កុំមើលរំលង អ្នកដឹកនាំដែលមានគុណសម្បត្តិ​ទាំងនេះ

ភាពជាអ្នកដឹកនាំត្រឹមត្រូវ គឺមានសារសំខាន់ណាស់ ពីព្រោះវាជម្រុញឲ្យមានការប្រាស្រ័យទាក់ទងប្រកបដោយសុជីវធម៌ ការបើកចំហ ភាពពិតប្រាកដ និងការប្រាស្រ័យទាក់ទងគ្នាជាច្រើនទៀត។ មិនតែប៉ុណ្ណោះ វាគឺជាចំណាប់អារម្មណ៍ដ៏ល្អបំផុតរបស់អ្នកដឹកនាំក្នុងការធ្វើការកែលម្អភាពត្រឹមត្រូវរបស់ពួកគេដើម្បីជួយអភិវឌ្ឍឥរិយាបថ ការប្តេជ្ញាចិត្ត និងគំនិតច្នៃប្រឌិតរបស់និយោជិករបស់ពួកគេដែលអាចនាំឲ្យមានភាពប្រសើរឡើងនៃការអនុវត្តកិច្ចការងាររបស់ពួកគេ។

ការ​ពិត​ជាក់ស្តែង មានគុណ​សម្បត្តិ​នៃភាពជាអ្នកដឹកនាំជា​ច្រើន​ដែល​មនុស្ស​មិន​ឲ្យ​តម្លៃ និង​មើល​រំលង ព្រោះតែ​ភាព​លំបាក​ក្នុង​ការ​រក្សា​វា។ ខាងក្រោម​នេះ គឺជា​គុណសម្បត្តិ​របស់​អ្នកដឹកនាំ​ល្អ​ៗ​ដែល​មនុស្ស​ភាគច្រើន​មើល​រំលង ៖

១. មនុស្សធម៌

អ្នកដឹកនាំ​ល្អជា​មនុស្ស​ពូកែ​ដាក់ខ្លួន។ ពួក​គេ​ហ៊ាន​ទទួលស្គាល់​ពេល​ដែល​ពួក​គេ​មិន​ចេះ​អ្វីមួយ ហើយ​ពួក​គេ​តែងតែ​មានការ​បើក​ទូលាយ​ក្នុង​ការ​រៀន​ពី​ចំណេះដឹង ឬ​ជំនាញ​ថ្មី​ៗ។ មនុស្សធម៌​ធ្វើ​ឲ្យ​មនុស្ស​ដែល​ធ្វើការ​ជាមួយ​គោរព​ស្រលាញ់ និង​ចង់​ខិតខំ​បន្ថែម​ដើម្បី​ដល់​អ្នកដឹកនាំ​ម្នាក់​នោះ។

២. ចិត្តល្អ

អ្នកដឹកនាំ​ដែល​ល្អជា​មនុស្ស​ដែល​មាន​ទឹកចិត្ត​ចង់​ជួយ​អ្នក​ដទៃ​ បើ​ទោះជា​ពួក​គេ​ត្រូវ​លះបង់​ពេលវេលា ឬ​ធនធាន​ផ្សេង​ៗ​ពិតមែន​ក្តី។ ហើយ​ពួក​គេ​តែងតែ​ព្យាយាម​ស្វែងរក​វិធី​ដើម្បី​ជួយ​មនុស្ស​ឲ្យ​បាន​កាន់តែ​ច្រើន​ទៀត​ផង។

៣. ការ​ចូល​ចិត្ត​នៅ​ម្នាក់ឯង​

ភាព​ជា​អ្នកដឹកនាំ និង​ការ​ចូល​ចិត្ត​នៅ​ម្នាក់ឯង​មាន​ទំនាក់ទំនង​គ្នា​ដែរ។ ក្នុង​នាម​ជា​អ្នកដឹកនាំ ពួក​គេ​មិន​អាច​ស្ថិត​ក្នុង​ចំណោម​មនុស្ស​គ្រប់ពេលវេលា និង​ទីកន្លែង​ទេ។ ពួក​គេ​តែងតែ​ត្រូវការ​ពេល​នៅ​ម្នាក់ឯង​ដើម្បី​គិត​ពី​ដំណោះស្រាយ ឬ​គម្រោងការ​ណាមួយ​ដែល​ជួយ​ដល់​ក្រុម និង​ក្រុមហ៊ុន។ 

៤. ពូកែ​ស្តាប់

ការ​ពូកែ​ស្តាប់ ស្ថិត​ក្នុង​ចំណោម​គុណសម្បត្តិ​អ្នកដឹកនាំ​ដែល​មនុស្ស​មើល​រំលង​ច្រើន​ជាងគេ ព្រោះ​មនុស្ស​ភាគច្រើន​មើលទៅ​អ្នកដឹកនាំ​ជា​មនុស្ស​ដែល​តែងតែ​អាច​ឆ្លើយ​គ្រប់​សំណួរ និង​ដឹកនាំ​ក្រុមការងារ​ច្បាស់លាស់​ពី​អ្វី​ដែល​ពួក​គេ​ត្រូវធ្វើ។ ប៉ុន្តែ​អ្នកដឹកនាំ​ល្អ​ក៏​ជា​អ្នក​ដែល​ពួក​គេ​សួរ​សំណួរ​ល្អ​ៗ​ដែរ និង​ពឹងផ្អែក​លើ​ក្រុមការងារ​ដើម្បី​ស្វែ​ករក​វិធី​ដើម្បី​សម្រេច​បាន​គោលដៅ​ណាមួយ​វិញ។ វា​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ឲ្យ​សមាជិក​ក្នុង​ក្រុម​រៀប​ពី​ភាព​ជា​អ្នកដឹកនាំ​ដែរ។

៥. ការ​បរាជ័យ​

មិន​មាន​អ្នកដឹកនាំ​មួយ​រូប​ណា​ដែល​មិន​ដែល​បរាជ័យ​ទេ។ ការ​បរាជ័យ​ប្រៀប​បានជា​គ្រូបង្រៀន​ដ៏​ល្អ​ជាងគេ ហើយ​មនុស្ស​អាច​រៀនសូត្រ​ជា​ច្រើន​ពី​ភាព​បរាជ័យ​ដែល​ខ្លួន​បាន​ជួប​ប្រទះ។ អ្នកដឹកនាំ​ល្អ​បាន​ឆ្លងកាត់​ការ​បរាជ័យ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ដែល​ជា​មូលហេតុ​ពួក​គេ​មានចំណេះ​ដឹង​ និង​បទ​ពិសោធ​ក្នុង​ការ​ដឹកនាំ​ល្អ។


អត្ថបទទាក់ទង

ការពិត ៩យ៉ាង ដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អម្នាក់

Leave a Reply