តើមានសញ្ញាអ្វីខ្លះដែលបង្ហាញថាក្រុមរបស់អ្នកកំពុងមានបញ្ហា?

ហ្វែងគ្លីន ដេឡាណូ រ៉ូសឺវេល (Franklin D. Roosevelt) បានលើកឡើងថា “អ្នកធ្វើការរួមជាធីមអាចធ្វើកិច្ចការឲ្យសម្រេចជោគជ័យបានជាច្រើន ក្នុងខណៈដែលមនុស្សតែម្នាក់មិនអាចធ្វើកិច្ចការទាំងនោះបានសម្រេច។”

ក្រុម (Team) គឺជាក្រុមមនុស្សដែលត្រូវបានចាត់តាំងឡើងដើម្បីធ្វើការរួមគ្នា ឬក្រុមមនុស្សដែលធ្វើការស្រដៀងៗគ្នា ឬក្រុមមនុស្សដែលស្ថិតនៅក្រោមអ្នកបង្គាប់បញ្ជាតែម្នាក់។ ការធ្វើការងារ​ជា​ក្រុម​ ពិតជា​ទទួលបាន​លទ្ធ​ផល​ល្អ និង​ប្រសិទ្ធភាព​ខ្ពស់ ប្រសិនបើជា​ការធ្វើការ​ងារ​ក្រុម​នោះ​មាន​ក្បួនខ្នាត និង​មាន​របៀប​ច្បាស់លាស់។ ការធ្វើការងារជាក្រុម ត្រូវការជាចាំបាច់នូវចិត្តសាស្ត្រក្នុងការសម្របខ្លួន ការដោះស្រាយបញ្ហា និងការជម្នះកត្តាប្រឈមជាច្រើនទៀតដើម្បីឱ្យគម្រោងនីមួយៗទទួលបានជោគជ័យ ព្រោះថាមនុស្សជាច្រើនដែលពូកែធ្វើការងារតែម្នាក់ឯង តែងតែបរាជ័យនៅពេលដែលធ្វើការងារជាក្រុម។

ចុះតើមានសញ្ញាអ្វីខ្លះដែលបង្ហាញថាក្រុមរបស់អ្នកកំពុងមានបញ្ហា?

១. ក្រុមបាត់បង់ការទុកចិត្ត (Absence of Trust)

នេះគឺជាឧបសគ្គធំមួយសម្រាប់ក្រុម ព្រោះវាគឺជាគ្រឹះសំខាន់បំផុត ដើម្បីឲ្យក្រុមការងារមួយទទួលបានជោគជ័យពិតប្រាកដ។ ការជឿទុកចិត្តគ្នា មានន័យថាសមាជិកទាំងអស់គួរតែអាចបង្ហាញពីភាពទន់ខ្សោយរបស់ខ្លួន ដោយគ្មានការភ័យខ្លាចថាពួកគេនឹងត្រូវបានសមាជិកដទៃវិនិច្ឆ័យ ឬមើលងាយ។ បើគ្មានការជឿទុកចិត្តបែបនេះទេ វាអាចនឹងលំបាកសម្រាប់សមាជិកក្រុមក្នុងការទទួលយកគំនិតថ្មីៗ ហើយកាន់តែលំបាកក្នុងការបញ្ចេញគំនិតថ្មីៗរបស់ពួកគេ។ 

Book summary: The Five Dysfunctions of a Team | ERNI

២. ក្រុមភ័យខ្លាចនឹងមានជម្លោះ (Fear of Conflict)

គ្មានអ្វីដែលហានិភ័យជាង មានសមាជិកក្រុមដែលតែងតែប្រាប់អ្នកពីអ្វីដែលអ្នកចង់លឺ ជៀសជាងអ្វីដែលអ្នកគួរលឺនោះទេព្រោះតែពួកគេមិនចង់មានជម្លោះ (ការជជែកវែកញែក)។ តែសូមកុំភ្លេចថា ជម្លោះ គឺជាសរសៃឈាមនៃការច្នៃប្រឌិត និងវឌ្ឍនភាព ហើយវាអាចកើតមានឡើងនៅពេលដែលសមាជិកក្រុមមានភាពជឿជាក់លើគ្នាក្នុងការបញ្ចេញមតិ។ ដរាបណាដែលក្រុមមួយនៅតែភ័យខ្លាចក្នុងការជជែកវែកញែក វានឹងពិតជាពិបាកក្នុងការអភិវឌ្ឍស្ថាប័នឲ្យរីកចម្រើនណាស់។

៣. ក្រុមខ្វះការប្តេជ្ញាចិត្ត (Lack of Commitment)

មុនពេលស្ថាប័នសម្រេចចិត្តលើរឿងអ្វីមួយ (យុទ្ធសាស្រ្ត ផលិតផលថ្មី ..) សម្រាប់ក្រុមការងារដែលល្អ ពួកគេនឹងបើកឲ្យមានការចូលរួមជជែកវែកញែកពីសមាជិកក្រុមនីមួយៗ។ ធ្វើបែបនេះអាចជួយឲ្យសមាជិកក្រុមមានអារម្មណ៍ថា មតិយោបល់ ឬគំនិតរបស់ពួកគេ ត្រូវបានគេយកទៅពិចារណា ដូច្នេះហើយនៅក្នុងការអនុវត្ដកិច្ចការ ពួកគេអាចនឹង មានកំលាំងចិត្ត និងការប្តេជ្ញាចិត្តក្នុងការធ្វើកិច្ចការ ជាងសមាជិកក្រុមដែលមិនបានចូលរួមក្នុងការជជែកវែកញែក។

៤. ក្រុមតែងតែគេចវេះពីការទទួលខុសត្រូវ (Avoidance of Accountability)

ការគេចវេះពីការទទួលខុសត្រូវ អាចកើតឡើងដោយសារ ការមិនមានភាពប្តេជ្ញាចិត្តនៅក្នុងក្រុម។ សមាជិកក្រុមដែលមានការប្តេជ្ញាចិត្តចំពោះគំនិត ឬការសម្រេចចិត្តក្នុងការអនុវត្ដកិច្ចការអ្វីមួយ គឺក៏ព្រោះតែពួកគេយល់ថាការចូលរួមរបស់ពួកគេមានសារៈសំខាន់ ហើយពួកគេរំពឹងនឹងទទួលខុសត្រូវលើកិច្ចការទាំងនោះ។ តែប្រសិនបើការចូលរួមរបស់ពួកគេ ហាក់ដូចជាមិនសំខាន់ ពួកគេនឹងមានអារម្មណ៍ថា ពួកគេមិនចាំបាច់មានទទួលខុសត្រូវចំពោះលទ្ធផលនោះទេ។ 

៥. ក្រុមមិនយកចិត្តទុកដាក់លើលទ្ធផលរួម (Inattention to Results)

សមាជិកក្រុម ដែលមិនមានការទទួលខុសត្រូវតែងតែដាក់ប្រយោជន៍ខ្លួននៅមុខ ផ្តោតលើតែភាពជោគជ័យផ្ទាល់ខ្លួន ឋានៈ ភាពអត្មានិយម ជៀសជាងភាពជោគជ័យរបស់ក្រុមទាំងមូល។ ប្រសិនបើការទទួលខុសត្រូវមានពិតប្រាកដនៅក្នុងក្រុម ការផ្តោតទៅលើលទ្ធផលរួមនៃក្រុមនឹងមានដោយធម្មជាតិ។

សម្រួលពី Patrick Lencioni (2002) The Five Dysfunctions of a Team

ទាញយកយកឯកសារសង្ខេប (FiveDysfunctions)


អត្ថបទទាក់ទង

លក្ខណៈសម្បត្តិល្អ ១០ យ៉ាងដែលអ្នកដឹកនាំត្រូវធ្វើ ដើម្បីជួយក្រុមការងារកាន់តែរីកចម្រើន

 

Leave a Reply