វិធីសាស្ត្រល្អបំផុត ចំនួន៥ ដើម្បីចាប់ផ្តើមគម្រោងសន្សំដែលយើងអាចអនុវត្តតាម

ពាក្យ​​ថា សំចៃ គឺ​ត្រូវចេះ​លៃ ចេះ​គិត​ពុះ​ច្រៀក ថវិកា​ណា​សម្រាប់​ធ្វើអ្វី? ទិញ​របស់​នេះ​តម្លៃប៉ុន​នេះ ទុកប៉ុននេះ​សម្រាប់​​ធ្វើ​កិច្ចការ​នោះ… ​ធ្វើបែប​នេះ​អាចដោះស្រាយ​កង្វះ​ខាត​គ្រួសារ​បាន តែកាល​​ណា​ដោះ​ស្រាយ​​កង្វះ​ខាតគ្រួសារ​​បាន គឺ​មាន​សុភមង្គល​​​ហើយ។ ការ​ចេះ​​សន្សំ​សំចៃ​ គឺ​​ជា​ផ្នែក​មួយ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិ​វឌ្ឍគ្រួសារ​ដែល​​វា​មិន​​ត្រឹម​តែ​ធ្វើ​ឱ្យ​គ្រួសារ​កើន​ទ្រព្យ​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជំរុញ​ឱ្យ​គ្រួសារ​​រីក​រាយ និង​មាន​សុភមង្គល​ថែមទៀត​ផង ដ្បិត​អី​ការ​សន្សំ​សំចៃ​នាំ​ឱ្យ​សមាជិក​ក្នុង​គ្រួសារ​អាច​លៃលក​ថវិកា​ទិញ​របស់ញាំុ​​ឆ្ងាញ់​បាន ទិញ​សម្ភារ​ល្មមៗ​​​ដាក់​ផ្ទះ​បាន នាំ​សមា​ជិក​គ្រួសារ​​ចេញ​​ទៅ​កម្សាន្ត​ខាង​ក្រៅ​រាល់​ពេល​សម្រាក​ពី​ការ​ងារ​បាន និង​អាច​ចាត់​ចែង​កិច្ចការ​ផ្សេងៗ​ដែល​គ្រួសារ​ចង់​ធ្វើ​។ 

ខាងក្រោមនេះជាវិធីសាស្ត្រល្អបំផុត ចំនួន៥ ដើម្បីចាប់ផ្តើមគម្រោងសន្សំដែលយើងអាចអនុវត្តតាម៖

១. កំណត់ត្រាចាយវាយប្រចាំថ្ងៃ សប្ដាហ៍ ឬខែ

សម្រាប់យុវជនខ្មែរយើង ក្បួននេះមិនសូវជាពេញនិយមប៉ុន្មាននោះទេ ហើយក៏មិនសូវមានយកចិត្តទុកដាក់ពីការកត់ត្រាចំណាយប្រចាំថ្ងៃ សប្ដាហ៍ ឬខែដែរ។ យ៉ាងណាមិញ វិធីសាស្រ្តនេះពិតជាល្អ សម្រាប់ជាការក្រើនរំលឹកថា អ្នកបានចាយអស់ប៉ុន្មាន ចំណាយលើអ្វីខ្លះ ជាជាងមិនដឹងថាបាត់លុយទៅណា។ ចូរកត់ចូលទាំងអស់តាំងពីចំណាយតូចដល់ធំ។

២. សន្សំក្បាលកាក់ ក្បាលសេន

ជាទូទៅពេលដែលអ្នកទិញអ្វីមួយ អ្នកអាចទទួលបានប្រាក់អាប់មកវិញ ដូចជា ១០០៛ ៥០០៛ ១០០០៛ ជាដើម។ ត្រូវចាំថាខ្វះ ១០០៛ ក៏មិនបាន ១០០០០៛ ដែរ ដូចនេះហើយអ្នកត្រូវចេះឲ្យតម្លៃវា។ ជារៀងរាល់ចុងសប្ដាហ៍ អ្នកគួរតែយកលុយរាយទាំងនោះដាក់ចូលក្នុងក្រឡសន្សំ ថាមិនត្រូវពេលចាក់មកវិញ យ៉ាងហោចណាស់សន្សំបាន ២០០០០៛ – ៣០០០០៛ ឬ ៤០០០០៛ ដែរ។

៣. កន្លែងទុកដាក់ប្រាក់សន្សំ

បើសិនអ្នកទុកដាក់ប្រាក់សន្សំធំ ឬច្រើន ដូចនេះការដែលទុកលុយនៅផ្ទះមិនមានសុវិត្ថភាពនោះទេ ព្រោះអាចនឹងមានឧបទ្វេវហេតុណាមួយកើតឡើង។ ដូចនេះការជ្រើសរើសកន្លែងល្អបំផុតសម្រាប់ទុកដាក់ប្រាក់សន្សំ គឺធនាគារ ព្រោះធានាបានទាំងសុវិត្ថភាព និងទទួលបានទាំងការប្រាក់។

៤. កុំចំណាយលើសកំណត់

អ្នកត្រូវចេះបែងចែកនិងដាក់កម្រិតលើខ្លួនឯងចំពោះការចាយវាយ កុំចេះតែចាយពេលមានលុយក្នុងដៃ ហើយមិនបានសន្សំទុក។ ការចាយវាយធំពេកអាចនាំអ្នកទៅរកការជំពាក់បំណុលបាន ដោយសារតែភ្លេចគិត និងធ្វើតាមចំណង់ចិត្ត។

៥. សន្សំប្រាក់មួយផ្នែកសម្រាប់គ្រាអាសន្ន

អ្នកមិនអាចទាយដឹងមុនទេ ថាថ្ងៃស្អែកទៅជាបែបណា។ ពេលខ្លះប្រាក់របស់អ្នកពេលនេះអាចត្រឹមតែមួយចាយគ្រប់តែប៉ុណ្ណោះ ដូចនេះហើយការបង្កើតប្រាក់សន្សំសម្រាបការចាំបាច់ណាមួយជារឿងល្អ។ ការចំណាយដោយមិនបានព្រៀងទុកអាចកើតឡើងគ្រប់ពេលទាំងចំពោះរឿងល្អដូចជាដំណើរកំសាន្ដ បង់ថ្លៃសិក្សាផ្សេងៗ ថែមទាំងរឿងអាក្រក់ដូចជា ពេលឈឺ គ្រោះថ្នាក់ចរាចរណ៍ ជួសជុលផ្ទះជាដើម។

យើងទាំងអស់គ្នាតែងរអ៊ូរទាំថា ប្រាក់ខែចាយមិនគ្រប់ លុយចាយមិនគ្រាន់ ចាយលុយសល់ថ្ងៃ… ចុះទម្រាំតែឲ្យសន្សំលុយទៀតនោះមិនដាច់ផ្ងារទេឬ? ពិតណាស់! ការសន្សំប្រាក់ មិនងាយស្រួលដូចការចាយប្រាក់នោះទេ  ទោះបីជាយ៉ាងណា ប្រាក់សន្សំក៏មានប្រយោជន៍ អាចជួយអ្នកដោះទាល់បានពេលខ្លះដែរ ទោះបីវាមិនសូវជាពេញនិយមសម្រាប់ប្រជាជនខ្មែរយើងក៏ដោយ។ យ៉ាងណាក៏ដោយ បើយើងមានឆន្ទៈ និងការតាំងចិត្តនោះគ្មានអ្វីដែលថាមិនអាចធ្វើបាននោះទេ។


អត្ថបទទាក់ទង

រៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យមានប្រសិទ្ធភាព ជាមួយនឹងគន្លឹះសំខាន់ៗទាំង៣នេះ

Leave a Reply