សកម្មភាពទាំង ៧ នេះនឹងធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំ មិនមែនឋានៈ ឬតួនាទីនោះទេ

តើអ្វីដែលធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំ? មនុស្សជាច្រើនគិតថា គឺឋានៈតួនាទីធំៗដូចជា ប្រធាន អគ្គនាយក នាយកប្រតិបត្តិ ជាដើម… ។ល។ ការពិត ភាពជាអ្នកដឹកនាំ មិនជាប់ទាក់ទងនឹងឋានៈតួនាទីទេ។ ភាពជាអ្នកដឹកនាំ វាទាក់ទងនឹងអត្តចរិត និងសកម្មភាពរបស់អ្នក។ ភាពជាអ្នកដឹកនាំ និយាយអំពីទំនាក់ទំនងរបស់អ្នក ជាមួយមនុស្សទាំងឡាយ ថាតើអ្នកជំរុញចិត្តគេឲ្យបំពេញការងារដើម្បីសម្រេចគោលដៅរួមយ៉ាងដូចម្តេច។

បើអ្នកជាជំនួយការរដ្ឋបាល ជាអ្នកជំនាញបច្ចេកទេស ឬជាសហការីថ្មីថ្មោងក៏ដោយ អ្នកក៏អាចក្លាយជាអ្នកដឹកនាំបានដែរ។ ហើយបើអ្នកមានតួនាទីណាមួយ វាផ្តល់ឱកាសឲ្យអ្នកក្លាយជាអ្នកដឹកនាំបានកាន់តែងាយស្រួល។ ខាងក្រោមនេះ គឺជាអ្វីៗដែលអ្នកអាចធ្វើដើម្បីក្លាយខ្លួនជាអ្នកដឹកនាំពិតប្រាកដ។

១. ផ្តល់តម្លៃរាល់គ្រប់ទំនាក់ទំនង (Value Every relationship) 

បើទោះបីអ្នកនិយាយទៅរកអ្នកបោសសម្អាត ឬបុគ្គលិកក្មេងៗ អ្នកតែងគិតថារូបគេជាមនុស្សម្នាក់ដែលមានតម្លៃ និងសេចក្តីថ្លៃថ្នូរ និងជាសមាជិកក្នុងក្រុម។ អ្នកមានឱកាសបង្កើតឥទ្ធិពលលើគាត់ក្នុងនាមជាសមាជិកក្រុម តាមរយៈរបៀបដែលអ្នកមានទំនាក់ទំនងជាមួយគាត់។

២. គិតពីតម្រូវការរបស់ក្រុមមុនតម្រូវការផ្ទាល់ខ្លួន (Think about Your Team’s Needs Before Your Own)

តើអ្នកខំប្រឹងបញ្ចប់របាយការណ៍មួយឲ្យទាន់ពេលដើម្បីឲ្យសមាជិកក្នុងក្រុមអាចទៅផ្ទះដោយមិនយឺតពេលឬទេ? នៅពេលដែលក្រុមការងារត្រូវធ្វើការហួសម៉ោង តើអ្នកសុខចិត្តចេញលុយពីហោប៉ៅខ្លួនឯងដើម្បីញាំអីជុំគ្នាដែរឬទេ? ការគិតពីតម្រូវការក្រុម អាចជាការនិយាយពាក្យអរគុណ ឬក៍ត្រូវចំណាយពេលទៅមន្ទីរពេទ្យមើលសមាជិកក្រុមណាម្នាក់ដែលកំពុងព្យាបាលជំងឺ។

៣. ជួយឲ្យក្រុមលូតលាស់ (Help Your Team Grow)

សូមផ្តល់វគ្គបណ្តុះបណ្តាល និងឱកាសសម្រាប់សមាជិកក្រុមការងារ ដើម្បីឲ្យគេរីកលូតលាស់ដល់សក្តានុពលរបស់គេ។ សូមជួយលើកទឹកចិត្ត និងគាំទ្រឲ្យសមាជិកក្រុមបន្តការសិក្សា។ សូមប្រគល់ការទទួលខុសត្រូវធំជាងមុនឲ្យទៅសមាជិកដែលមានសមត្ថភាព។ ចូរកុំទុកសមាជិកក្រុមឲ្យធ្វើការក្នុងភាពអន់ថយ ត្រូវរុញឲ្យគេប្រឈមនឹងការងារដើម្បីរីកលូតលាស់។

៤. ចែករំលែកគុណសម្បត្តិ (Share the Credit)

អ្នកបានសម្រេចគោលដៅចំបងមួយ ក៏ប៉ុន្តែអ្នកមិនមែនធ្វើវាតែម្នាក់ឯងទេ។ សមាជិកក្រុមបានប្រឹងធ្វើការជាមួយអ្នកក្នុងការសម្រេចគោលដៅនេះ។ ចូរជម្រាបទៅថ្នាក់ដឹកនាំថានរណាបានជួយអ្នក។ ចូរចែករំលែកការសរសើរជាមួយក្រុមទាំងមូល។ ចូរផ្តល់ការលើកទឹកចិត្ត និងពន្លឺដល់ក្រុមឲ្យរះចែងចាំងកាន់តែច្រើន។

៥. ចូលរួមទទួលយកកំហុសឆ្គង (Shoulder the Blame) 

ប្រសិនបើក្រុមការងារមិនអាចសម្រេចគោលដៅ ឬគម្រោងមួយតាមការគ្រោងទុក ការស្តីបន្ទោសទាំងឡាយត្រូវបញ្ចប់នៅត្រឹមអ្នក។ ចូរការពារក្រុមការងារអ្នក ហើយកុំដាក់កំហុសដល់ពួកគេ ដោយសារតែភាពអាត្មានិយមរបស់អ្នក។ ប្រសិនបើអ្នកចង់ផ្តល់ព័ត៌មានបែបទូន្មានដល់សមាជិកណាម្នាក់ដើម្បីកែលម្អ ចូរកុំធ្វើរឿងនេះចំពោះមុខអ្នកដទៃ។

៦. មិនដែលបដិសេធថាទេចំពោះការស្នើសុំជំនួយ (Never Say “That’s Not My Job.”)

ការជួយអ្នកដទៃ នឹងលាងជម្រះភាពក្រអឺតក្រទម និងភាពខ្ជិលច្រអូសរបស់អ្នក។ ចូរត្រៀមជួយអ្នកផ្សេងនូវអ្វីដែលគួរជួយ បើទោះបីជាវាមិនមែនជាការទទួលខុសត្រូវរបស់អ្នកក៏ដោយ។ ការជួយអាចរាប់តាំងពីរឿងតូចតាចទៅដូចជា ការលាងកែវកាហ្វេ ការសម្អាតក្នុងទូរទឹកកក ការបិទទ្វារ ។ល។ ចូរផ្តល់ការជួយបើទោះបីគ្មាននរណាចាប់អារម្មណ៍ក៏ដោយ។

៧. ជាបុគ្គលដែលមានអត្តចរិកល្អ (Be a Person of Character)

ភាពជាអ្នកដឹកនាំទាក់ទងតិចតួចនឹងសមត្ថភាពជំនាញ ប៉ុន្តែភាគច្រើនជាមួយការរស់នៅដែលមានគុណតម្លៃត្រឹមត្រូវ។ អ្នកពិតជាមិនចង់ឲ្យគេស្គាល់អ្នកជាអ្នកដឹកនាំប្រភេទ មិនប្រកាន់សច្ចះ មិនស្មោះត្រង់ និងអសីលធម៌។ ហើយក្រុមការងាររបស់អ្នកពិតជាមិនចង់ដើរតាមអ្នកដឹកនាំដែលពួកគេមិនអាចជឿជាក់បាន។ ការទទួលបានការគោរពទាមទាររយៈពែលវែង តែនឹងបាត់បង់ទៅវិញក្នុងរយៈពេលខ្លី។

ខ្ញុំធ្លាប់ឮគេនិយាយថា “តួនាទីរបស់អ្នក ផ្តល់ឲ្យអ្នកនូវសិទ្ធិអំណាច ប៉ុន្តែសកម្មភាពរបស់អ្នក ធ្វើឲ្យអ្នកទទួលបាននូវការគោរព”។ អ្នកអាចនឹងមានឋានៈតួនាទីយ៉ាងខ្ពស់ព្យួរនៅមាត់ទ្វារបន្ទប់ធ្វើការរបស់អ្នក ប៉ន្តែអ្នកមិនអាចដឹកនាំនរណាម្នាក់ឡើយ។ អ្នកមានទំនាក់ទំនងជាមួយសហការីបែបណា វានឹងបញ្ជាក់ការពិតពីភាពជាអ្នកដឹកនាំរបស់អ្នក។ ចូរអនុវត្តសកម្មភាពទាំង ៧ប្រការ ខាងលើដើម្បីបង្កើតឥទ្ធិពលភាពជាអ្នកដឹកនាំរបស់អ្នក។

“គ្មាននរណាម្នាក់អាចប្រគល់ភាពជាអ្នកដឹកនាំជូនអ្នកបានទេ មានតែអ្នកម្នាក់គត់ដែលអាចបង្កើតវាបាន។”

សម្រួលពី៖ Titles Don’t Make Leaders—But These 7 Actions Do ដោយ Chris Hogen 


អត្ថបទទាក់ទង

មេរៀនសំខាន់ៗចំនួន ៩ ដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់អ្នក

 

 

Leave a Reply