តើអ្នកខកចិត្ត និងឈឺចាប់មែនទេ? សាកល្បងវិធីសាស្រ្ត ៥យ៉ាងនេះ ដើម្បីប្រឈម និងធ្វើឲ្យអ្វីៗប្រសើរឡើងវិញ

នៅក្នុងជីវិត យើងស្ទើរគ្រប់គ្នាតែងជួបប្រទះនូវរឿងខកចិត្ត និងឈឺចាប់ ដូចជាពាក្យសំដីដែលគេប្រមាថមើលងាយ បទពិសោធន៍ដែលធ្វើឲ្យយើងបាត់បង់ការគោរពខ្លួនឯង ឬជួបមនុស្សដែលមើលស្រាលយើង ឬធ្វើឲ្យយើងមានអារម្មណ៍ថាបរាជ័យ។ ហើយជាការពិតណាស់ នរណាម្នាក់ក៏ធ្លាប់មានការអន់ចិត្តដែរ ព្រោះការខកចិត្តនេះគឺជាផ្នែកមួយនៃធម្មជាតិរបស់មនុស្ស។ ប៉ុន្តែតើអ្នកធ្លាប់ចូលស៊ីជម្រៅទៅដល់ឫសគល់នៃការខកចិត្តនេះទេ ? មនុស្សយើងតែងតែខកចិត្តចំពោះអ្នកដទៃនៅពេលពួកគេមិនធ្វើអ្វីមួយទៅតាមការរំពឹងទុករបស់យើង។ តាមពិតទៅឫសគល់នៃបញ្ហាជាក់ស្ដែង គឺមកពីយើងខ្លួនឯងនេះឯង ព្រោះការរំពឹងទុករបស់យើង គឺជាអ្វីដែលធ្វើឲ្យយើងខកចិត្ត ធ្វើឲ្យឈឺចាប់ ពុំមែនមកពីកត្តាខាងក្រៅនោះឡើយ។

ដើម្បីប្រឈមនឹងការខកចិត្ត តូចចិត្ត ឬមានអារម្មណ៍ឈឺចាប់ ចូរចាប់យកវិធីសាស្រ្ត ៥យ៉ាង ដូចខាងក្រោម៖

១. មានការអត់ឱនដល់អ្នកដទៃ

ពាក្យសំដីអាក្រក់ជូរជាតិ ឥរិយាបថថោកទាប និងសកម្មភាពបែបជម្លើយមានប្រភពចេញពីទឹកចិត្តរបស់មនុស្សដែលរងទុក្ខ ល្ងង់ខ្លៅ និងលីលា។ ចូរទទួលស្គាល់នូវរឿងនេះ ហើយយោគយល់ និងអត់ឱនឲ្យគេទៅ ព្រោះគេកំពុងរស់នៅជាមួយភាពខ្មៅងងឹត។

២. អភ័យទោសឲ្យខ្លួនឯង

នៅពេលអ្នកជួបនឹងស្ថានការណ៍តុកស៊ិច ឬកំពុងមានទំនាក់ទំនងរង្គោះរង្គើជាមួយមនុស្សដែលធ្វើឲ្យអ្នកឈឺចាប់ អ្នកចាប់ផ្តើមបាត់បង់ភាពជឿជាក់លើខ្លួនឯង រួចហើយអ្នកនឹងដាក់ទោសខ្លួនឯងដោយធ្វើឲ្យចិត្តអ្នកកាន់តែចុះខ្សោយ។ ចូរព្យាយាមស្វែងយល់អំពីមូលហេតុនៃសកម្មភាពទាំងនេះ រួចហើយធ្វើការអត់ឱនដល់ខ្លួនឯងចំពោះកំហុសឆ្គងដែលយើងបានប្រព្រឹត្ត ដោយយល់ថាយើងក៏ជាមនុស្សដែលមិនអាចល្អឥតខ្ចោះនោះទេ។ អ្នកគ្រាន់តែរៀនសូត្រអំពីកំហុសឆ្គងនោះបានហើយ។

៣. កំណត់សេចក្តីភ័យខ្លាចដែលទាក់ទងនឹងការបាត់បង់ភាពជឿជាក់

នៅពេលដែលអ្នកកំណត់សេចក្តីភ័យខ្លាចបានហើយ ចូរចាប់ផ្តើមសកម្មភាពដើម្បីយកឈ្នះលើវា។ ឧទាហរណ៍ នៅពេលដែលនរណាម្នាក់និយាយពាក្យមិនគប្បីចំពោះរូបកាយរបស់អ្នក ដោយធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកមានរូបរាងមិនស្រស់ស្អាត និងមិនសមជាមួយការស្លៀកខោអាវមុជទឹក (បីគីនី) រូចដើរលើឆ្នេរសមុទ្រទេ។ ចូរទៅលេងឆ្នេរសមុទ្រដោយដើរលើឆ្នេរជាមួយសំលៀកបំពាក់មុជទឹកខ្លី ដើម្បីយកឈ្នះលើសេចក្តីភ័យខ្លាចនេះ។

៤. សូមគិតមើលថា តើពាក្យ ឬសកម្មភាពមើលងាយមានគុណសម្បត្តិអ្វីខ្លះ?

ប្រសិនបើអ្នកត្រូវគេបញ្ឈប់ការងារដោយមូលហេតុអ្នកមានសមត្ថភាពទាប ចូរទទួលស្គាល់រឿងនេះដោយស្មោះត្រង់។ ប្រសិនបើការងារអ្នកខ្សោយមែន ចូរទទួលយក រួចហើយធ្វើសកម្មភាពកែលម្អ ឬសម្រេចផ្លាស់ប្តូរមុខជំនាញរបស់អ្នក។ អ្នកក៏អាចសន្និដ្ឋានដែរថា ការបញ្ឈប់ការងារអ្នកអាចមិនសមស្រប ដោយមូលហេតុមិនត្រឹមត្រូវ ដោយអ្នកអាចស្វែងកសាងបញ្ជីភាពជោគជ័យនៃការងារអាជីពរបស់អ្នកដូចជា ការវាយតម្លៃល្អរបស់សហការី ដៃគូការងារ អតិថិជន និងប្រធានរបស់អ្នក ដោយយកចិត្តទុកដាក់ក្នុងការពិគ្រោះយោបល់ជាមួយមនុស្សនៅជុំវិញអ្នកដែលពេញចិត្តជំនាញន និងសីលធម៌ការងាររបស់អ្នក។ អ្នកអាចយកចំណុចល្អទាំងនេះទៅតវ៉ាជាមួយការបញ្ឈប់ការងាររបស់អ្នក។

៥. ផ្តោតអារម្មណ៍លើមតិពីមនុស្សនៅជុំវិញខ្លួនអ្នក

មនុស្សដែលមានភាពជឿជាក់លើអ្នកអាចជាមិត្ត ឬជាសហការី ឬជាក្រុមគ្រួសាររបស់អ្នក ដែលតែងផ្តល់កម្លាំងចិត្តដល់អ្នក ពេលអ្នកជួបបញ្ហា។​ ចូរយកចិត្តទុកដាក់លើមតិរបស់ពួកគាត់ ហើយព្យាយាមស្វែងយល់ថា តើពួកគាត់ពេញចិត្តអ្នកលើចំណុចខ្លាំង ឬល្អអ្វីខ្លះរបស់អ្នក។ ធ្វើបែបនេះ វានឹងជួយបង្កើនទំនុកចិត្តរបស់អ្នកលើខ្លួនឯង។ លោកស្រី Eleanor Roosevelt ធ្លាប់បានលើកឡើងថា “អ្នកទទួលបានភាពខ្លាំង សេចក្តីក្លាហាន និងភាពជឿជាក់ តាមរយៈបទពិសោធន៍នៃការប្រឈមនឹងសេចក្តីភ័យខ្លាច។​ បន្ទាប់មក អ្នកអាចនិយាយទៅខ្លួនឯងថា ខ្ញុំធ្លាប់ឆ្លងកាត់រឿងបែបនេះហើយ ខ្ញុំអាចទទួលយករឿងលំបាកៗតទៀតបាន។”

នៅលើលោកនេះគ្រប់យ៉ាងដែលកើតឡើងសុទ្ធតែមានមូលហេតុរបស់វា។ រាល់ការឈឺចាប់ដែលអ្នកជួបនូវថ្ងៃនេះ កំពុងតែបណ្ដុះគ្រាប់ពូជនៃភាពរឹងមាំ និងបញ្ញាដល់អ្នក។ ភាពឈឺចាប់ដែលអ្នកបានជួប បង្រៀនអ្នកឲ្យក្លាយជាមនុស្សរឹងមាំជាងមុន មានបញ្ញាយល់ស៊ីជម្រៅពីអត្ថន័យនៃជីវិតជាងមុន ហើយអ្នកនឹងអាចប្រែរឿងអកុសលឲ្យទៅជារឿងកុសល បញ្ហាឲ្យទៅជាឱកាសនៅក្នុងជីវិតបាន។

សម្រួលពី៖ Success, Emma Johnson, 5 Ways to Pick Yourself Up After Someone Tears You Down


អត្ថបទទាក់ទង

មូលហេតុ ៧ យ៉ាង ដែលធ្វើឲ្យយើងបរាជ័យ

Leave a Reply