គន្លឹះសំខាន់ៗចំនួន ៤ ដើម្បីជួយ​​​ឲ្យ​អ្នក​សម្រេច​​​​លទ្ធផល​​ការងារ​កាន់​តែ​ប្រសើរ

ការ​ធ្វើ​យូរៗ​ទៅ​ពេល​ខ្លះ​អ្នក​ឈាន​ដល់​ចំណុច​ធុញថប់ ​អស់​គំនិត​ ជា​ហេតុ​ធ្វើ​ឲ្យ​លទ្ធផល​ការងារ​ធ្លាក់​ចុះ។ ​​​​អ្នក​ស្រី​ Sandhya Venkatachalam ​សហ​ស្ថាបនិក​ Centerview Capital ​​​ថា ​ដើម្បី​ឲ្យ​លទ្ធផល​នៅ​កន្លែង​ធ្វើ​ការ​​ប្រសើរ​ ​អ្នក​ត្រូវ​ធ្វើ​ជីវិត​ឲ្យ​ប្រសើរ​សិន ​​ព្រោះ​ចំណុច​នេះ​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក។

ការ​បង្កើន​ប្រសិទ្ធភាព​ការងារ​​មិន​ចាំ​បាច់​ផ្ដោត​សំខាន់​ទៅ​លើ​រឿង​ធំៗ​នោះ​ទេ។ ​ព្យាយាម​កែប្រែ​លើ​ចំណុច​តូចៗ​ឲ្យ​ប្រសើរ​ជាង​មុន​សូម្បី​​តែ​ ១ ​ភាគរយ​ ​ពេញ​មួយ​ជីវិត​ផលិតភាព​ការងារ​របស់​អ្នក​នឹង​ប្រសើរ​ជាង​មុន។

១. ​​កត់​ទុក ​រៀបចំ ​និង​ធ្វើ

ការ​កត់​ទុក​អ្វី​ដែល​ចង់​ធ្វើ​​ងាយស្រួល​ឲ្យ​អ្នក​រៀប​ចំ​គម្រោង​នៅ​ពេល​បន្ទាប់។ ​សរសេរ​គ្រប់​រឿង​ដែល​អ្នក​ត្រូវ​ធ្វើ​ទាំង​ធំ​ទាំង​តូច។ ​រៀបចំ​ធ្វើ​រឿង​ទាំង​នោះ​ដោយ​ចាត់​ទុក​ការងារ​អាទិភាព​ធ្វើ​មុន។ ​​បើ​ពេល​អនុវត្ត​ការងារ​សំខាន់​​ខ្លះ​ត្រូវ​ប្រើ​​ពេល​លើស​គម្រោង​ ងាក​ចេញ​ពី​គម្រោង​ធ្វើ​ការងារ​នោះ​ឲ្យ​សម្រេច​ហើយ ​ត្រឡប់​មក​តាម​គម្រោង​ចាស់​វិញ។ ​ការ​ធ្វើ​បែប​នេះ​ជួយ​ឲ្យ​អ្នក​យល់​ថា ​ការងារ​ធំ​មក​ជា​តូច ​ហើយ​ជៀសវាង​ការ​ភ្លេចភ្លាំង​បាន។

២. ​​ជួយ​ និង​សុំ​រក​ជំនួយ​ពី​អ្នក​ដទៃ

​មនុស្ស​គ្រប់​គ្នា​គឺ​ខ្វាយខ្វល់​ពី​លទ្ធផល​ការងារ​របស់​បុគ្គល​ច្រើន​ជាង។ ​​​​តែ​ពេល​ខ្លះ​ការងារ​របស់​​មិត្តរួម​ការងារ​ក៏​អាច​ប៉ះពាល់​ដល់​អ្នក​ដែរ។ ​​ព្យាយាម​ជួយ​មិត្ត​រួម​ការងារ​​របស់​អ្នក​លើ​ចំណុច​ដែល​ពួកគេ​មិន​សូវ​យល់ ​ហើយ​អ្នក​អាច​សុំ​ជំនួយ​ពី​ពួកគេ​វិញ​​ពេល​អ្នក​មិន​សូវ​យល់​កិច្ចការ​អ្វី​មួយ។ ​ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​អ្នក​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ​បាន​ល្អ។

៣. រក្សា​សុខភាព​រាងកាយ​ឲ្យ​បាន​ល្អ

រក្សា​សុខភាព​ល្អ​ក៏​មាន​សារៈសំខាន់​ស្មើ​នឹង​ការ​គ្រប់គ្រង​ពេល​វេលា​ដែរ។ ​​ការ​សិក្សា​ជា​ច្រើន​រក​ឃើញ​ថា ​​គេង​មិន​គ្រប់គ្រាន់​ធ្វើ​​​ឲ្យ​លទ្ធផល​ការងារ​ធ្លាក់​ចុះ​ ​ខណៈ​ការ​ហាត់​ប្រាណ​ និង​សមាធិ​ជួយ​បង្កើន​ការ​ចងចាំ ​​និង​​ឲ្យ​អាយុ​វែង។ ​​សម្រាក​ ១៥ ​នាទី​រៀងរាល់​ ៩០ ​នាទី​ម្ដង​​ ហើយ​បើ​អាច​គួរ​ជៀសវាង​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ច្រើន​ជ្រុល ​និង​អាហារ​សម្រន់​មិន​ល្អ​ផ្សេង​ទៀត។ ​​​អង្គការ​សុខភាព​ពិភពលោក​រក​ឃើញ​ថា ​អាហារ​បំប៉ន​ដ៏​ត្រឹមត្រូវ​ជួយ​បង្កើន​លទ្ធផល​ការងារ​បាន​ ២០%។

​​​​៤. បង្កើត​បរិយាកាស​ដ៏​ល្អ​មួយ

​ទទួល​ការងារ​ច្រើន​ធ្វើ​ឲ្យ​អ្នក​ឈឺក្បាល ​ស្ត្រេស ​​​និង​ចង់​ឈប់​បើ​គ្រប់គ្រង​​មិន​បាន​ល្អ។ ​​​ត្រូវ​រៀបចំ​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​បំបែក​ការងារ​ធំៗ​ទាំង​នោះ​ជា​តូចៗ​ហើយ​ធ្វើ​វា​តាម​វេលា​ដែល​​បាន​កំណត់​នោះ។​ បរិយាកាស​​កន្លែង​ការងារ​ក៏​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ការងារ​កើន​ឡើង​ដែរ​ ​​ដូច្នេះ​កន្លែង​ការងារ​ត្រូវ​ស្ងប់ស្ងាត់​ល្អ ​​មាន​ពន្លឺ​ និង​ខ្យល់​អាកាស​ចេញ​ចូល​គ្រប់គ្រាន់។


អត្ថបទទាក់ទង

គោលការណ៍សំខាន់ៗ ៣ យ៉ាងដែលធ្វើឲ្យជីវិតរីកចម្រើន

Leave a Reply