៧ចំណុចដែលពាក់ព័ន្ឋនឹងការសម្រេចចិត្តរបស់អ្នក

ជាការពិតការសម្រេចចិត្តជារឿងគួរឲ្យឈឺក្បាលខ្លាំងណាស់ ហេតុដូចច្នេះទើបមនុស្សទន់ជ្រាយ ឬគ្មានទំនុកចិត្តលើខ្លួនឯង មិនសូវជាហ៊ានសម្រេចចិត្តទេ ដោយតែងតែឲ្យអ្នកដទៃសម្រេចចិត្តជំនួស។ ចំណែកអ្នកខ្លះចូលចិត្តសម្រេចចិត្តដោយពឹងលើពាក្យចចាមអារ៉ាម ប្រជាមតិ ទំនៀមទម្លាប់ប្រពៃណី ឬតាមទម្លាប់ដើម្បីជាជំនួយ ជាដើម….។ល។ ដែលទាំងនេះ គឺជាទម្លាប់ដែលគេមិនទទួលស្គាល់ជាលាយលក្ខណ៍អក្សរ ឬបែបវិទ្យាសាស្រ្ត ព្រោះថាវាងាយស្រួល មិនសាំញ៉ាំច្រើន និងមិនបាច់ភ្នាល់ដោយចក្ខុវិស័យ ហើយបើថ្ងៃខាងមុខមានបញ្ហាអ្វីកើតឡើង នោះនឹងមានលេសដោះសារសម្រាប់បដិសេធក្នុងការទទួលខុសត្រូវ។

តើអ្វីទៅការ​សម្រេច​ចិត្ត​ដ៏ល្អ​តើវាទាម​ទារ​នូវ​លក្ខខណ្ឌ​អ្វីខ្លះ​ ដើម្បី​ទទួលបាន​នូវការ​សម្រេច​ចិត្តដ៏ល្អ​មួយ?  ខាងក្រោម​នេះ គឺជា​ចំណុច​គន្លឹះ​ៗចំនួន៧ ដើម្បី​សិក្សា​ពិចារណា​ទាំង​អស់​គ្នា៖

១.  ការ​សម្រេច​ចិត្ត​ល្អដែលជះ​​ឥទ្ធិពល​ជាវិជ្ជមាន​ដល់​អ្នក​ដទៃ

ការ​សម្រេច​ចិត្ត​តែង​តែ​ជះឥទ្ធិពលដល់​ខ្លួន​អ្នក​ផ្ទាល់ ​និងអ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​​ជាមិន​ខាន ប៉ុន្តែ​អ្វីដែល​សំខាន់ ​អ្នកត្រូវ​ច្បាស់ថា​ការ​សម្រេច​ចិត្ត​នោះប៉ះ​ពាល់​ជាវិជ្ជមាន​ដល់​អ្នក​ដទៃ​ និងនាំមក​នូវការ​រីក​ចម្រើន​ដល់​អ្នក​និង​ពួក​គេ។

២.  ការ​សម្រេច​ចិត្ត​ល្អដើម្បីប​ង្កើត​ឱកាស

ការ​សម្រេច​ចិត្តដ៏​មាន​ប្រសិទ្ធភាព​ គឺជា​ការ​សម្រេច​ចិត្ដ​ដែល​ពង្រឹង​អ្នកដទៃ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ពួកគេ​ឱ្យមាន​ភាព​ប្រសើរ​ឡើង។​

៣.  ការសម្រេច​ចិត្ត​ល្អតែង​តែរាប់​បញ្ចូល​អ្នក​ដទៃ​

ដូចជា​ការសម្រេច​ចិត្តនៅ​ក្នុង​ក្រុមហ៊ុន​ ឬស្ថាប័ន​ណាមួយ​ជាដើម ​គឺត្រូវតែ​យកមក​គិត​ពិចារណា​នូវ​អ្នក​ពាក់​ព័ន្ធ​ទាំង​ឡាយ​ ទើប​ការ​សម្រេច​ចិត្ត​នោះ​ឆ្លុះ​បញ្ចាំង​អំពី​ស្មារតី​ការងារ​រួម​របស់​អង្គភាព។

៤.  ការ​សម្រេច​ចិត្តដ៏​ល្អអាច​អនុវត្ត​បាន​

ការសម្រេច​ចិត្ត​ខ្លះ​ជាការ​សម្រេច​ចិត្ត​ដ៏ល្អ ​ប៉ុន្តែ​វាមិន​អាច​អនុវត្ត​បា​នឡើយ។​ ដូច្នេះ​ក្នុង​នាម​ជា​អ្នក​ធ្វើការ​សម្រេចចិត្ត​អ្នកត្រូវ​តែប្រាកដ​និយម​ ហើយ​រាល់​ការសម្រេច​ចិត្ត​របស់​អ្នក​ អ្នកត្រូវតែ​សួរខ្លួន​ឯង​ថា​តើវា​អាច​អនុវត្ត​បាន​ឬក៍យ៉ាងណា។

៥.  ការ​សម្រេច​ចិត្ត​ល្អ គឺមាន​លក្ខណៈ​ជាប្រព័ន្ធ

ការ​សម្រេច​ចិត្ត​មួយ​ដ៏ល្អត្រូវ​ការ​ពេល​វេលា​ ធនធាន​ជាក់​ស្ដែង ​និងការ​យល់​ដឹង​យ៉ាង​ច្បាស់​លាស់ ​ដើម្បី​ឈាន​​ទៅរក​គោល​ដៅ​មួយ​សម្រាប់​អត្ថប្រយោជន៍​រួម។​

៦.  ការសម្រេច​ចិត្តល្អ ​គឺមាន​គណនេយ្យ​ភាព​

ភាព​ច្បាស់​លាស់​នឹង​ក្លាយ​ទៅជា​គណ​នេយ្យ​ភាព​នៅក្នុង​ការសម្រេច​ចិត្ត​ ព្រោះ​បើការ​សម្រេច​ចិត្ត​ពាក់​ព័ន្ធ​នឹង​ផលប្រយោជន៍​អ្នក​ដទៃ​ដែរ​នោះ ​អ្នកមិន​ត្រូវ​មាន​ការលាក់​បាំង​ឡើយ។​

៧.  ការសម្រេច​ចិត្ត​ល្អអាច​ដោះ​ស្រាយ​បញ្ហានៅ​ក្នុង​ស្ថាន​ភាព​ជាក់​ស្ដែង​

រាល់ការសម្រេច​ចិត្ត​មិន​មែន​សុទ្ធតែ​អាច​ដោះស្រាយ​បញ្ហា​បាន​ឡើយ ដូច្នេះ​ការ​សម្រេច​ចិត្តដ៍​ល្អ គឺ​ជាការ​សម្រេច​ចិត្តដែល​តែង​តែអាច​ផ្ដល់​ដំណោះ​ស្រាយ​ជាក់​ស្ដែង​ក្នុង​ស្ថានភាព​ដ៏លំបាក​ណា​មួយ។

សរុបមក ក្នុងសម័យដែលអ្វីគ្រប់យ៉ាងស្រពេចស្រពិលមិនសូវជាច្បាស់លាស់ អ្នកសិក្សា អ្នកធ្វើការ ធុរជន និងអ្នកនយោបាយតែងតែប្រឈមនឹងបញ្ហាស្មុគស្មាញ ហើយបើមិនអាចវិនិច្ឆ័យ និងសម្រេចចិត្តយ៉ាងត្រឹមត្រូវទាន់ពេលទេ នោះអាចនឹងមានផលអាក្រក់ដ៏គួរឲ្យសង្វេគបាន។ ដូច្នេះទើបកាតព្វកិច្ចយើងទាំងអស់គ្នា ជាពិសេស ធុរជន និងអ្នកនយោបាយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ទៅៗ និងប្រឈមនឹងគ្រោះថ្នាក់ជាខ្លាំង។ ដូច្នេះទើបយើងត្រូវខិតខំ ប្រឹងប្រែង សិក្សារៀនសូត្រ ចម្រើនបញ្ញា ស្មារតី  អត់ធ្មត់វិនិច្ឆ័យដោយមិនភ័យខ្លាច និងអភិវឌ្ឍខ្លួនឯងបន្តបន្ទាប់មិនថាវ័យតិចច្រើនប៉ុណ្ណា ដើម្បីអាចធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ឋផល។


Leave a Reply