សំណួរចម្បងៗ ចំនួន៣ ដែលធ្វើឲ្យជីវិតរបស់អ្នកប្រសើរឡើង

បញ្ហាប្រឈមដ៏ធំរបស់មនុស្សភាគច្រើននៅក្នុងជីវិត គឺមិនហ៊ានកសាងជីវិតមួយដែលខ្លួនស្រមៃចង់បាន តែបែរជាសុខចិត្តរស់នៅជាមួយជីវិតមួយដែលគេកំណត់ឲ្យទៅវិញ។

ភាគច្រើនបំផុត យើងចូលចិត្តប្រតិកម្មទៅលើស្ថានការណ៍ទាំងឡាយ ដោយជ្រើសរើសផ្លូវដែលងាយស្រួល។ រឿងនេះមិនជាអ្វីដែលចម្លែកនោះទេ ព្រោះធម្មជាតិរបស់មនុស្សទូទៅ តែងភ័យខ្លាចនូវការលំបាក។

នៅពេលដែលសម្លឹងឃើញឱកាសការងារណាមួយ ហើយយើងត្រូវការលុយ យើងក៏សម្រេចចិត្តចាប់យកការងារនោះ ដោយមិនបានគិតពីទិសដៅវែងឆ្ងាយ។ បញ្ហានេះ ពេលអ្នកប្រព្រឹត្តម្តងហើយម្តងទៀតក្នុងមួយរយៈវែង លុះថ្ងៃមួយ ស្រាប់តែអ្នកភ្ញាក់ដឹងខ្លួន ហើយសួរខ្លួនឯងថា “តើខ្ញុំដើរដល់ណាហើយ? ហើយនេះ គឺជាជីវិតដែលខ្ញុំចង់បានឬ?”

ដើម្បីផ្លាស់ប្តូរដំណើរជីវិតរបស់អ្នក​ឲ្យប្រសើរឡើង អ្នកត្រូវលើកសំណួរចំនួន៣ ពេលអ្នកក្រោកឡើងជារៀងរាល់ថ្ងៃ។ ការគិតស្វែងរកចម្លើយទៅលើសំណួរទាំង៣នេះ នឹងជួយអ្នកឲ្យរកឃើញផែនទីបង្ហាញផ្លូវសម្រាប់ដំណើរជីវិតរបស់អ្នក ពោលគឺគោលដៅជីវិតអ្នក។ នៅពេលដែលអ្នករកឃើញផែនទីបង្ហាញផ្លូវហើយ អ្នកនឹងលែងវង្វេងផ្លូវ នៅពេលមានឱកាសណាមួយងើបឡើង ព្រោះអ្នកដឹងថា ឱកាសនេះមិនស្របនឹងទិសដៅដែលអ្នកចង់ទៅនោះទេ។

សំណួរទី១ ៖ តើខ្ញុំចង់បានអ្វីនៅក្នុងជីវិតនេះ? (WHAT DO I WANT?)

តើអ្នកធ្លាប់សួរសំណួរនេះចំពោះ​ខ្លួនឯងដោយស្មោះត្រង់ដែរឬទេ?

ខ្ញុំធ្លាប់ធ្វើការជាមួយអគ្គនាយក ឬនាយកប្រតិបត្តិក្រុមហ៊ុនជាច្រើន។ ខ្ញុំអាចប្រាប់អ្នកបានថា តិចជាង ១០% នៃពួកគាត់អាចឆ្លើយសំណួរនេះដោយស្មោះត្រង់បាន។

តើអ្នកចង់បានអ្វីក្នុងជីវិតអ្នក? តើជីវិតអ្នកនឹងទៅជាបែបណា? តើអ្នកចង់រស់នៅទីណា? តើអ្នកចង់រស់នៅជាមួយនរណា? តើអ្នកចង់ធ្វើអ្វីប្រចាំថ្ងៃ? តើអ្នកចង់បន្សល់មរតកអ្វីសម្រាប់អ្នកជំនាន់ក្រោយ? តើអ្នកចង់ក្លាយជាមនុស្សពិសេសបង្កើតអ្វីមួយដែរឬទេ? ទាំងនេះ គឺជាសំណួរដែលត្រូវការចម្លើយដែលឮច្បាស់លាស់។ ចូរស្វែងរកចម្លើយឲ្យឃើញ ព្រោះវាសំខាន់ខ្លាំងណាស់សម្រាប់ជីវិតអ្នក។

នេះជាអាថ៌កំបាំងដែលអ្នកត្រូវយល់ដឹងៈ អ្នកនឹងមិនអាចរកឃើញចម្លើយក្នុងថ្ងៃនេះទេ ឬមួយថ្ងៃស្អែក ឬមួយសប្តាហ៍ក្រោយ ឬមួយក៏ឆ្នាំក្រោយក៏នៅតែរកមិនទាន់ឃើញ។ មិនជាអ្វីទេ ការរកចម្លើយមិនទាន់ឃើញមិនជាសំខាន់ណាស់ណាទេ អ្វីដែលសំខាន់ តើអ្នកបានចាប់ផ្តើមសួរសំណួរនេះដោយស្មោះត្រង់ចំពោះខ្លួនអ្នកហើយឬនៅ។

នៅពេលក្រោយណាមួយដែលមានឱកាសថ្មីផុសឡើង ដែលជម្រុញឲ្យអ្នកយកចិត្តទុកដាក់ អ្នកអាចលើកសំណួរថា តើនេះជាអ្វីដែលខ្ញុំចង់បានក្នុងជីវិតឬ? ប្រសិនបើចម្លើយថា “ទេ” អ្នកត្រូវបន្តសង្កេត និងសួរតទៅទៀត។ បើចម្លើយថា “មែនហើយ” ជាអ្វីដែលអ្នកចង់បាន ចូរចាប់ផ្តើមទទួលយក និងប្រឹងធ្វើឲ្យអស់ពីចិត្ត។ ចូរចងចាំថា អ្នកមានអំណាចពិសេសអស្ចារ្យក្នុងខ្លួនអ្នក គឺសមត្ថភាពនៃការឆ្លើយថា “ទេ” ចំពោះអ្វីដែលមិនត្រូវនឹងជីវិតអ្នក។

សំណួរនេះផ្តល់ដល់អ្នកក្នុងការស្វែងរកទិសដៅ និងភាពច្បាស់លាស់សម្រាប់ដំណើរជីវិតរបស់អ្នក។

សំណួរទី២ ៖ តើខ្ញុំជួយនរណាបាន? (WHO CAN I SERVE?)

នេះជាអាថ៌កំបាំងមួយដែលជួយអ្នកឲ្យទទួលបាននូវអ្វីដែលអ្នកចង់បានក្នុងជីវិតៈ ស្វែងរកមនុស្សដែលរងគ្រោះ ដែលមានបញ្ហា និងជួយគាត់។ នៅក្នុងពិភពធុរកិច្ចគេហៅថា “ការបន្ថែមគុណតម្លៃ” (Adding Value)

ខ្ញុំឲ្យឈ្មោះទង្វើនេះថា “ឧត្ដមគតិ” របស់មនុស្សដែលមានសេចក្តីថ្លៃថ្នូរ។ គ្រប់ធុរកិច្ចដែលជោគជ័យ មុខរបរដែលជោគជ័យ និងរាល់ស្ថាប័នដែលជោគជ័យ គឺដោយសារតែផ្តល់ការបម្រើ (ជួយដោះស្រាយបញ្ហា) ដល់អ្នកដទៃ។

នេះជារបៀបនៃការស្វែងរកមនុស្សដើម្បីបម្រើៈ ចូរសម្លឹងមើលមនុស្សទាំងឡាយដែលអ្នកស្រឡាញ់នៅជុំវិញខ្លួនអ្នក។​ មនុស្សទាំងឡាយដែលផ្តល់ថាមពលដល់អ្នក ដែលជម្រុញចិត្តអ្នក។ ចូរសួរពួកគេថា តើអ្នកអាចជួយអ្វីបានច្រើនប៉ុណ្ណា។

នៅពេលអ្នកអនុវត្តទម្លាប់នេះ ដោយសួរមនុស្សទាំងឡាយថា អ្នកអាចជួយអ្វីបានច្រើនប៉ុណ្ណា អ្នកនឹងរកឃើញឱកាសគ្មានដែនកំណត់មួយដើម្បី “បន្ថែមគុណតម្លៃ” ។

ប្រសិនបើអ្នកចាប់ផ្តើមសកម្មភាពតូចៗ ដើម្បីជួយមនុស្ស អ្នកនឹងផ្តល់ឲ្យខ្លួនឯងនូវកម្លាំងជម្រុញមួយ ដើម្បីរុញជីវិតអ្នកសំដៅទៅរកក្តីស្រមៃដែលអ្នកចង់បាន។

ចូរអ្នកជឿជាក់លើខ្ញុំចុះ ព្រោះខ្ញុំធ្លាប់បានឃើញរឿងបែបនេះកើតឡើងជាច្រើនរាប់មិនអស់ចំពោះបុគ្គលជោគជ័យទាំងឡាយ។ ខ្ញុំដឹងថា វាកើតឡើងតាមរបៀបនេះ។

សំណួរទី៣ ៖ ហេតុអ្វីមិនចាប់ផ្តើមពីថ្ងៃនេះទៅ? (WHY NOT NOW?)

ចូរចាប់ផ្តើមសួរសំណួរនេះមកខ្លួនឯងជារៀងរាល់ថ្ងៃ!

នេះជាដំណើរការទូទៅនៃខួរក្បាលមនុស្សៈ នៅពេលដែលខួរក្បាលមើលឃើញកិច្ចការជាច្រើនក្នុងបញ្ជីដែលត្រូវធ្វើ វាចាប់ផ្តើមលើកសំណួរថា ហេតុអ្វីមិនទុកចាំធ្វើថ្ងៃស្អែក។ ជាទូទៅ ធម្មជាតិរបស់មនុស្ស គឺយើងចូលចិត្តពន្យារពេលកិច្ចការដែលត្រូវធ្វើ “Procrastination” ។

ខ្ញុំធ្លាប់ធ្វើការជាមួយប្រធានក្រុមហ៊ុនឆ្នើមៗ ឬបុគ្គលជោគជ័យជាច្រើន ដើម្បីចង់ដឹងរឿងនេះ ហើយទទួលបានចម្លើយថា ខួរក្បាលមនុស្សដំណើរការបែបនេះ បើចិត្តយើងមិនខ្លាំងរឹងមាំ ដើម្បីបញ្ជាខួរក្បាលទេ។

ចូរចាប់ផ្តើមសាកល្បងខ្លួនឯងមើលទៅ! ចូរចំណាយពេលគិតថា តើជីវិតបែបណាដែលអ្នកចង់រស់នៅ រួចហើយគិតបន្តទៀតថា តើអ្នកនឹងជួយនរណានៅក្នុងគោលដៅនោះ។ រកចម្លើយឃើញហើយ សួរបន្តទៀតថា ហេតុអ្វីមិនចាប់ផ្តើមធ្វើនៅថ្ងៃនេះ?

នៅពេលដែលខួរក្បាលរបស់អ្នកប្រាប់ពីមូលហេតុផ្សេងៗ ដែលអ្នកចង់ពន្យារពេល ចូរសរសេរវាទុកលើក្រដាសមួយ ហើយយកវាទៅដាក់លើតុ ដើម្បីអាននៅថ្ងៃស្អែក។ នៅពេលអ្នកក្រោកពីព្រលឹម ចូរអានក្រដាសលើតុ រួចហើយញញឹម។

ធ្វើបែបនេះអ្នកនឹងដឹងថា ការគេងលង់លក់មួយយប់នឹងជួយប្រាប់អ្នកថា លេសទាំងឡាយដែលរារាំងអ្នកមិនឲ្យចាប់ផ្តើមធ្វើរឿងសំខាន់ក្នុងជីវិត សុទ្ធតែជារឿងមិនសមហេតុផល និងគួរឲ្យអស់សំណើច។ បន្ទាប់មក យកក្រដាសនោះបោះចោលក្នុងធុងសំរាម រួចនិយាយប្រាប់ខ្លួនឯងថា រឿងនេះខ្ញុំអាចធ្វើបាន និងត្រូវតែចាប់ផ្តើមធ្វើវា ដើម្បីរស់នៅជាមួយជីវិតមួយដែលខ្ញុំចង់បាន។

ចូរចាប់ផ្តើមសកម្មភាពជារៀងរាល់ថ្ងៃ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ដោយលើកសំនួរទាំង៣ សួរខ្លួនអ្នកឲ្យញឹកញាប់។ ជាដំបូង អ្នកអាចនឹងរកឃើញសកម្មភាពតូចៗ ដូចជា ផ្ញើរសារតាមអ៊ីម៉ែលទៅសួរមិត្តរបស់អ្នកថា តើគេមានបញ្ហាអ្វីដែលអ្នកអាចជួយបាន។ ឬមួយអ្នករកឃើញវគ្គបណ្តុះបណ្តាលតាមអ៊នឡាញ ដែលជួយអ្នកឲ្យធ្វើកិច្ចការអ្វីមួយដែលអ្នកចូលចិត្តដោយជោគជ័យ ។ល។ មួយរយៈបានកន្លងផុតទៅ ការហ្វឹកហាត់តូចៗទាំងនេះនឹងរុញដុំថ្មដែលធ្លាប់រារាំងបាំងដំណើរអ្នកចេញពីផ្លូវ រួចហើយផែនទីបង្ហាញផ្លូវសម្រាប់ជីវិតអ្នក ក៏ផុសឡើងមកក្នុងគំនិតរបស់អ្នក។

នេះជាផ្លូវងាយស្រួលដែលខ្ញុំបានដឹងពីបុគ្គលជោគជ័យទាំងឡាយ ក្នុងការផ្លាស់ប្តូរជីវិតរបស់ពួកគាត់។ ចូរចាប់យកគំនិតនេះ ហើយសាកល្បងសម្រាប់ខ្លួនអ្នកទៅ។ អ្វីៗមិនទាន់ហួសពេលនោះទេ!!!

សម្រួលពី៖ Success Magazine, “How to Redesign Your Life With Just 3 Questions”


អត្ថបទទាក់ទង

ចរិត ទាំង៩ ដែលបុគ្គលជោគជ័យបានកែប្រែចេញ

Leave a Reply