ដំបូន្មានសំខាន់ៗចំនួន ៤ ពីមនុស្សដែលមានបទពិសោធន៍ច្រើនក្នុងជីវិត ដើម្បីសម្រេចគោលដៅអាជីពរបស់អ្នក

ការមាន​ការងារ​ល្អ មាន​តំណែង​ខ្ពស់ បាន​ប្រាក់​ខែ​ច្រើន ទទួល​​បាន​ការ​កោតសរសើរ​ឲ្យ​តម្លៃ​ពី​មនុស្ស​ជុំវិញ​ខ្លួន​… ។ល។ គឺ​ជា​ក្តី​សុបិនមួយ​ នៅ​ពេល​អ្នក​ចេញ​ទៅ​ធ្វើ​ការងារ​​​ឲ្យ​​ស្ថាប័នមួយ។ ទោះជា​បែប​នេះ​ក្តី ​មុន​នឹង​​ទទួល​បាន​លទ្ធផល​ទាំង​នេះ អ្នក​ត្រូវ​ហែល​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​រាប់​មិន​អស់។ អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ពី​​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ និង​ឆ្លងកាត់​​​ពី​​តំណែង​មួយ​ទៅ​តំណែង​មួយ​ទៀត។ ដូច្នេះអ្នកគួរតែសាកល្បងនូវដំបូន្មានខាងក្រោមនេះ ដើម្បីឲ្យគោលដៅរបស់អ្នកទទួលបានជោគជ័យ៖

១. ការចង់ចេះចង់ដឹងមានឥទ្ធិពលណាស់

លោក ជីម រ៉ន (Jim Rohn) ធ្លាប់និយាយថា ប្រព័ន្ធអប់រំផ្លូវការ នឹងជួយឱ្យអ្នកចេះចិញ្ចឹមជីវិត ប៉ុន្តែការអប់រំផ្ទាល់ខ្លួន នឹងជួយឱ្យអ្នកមានបាន។ ចិត្តដែលបើកទូលាយ និងចង់ចេះចង់ដឹង មានសារៈសំខាន់ណាស់ ដើម្បីទទួលបានប្រយោជន៍ច្រើនពីឱកាសរៀន។ ការចង់ចេះចង់ដឹង មានន័យថា ជាការសម្លឹងរកមើលឱកាស ដើម្បីរៀន និងអនុវត្តគំនិតនៅខាងក្រៅសាលា។ ការផ្តោតចិត្ត កាន់តែមានសារៈសំខាន់ក្នុងតួនាទីជាអ្នកដឹកនាំ ដោយសារសកម្មភាពរបស់អ្នក និងពាក្យសម្តីរបស់អ្នកនឹងមានឥទ្ធិពលលើមនុស្សជុំវិញខ្លួន។ 

លោក ប្រាយអាន ហ្គ្រេហ្សឺ​ (Brian Grazer) ជាផលិតករខ្សែភាពយន្តរឿង Apollo 13, The Da Vinci Code និង J. Edgar បានចាត់ទុកជោគជ័យក្នុងអាជីពរបស់លោកថាបានពីចរិតចង់ចេះចង់ដឹង និងការរៀនពីមនុស្សជុំវិញខ្លួន។ លោកបានរៀបរាប់លម្អិតដំណើររៀនសូត្រទាំងអស់នេះ នៅក្នុងសៀវភៅ A Curious Mind: The Secret to a Bigger Life។

២. អ្នកណែនាំផ្លូវផ្តល់ទស្សនៈថ្មី និងសួរសំណួរល្អប្រសើរ

មេដឹកនាំជោគជ័យ តែងតែមាន និងទៅរកអ្នកណែនាំផ្លូវជានិច្ច នៅក្នុងដំណើររីកចម្រើននៃអាជីពរបស់គេ។ ចំណុចចាប់ផ្តើមនៃការសន្ទនា ច្រើនតែចេញពីរឿងពាណិជ្ជកម្ម ប៉ុន្តែមេរៀន មានលក្ខណៈទូលំទូលាយនៅក្នុងផ្នែកជាច្រើនទៀតនៃដំណើរជីវិត។ អ្នកបង្ហាញផ្លូវ អាចជួយអ្នកឱ្យបើកចិត្ត និងទស្សនៈកាន់តែធំទូលាយ ព្រមទាំងសួរអ្នកឱ្យពិចារណាគ្រប់ជ្រុងជ្រោយ មុនពេលអនុវត្តគម្រោងអ្វីមួយ។ អ្នកមិនត្រឹមតែត្រូវមានមនុស្សណែនាំផ្លូវដែលមានបទពិសោធន៍ និងជំនាញដូចអ្នកប៉ុណ្ណោះទេ ប៉ុន្តែត្រូវរកមនុស្សដែលមានចំណេះដឹង និងចំណង់ចំណូលខុសពីអ្នកថែមទៀត ដើម្បីធ្វើឱ្យអ្នកទទួលបានគំនិត និងមេរៀនប្លែកៗ។ 

៣. រាប់អានមនុស្សឱ្យត្រូវ ដើម្បីសម្រេចគោលដៅ

មនុស្សដែលអ្នករាប់អាន មានឥទ្ធិពលខ្លាំងណាស់ លើជោគជ័យរបស់អ្នក។ ចំណុចគន្លឹះ គឺអ្នកត្រូវចេះជ្រើសរើសមនុស្សដែលអ្នករាប់អាន ពីព្រោះថាបើអ្នករាប់អានមនុស្សត្រូវ អ្នកនឹងរីកចម្រើន ប៉ុន្តែបើរាប់អានមនុស្សខុស អ្នកនឹងវិនាស។ ចូរស្វែងរកមនុស្សណា ដែលជួយអ្នកឱ្យប្រឹងប្រែង និងរីកចម្រើន? បើមនុស្សណានៅក្នុងបណ្តាញទំនាក់ទំនងរបស់អ្នកដែលចូលចិត្តតែផ្តោត គិត និងនិយាយរឿងអវិជ្ជមាន ប្រហែលដល់ពេលដែលអ្នកត្រូវជម្រុះគេចេញពីជីវិតរបស់អ្នកហើយ ពីព្រោះថាគេមិនអាចជួយអ្នកឱ្យសម្រេចគោលដៅរបស់អ្នកបានទេ។

៤. ចំណេះដឹងអំពីខ្លួនឯងជាមូលដ្ឋានគ្រឹះ

បើគ្មានចំណេះដឹងអំពីខ្លួនឯងទេ ការប្រឹងប្រែងដើម្បីជោគជ័យ មិនមានគ្រឹះរឹងមាំទេ។ នៅក្នុងសម័យបុរាណ ទស្សនវិទូ លើកទឹកចិត្តមនុស្សឱ្យរៀនពិចារណា។ មេដឹកនាំសព្វថ្ងៃនេះ ប្រើប្រាស់ការយល់ដឹងខ្លួនឯង ដើម្បីកំណត់និយមន័យ និងឈានទៅរកជោគជ័យ។ 

ចំណេះដឹងអំពីខ្លួនឯង តម្រូវឱ្យមានការពិចារណាដល់បទពិសោធន៍ ទាំងល្អ និងអាក្រក់។ សូមសាកគិតត្រឡប់ទៅរកបទពិសោធន៍របស់អ្នកកាលពីសប្តាហ៍មុន និងកត់សម្គាល់រកពេលណាដែលអ្នកមានអារម្មណ៍ពេញចិត្តបំផុត។ ប្រហែលអ្នកពេញចិត្តបំផុត នៅពេលដោះស្រាយបញ្ហាពាណិជ្ជកម្មបាន ឬនៅពេលជួយនរណាម្នាក់។ អ្នកត្រូវតែសម្លឹងមើលក្នុងខ្លួនឯង និងរកឱ្យឃើញថាអ្នកចូលចិត្តធ្វើអ្វីជាងគេ? តើអ្នកមានជំនាញអ្វីខ្លះ និងមហិច្ឆតាអ្វីខ្លះ? 

សរុបមក ការបង្កើតអាជីពដែលជោគជ័យមួយ តម្រូវឱ្យមានវិន័យសំខាន់ៗច្រើនណាស់។ ទោះជាអ្នកត្រូវការកម្លាំងចិត្ត ដើម្បីចាប់ផ្តើមអនុវត្តទម្លាប់ថ្មីៗ ឬដើម្បីរុញច្រានខ្លួនឯងទៅរកផ្លូវត្រូវវិញ ក៏អ្នកត្រូវការដំបូន្មានពីមនុស្សដែលមានបទពិសោធន៍ច្រើនក្នុងជីវិតដែរ។


អត្ថបទទាក់ទង

ដំណោះស្រាយចំនួន ៩ ដើម្បីពង្រឹងសមត្ថភាពក្នុងអាជីពរបស់អ្នក

Leave a Reply