ការមានចិត្តល្អ និងគុណធម៌ពេក គឺជាភាពទន់ខ្សោយ ហើយអាចធ្វើឱ្យជីវិតរបស់អ្នកពិបាក។
នៅក្នុងសង្គម មនុស្សភាគច្រើនយល់ច្រឡំថា ការធ្វើជា “មនុស្សល្អ” គឺត្រូវតែយល់ព្រមតាមគេគ្រប់រឿង មិនចេះខឹង និងមិនហ៊ានតបត។ ប៉ុន្តែតាមទ្រឹស្ដីចិត្តវិទ្យារបស់លោក Jordan Peterson បានលើកឡើងថា មនុស្សដែល “ល្អ” ដោយសារតែខ្លួន “ទន់ខ្សោយ” មិនមែនជាមនុស្សមានគុណធម៌ពិតប្រាកដនោះទេ។ គុណធម៌ពិតប្រាកដ កើតចេញពីមនុស្សដែលមានសមត្ថភាពកាចសាហាវ មានអំណាច និងមានចង្កូម ប៉ុន្តែពួកគេ “ជ្រើសរើស” ប្រើប្រាស់សន្តិវិធី និងសេចក្ដីល្អដើម្បីដោះស្រាយបញ្ហា។ ចំណុចសំខាន់ៗខាងក្រោមនេះ នឹងជួយឱ្យអ្នកយល់ពីតុល្យភាពរវាងសេចក្ដីល្អ និងភាពរឹងមាំ ដើម្បីកុំឱ្យគេមើលងាយ៖
១. និយមន័យថ្មីនៃ “មនុស្សល្អ”
- មនុស្សល្អពិតប្រាកដ ត្រូវតែមានសមត្ថភាពតបត មាន “ចង្កូម” ប៉ុន្តែជ្រើសរើសប្រើវានៅពេលចាំបាច់តែប៉ុណ្ណោះ។
- មនុស្សល្អដែលមិនអាចតតាំងជាមួយនរណាបានទាល់តែសោះ មិនមែនជាមនុស្សល្អពិតប្រាកដទេ គឺគ្រាន់តែជាមនុស្សទន់ខ្សោយប៉ុណ្ណោះ ព្រោះពួកគេគ្មានជម្រើសអ្វីក្រៅពីការចុះចាញ់។
- គោលដៅ គឺធ្វើខ្លួនជា “បិសាចដែលស្ថិតក្រោមការគ្រប់គ្រង” ពោលគឺដឹងថាខ្លួនឯងអាចកាចសាហាវបាន ប៉ុន្តែប្រើសតិដើម្បីគ្រប់គ្រងវាឱ្យនៅស្ងៀម។
អត្ថបទទាក់ទង៖ ២៧ ឃ្លា អំពីសិល្បៈនៃការបដិសេធ ដើម្បីជីវិតកាន់តែប្រសើរ
២. ផលវិបាកនៃការធ្វើជា “មនុស្សល្អហួសហេតុ”
- ការយល់ព្រមតាមគេគ្រប់រឿងដោយគ្មានដែនកំណត់ មិនអាចទិញចិត្តនរណាបានឡើយ ប៉ុន្តែវាបែរជាបង្រៀនឱ្យគេជាន់ឈ្លីអ្នកទៅវិញ។
- ពិភពលោកគោរពមនុស្សដែលរឹងមាំ និងមានដែនកំណត់ច្បាស់លាស់ មិនមែនគោរពមនុស្សដែលសម្តែងតួជាជនរងគ្រោះនោះទេ។
៣. វិធីបង្កើត “ចង្កូម” ដើម្បីឱ្យគេកោតក្រែង
- កំណត់ដែនកំណត់ឱ្យច្បាស់លាស់៖ មិនថាពេលវេលា លុយកាក់ ឬកន្លែងផ្ទាល់ខ្លួន — អ្នកដទៃមិនអាចរំលោភបំពានតាមចិត្តបានឡើយ។
- បញ្ឈប់ការសុំទោសផ្តេសផ្តាស៖ បើមិនខុស មិនបាច់សុំទោសទេ ចូរដូរមកប្រើពាក្យ “អរគុណ” វិញ។
- ប្រើភាពស្ងប់ស្ងាត់ និងក្រសែភ្នែក៖ ចេះរក្សាភាពស្ងប់ស្ងាត់ សម្លឹងភ្នែកគូសន្ទនា ៣-៥ វិនាទី ដើម្បីបង្កើតសម្ពាធដោយមិនចាំបាច់មានការប៉ះទង្គិច។
- ត្រៀមខ្លួនដើរចេញ៖ អំណាចដ៏ខ្ពស់បំផុត គឺការមិនអត់ទ្រាំចំពោះភាពអយុត្តិធម៌ និងការហ៊ានដើរចេញពីអ្វីដែលមិនផ្ដល់តម្លៃឱ្យយើង។
៤. លទ្ធផលដែលទទួលបាន
- ភាពកោតក្រែង កើតចេញពី “ក្តីស្រឡាញ់ + ការភ័យខ្លាចក្នុងការបាត់បង់អ្នក” ។
- អ្នកនឹងទាក់ទាញមនុស្សដែលមានគុណភាពចូលមកក្នុងជីវិត ហើយអាចការពារខ្លួនពីមនុស្សដែលចាំតែឆ្លៀតឱកាស។
៥. ការនិយាយដោយត្រង់ទៅត្រង់មក
- កុំនិយាយវាងវៃ ឬព្យាយាមផ្គាប់ចិត្តអ្នកដទៃតាមរយៈការនិយាយមិនពិត ការនិយាយចំៗដោយសមរម្យ បង្ហាញពីភាពស្មោះត្រង់ និងភាពរឹងមាំនៃបុគ្គលិកលក្ខណៈ។
៦. ការអភិវឌ្ឍជំនាញឱ្យក្លាយជា “អាវុធ”
- ក្នុងពិភពលោកនេះ មនុស្សដែលគ្មានសមត្ថភាព និងគ្មានឥទ្ធិពល អាចមានទឹកមាត់សាប និងពិបាកមានគេដើរតាម និងគោរពបន្ដិចហើយ ប៉ុន្តែនៅពេលដែលអ្នកពូកែខាងអ្វីមួយខ្លាំង នោះហើយគឺជា “ចង្កូម” ដ៏មុតស្រួចបំផុត ដែលធ្វើឱ្យអ្នកដទៃត្រូវកោតក្រែង និងត្រូវការអ្នក។
៧. ភាសាកាយវិការនៃអ្នកឈ្នះ
- ឈរឱ្យត្រង់ បើកស្មាឱ្យធំ។ កាយវិការដែលមើលទៅមានទំនុកចិត្ត ផ្ញើសញ្ញាទៅកាន់អ្នកជុំវិញខ្លួនថា “អ្នកមិនមែនជាចំណីរបស់នរណាម្នាក់ឡើយ”។
៨. ការចេះនិយាយពាក្យថា “ទេ”
- ប្រសិនបើអ្នកមិនចេះបដិសេធក្នុងរឿងដែលអ្នកមិនចង់ធ្វើ នោះពាក្យថា “បាទ/ចាស” របស់អ្នកនឹងគ្មានតម្លៃឡើយ។ ការនិយាយថា “ទេ” គឺជាការប្រកាសពីអធិបតេយ្យភាពនៃជីវិតរបស់អ្នក។
៩. ការគ្រប់គ្រងអារម្មណ៍
- មនុស្សដែលខឹងច្រឡោតងាយៗ គឺជាមនុស្សដែលគេងាយនឹងគ្រប់គ្រង។ ភាពរឹងមាំពិតប្រាកដ គឺ “ការចេះខឹង ប៉ុន្តែជ្រើសរើសរក្សាភាពស្ងប់ស្ងាត់” ។ អ្នកដែលស្ងប់ស្ងាត់បំផុត គឺជាអ្នកដែលមានអំណាចបំផុត។
១០. ការជ្រើសរើសមនុស្សក្បែរខ្លួន
- កុំខ្ជះខ្ជាយសេចក្ដីល្អរបស់អ្នកចំពោះមនុស្សដែលចាំតែឆ្លៀតឱកាស។ សូមរើសអើងក្នុងការផ្ដល់សេចក្ដីល្អឱ្យចំមនុស្សដែលផ្ដល់តម្លៃឱ្យអ្នកវិញ។ នៅក្បែរមនុស្សចង្រៃ យើងក៏ខូចឈ្មោះតាមគេ, ធ្វើល្អជាមួយមនុស្សអាក្រក់ គេរឹតតែមើលងាយយើង។
១១. ឯករាជ្យភាពលើខ្លួនឯង
- កុំផ្ដេកផ្ដួលជីវិតលើអ្នកដទៃខ្លាំងពេក នៅពេលអ្នកអាចរស់នៅបានដោយខ្លួនឯង មិនចាំបាច់អង្វរករសុំក្ដីស្រឡាញ់ ឬជំនួយពីនរណា នោះអ្នកនឹងមានសេរីភាពក្នុងការសម្រេចចិត្តដោយមិនចាំបាច់ខ្លាចចិត្តនរណាឡើយ។
ចូរធ្វើជាមនុស្សល្អដែល “អាចកាចសាហាវបាន” ប៉ុន្តែជ្រើសរើសធ្វើជាមនុស្សល្អ ដើម្បីការពារតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឯង។ មនុស្សដែលគ្មានចង្កូម គឺជាជនរងគ្រោះ មនុស្សដែលមានចង្កូមតែប្រើផ្តេសផ្តាស គឺជាជនពាល ប៉ុន្តែមនុស្សដែលមានចង្កូម ហើយចេះគ្រប់គ្រងវា គឺជា “វីរបុរស” ។
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ

