អ្នកមិនអាចដឹកនាំបានទេ នៅពេលដែលអ្នកភ័យខ្លាច
សេចក្តីភ័យខ្លាច អាចបំផ្លាញជីវិតដ៏ស្រស់បំព្រងរបស់អ្នក លើសពីអ្វីដែលអ្នកអាចគិតស្រមៃដល់។ ដោយគុណសម្បត្តិនៃភាពជាមនុស្ស យើងគ្រប់ៗគ្នាមានសក្តានុពលក្នុងការដឹកនាំ ដោយមិនចាំបាច់ត្រូវមានឋានៈ ឬតួនាទី ហើយអាចសម្រេចកិច្ចការធំៗ ដែលជួយជំរុញទឹកចិត្តអ្នកនៅជុំវិញយើង តាមរយៈភាពជាគំរូឈានមុខរបស់យើង។ យ៉ាងណាមិញ សំឡេងភ័យខ្លាច ដែលបន្លឺតិចៗ ចេញពីគំនិតរបស់អ្នក រារាំងអ្នកមិនឲ្យហ៊ានធ្វើកិច្ចការធំៗទាំងឡាយដែលអ្នកចង់សាកល្បង។
លោក រ៉ូប៊ីន ហ្សាម៉ា (Robin Sharma) ដែលជាអ្នកជំនាញខាងភាពជាអ្នកដឹកនាំ បានចែករំលែកបទពិសោធន៍របស់លោកថា៖
កាលពីឆ្នាំមុន ខ្ញុំមានឱកាសបានទៅកំសាន្តនៅប្រទេសនូវែលសេឡង់រយៈពេល ៣សប្តាហ៍។ ពេលនោះ ខ្ញុំមានលទ្ធភាពបានទៅលេងកីឡាជិះស្គីនៅលើភ្នំ។ ឧទ្ធម្ភាគចក្របានយកអ្នកទៅទម្លាក់នៅលើកំពូលភ្នំ រួចអ្នកត្រូវជិះស្គីចុះមកក្រោម។ វាជាបទពិសោធន៍មួយនៃការប្រឈម ការរំភើប និងពោរពេញដោយមេរៀនសម្រាប់ការរីកលូតលាស់។ ខាងក្រោមនេះ ជាមេរៀនខ្លះៗដែលយើងអាចយកមកអនុវត្តសម្រាប់ការដឹកនាំធុរកិច្ច និងជីវិត៖
១. អ្នកមិនរីកលូតលាស់ទេ នៅក្នុងស្ថានភាពងាយស្រួលធម្មតា
អ្វីដែលខ្ញុំចង់និយាយ គឺថាបើអ្នកស្ថិតក្នុងស្ថានភាពដែលសុខស្រួល អ្នកនឹងមិនលូតលាស់ទៅមុខនោះទេ។ ទោះបីជាយ៉ាងណា បើអ្នកហ៊ានប្រឈមមុខតទល់នឹងអ្វីដែលអ្នកភ័យខ្លាច ដោយដើរទៅដល់ដែនកំណត់របស់អ្នក នោះអ្នកនឹងដឹងថា ដែនកំណត់របស់អ្នកនឹងលូតលាស់ទៅមុខបន្តទៀត។
២. អ្នកមិនដឹងទេ រហូតទាល់តែអ្នកសាកល្បង
វាងាយស្រួលណាស់ដែលខ្ញុំអាចបដិសេធឱកាសក្នុងការជិះស្គីពីលើភ្នំខ្ពស់ដែលគួរឲ្យខ្លាច។ ខ្ញុំអាចស្វែងរកលេសរាប់ពាន់ក្នុងការបដិសេធធ្វើរឿងនេះ។ ប៉ុន្តែអ្នកដឹកនាំដោយមិនចាំបាច់មានឋានៈ ឬតួនាទី អាចដឹង និងមិនឲ្យឱកាសដ៏ល្អនេះរំលងបាននោះទេ។ ដូច្នេះ ខ្ញុំក៏ចាប់យកឱកាសនេះ។ ដោយសារតែខ្ញុំបានសាកល្បងជិះស្គីពីកំពូលភ្នំ ខ្ញុំមិនគ្រាន់តែក្លាយជាអ្នកជិះស្គីដ៏ពូកែជាងមុនទេ គឺខ្ញុំទទួលបានបទពិសោធន៍ និងភាពខ្លាំងក្នុងជីវិត ដែលមានអត្ថប្រយោជន៍សម្រាប់កិច្ចការធំៗផ្សេងទៀត។
៣. នៅជ្រុងម្ខាងទៀតនៃសេចក្តីភ័យខ្លាចរបស់អ្នក អ្នកនឹងរកឃើញភាពជឿជាក់របស់អ្នក
នៅពេលដែលយើងហ៊ានធ្វើរឿងដែលយើងភ័យខ្លាច ដែលវានៅខ្ពស់ហួសពីភាពងាយស្រួលរបស់យើង ភាពជឿជាក់របស់យើងនឹងលូតខ្ពស់ជាងមុន។ នៅពេលដែលភាពជឿជាក់របស់ខ្ញុំកើនខ្ពស់ជាងមុន ក្នុងការជិះស្គីពីកំពូលភ្នំ វាក៏បង្កើនភាពជឿជាក់របស់ខ្ញុំក្នុងការធ្វើធុរកិច្ច និងក្នុងការរស់នៅផងដែរ។
៤. ជីវិតរបស់អ្នកខ្លីណាស់ ចូរចាប់ផ្តើមប្រយុទ្ធជាមួយនឹងភាពភ័យខ្លាចរបស់អ្នក
ជីវិតមួយដែលសម្បូរបែប ពោរពេញដោយភាពមានបាន គឺជាជីវិតមួយដែលឆ្លងកាត់ការផ្សងព្រេងជាច្រើន។ ចូរកុំឲ្យខកខានឱកាសសម្រាប់ការរីកលូតលាស់នៃជីវិតរបស់អ្នក ហើយរីករាយជាមួយការសាកល្បងនូវអ្វីដែលថ្មីៗ និងនៅខ្ពស់លើសពីភាពសុខស្រួលរបស់អ្នក។
សម្រួលពី៖ Robin Sharma, “You can’t lead in fear”
អត្ថបទទាក់ទង