យោងតាមការស្រាវជ្រាវរបស់ Linkedin មានជំនាញ ចំនួន៥ ដែលបុគ្គលិកចង់បានបំផុតពីអ្នកគ្រប់គ្រងរបស់ខ្លួន

យោងតាមការស្រាវជ្រាវរបស់ Linkedin ទៅលើបុគ្គលិក ៣ ០០០នាក់ និងបណ្តាថ្នាក់ដឹកនាំស្ថាប័នជាច្រើននៅជុំវិញពិភពលោក ដែលផ្តោតសំខាន់ទៅលើប្រធានបទ ថាតើបុគ្គលិកចង់បានអ្វីច្រើនជាងគេពីចៅហ្វាយរបស់ខ្លួន? លទ្ធផលនៃការស្រាវជ្រាវ បានរកឃើញនូវជំនាញ ចំនួន៥ ដែលបុគ្គលិកចង់បានបំផុតពីអ្នកគ្រប់គ្រងរបស់ខ្លួន។

១. ការដោះស្រាយបញ្ហា (៦៨%)

នេះគឺជាជំនាញ ទី១ ដែលបុគ្គលិករបស់អ្នកចង់បានបំផុតពីអ្នក។ ប៉ុន្តែស្តាប់ទៅដូចជាមិនងាយស្រួលប៉ុន្មានឡើយ ដើម្បីមានសមត្ថភាពក្នុងការដោះស្រាយបញ្ហា។ នៅក្នុងបរិបទបែបណាក៏ដោយ ការដោះស្រាយបញ្ហារបស់អ្នកក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកត្រូវផ្តើមចេញពីការកំណត់ឬសគល់បញ្ហាជាមុនសិន។ បន្ទាប់មកអ្នកត្រូវដោះស្រាយបញ្ហាទាំងនោះជាជំហានៗ ពីធំមកតូច ពីស្មុគស្មាញមកសាមញ្ញ។ 

យ៉ាងណាមិញ ប្រសិនបើអ្នកជាបុគ្គលិកវិញ វាជារឿងល្អដែលអ្នកចង់ឲ្យចៅហ្វាយរបស់អ្នកមានភាពស្ទាត់ជំនាញលើរឿងនេះ។ ប៉ុន្តែសូមកុំគិតថា ជំនាញនេះសម្រាប់តែចៅហ្វាយរបស់អ្នកឲ្យសោះនោះ។ ការងាររបស់អ្នក គឺធ្វើយ៉ាងណាមិននាំបញ្ហាឲ្យចៅហ្វាយរបស់អ្នក ហើយរង់ចាំឲ្យពួកគេដោះស្រាយឲ្យអ្នកនោះទេ។ អ្នកត្រូវជួយកំណត់បញ្ហា និងស្វែងរកដំណោះស្រាយជាមួយចៅហ្វាយរបស់អ្នក។ ដូច្នេះ ជំនាញនេះក៏ជាការងារដែលអ្នកត្រូវធ្វើ និងរៀនសូត្រផងដែរ។

៧ជំហ៊ានក្នុងការ​ដោះស្រាយ​បញ្ហាប្រកបដោយភាព​ឆ្លាត​វៃ

២. ការគ្រប់គ្រងពេលវេលា (៤៤%)

បុគ្គលិក ៤៤% ចង់ឃើញអ្នកដឹកនាំរបស់ខ្លួនចេះគ្រប់គ្រងពេលវេលាបានល្អ សម្រាប់ធ្វើជាគំរូរបស់ពួកគេ។ ទោះបីជាយ៉ាងណា អ្នកដឹកនាំ ឬចៅហ្វាយនាយក៏មិនត្រូវបំផ្លាញពេលវេលារបស់បុគ្គលិកនោះដែរ។ មានអ្នកដឹកនាំច្រើនណាស់ដែលបានប្រព្រឹត្តកំហុសមួយនេះ។ ពេលខ្លះដើម្បីសម្រេចការងារអ្វីមួយ គេបានបង្គាប់បញ្ជាបុគ្គលិកធ្វើនេះធ្វើនោះ ឬយកពេលវេលាឯកជនរបស់បុគ្គលិក ទៅធ្វើរឿងផ្សេងៗដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ នេះបានបង្ហាញថា អ្នកដឹកនាំនោះខ្វះការគោរពចំពោះបុគ្គលិក និងចាត់ចែងពេលវេលាមិនបានត្រឹមត្រូវ។ ជាដំណោះស្រាយនៅកន្លែងការងារ ប្រសិនបើអ្នកជាអ្នកដឹកនាំគេ អ្នកត្រូវមានភាពម្មត់ចត់ជាមួយនឹងពេលវេលា។ ជាទូទៅ ពេលវេលារបស់អ្នកមានប្រសិទ្ធភាព ដរាបណាអ្នកបានរៀបចំគម្រោងកាលវិភាគការងារបានត្រឹមត្រូវ និងបែងចែកទៅតាមភាពលំដាប់អាទិភាពរបស់វាជាដើម។  

របៀបគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ឋភាព និងការបង្កើតគោលដៅឆ្លាតវៃ

៣. ការសម្រចចិត្ត (៤០%) 

នេះជាជំនាញ ទី៣ ដែលអ្នកដឹកនាំមិនអាចមើលរំលងបានឡើយ។ បុគ្គលិកត្រូវការអ្នកដឹកនាំមានជំនាញនេះ ដោយសារពួកគេយល់ថា ការអនុវត្តការងាររបស់ពួកគេក្នុងទិសដៅយ៉ាងណា គឺអាស្រ័យទាំងស្រុងលើការសម្រេចចិត្តរបស់ថ្នាក់លើ។ ផ្ទុយទៅវិញ បើចៅហ្វាយនាយមិនសូវមានភាពស្ទាត់ជំនាញលើការសម្រេចចិត្ត ភាពសង្ស័យ ភាពមិនប្រាកដប្រជា ការខ្វាយខ្វល់ និងភាពចន្លោះប្រហោងនឹងកើតមានចំពោះបុគ្គលិក។ ទន្ទឹមនឹងនេះ ការសម្រេចចិត្តដែលគ្មានភាពច្បាស់លាស់ អាចជំរុញឲ្យបុគ្គលិកបាត់បង់ទំនុកចិត្ត ភាពច្នៃប្រឌិតធ្លាក់ចុះ និងអស់ភាពជឿជាក់ទៅលើថ្នាក់ដឹកនាំដែលនាំឲ្យថាមភាពប្រកួតប្រជែងធ្លាក់ទៅលើគូប្រជែងបាន។ ចុះតើអ្វីទៅការ​សម្រេច​ចិត្ត​ដ៏ល្អ​តើវាទាម​ទារ​នូវ​លក្ខខណ្ឌ​អ្វីខ្លះ​ ដើម្បី​ទទួលបាន​នូវការ​សម្រេច​ចិត្តដ៏ល្អ​មួយ?

៧ចំណុចដែលពាក់ព័ន្ឋនឹងការសម្រេចចិត្តរបស់អ្នក

៤. ស្គាល់ពីសុខទុក្ខរបស់បុគ្គលិក  (៣៨%)

ការយល់ចិត្តយល់ថ្លើម ក៏ជាជំនាញមួយដែលបុគ្គលិកចង់បានបំផុតមួយពីចៅហ្វាយនាយ មិនចាញ់ជំនាញសម្រេចចិត្តប៉ុន្មាននោះដែរ។ ជាទូទៅ បុគ្គលិកម្នាក់ៗ ចង់ឲ្យថ្នាក់ដឹកនាំយល់ពីជម្រៅចិត្តរបស់ពួកគេ និងយកចិត្តទុកដាក់ចំពោះស្ថានភាពដែលពួកគេកំពុងជួបប្រទះ។ អត្ថបទការស្រាវជ្រាវដែលបានចុះក្នុង Journal of Patient Experience  កាលពីឆ្នាំ ២០១៧ បានបង្ហាញថា អ្នកដឹកនាំដែលយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បុគ្គលិក ផ្តល់ឲ្យមានបរិយាកាសនៃការទំនាក់ទំនង និងបទពិសោធន៍ល្អៗឲ្យគ្នាទៅវិញទៅមក។ ការស្តាប់មតិយោបល់ ផ្តល់ចំណាប់អារម្មណ៍ ផ្តល់រង្វាន់ ផ្តល់ជំនួយឧបត្ថម្ភផ្សេងៗ និងជួយលើកទឹកចិត្ត គឺសុទ្ធតែបង្ហាញថា អ្នកជាអ្នកដឹកនាំល្អម្នាក់ចំពោះពួកគេ។

តើអ្វីទៅគឺជាភាពវៃឆ្លាតផ្នែកអារម្មណ៍ (Emotional Intelligent ឬ EQ)?

៥. សណ្តោសប្រណី ឬមានសណ្តានចិត្តល្អ (៣៦%)

ការសណ្តោសប្រណី ឬមានសណ្តានចិត្តល្អ មិនដូចទៅនឹងការយល់ពីសុខទុក្ខរបស់បុគ្គលិកនោះទេ។ ក្រៅពីតម្រូវការទាំងប៉ុន្មានចំណុចខាងលើនេះ បុគ្គលិករបស់អ្នក ក៏ត្រូវការភាពអនុគ្រោះ ការអាណិតអាសូរ ភាពសណ្តោសប្រណី និងទឹកចិត្តល្អរបស់អ្នកចំពោះពួកគេផងដែរ។ ពួកគេត្រូវការចំណុចនេះពីអ្នកដើម្បីបង្ហាញថា អ្នកនៅផ្តល់តម្លៃ ការរាប់អាន និងការគោរពស្រលាញ់ចំពោះពួកគេដែលផ្តល់គុណសម្បត្តិដ៏ពិសេសមួយ គឺរក្សាបានទំនាក់ទំនងល្អក្នុងនាមជាចៅហ្វាយនាយ និងកូនចៅ។ ជាពិសេសនោះ ប្រសិនបើអ្នកចាប់បានកំហុសពួកគេ អ្នកត្រូវធ្វើឲ្យពួកគេចេះទទួលកំហុស និងឈរនៅពីក្រោយពួកគេដើម្បីជួយពួកគេ។  អ្នកត្រូវធ្វើឲ្យពួកគេចេះកែប្រែកំហុស និងរៀនសូត្រពីកំហុសទាំងនោះ ហើយធ្វើវាឲ្យកាន់តែល្អជាងមុន។ នេះហើយជាតួនាទីភាពជាអ្នកដឹកនាំល្អរបស់អ្នក។

តើគុណធម៌ចាំបាច់របស់អ្នកដឹកនាំមានអ្វីខ្លះ?

ប្រភព៖ Inc., The 5 Skills Employees Most Want Their Boss to Have, According to New Research From LinkedIn


អត្ថបទទាក់ទង

ជំនាញសំខាន់ៗ ចំនួន៥ ដែលអ្នកគ្រប់គ្រងមានភាពខ្វះខាតបំផុត

 

 

Leave a Reply