អ្នកមិនអាចដឹកនាំបានទេ នៅពេលដែលអ្នកភ័យខ្លាច

សេចក្តីភ័យខ្លាច អាចបំផ្លាញជីវិតដ៏ស្រស់បំព្រងរបស់អ្នក លើសពីអ្វីដែលអ្នកអាចគិតស្រមៃដល់។ ដោយគុណសម្បត្តិនៃភាពជាមនុស្ស យើងគ្រប់ៗគ្នាមានសក្តានុពលក្នុងការដឹកនាំ ដោយមិន​ចាំបាច់ត្រូវមានឋានៈ ឬ​តួនាទី ហើយអាចសម្រេចកិច្ចការធំៗ ដែលជួយជំរុញទឹកចិត្តអ្នក​នៅជុំវិញយើង តាមរយៈភាពជាគំរូឈានមុខរបស់យើង។ យ៉ាងណាមិញ សំឡេងភ័យខ្លាច ដែលបន្លឺតិចៗ ចេញពីគំនិត​របស់អ្នក រារាំងអ្នក​មិនឲ្យហ៊ានធ្វើកិច្ចការ​ធំៗទាំងឡាយដែល​អ្នកចង់សាកល្បង។

លោក រ៉ូប៊ីន ហ្សាម៉ា (Robin Sharma) ដែលជាអ្នកជំនាញខាងភាពជាអ្នកដឹកនាំ បានចែករំលែកបទពិសោធន៍របស់លោកថា

កាលពីឆ្នាំមុន ខ្ញុំមានឱកាសបាន​ទៅកំសាន្តនៅ​ប្រទេសនូវែលសេឡង់​រយៈពេល ៣សប្តាហ៍។ ពេលនោះ ខ្ញុំមានលទ្ធភាពបានទៅ​លេងកីឡាជិះស្គីនៅ​លើភ្នំ។ ឧទ្ធម្ភាគចក្រ​បានយកអ្នក​ទៅទម្លាក់នៅ​លើកំពូលភ្នំ រួចអ្នកត្រូវជិះស្គី​ចុះមកក្រោម។ វាជាបទពិសោធន៍​មួយ​នៃការប្រឈម ការរំភើប និងពោរពេញដោយ​មេរៀនសម្រាប់​ការរីកលូតលាស់។ ខាងក្រោមនេះ ជាមេរៀនខ្លះៗ​ដែលយើងអាចយក​មកអនុវត្តសម្រាប់ការ​ដឹកនាំធុរកិច្ច និងជីវិត៖

១. អ្នកមិនរីកលូតលាស់ទេ នៅក្នុងស្ថានភាពងាយស្រួលធម្មតា

អ្វីដែលខ្ញុំចង់និយាយ គឺថាបើអ្នកស្ថិតក្នុងស្ថានភាពដែលសុខស្រួល អ្នកនឹង​មិនលូតលាស់​ទៅមុខនោះទេ។ ទោះបីជាយ៉ាងណា បើអ្នកហ៊ានប្រឈមមុខ​តទល់នឹងអ្វីដែល​អ្នកភ័យខ្លាច ដោយដើរទៅដល់ដែន​កំណត់​របស់អ្នក នោះអ្នកនឹងដឹងថា ដែនកំណត់របស់​អ្នកនឹងលូតលាស់ទៅ​មុខបន្តទៀត។

២. អ្នកមិនដឹងទេ រហូតទាល់តែអ្នកសាកល្បង

វាងាយស្រួលណាស់ដែលខ្ញុំអាចបដិសេធឱកាស​ក្នុងការជិះស្គីពី​លើភ្នំខ្ពស់ដែល​គួរឲ្យខ្លាច។ ខ្ញុំអាចស្វែងរកលេសរាប់ពាន់​ក្នុងការបដិសេធធ្វើរឿងនេះ។ ប៉ុន្តែអ្នកដឹកនាំដោយមិនចាំបាច់​មានឋានៈ ឬតួនាទី​ អាចដឹង និងមិនឲ្យឱកាសដ៏ល្អ​នេះរំលងបាននោះទេ។ ដូច្នេះ ខ្ញុំក៏ចាប់យកឱកាស​នេះ។ ដោយសារតែខ្ញុំបានសាកល្បង​ជិះស្គីពីកំពូលភ្នំ ខ្ញុំមិនគ្រាន់តែ​ក្លាយជាអ្នកជិះស្គី​ដ៏ពូកែជាងមុនទេ គឺខ្ញុំទទួលបាន​បទពិសោធន៍​ និងភាពខ្លាំង​ក្នុងជីវិត ដែលមានអត្ថប្រយោជន៍​សម្រាប់កិច្ចការធំៗផ្សេងទៀត។

៣. នៅជ្រុងម្ខាងទៀតនៃសេចក្តីភ័យខ្លាចរបស់អ្នក អ្នកនឹងរកឃើញភាពជឿជាក់របស់អ្នក

នៅពេលដែលយើងហ៊ានធ្វើរឿង​ដែលយើងភ័យខ្លាច ដែលវានៅខ្ពស់ហួស​ពីភាព​ងាយស្រួល​របស់យើង ភាពជឿជាក់របស់យើង​នឹងលូតខ្ពស់​ជាងមុន។ នៅពេលដែលភាព​ជឿជាក់​របស់ខ្ញុំកើនខ្ពស់​ជាងមុន ក្នុងការជិះស្គី​ពីកំពូលភ្នំ វាក៏បង្កើនភាពជឿជាក់​របស់ខ្ញុំក្នុងការធ្វើធុរកិច្ច និងក្នុងការរស់​នៅផងដែរ។

៤. ជីវិតរបស់អ្នកខ្លីណាស់ ចូរចាប់ផ្តើមប្រយុទ្ធជាមួយនឹងភាពភ័យខ្លាចរបស់អ្នក

ជីវិតមួយដែលសម្បូរបែប ពោរពេញដោយភាពមានបាន​ គឺជាជីវិតមួយដែល​ឆ្លងកាត់ការផ្សងព្រេង​ជាច្រើន។ ចូរកុំឲ្យខកខានឱកាសសម្រាប់ការរីកលូតលាស់​នៃជីវិតរបស់អ្នក ហើយរីករាយ​ជាមួយការសាកល្បង​នូវអ្វីដែលថ្មីៗ និងនៅខ្ពស់លើស​ពីភាពសុខស្រួល​របស់អ្នក។

សម្រួលពី៖ Robin Sharma, “You can’t lead in fear”


អត្ថបទទាក់ទង

សត្រូវផ្លូវអារម្មណ៍ទាំង៦ ដែលស្ថិតនៅក្នុងចិត្តរបស់អ្នក

Leave a Reply