កំហុសចម្បងៗចំនួន ៥ ដែលអ្នកគ្រប់គ្រងថ្មីគួរជៀសវាង

ជាទូទៅ ផ្នែកមួយដែលសំខាន់បំផុតដែលអ្នកត្រូវពង្រឹង ប្រសិនជាអ្នកចង់ក្លាយជាអ្នកដឹកនាំឆ្នើមនៅថ្ងៃខាងមុខ គឺធ្វើយ៉ាងណាឲ្យអ្នកចេះគ្រប់គ្រងមនុស្សបានល្អ។ មនុស្ស គ្រប់គ្រងមនុស្ស មិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាមិនដូចជាមនុស្សគ្រប់គ្រងវត្ថុឥតជីវិតនោះឡើយ។ មនុស្សខ្លះមាន​​ទេពកោសល្យដឹក​នាំគេ​ពី​កំណើត ប៉ុន្តែ​ទោះជា​មនុស្ស​ប្រភេទ​ណាក៏​ដោយ ក៏ត្រូវរៀន​របៀបគ្រប់​គ្រង​ឱ្យមាន​ប្រសិទ្ធ​ភាព​ដែរ ប្រសិន​ចង់​ធ្វើជា​មេដឹក​នាំ​ជោគជ័យ។ ភាព​ជាអ្នក​ដឹកនាំ​ អាចនឹង​មាន​បញ្ហាខ្លះៗ​សម្រាប់​សហគ្រិន​ ឬមេដឹក​នាំ​ថ្មី​ដែល​កំពុង​តែព្យាយាម​ពង្រីក​ក្រុមហ៊ុន​ និង​គ្រប់គ្រង​ក្រុម​ការងារ​ក្នុង​ពេល​ជាមួយ​គ្នា។

ចំណុចសំខាន់ ​គឺត្រូវស្គាល់​ក្រុម​ការងារ​ឱ្យបាន​ច្បាស់ និងដឹង​ថា​​គេត្រូវ​ការ​អ្វីខ្លះ​​ពីលោក​អ្នក​ក្នុង​នាម​​ជាមេដឹក​​​នាំគេ។ តាម​ពិត​ទៅ​អ្នក​គ្រប់គ្រង​​ជើង​​ថ្មីជា​ច្រើន​​នាក់​​បង្កើតកំហុស​​នៅពេល​​កំពុងតែ​រៀន​​ដឹកនាំ។ កំហុស​ខ្លះ​ជារឿង​​តូចតាច ប៉ុន្តែក៏​​មាន​កំហុសខ្លះ​​ដែល​​ធំ ហើយ​អ្នកគ្រប់គ្រងថ្មីត្រូវ​តែ​ដឹង​ និង​ជៀស​​ឱ្យផុត​​ដែរ​បើ​ចង់​​សន្សំពេល​​ និង​ដើម​ទុន៖

១. គ្រប់គ្រងមនុស្សគ្រប់គ្នាក្នុងរបៀបតែមួយ

មេដឹកនាំល្អជា​មនុស្ស​ពូកែ​គិតរក​វិធី​ជំរុញ​ទឹក​ចិត្ត​សមាជិក​ក្រុម​ការងារ​និង​ស្គាល់​និស្ស័យ​បុគ្គលិក​ម្នាក់ៗ។ មេរៀននេះ​ប្រហែល​មិន​ងាយស្រួល​សម្រាប់​មេដឹកនាំ​ប៉ុន្មាន​ទេ ហើយអ្នក​គ្រប់គ្រង​ខ្លះ​ទទួល​បាន​នៅក្រោយ​ពេល​បង្កើត​កំហុស​រួចទៅ​ហើយ។ លោក​Aaron Schwartz សហស្ថាបនិក​ក្រុម​ហ៊ុន​Passport បាន​សារ​ភាព​ថា “នៅពេល​ខ្ញុំក្លាយ​ជា​អ្នក​ដឹកនាំ​​គេលើក​ដំបូង ខ្ញុំមាន​របៀប​ផ្ទាល់​ខ្លួន គឺធ្វើ​ការឱ្យច្រើន​ដោយ​គ្មាន​លេស ហើយ​ទុករឿង​ផ្ទាល់ខ្លួន​នៅ​ផ្ទះ។ ប៉ុន្តែ​មេដឹក​ជោគជ័យ​ជាមនុស្ស​ដែល​ពូកែ​ប្រើក្រុម​ការងារ មិនមែន​មនុស្ស​ដែល​ព្យាយាម​ធ្វើឱ្យ​មនុស្សគ្រប់​គ្នា​ខិតខំ​ធ្វើការ​ដូចខ្លួន​ឯង​ទាំងស្រុង​នោះ​ទេ។”

២. មិនចេះបត់បែនតាមស្ថានការណ៍

ភាពបត់បែន​ជាគន្លឹះ​នៅពេល​លោកអ្នក​គ្រប់គ្រង​ពាណិជ្ជកម្ម។ គន្លឹះ​នេះកាន់​តែ​ចាំបាច់​ថែមទៀត​នៅពេល​លោក​អ្នក​គ្រប់គ្រង​ក្រុម​ការងារ។ មនុស្សធ្វើ​ការបាន​ប្រសើរ​នៅក្នុង​បរិស្ថាន​ការងារ​ដែលមាន​ភាព​បត់បែន។ នៅពេល​លោក​អ្នកដក​ឃ្លា​ចេញពី​ការគ្រប់​គ្រង់​ល្អិតល្អន់​គ្រប់​ផ្នែក លោកអ្នក​នឹងទទួល​បាន​ស្នាដៃ​ការងារ​ល្អ​បំផុត​ពីក្រុម​ការងារ។ លោក​អ្នកត្រូវ​ចងចាំ​ថាគ្មាន​នរណា​ម្នាក់​អាចធ្វើ​កិច្ចការ​គ្រប់​យ៉ាង​តែម្នាក់​ឯង​បានទេ ទោះជា​មនុស្សនោះ​មានគំនិត​អស្ចារ្យ​និង​សមត្ថភាព​គ្រប់​ជំនាញ​ក៏ដោយ។ ដូច្នេះការចេះបត់​បែន​និង​បណ្តោយ​តាមស្ថាន​ការណ៍​គន្លឹះ​សំខាន់​ក្នុងការ​បែង​ចែក​ទំនួល​ខុស​ត្រូវ។

៣. គ្រប់គ្រងក្រុមការងារលម្អិតពេក

កំហុសទូទៅ​មួយរបស់​ម្ចាស់​ពាណិជ្ជកម្ម​ជើងថ្មី​គឺការព្យាយាម​គ្រប់​គ្រង​​​ប្រតិបត្តិ​ការក្នុង​ក្រុមហ៊ុន។ លោក Frank Mengert ស្ថាបនិក​​ក្រុមហ៊ុន​ebenefit Marketplace ក៏ធ្លាប់ជាមនុស្សម្នាក់​បែប​នេះដែរ ហើយ​លោក​សារភាព​ថា​លោក​មាន​បញ្ហា​ក្នុងការ​ទុក​ចិត្តក្រុម​ការងារ គឺត្រូវ​បង្ខំ​ចិត្ត​គ្រប់​គ្រង​យ៉ាងល្អិត​ល្អន់​នៅគ្រប់​ទិដ្ឋភាព​ពាណិជ្ជ​កម្ម​ទាំង​អស់ហើយ​ចង់លូក​ដៃ​ក្នុងរឿង​រ៉ាវគ្រប់​យ៉ាង។ ការធ្វើ​បែបនេះ​មិនត្រឹម​តែរំខាន​ដល់​សមត្ថភាព​ក្នុងការ​ផ្តោតចិត្ត​លើការ​ពង្រីក​ពាណិជ្ជកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែវា​ធ្វើឱ្យក្រុម​ការងារ​លែងមាន​ម្ចាស់​ការនិង​ទំនួល​ខុសត្រូវ ហើយ​ខ្លាច​មិនហ៊ាន​ផ្តួចផ្តើម​គំនិត​អ្វីទាំង​អស់។

៤. ព្យាយាមសម្តែងឱ្យគេឃើញថាចេះគ្រប់យ៉ាង

មេដឹកនាំខ្លះ​ព្យាយាម​ធ្វើ​ពុតហាក់​ដូចជា​ខ្លួន​គេមាន​ចម្លើយ​គ្រប់​ពេល​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងអស់​ដែល​កើតឡើង​រាល់ថ្ងៃ។ ពុតត្បុត​បែបនេះ​កាន់តែ​ចាក់​ឫសជ្រៅ​ថែមទៀត​នៅពេល​ក្រុមហ៊ុន​រីកពីតូច​ទៅកាន់​តែធំ​និង​មាន​បុគ្គលិក​កាន់តែ​ច្រើន។ លោក​Kasey Kaplan ស្ថាបនិក​និង​​ជាប្រធានក្រុមហ៊ុន​Urban FT បាន​រំឭក​ថា “កំហុសធំបំផុត​របស់ខ្ញុំ​គឺការ​មិនហ៊ាន​បង្ហាញ​ភាព​ទន់​ខ្សោយ និងការ​មិនចេះ​បែង​ចែក​ការងារ​និង​តួនាទី​ឱ្យបាន​ត្រឹមត្រូវ។” ការប្រើប្រាស់​មនុស្ស​តាម​ជំនាញ​នៅក្នុង​ក្រុម​និង​ទាក់ទងគ្នាដោយ​បើក​ទូលាយ​ជាគន្លឹះ​នៃការបើក​ច្រក​គំនិត​ច្នៃប្រឌិត។

៥. ចាត់ទុករឿងការងារជារឿងផ្ទាល់ខ្លួនពេក

សហគ្រិនជាច្រើន​​ចាត់ទុក​​ពាណិជ្ជកម្ម​ដូច​ជា​កូន​​របស់​​គេដែរ គឺជា​របស់​ដែល​គេ​បង្កើត​​​ឡើង​និង​​មាន​​ទំនួល​​ខុស​ត្រូវ​ពេញ​​ទំហឹង​​ចំពោះ​​ការថែរក្សា​និង​ពង្រីក​រហូត​ដល់​ចំណុច​ជោគ​ជ័យ។ សហគ្រិន​បែបនេះ​ងាយ​នឹងមើល​ឃើញ​កំហុស​ឆ្គង​និង​បរាជ័យ​ជារឿង​ផ្ទាល់ខ្លួន​ណាស់ ប៉ុន្តែ​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Jones Therapy Serices លោកស្រី​Ginger Jones រំឭកម្ចាស់​ពាណិជ្ជ​កម្មទាំង​អស់ថា ពេលខ្លះ​ស្ថានភាព​មិនល្អ​មិនមែន​សុទ្ធតែ​កើតឡើង​ដោយ​សារលោក​អ្នក​នោះ​ទេ។

សម្រួលពី៖ Inc., New Managers: Avoid These 7 Mistakes to Be a More Successful Leader


អត្ថបទទាក់ទង

តើមានសញ្ញាអ្វីខ្លះដែលបង្ហាញថាក្រុមរបស់អ្នកកំពុងមានបញ្ហា?

 

 

Leave a Reply