លក្ខណៈ​សម្បត្តិ​ ៥​យ៉ាង ដែលអ្នកត្រូវមានដើម្បីសម្រេចគោលដៅ

គោលដៅ គឺជាទីបញ្ចប់ ឬជាកម្មវត្ថុនៃជោគជ័យដែលយើងចង់បាន។ បានជាយើងចាំបាច់ត្រូវកំណត់គោលដៅនៃជីវិតរបស់ខ្លួនពីព្រោះ៖

  • ដើម្បីរៀបចំអនាគតឱ្យបានល្អប្រសើរ -ដើម្បីចំណេញពេលវេលា ប្រាក់កាស់ កម្លាំងកាយ និងចិត្ត
  • ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងជំនាញឱ្យកាន់តែប្រសើរឡើង ដើម្បីត្រួសត្រាយផ្លួវសម្រាប់ដើរឱ្យបានស្រួល
  • មានគម្រោងផែនការជាមុនដើម្បីទប់ទល់ និងឧបសគ្គ និងបញ្ហានានាចំពោះមុខ
  • ដើម្បីជាត្រីវិស័យសម្រាប់ចង្អុលទិស កុំឱ្យងាកផ្តេសផ្តាស់នាំឱ្យ ខាតប្រយោជន៍ ខាតកម្លាំង និងខាតពេលវេលា
  • ដើម្បីទុកជាម៉ូទ័រ ឬជាថ្នោលសម្រាប់ជំរុញឆន្ទៈឱ្យហ៊ានពុះពារ ហ៊ានតស៊ូជំនះការលំបាកផ្សេងៗ

គោលដៅ​តូច​ គឺ​​ប្រើការ​ខិតខំ​តូច​ល្មម​ក៏​អាច​សម្រេច​ ហើយ​គោលដៅ​ធំ​ គឺ​ត្រូវ​តែ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ខ្លាំង​​ទើប​អាច​ទៅ​រួច​។ ទន្ទឹម​គ្នា​នេះ ​​ប្រសិន​បើ​​ចង់​សម្រេច​គោលដៅ​ធំ​ៗ​ក្នុង​ជីវិត​ ​អ្នក​ត្រូវ​តែ​សាង​លក្ខណៈសម្បត្តិ​សំខាន់ៗ ​ដើម្បី​ជួយ​ឲ្យ​អ្នក​មាន​លទ្ធភាព​ដើរ​ឆាប់​ដល់​គោលដៅ​​ដែល​បាន​កំណត់​។ ​

ខាងក្រោម​នេះ ​ជា លក្ខណៈ​សម្បត្តិ​៥​យ៉ាង​ដែល​អ្នក​ត្រូវ​មាន​៖​​​​

១. ​មាន​ផែនការ​ច្បាស់លាស់​

ចង់​ធ្វើ​ការ​ងា​ដែល​ឆាប់​ជោគជ័យ ​និង ​មិន​ច្របូកច្របល់​នោះ ​​លុះ​ត្រា​តែ​អ្នក​ចេះ​រៀបចំ​ និង បង្កើត​ផែនការ​ល្អ​មួយ​សិន​ ​បើ​មិន​ដូច្នោះ​ទេ​​ ​មិន​ដឹង​ត្រូវ​ធ្វើ​មួយ​ណា​មុន ​មួយ​ណា​ក្រោយ​នោះ​ឡើយ​។

២. ​​​មាន​ជំនាញ ​និង បទពិសោធន៍​ច្បាស់លាស់​

វា​មិន​មែន​ជា​រឿង​ងាយ​ឡើយ ​ប្រសិនបើ​អ្នក​ចង់​សម្រេច​កិច្ចការ​ងាធំ​ ​ខណៈ​ខ្លួន​គ្មាន​សមត្ថភាព​អ្វី​សោះ​ក្នុង​ខ្លួន ​​​ដោយ​ខ្វះ​ទាំង​ជំនាញ​ ​និង បទពិសោធន៍​។ ​ដូច្នេះ​ហើយ ​អ្នក​ត្រូវ​តែ​ព្យាយាម​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ជា​ប្រចាំ ​ដើម្បី​អាច​​​សាង​ភាព​អស្ចារ្យ​នៅ​ពេល​ខាង​មុខ​។

៣. ​ចេះ​បត់បែន​

ត្រូវ​ចាំ​ថា ​​ផ្លូវ​ទៅ​កាន់​​គោលដៅ​របស់​អ្នក​គឺ​​មិន​មែន​មាន​តែ​មួយ​​​នោះ​ទេ ​ដូច្នេះ​កុំ​ងាប់ក្រឡា​​ឲ្យ​សោះ។ ​មាន​ន័យ​ថា បើ​អ្នក​​អនុវត្ត​ ឬ ​ដើរ​តាម​ផ្លូវ​​មួយ​នេះ​មិន​ស្រួល ​គឺ​គួរ​តែ​បង្កើត​វិធី​ ឬ ​យុទ្ធសាស្ត្រ​ផ្សេង​ទៀត ​ដើម្បី​ដើរ​ឲ្យ​ដល់​គោលដៅ​។ ​ដូច្នេះ​ហើយ ​ត្រូវ​តែ​ដើរ​ឲ្យ​ទាន់​ស្ថានការណ៍​ជាក់​ស្ដែង​ ទើប​ជា​មនុស្ស​ដែល​មាន​ភាព​ឆ្លាតវៃ​។

៤. ​អត់ធ្មត់​

ការ​អត់​ធ្មត់​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​ ​ព្រោះ​ថា ​រឿង​អស្ចារ្យ ​ឬ ​គោលដៅ​ធំ​ៗ​មិន​ងាយ​នឹង​សម្រេច​​ដោយ​ស្រួល​ឡើយ ​​ពោល​គឺ​វា​ទាមទារ​រយៈពេល​សមស្រប ​បូក​រួម​ជា​មួយ​នឹង​ការ​ខិតខំ​ប្រឹង​ប្រែង​ខ្លាំង​ ​ទើប​អាច​ចេញ​ជា​រូបរាង​បាន​​។

៥. ​មាន​គំនិត​វិជ្ជមាន​

មុន​ដំបូង​បំផុត ​​​​បើ​ចង់​សម្រេច​គោលដៅ​ធំ​របស់​អ្នក ​គឺ​ត្រូវ​តែ​មាន​គំនិត​វិជ្ជមាន​ជា​មុន​សិន​។ ​ការ​គិត​វិជ្ជមាន ​វា​ការ​លើក​ទឹក​ចិត្ត​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ខ្លួន​ឯង។ ​បើ​អ្នក​គិត​ថា ​ទៅ​មិន​រួច ឬ​ ​​​គិត​អាក្រក់​មុន​ទៅ​ហើយ​នោះ ​​មាន​ន័យ​ថា ​អ្នក​នឹង​ចាញ់​ដោយ​ស្វ័យប្រវត្តិ​។


អត្ថបទទាក់ទង

តើអ្វីទៅជាគោលដៅឆ្លាតវៃ SMART GOALS ?

Leave a Reply