គោលការណ៍គ្រប់គ្រងសំខាន់ៗចំនួន ១០ ពីលោក John D. Rockefeller មហាសេដ្ឋីដំបូងបង្អស់របស់អាម៉េរិក

លោក John D. Rockefeller គឺជាសេដ្ឋីពាន់លានមុនគេបង្អស់ក្នុងអាមេរិក។ បច្ចុប្បន្ន ប្រសិនបើគាត់នៅមានជីវិត គាត់មានទ្រព្យសម្បត្តិប្រហែល ៣៩៩.២ ពាន់លានដុល្លារ (399.2 Billion Dollar)។ គាត់គឺជាមនុស្សចូលចិត្តធ្វើការ ហើយក្រុមហ៊ុនប្រេងរបស់គាត់ដែលមានឈ្មោះថា Standard Oil គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅដើមសតវត្សទី២០ ដែលក្រោយមកក្លាយទៅជាក្រុមហ៊ុនប្រេងធំៗជាច្រើននៅលើពិភពលោកដូចជា BP, Exxon និង Chevron ជាដើម។ គាត់មិនត្រឹមតែមានទ្រព្យសម្បត្តិមហាសាលប៉ុណ្ណោះទេ គាត់ក៏ត្រូវបានគេស្គាល់ថាជាបុគ្គលដែលបានលះបង់ទ្រព្យសម្បតិ្តជាច្រើនដល់សង្គមជាតិថែមទៀតផង។​

សៀវភៅ “Titan: The Life of John D. Rockefeller Sr.” គឺជាសៀវភៅដែលគាត់បានសរសេរពីគោលការណ៍នៃការគ្រប់គ្រងដ៏អស្ចារ្យផងដែរ។ 

១. ស្មោះត្រង់ និងធ្វើឱ្យអ្នកដទៃទុកចិត្តបាន

លោក Rockeller បានធ្វើឱ្យបណ្តាអ្នកជំនួញសម័យនោះទុកចិត្តគាត់ ទោះក្នុងវ័យក្មេងក៏ដោយ ដែលអាចឱ្យគាត់ប្រមូលដើមទុនជាច្រើនក្នុងការរុករកប្រេងបន្ថែម។ គាត់មិនដែលប្រើភាសាមិនច្បាស់ដើម្បីបង្វែរការពិតទេ។ ហេតុផលនេះ បានបំផុសគំនិតជឿជាក់ពីធនាគារិកក្នុងអាជីពរបស់ក្រុមហ៊ុន Rockefeller ហើយថែមទាំងបានជួយសង្គ្រោះជំនួញរបស់មហាសេដ្ឋីប្រេងរូបនេះទៀតផង។ ក្នុងករណីមួយនាពេលនោះ នាយកម្នាក់ បានខឹងសម្បាចំពោះការបង្កើនឥណទានរបស់ក្រុមហ៊ុន Rockefeller បន្ទាប់ពីគាត់បានរងនូវការឆេះរោងចក្រចម្រាញ់ប្រេង។ សំណាងល្អ កេរ្តិ៍ឈ្មោះរបស់គាត់បាននាំមុខគាត់ ហើយនាយកម្នាក់ដែលមានឈ្មោះ Stillman Witt បានបញ្ជាឱ្យរៃអង្គាសប្រាក់ជូន Rockefeller ដោយគ្មានការស្ទាក់ស្ទើរ ហើយថែមទាំងផ្តល់ប្រាក់បន្ថែមដល់គាត់ប្រសិនបើចាំបាច់។

២. ទុកពេលខ្លះដើម្បីសម្រាក

លោក Rockefeller បានសរសេរក្នុងកំណត់ហេតុផ្ទាល់ខ្លួនរបស់គាត់ថា “វាគ្មានអ្វីដែលគួរឱ្យស្អប់ និងគួរឱ្យអាណិតជាងមនុស្សដែលខំចំណាយពេលវេលារបស់គាត់ទាំងអស់ទៅលើការងារដើម្បីរកប្រាក់ដែលជាចំណាប់អារម្មណ៍របស់គាត់។” គាត់មិនដូចមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសរុបទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះទេ Rockefeller ធ្វើការដោយសន្សឹមៗ។ គាត់ដេកសំរាកបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ ហើយដេកនៅលើកៅអីបន្ទាប់ពីអាហារពេលល្ងាចរួច។ នៅពាក់កណ្តាលអាយុ ៣០ ឆ្នាំគាត់បានបែងចែកពេលវេលារវាងការងារ និងផ្ទះរបស់គាត់។ តាមរបៀបនេះ គាត់អាចចំណាយពេល ៣ ឬ ៤ ម៉ោងពេលល្ងាចក្នុងមួយសប្ដាហ៍នៅឯផ្ទះថែសួន និងរីករាយនៅខាងក្រៅ។ Rockefeller ធ្លាប់បានប្រាប់អ្នកនិពន្ធម្នាក់ឈ្មោះ William Inglis ថា “វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលយើងទាំងអស់គ្នាអាចធ្វើបាន ប្រសិនបើយើងជៀសវាងពីភាពអៀនខ្មាស់ ហើយដើរទៅតាមគោលការណ៍មួយ និងរក្សាការព្យាយាមឲ្យបានច្រើន។

៣. មានកាលបរិច្ឆេទចំពោះថ្ងៃនីមួយៗ

លោក Rockefeller មានផែនការចំពោះថ្ងៃនីមួយៗរបស់គាត់ប្រៀបដូចជាទ្រនិចនាឡិកាអញ្ចឹង លោក Chernow បាននិយាយ។ រាល់ម៉ោងនៃជីវិតរបស់ពាណិជ្ជករ ត្រូវបាន “រៀបចំឡើងយ៉ាងតឹងរ៉ឹង” និង “ថវិកាយ៉ាងតឹងតែង” ពីការងារ សាសនា គ្រួសារ និងការធ្វើលំហាត់ប្រាណ។ យោងទៅតាមលោក Chernow កាលវិភាគដ៏តឹងរឹងនេះទំនងជាជួយ Rockefeller ដោះស្រាយជាមួយ “ភាពតានតឹង” នៅឯចក្រភពប្រេងរបស់គាត់ដែលងាយនឹងប្រែក្លាយជាមិនអាចគ្រប់គ្រងបាន។

ក្នុងនាមជាប្រធានក្រុមហ៊ុន Standard Oil លោក Rockefeller ស្ថិតក្រោម “ភាពតប់ប្រមល់ខ្លាំងណាស់” ហើយគាត់បានរកឃើញថា វាពិតជាធូរស្បើយក្នុងការគោរពតាមទម្លាប់ប្រចាំថ្ងៃ។

៤. មានការពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅហិរញ្ញវត្ថុរបស់ក្រុមហ៊ុន

លោក Chernow បាននិយាយថា “ភាពជាអ្នកដឹកនាំរបស់គាត់ គឺមានលក្ខណៈវែងឆ្ងាយយ៉ាងខ្លាំង។” គាត់ពិនិត្យនូវរាល់ការចំណាយតូចៗទាំងអស់របស់ក្រុមហ៊ុន។ នៅពេលដែលគាត់ត្រូវបានគេសួរថា “តើភាពជោគជ័យរបស់គាត់មានសកម្មភាពអ្វីខ្លះ?” គាត់បានឆ្លើយទៅវិញថា “ខ្ញុំបានកំណត់វិធានដោយហេតុផល ហើយគ្មានអ្វីក្រៅពីហេតុផលនេះទៀតទេ។” (I charted my course by figures, nothing but figures.)

មហាសេដ្ឋីប្រេងរូបនេះ បានរក្សាកំណត់ត្រាសរសេរដោយដៃនៃហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងអស់ ហើយបានកត់ត្រារាល់ការចំណាយតែមួយគត់ចុះទៅទសភាគចុងក្រោយ។ តាមរយៈការធ្វើដូច្នេះ Rockefeller ក៏អាចបង្កើត “គោលដៅគោល” ដែលគាត់អាចប្រៀបធៀបប្រតិបត្តិការ និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនរបស់គាត់។ ការធ្វើបែបនេះអាចជួយឱ្យគាត់កាត់បន្ថយការអះអាងខុសឆ្គងតាមប្រធានបទ ឬសក្តានុពលរបស់អ្នកក្រោមបង្គាប់។ លោក Rockefeller បាននិយាយថានៅពេលពិភាក្សាអំពីរបៀបដែលការកើនឡើងនៃចំនួនលេខនេះ បានរួមចំណែកដល់ភាពជោគជ័យរបស់គាត់។

៥. ចាត់តាំងនរណាម្នាក់ឱ្យធ្វើការងារ

សាជីវកម្មដ៏ធំដូច្នេះ Rockefeller ត្រូវប្រគល់ការទទួលខុសត្រូវដល់អ្នកដទៃ។ សម្រាប់ Rockefeller មានន័យថាយកខ្លួនចេញពីភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ និងឧទ្ទិសពេលវេលារបស់គាត់ទៅលើ “ការសម្រេចគោលនយោបាយទូលំទូលាយ” ។

មែនហើយលោក Rockefeller គឺមានទំនួលខុសត្រូវចំពោះក្រុមហ៊ុនរបស់គាត់។ តែគាត់តែងតែយកនរណាម្នាក់ដែលគាត់ទុកចិត្តយកមកហ្វឹកហាត់។ គាត់បាននិយាយថា “គ្មាននរណាម្នាក់អាចធ្វើរឿងគ្រប់យ៉ាងបាននោះទេ ប្រសិនបើគ្មានការចូលរួមពីអ្នកដទៃ។ ប្រសិនបើអ្នកឃើញនរណាម្នាក់ដែលអ្នកទុកចិត្ត ចូរយកគេមកហ្វឹកហាត់បន្ថែម ហើយឱ្យគេគិតអំពី Standard oil ដើម្បីរកប្រាក់បន្ថែម។”

៦. ខំប្រឹងដើម្បីភាពឥតខ្ចោះ

គាត់មានការប្រុងប្រយ័ត្ន និងធ្វើអ្វីមួយដោយមានបំណងចង់ឱ្យវាមានភាពឥតខ្ចោះ។ លោក Chernow បាននិយាយថា “គាត់តែងតែចុះហត្ថលេខាដោយការផ្ចិតផ្ចង់ និងប្រុងប្រយ័ត្ន ប្រៀបដូចជាសិល្បៈអញ្ចឹង។”

ជាប្រធានក្រុមហ៊ុន Standard Oil លោក Rockefeller បានសរសេរសំបុត្រពាណិជ្ជកម្មរាប់ពាន់ និងធ្វើឱ្យមានការកែប្រែយ៉ាងល្អិតល្អន់ជាច្រើន។ ភាពឆ្លាតវៃបានផ្តល់ឱកាសឱ្យគាត់ទទួលបានភាពល្អឥតខ្ចោះ។ អ្នកជំនួយការជាន់ខ្ពស់ម្នាក់បានរំឭកថា គាត់បានចុះហត្ថលេខាលើលិខិតមួយច្បាប់ដែលមានភាពជាក់លាក់ និងការយកចិត្តទុកដាក់ជាទីបំផុត។

៧. បង្កើតសាមគ្គីភាពគ្នា

 មួយក្នុងចំណោមទេពកោសល្យដ៏អស្ចារ្យបំផុតរបស់ Rockefeller គឺការលើកទឹកចិត្តសហការីចម្រុះរបស់គាត់។ វិធីមួយក្នុងចំណោមវិធីដែលគាត់បានធ្វើគឺការដាក់ “គុណភាពខ្ពស់ទៅលើភាពសុខដុមខាងក្នុង” និងការផ្សះផ្សារវាងមេដឹកនាំក្រុមហ៊ុន Standard Oil ។

“គាត់តែងតែទទួលយោបល់ពីអ្នកដទៃជាមុនសិន មុននឹងគាត់បង្ហាញយោបល់របស់គាត់ ដើម្បីឱ្យមានភាពស្និទ្ធស្នាលក្នុងការប្រាស្រ័យជាមួយអ្នកដទៃ” លោក Chernow បានសរសេរ។

គាត់ក៏បានដំណើរការដោយការមូលមតិគ្នាផងែរ (Consensus) ។ មហាសេដ្ឋីរូបនេះមិនទទួលយកគំនិតផ្តួចផ្តើមណាមួយដែលសមាជិកក្រុមប្រឹក្សាភិបាលបានជំទាស់ ហើយការសម្រេចចិត្តអាជីវកម្មទាំងអស់ត្រូវតែបំពេញ “ការសាកល្បងខ្ពស់បំផុតនៃការអនុម័តជាឯកច្ឆ័ន្ទ” ។

៨. បង្កើតប្រព័ន្ធគាំទ្រមួយ

គាត់បានធ្វើឱ្យបរិយាកាសក្នុងក្រុមហ៊ុន Standard Oil ឱ្យមានភាពទុកចិត្តគ្នា ដែលជាកត្តាសំខាន់ក្នុងការបង្កើតប្រព័ន្ធនូវការគាំទ្រគ្នាទៅវិញទៅមក។

ទោះបីជា Rockefeller មានការឈ្លោះប្រកែកគ្នា និងការជជែកវែកញែកជាមួយមេដឹកនាំនៅក្រុមហ៊ុនរបស់គាត់ក៏ដោយ ប៉ុន្តែមានទំនាស់ និងការច្រណែនគ្នាតិចតួចណាស់ដែលរំពឹងថានឹងឃើញនៅក្នុងសាជីវកម្មដ៏ធំមួយនេះ។

យោងតាមការពន្យល់របស់សេដ្ឋវិទូរូបនេះ នាយកទាំងឡាយរបស់ក្រុមហ៊ុន Standard Oil ត្រូវបានចងសម្ព័ន្ធភាពគ្នាជាបងប្អូនដោយជំនឿអស់ពីចិត្ត ហើយទំនាក់ទំនងដ៏រឹងមាំរបស់ពួកគេ ផ្តើមចេញពីជំនឿរួមគ្នា។

៩. ជំរុញការប្រកួតប្រជែង

ប្រសិនបើគ្មានការប្រកួតប្រជែងទេ នោះក្រុមហ៊ុនទាំងឡាយប្រៀបដូចជាការមានកំហុសមួយដែលនាំឱ្យយក្ស (ក្រុមហ៊ុន) នោះមានភាពយឺតយ៉ាវ។ គាត់បានបន្តទៀតថា “កម្លាំងជំរុញមួយដែលធ្វើឱ្យមានលទ្ធផលល្អបំផុតមួយ គីការដឹកនាំគ្នាឱ្យមានភាពសកម្ម និងការធ្វើការប្រកបដោយវឌ្ឍភាពឆ្ពោះទៅកាន់ការប្រកួតប្រជែង។”

១០. គោរពបុគ្គលិករបស់អ្នក

គាត់ជឿជាក់ថា មូលហេតុដែល Napoleon Bonaparte ទទួលបរាជ័យ គឺដោយសារតែគាត់គ្មានសេនា។ ហើយវាក៏ដូចគ្នា លោកបានជឿថា គាត់ទទួលបានជោគជ័យ គឺដោយសារតែគាត់មានលទ្ធភាពក្នុងការធ្វើឱ្យបុគ្គលិករបស់គាត់មានភាពសកម្មឡើង។ គាត់កម្រស្តីបន្ទោសនរណាម្នាក់ណាស់ ទោះជាគាត់ជាបុគ្គលិកអន់យ៉ាងណាក៏ដោយ ហើយគាត់ក៏មិនងាយសរសើរនរណាម្នាក់ដែរ។ តែគាត់ចូលចិត្តប្រគល់ភាពទុកចិត្តដល់មនុស្សដែលគាត់ទុកចិត្តបាន ដែលនេះហើយជាកត្តាមួយដ៏សំខាន់ក្នុងក្រុមហ៊ុនរបស់គាត់ឱ្យទទួលភាពជោគជ័យ។

សម្រួលពី៖ CNBC, 10 key management principles from John D. Rockefeller, America’s first billionaire

 

 


អត្ថបទទាក់ទង

គតិ​សំខាន់ៗ​ចំនួន ២១ ​ពី​សៀវភៅ​សហគ្រិន​ចំណាន ឬ គ្រប់មាគ៌ា​សុទ្ធ​តែ​ក្រាល​មាស​ ដោយលោក គឹម វូឈុង​

 

Leave a Reply