពីខ្លួនឯង។ ការក្លាយខ្លួនជាបុគ្គលឆ្នើម គឺត្រូវផ្តោតលើការផ្លាស់ប្តូរទម្លាប់ គោលការណ៍ បុព្វហេតុចម្បងៗ ជាជាងការយកចិត្តទុកដាក់តែលើរឿងសើៗ ការព្យាបាលតែលើរោគសញ្ញានៃជំងឺ ដោយមិនស្គាល់អំពីឫសគល់នៃជំងឺ។ ចូរបណ្តុះរឿងសំខាន់ៗចំនួន ៥ ក្នុងខ្លួនអ្នកដើម្បីក្លាយខ្លួនជាបុគ្គលឆ្នើម។

១. ការស្គាល់ពីខ្លួនឯង (Self-Awareness)

ការស្គាល់ ការដឹងអំពីចំណុចខ្លាំង ចំណុចខ្សោយរបស់យើងម្នាក់ៗ វាមិនងាយស្រួលដូចការគ្រាន់តែនិយាយទេ។ ការស្គាល់ពីខ្លូនឯង ជារឿងចាំបាច់បំផុតសម្រាប់ការធ្វើដំណើរឆ្ពោះទៅរកភាពជោគជ័យ។ បើយើងចង់បង្កើនប្រសិទ្ធភាពរបស់យើង យើងចាំបាច់ត្រូវតែចេះគ្រប់គ្រងអារម្មណ៍របស់យើងឲ្យបានល្អ ដើម្បីផ្តល់ថាមពល និងទិសដៅដល់ការធ្វើដំណើរជីវិតរបស់យើង។

ការសិក្សាស្រាវជ្រាវបានបញ្ជាក់ច្បាស់ថា ប្រាជ្ញាឈ្លាសវៃរបស់យើងកំណត់ភាពជោគជ័យរបស់យើងតែ ២០%(ភាគរយ) ទេ រីឯ ៨០% ទៀតគឺស្ថិតនៅលើការគ្រប់គ្រងអារម្មណ៍របស់យើង។ បើយើងមិនដឹង ឬមិនខ្វល់អំពីអារម្មណ៍របស់យើង វានឹងបង្កើតឥរិយាបថ (សកម្មភាព) ឆ្គាំឆ្គង ឬរាំងស្ទះដល់ដំណើរឆ្ពោះទៅរកគោលដៅជោគជ័យរបស់យើង។ ការស្គាល់ពីខ្លួនឯង មានន័យថា អ្នកមានសមត្ថភាពដឹងអំពីអារម្មណ៍របស់ខ្លួនយ៉ាងច្បាស់លាស់។ វានឹងផ្តល់សមត្ថភាពដល់យើងក្នុងការគ្រប់គ្រងអារម្មណ៍មិនល្អកុំឲ្យបង្កើតទៅជាឥរិយាបថដែលបំផ្លាញទំនាក់ទំនង បំបាក់ទឹកចិត្ត ឬបង្កភាពសៅហ្មងផ្សេងៗ។ ការគ្រប់គ្រងអារម្មណ៍ វាចាំបាច់បំផុតសម្រាប់អភិវឌ្ឍន៍ខ្លួនជាបុគ្គលឆ្នើម។

ចូរគ្រប់គ្រងអារម្មណ៍របស់អ្នក ជាជាងឲ្យអារម្មណ៍របស់អ្នកគ្រប់គ្រងអ្នក។

២. ការស្រឡាញ់ខ្លួនឯង​ (Self-Love)

បើអ្នកស្រឡាញ់អ្នកដទៃដូចខ្លួនអ្នក យើងអាចទទួលស្គាល់ថា ការស្រឡាញ់អ្នកដទៃ មិនអាចធំជាងការស្រឡាញ់ខ្លួនឯងទេ។ ការស្រឡាញ់អ្នកដទៃ ដោយមិនស្រឡាញ់ខ្លួនឯង គឺជារឿងដ៏សោកសៅមួយ ដោយសារតែអ្នកត្រូវការការយល់ស្រប យល់ចិត្ត ឬយល់ព្រមពីគេប៉ុណ្ណោះ។ ជាលទ្ធផល វាជាតម្រូវការអ្នកប្រគល់ ច្រើនជាងអ្នកទទួល។ ម្តងម្កាល ការចង់ឲ្យអ្នកនរណាម្នាក់ជួបនឹងភាពល្អប្រសើរ អាចភ្ជាប់មកជាមួយការឈឺចាប់ផ្ទាល់ខ្លួន។ ការចង់ឲ្យខ្លួនឯងប្រសើរឡើង (ស្រឡាញ់ខ្លួនឯង) វាត្រូវរួមបញ្ចូលផងដែរនូវការនិយាយ និងទទួលស្គាល់ការពិតចំពោះខ្លួនឯង។ ជាធម្មតាទេ ដែលពេលខ្លះយើងត្រូវទទួលយកការឈឺចាប់ ក្នុងការទទួលយកការពិតដែលមិនអាចប្រកែកបាន។

វាមានហេតុផល ដែលការណែនាំនៅលើយន្តហោះឲ្យអ្នកពាក់បំពុងអុកស៊ីសែនសម្រាប់ខ្លួនអ្នកជាមុន មុននឹងជួយពាក់ឲ្យអ្នកដទៃ ដូចជាកូនរបស់អ្នក ពីព្រោះអ្នកមិនអាចជួយមនុស្សដែលអ្នកស្រឡាញ់បានទេ បើអ្នកមិនអាចរស់បាន។ អ្នកមិនអាចប្រគល់ឲ្យនូវអ្វីដែលអ្នកគ្មានទេ។

ចូរស្រឡាញ់ខ្លួនឯង តែកុំមានភាពអាត្មានិយម។

៣. ការលើកទឹកចិត្តខ្លួនឯង (Self-Motivation)

ប្រសិនបើអ្នកទន្ទឹងរង់ចាំនរណាម្នាក់លើកទឹកចិត្តអ្នក ការអភិវឌ្ឍខ្លួនអ្នកឲ្យក្លាយជាបុគ្គលឆ្នើម នឹងមានឱកាសតិចតួចប៉ុណ្ណោះ។ ការលើកទឹកចិត្ត ជាកិច្ចការផ្ទាល់ខ្លួន។ ពឹងលើអ្នកផ្សេង ថ្ងៃខ្លះអ្នកបានទទួល ថ្ងៃផ្សេងជាច្រើនទៀត អ្នកនឹងមិនបានទទួលទេ។ បើពឹងលើខ្លួនឯង អ្នកអាចធ្វើវាជារៀងរាល់ថ្ងៃ។ បើអ្នកពឹងលើគេក្នុងការលើកទឹកចិត្ត ឱកាសជោគជ័យក្នុងជីវិតអ្នកមានស្តួចស្តើងបំផុត ហើយភាគច្រើន អ្នកនឹងស្តាយក្រោយ ដោយសារការទន្ទឹងរង់ចាំភាគច្រើនមិនបានដូចបំណង។

ចូរលើកទឹកចិត្តខ្លួនអ្នក ជាជាងការរង់ចាំអ្នកដទៃធ្វើជូនអ្នក។

៤. ការពោលអះអាងល្អពីខ្លួនឯង  (Self-Affirmation)) 

យើងធ្លាប់ដឹងថា វាជារឿងមិនល្អទេដែលចូលចិត្តនិយាយដើម ឬនិយាយរឿងមិនល្អអំពីអ្នកដទៃ។ វាកាន់តែមិនល្អថែមទៀត ដែលយើងប្រើពាក្យអាក្រក់ៗប្រឆាំងនឹងខ្លួនឯង ឬនិយាយមិនល្អចំពោះខ្លួនឯង។ ការពោលអះអាងពីខ្លួនឯង វានឹងទាក់ទាញការយកចិត្តទុកដាក់របស់យើងទៅលើរឿងនោះ។ ប្រសិនបើនរណានិយាយមករកអ្នក ដោយការបំបាក់ទឹកចិត្ត ឬមាក់ងាយអ្នក អ្នកត្រូវនៅឆ្ងាយពីគេ ប៉ុន្តែអ្នកភ្លេចគិតថា ម្តងម្កាល ឬជាញឹកញាប់ អ្នកក៏ធ្លាប់ធ្វើរឿងបែបនេះចំពោះខ្លួនឯងផងដែរ។ ការនិយាយអាក្រក់ ឬមាក់ងាយខ្លួនឯង វានឹងធ្វើឲ្យអ្នកបាត់តម្លៃ បាក់ទឹកចិត្ត អស់សង្ឃឹម។ ចូរកុំបណ្តោយឲ្យអ្នកដទៃ ឬខ្លួនអ្នក បង្កើតការផ្តោតអារម្មណ៍របស់អ្នកលើរឿងខុសឆ្គង បន្ទាបតម្លៃខ្លួនអ្នក បង្អាប់ខ្លួនឯង។ អ្នកត្រូវបង្កើតការយកចិត្តទុកដាក់របស់អ្នកលើរឿងត្រឹមត្រូវ លើការបង្កើនតម្លៃខ្លួនអ្នក លើការជឿជាក់លើខ្លួនឯង លើការផ្តល់ក្តីសង្ឃឹម។

ឥរិយាបថ ឬពាក្យសម្ដីដែលបន្ទាបខ្លួនឯងមានដូចជា ៖ ខ្ញុំមិនល្អ ខ្ញុំគួរឲ្យធុញទ្រាន់ ខ្ញុំគ្មានសមត្ថភាព… ខ្ញុំជាមនុស្សធម្មតា ខ្ញុំគ្មានតម្លៃ ។ល។ ជំនួសឲ្យពាក្យសម្ដីទាំងនេះ អ្នកត្រូវពោលពាក្យចំពោះខ្លួនឯង ឬមានឥរិយាបថ ដូចតទៅនេះ ៖ ខ្ញុំជាមនុស្សគួរឲ្យស្រឡាញ់ ខ្ញុំមានសមត្ថភាពពេញលេញ ខ្ញុំជាមនុស្សគួរឲ្យគោរព ខ្ញុំមានគោលដៅច្បាស់លាស់… ខ្ញុំមានទេពកោសល្យច្រើន។

ចូរប្រើពាក្យអះអាងខ្លួនឯង ដោយបង្កើនតម្លៃខ្លួនឯង ជាជាងបន្ទាបតម្លៃខ្លួនឯង។

៥. ការទទួលខុសត្រូវលើខ្លួនឯង (Self-Differentiation))

ការដឹងពីខ្លួនឯង និងអ្នកដទៃជាមនុស្សបែបណា គឺជាគន្លឹះក្នុងការរស់នៅដោយរីករាយ និងជោគជ័យ។ អ្នកត្រូវយល់ថា ពេលមនុស្សនៅជុំគ្នាជាក្រុម វាចាប់ផ្តើមមានទំនាញផ្លូវអារម្មណ៍។ ទំនាញនេះ មានអានុភាពខ្លាំងណាស់សម្រាប់ការរស់នៅ ឬធ្វើការជាមួយគ្នា។ វាបង្កឲ្យមានការទំនាក់ទំនងគ្នាទៅវិញទៅមកខាងផ្លូវអារម្មណ៍ អាចបង្កើតជាក្រុម ជាហ្វូងតែមួយ ឬបង្កការមិនចុះសម្រុងគ្នា។ ក្នុងករណីធ្ងន់ធ្ងរ វាបង្កទៅជាមានអារម្មណ៍ឯកា ស្តីបន្ទោសគ្នា យកចាញ់ឈ្នះ បដិសេធគ្នា ឬក្លាយជាជនរងគ្រោះ។

នៅពេលដែលយើងទទួលខុសត្រូវលើខ្លួនឯង យើងដឹងថា យើងជាមនុស្សបែបណា យើងនៅត្រង់ណា ពេលមានបញ្ហា ឬជម្លោះកើតឡើង។ ការទទួលខុសត្រូវមានន័យថា យើងមានសមត្ថភាពក្នុងការឆ្លើយតប ទៅនឹងស្ថានការណ៍ ឬរឿងរាវទាំងឡាយដែលកើតឡើង។ សមត្ថភាពឆ្លើយតប នេះផ្តល់ឲ្យយើងមានជម្រើស និងសេរីភាពកាន់តែច្រើន។ ឧទាហរណ៍៖ ប្រសិនបើគេប្រព្រឹត្តមិនគប្បីមកលើយើង យើងអាចឆ្លើយតបដោយខឹងសម្បា ដោយញញឹម ឬដោយការអត់ឱន។ សមត្ថភាពឆ្លើយតបនេះ គឺជាការទទួលខុសត្រូវរបស់យើង។ វានឹងបង្កើនភាពធន់របស់យើងទៅនឹងមតិយោបល់ ការទិតៀន ឬសកម្មភាពឆ្គាំឆ្គងរបស់អ្នកដទៃ។ បើយើងពុំមានសមត្ថភាពនេះទេ យើងនឹងក្លាយជាជនរងគ្រោះនៃស្ថានភាព ឬរឿងរ៉ាវកើតឡើងដោយគ្មានជម្រើស។

ចូរបដិបត្តិការទទួលខុសត្រូវលើខ្លួនឯង ជាជាងបណ្តោយខ្លួនជាជនរងគ្រោះនៃស្ថានការណ៍។

ការសម្លឹងមើលខាងក្នុងខ្លួនអ្នកទាំង ៥ ចំណុចនេះ នឹងជួយអ្នកឲ្យស្វែងរកឃើញនូវអ្វីដែលជាក្តីស្រមៃរបស់អ្នក។ វានឹងជួយបំភ្លឺផ្លូវអ្នក ហើយជួយជំរុញអ្នកឲ្យចាកចេញពីការសោកសៅ ស្តាយក្រោយ ទុក្ខព្រួយ និងការយល់ច្រឡំ។ ការអភិវឌ្ឍខ្លួនអ្នកជាបុគ្គលឆ្នើម មិនអាចទៅរួចទេ បើអ្នកមិនអនុវត្តជំហានទាំង ៥ នេះ។

 សម្រួលពី៖ Mick Ukleja (2016), 5 Steps to Personal Greatness, Success Magazine


អត្ថបទទាក់ទង

វិធីគិតតាមមធ្យោបាយអ្នកដើម្បីឆ្ពោះទៅរកជីវិតកាន់តែប្រសើរ

 

2 thoughts on “អភិវឌ្ឍន៍ខ្លួន ៥ ជំហ៊ានដើម្បីក្លាយជាបុគ្គលឆ្នើម

  1. អរគុណណាស់សម្រាប់ការមានចិត្តល្អក្នុងការចែករំលែក😊😍

Leave a Reply