គុណសម្បត្តិសំខាន់ៗចំនួន ៥ ដែលធ្វើឲ្យអាជីពរបស់អ្នកទទួលបានជោគជ័យ

អាជីព –ជីប សំ. បា. ( ន. ) (អាជីវ, ខ្មែរ​ប្រើ​ផ្លាស់ វ ជា ព > អាជីព) ដំណើរ​នៅ​មាន​ជីវិត, ការ​នៅ​រស់; ការ​ចិញ្ចឹម​ជីវិត, ដំណើរ​ធ្វើ​ការ​របរ​ចិញ្ចឹម​ជីវិត : គាត់​មាន​ការ​លក់​ដូរ​ជា​អាជីព​របស់​គាត់, អ្នក​រក​ស៊ី​ដោយ​ការ​បំបាត់​ប្រវ័ញ្ចន៍ ឈ្មោះ​ថា​អ្នក​មាន​អាជីវៈ​មិន​បរិសុទ្ធ (មិច្ឆាជីវៈ) ។ អាជីវ​កម្ម ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត; ការ​ចាត់ចែង​ធ្វើ​យក​ផល​ពី​ដំណាំ, ពី​ឈើ​ព្រៃ, ពី​ព្រះ​ធរណី​ជាដើម; ទី​ដី​ដែល​គេ​ប្រកប​ធ្វើ​ការ​យក​ផល​នោះ​ៗ : ប្រកប​អាជីវ​កម្ម​ខាង​ឈើ​ព្រៃ ។ អាជីវ​ករ ជន​អ្នក​ប្រកប​អាជីវ​កម្ម ។ អាជីវ​បារិសុទ្ធិ (–ប៉ា–) សេចក្ដី​បរិសុទ្ធ ព្រោះ​ការ​ចិញ្ចឹម​ជីវិត​ត្រឹម​ត្រូវ ។ អាជីវ​បារិសុទ្ធិ​សីល (–ប៉ា–) សីល​របស់​បព្វជិត​អ្នក​មាន​សេចក្ដី​បរិសុទ្ធ​ព្រោះ​ការ​ចិញ្ចឹម​ជីវិត​ត្រឹម​ត្រូវ (ម. ព. ចតុប្បារិសុទ្ធិ​សីល ផង)។ អាជីវប្បវុត្តិ (–វ័ប-ប៉ៈ–) ឬ អាជីវ​ប្រព្រឹត្តិ (សំ.) ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ជីវិត ឬ​មុខ​ការ​របរ​សម្រាប់​ចិញ្ចឹម​ជីវិត ។ល។ អាជីវ ឬ អាជីវៈ ។

បទពិសោធន៍នៃភាពជោគជ័យរបស់មនុស្សម្នាក់ៗក្នុងការដឹកនាំមានបែបផ្សេងៗគ្នា។ ប៉ុន្តែក្នុងទ្រឹស្ដីទូទៅ ដើម្បីធ្វើឲ្យអាជីពទទួលបានជោគជ័យ បើទោះបីជាអាជីពនោះជាអ្វីក៏ដោយ អ្នកចាំបាច់ត្រូវមានគុណសម្បត្តិ ៥ យ៉ាងនេះ៖

១. ត្រូវបើកចំហបេះដូង និងស្វែងរកដំណោះស្រាយ

ចិត្ត និងបេះដូងរបស់អ្នកដឹកនាំ គឺត្រូវតែបើកឲ្យទូលាយ និងចេះស្តាប់អ្នកដទៃ។ នៅពេលគេនិយាយអំពីបញ្ហាអ្វី​ ឬក៏អំពីដំណោះស្រាយបែបណាមួយ អ្នកដឹកនាំត្រូវស្តាប់ឲ្យបានច្រើនជាងនិយាយ។ អ្នកដឹកនាំ ត្រូវស្តាប់ទាំងអស់ ដោយមិនត្រូវគិតថា អ្នកផ្សេងត្រូវតែស្តាប់តាម និងអនុវត្តតាមបង្គាប់របស់យើងជាដាច់ខាតនោះទេ។

បើធ្វើដូច្នេះមែន ទោះបីជាយើងបានក្លាយជាអ្នកដឹកនាំក៏ដោយ ក៏ពុំមានប្រសិទ្ធិភាពក្នុងការដឹកនាំដែរ។ ប៉ុន្តែបើយើងស្តាប់អ្នកដ៏ទៃឲ្យបានច្រើន ហើយទទួលយកគំនិតអ្នកដទៃមកវិភាគ និងគិតពិចារណានោះ យើងអាចធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវល្អ និងបានយ៉ាងសមស្របបំផុត ហើយយើងក៏នឹងមិនស្តាយក្រោយផងដែរ។ ជំនាញចម្បងបំផុតរបស់អ្នកដឹកនាំ គឺការស្តាប់នេះ​​ឯង។

២. ត្រូវសិក្សារៀនសូត្រជានិច្ច

អ្នកដឹកនាំ គួរសប្បាយនឹងការរៀនសូត្រ​ សប្បាយនឹងការអានសៀវភៅ សប្បាយនឹងការស្វែងរកព័ត៌ថ្មីៗ ពោលគឺសប្បាយនឹងទទួលយកការសិក្សាទាំងអស់។ ​កុំនិយាយថា ខ្ញុំមិនចង់ដឹងទេ ខ្ញុំមិនត្រូវការដឹងទេ តើមានប្រយោជន៍អ្វី? ដរាបណាយើងជាអ្នកដឹកនាំ យើងត្រូវមានគំនិត ចង់ចេះ ចង់ដឹង ព្រោះព័ត៌មានអ្វីក៏ដោយក៏មានសារៈសំខាន់ដែរ គ្រាន់តែវាមានតិច ឬច្រើនតែប៉ុណ្ណោះ។

៣. ត្រូវគិតដោយភាពច្នៃប្រឌិត

អ្នកដឹកនាំត្រូវចេះគិតពិចារណាដោយ ភាពច្នៃប្រឌិតនូវទំនិញដែលយើងត្រូវផលិត ឬសេវាដែលយើងត្រូវផ្តល់ គឺត្រូវតែធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលគេចង់បាន ដើម្បីឲ្យគេពេញចិត្តនឹងផលិតផល និងសេវារបស់យើង។

៤. ត្រូវធ្វើការងារដោយស្ម័គ្រចិត្ត

អ្នកដឹកនាំ ត្រូវស្ម័គ្រចិត្តធ្វើការងារ ដោយមិនរំពឹងទាល់តែបានកម្រៃទើបយើងធ្វើនោះទេ។ ផ្តើមចេញពីការស្ម័គ្រចិត្តដែលយើងស្រឡាញ់នឹងហើយ ទើបការព្យាយាមធ្វើយូរៗទៅយើងនឹងក្លាយជាអ្នកឯកទេស។  យើងធ្វើនេះ យើងធ្វើនោះ ដោយការពេញចិត្ត ហើយការស្ម័គ្រចិត្តនេះ វានឹងជួយឲ្យយើងរកឃើញនូវអ្វីដែលយើងចង់ធ្វើពិតប្រាកដ។ ពេលខ្លះ យើងមិនបានដឹងច្បាស់ទេថា តើយើងចង់ធ្វើអ្វីឲ្យពិតប្រាកដ?​ ដូច្នេះពេលវេលាមានតម្លៃណាស់ ចូរជ្រើសរើសយកការងារណា ដែលខ្លួនយើងចង់ធ្វើ ឬស្ម័គ្រចិត្តធ្វើ ហើយកុំគិតថា ទាល់តែមានអ្វីជាការដោះដូរ ទើបបានយើងធ្វើនោះ។

៥. ត្រូវចេះបង្កើតបណ្តាញ

អ្នកដឹកនាំ ត្រូវមានបណ្តាញរបស់ខ្លួន ហើយភាពឈ្លាសវៃរបស់មនុស្ស គឺការបង្កើតបណ្តាញដ៏មានប្រសិទ្ធភាព។ បណ្ដាញ មិនមែនទាល់តែមានមុខមានមាត់ ទើបយើងត្រូវភ្ជាប់ជាមួយទេ​ គ្រប់គ្នាដែលនៅជុំវិញយើង សុទ្ធតែជាមនុស្សដែលត្រូវទំនាក់ទំនងទាំងអស់។


អត្ថបទទាក់ទង

ជំនាញទន់សំខាន់ៗចំនួន ៩ ជា​កូនសោរ​បើក​ផ្លូវ​នាំ​មក​នូវ​ឱកាស​ល្អ​ៗ​ជា​ច្រើន​ទាំង​ក្នុង​ការ​រស់​នៅ​ និង​ការ​ប្រកប​របរ​វិជ្ជា​ជីវៈ

Leave a Reply