បញ្ហាចម្បងៗចំនួន ៤ ដែលអ្នកត្រូវជម្នះមុននឹងក្លាយជាអ្នកដឹកនាំ

ខណៈពេលនេះ គឺជាជាដំណាក់កាលដែលតម្រូវឱ្យមានភាពជាអ្នកដឹកនាំក្នុងកម្រិតខ្ពស់។ អ្នកគ្រប់គ្រង និងដឹកនាំ តែងជួបបញ្ហា​ដោយជៀសមិនរួច ដែលក្លាយទៅជាដំណាក់ត្រូវឆ្លងកាត់សម្រាប់ភាពជាអ្នកដឹកនាំ។ ទោះជាលំបាកមែន ក៏បញ្ហាប្រឈមដែលត្រូវឆ្លងកាត់ទាំងនេះជាដំណាក់កាលចាំបាច់ដើម្បីបញ្ចេញសក្តានុពលនៃភាពជាអ្នកដឹកនាំដែរ។ មានបញ្ហាចម្បងៗចំនួន ៤ បើមិនទាន់ជួបបញ្ហាលំបាកទាំងនេះទេ អ្នកនៅមិនទាន់ក្លាយជាមេដឹកនាំទេ៖

១. បញ្ហានៃការសន្ទនាលំបាកៗ

ពេលនិយាយដល់ស្ថានភាពមិនល្អ ម្ចាស់ពាណិជ្ជកម្មដែលតែងតែគេចវែសពីស្ថានភាពមិនល្អជាមនុស្សដែលព្រងើយកន្តើយចំពោះការសន្ទនាសំខាន់ៗដែលតម្រូវឱ្យមានជាចាំបាច់។ ភាពជាអ្នកដឹកនាំតែងតែតម្រូវឱ្យមានការពិភាក្សារឿងពិបាកនិយាយ។ ហេតុផលដែលមនុស្សខ្លាចការសន្ទនាលំបាកៗគឺគេមិនចង់ប្រឈមនឹងជម្លោះ ឬបារម្ភថានឹងធ្វើឱ្យប៉ះពាល់អារម្មណ៍។ 

អ្នកត្រូវគិតឱ្យដូចជាម្តាយឪពុក។ បើម្តាយឪពុកតែងតែជៀសវាងការនិយាយជាមួយកូនៗអំពីរឿងដែលពិបាកនិយាយ តើកូនៗនោះនឹងក្លាយទៅជាបែបណា? ពួកគេនឹងមិនមានឱកាសរៀនសូត្រ រីកចម្រើន និងដឹកនាំទៅរកការពង្រីកសក្តានុពលអ្វីទេ។  

២. បញ្ហាដែលត្រូវគេបដិសេធ

មនុស្សទាំងអស់តែងតែខ្លាចនិងគេចពីការឈឺចាប់។ បើនិយាយជាទូទៅ មនុស្សសត្វទាំងអស់សុទ្ធតែមិនចង់បានការឈឺចាប់ទេ។ ការពិតមួយនេះក៏មាននៅក្នុងពាណិជ្ជកម្មដែរ ប៉ុន្តែសហគ្រិនដែលជៀសវាងការប្រថុយដើម្បីគេចចេញពីលទ្ធផលនៃការបដិសេធ ជាមនុស្សដែលដើរវាងផ្លូវក្នុងភាពជាអ្នកដឹកនាំនិងសក្តានុពលពាណិជ្ជកម្មដែរ។ នៅក្នុងពាណិជ្ជកម្ម ការឈឺចាប់ដែលកើតចេញពីការបដិសេធអាចមានក្នុងរូបភាពផ្សេងៗគ្នា។ 

បើគំនិតនៃការបដិសេធធ្វើឱ្យអ្នកខ្លាច អ្នកត្រូវកំណត់ទុកថានោះជាផ្នែកមួយនៃការធ្វើពាណិជ្ជកម្ម។ ជំនួសឱ្យការបារម្ភអំពីសក្តានុពលនៃការខាតបង់ឬបរាជ័យដែលធ្វើឱ្យអ្នកខ្លាចរហូតដល់មិនហ៊ានប្រថុយ អ្នកត្រូវសម្លឹងរកមើលភស្តុតាងដែលបញ្ជាក់ថាអ្នកមានសមត្ថភាពដើម្បីបោះជំហានបន្ទាប់ទៅមុខទៀតបាន។ 

៣. បញ្ហានៃស្ថានការណ៍មិនល្អ

មិនខុសគ្នាពីការខ្លាចរឿងបដិសេធទេ ខួរក្បាលរបស់យើងតែងតែរុញច្រានយើងចេញពីស្ថានភាពមិនល្អទាំងក្នុងពាណិជ្ជកម្មនិងក្នុងជីវិត។ ខួរក្បាលរបស់យើងមើលឃើញភាពអន្ទះសាឬសម្ពាធអារម្មណ៍ជារឿងគំរាមកំហែង។ នៅពេលយើងប្រឈមនឹងការគំរាមកំហែង ខួរក្បាលក៏បង្កើតរឿងរ៉ាវដែលកំណត់ភាពមិនសុខស្រួលនិងលទ្ធផលអវិជ្ជមានជាច្រើនទៀត។ 

ការគេចវែសពីភាពលំបាកក្នុងពាណិជ្ជកម្មអាចក្លាយជារូបមន្តសម្រាប់មហន្តរាយ។ សហគ្រិនដែលចូលចិត្តលេងល្បែងសុវត្ថិភាពតែងតែឱបក្រសោបបុគ្គលិកមិនល្អទុក ហើយមិនខ្វល់រឿងសួរសំណួរសំខាន់ៗនៅក្នុងដំណើរការជ្រើសរើសបុគ្គលិកទេ។ ជាលទ្ធផល កេតែងតែជួបស្ថានភាពមិនល្អជាមួយអតិថិជន និងសមាជិកក្រុមការងារ។ 

៤. បញ្ហានៃការសុំជំនួយ

សហគ្រិនជាមនុស្សដែលរៀបចំនិងគ្រប់គ្រងសហគ្រាស ហើយតម្រូវឱ្យមានការគំនិតផ្តួចផ្តើមនិងហ៊ានប្រថុយ។ ដូច្នេះហើយតើមានលក្ខណៈអ្វីខ្លះដែលបង្កើតគម្លាតសហគ្រិនពីមេដឹកនាំ? គឺការចេះឱនលំទោនដែលដឹងថាអ្នកមិនអាចធ្វើកិច្ចការគ្រប់យ៉ាងតែម្នាក់ឯងបានទេ។ បើទោះជាអ្នកចាប់ផ្តើមធ្វើពាណិជ្ជកម្មដោយខ្លួនឯងក៏ដោយ ក៏អ្នកមិនអាចរែកពុនពាណិជ្ជកម្មទាំងអស់តែម្នាក់ឯងបានទេ។ 

ដើម្បីពង្រីកទាំងពាណិជ្ជកម្ម និងសក្តានុពលរបស់អ្នកក្នុងនាមជាមេដឹកនាំ អ្នកត្រូវការកម្លាំងជំនួយ។ ទោះជាការជួលបុគ្គលិកឆ្នើម ឬទីប្រឹក្សាខ្លាំងពូកែ ឬក៏គ្រាន់តែជាការសាកសួរសមាជិកគ្រួសារដើម្បីរកផ្លូវឡើងទៅកម្រិតបន្ទាប់ទៀតក្តី ក៏ការសុំជំនួយបែបនេះមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ វាជាសញ្ញានៃការរីកចម្រើនទៅវិញ។ 


អត្ថបទទាក់ទង

យុទ្ធសាស្រ្តសំខាន់ៗចំនួន ៥ ដើម្បីកែសម្រួលការគ្រប់គ្រង និងចាប់ផ្តើមភាពជាអ្នកដឹកនាំពិតប្រាកដ

Leave a Reply