ហេតុអ្វីអ្នកគ្រប់គ្រង់ មិនគួរបន្ទោសថ្នាក់ក្រោមនៅកន្លែងការងារ?

កំហុសតែងតែមាន ហើយពេលខ្លះ អ្នកចង់ដឹងថា តើអ្នកណាជាអ្នកធ្វើខុស ដើម្បីងាយស្រួលបន្ទោសអ្នកនោះ។ បើអ្នកជាអ្នកគ្រប់គ្រងគេ សូមកុំធ្វើបែបនេះ។ បុគ្គលិក ត្រូវការអ្នកណែនាំ ប៉ុន្តែមិនត្រូវអ្នកចាំតែបន្ទោសនោះទេ។ បុគ្គលិកមិនអាចធ្វើការ ដោយខ្លាចខុសគ្រប់ពេល ហើយបញ្ចេញសមត្ថភាពអស់បានទេ។

ខាងក្រោមនេះជាហេតុផល ៣យ៉ាង ដែលអ្នកគួរតែពិចារណាឡើងវិញ មុននឹងបន្ទោសអ្នកដទៃ៖

ហេតុផលទី១ ៖ វាគ្រាន់តែជាលេស

Brian Tracy បានឲ្យនិយមន័យការបន្ទោសអ្នកដទៃ ថាជាការយកលេសដោះសាររបស់មនុស្ស។ ការយកលេស បង្ហាញពីភាពមិនចាស់ទុំរបស់អ្នកគ្រប់គ្រង។ ការយកលេស អាចធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្តពីថ្នាក់លើ។

អ្នកបន្ទោសអ្នកដទៃ ព្រោះអ្នកមិនចង់ដោះស្រាយបញ្ហាប៉ុណ្ណោះ។ អ្នកយករួចខ្លួនបាន តែតួនាទីរបស់អ្នកនឹងអាចបាត់បង់។

ហេតុផលទី២​ ៖ វាមិនមែនជាដំណោះស្រាយ

អ្នកគ្រប់គ្រង គួរតែជាមនុស្សដែលពូកែដោះស្រាយបញ្ហា មិនមែនជាមនុស្សយករួចខ្លួនពេលមានបញ្ហានោះទេ។ ពេលអ្នកបន្ទោសអ្នកដទៃ អ្នកបានដកខ្លួនចេញពីដំណោះស្រាយបាត់ទៅហើយ។ ដំណោះស្រាយរបស់អ្នក នឹងបង្ហាញពីសមត្ថភាពក្នុងការគ្រប់បញ្ហា ហើយជាឱកាសដែលអ្នកអាចទទួលបានចំណេះដឹងថ្មីទៀតផង។

អានអត្ថបទ អត្តចរិតអ្នកដែលពូកែដោះស្រាយបញ្ហា ដើម្បីរៀនធ្វើខ្លួនជាអ្នកដោះស្រាយម្នាក់ដែរ។

ហេតុផលទី៣ ៖ វាធ្វើឲ្យអ្នកបាត់បង់ម្ចាស់ការ

អ្នកគ្រប់គ្រង ត្រូវរៀនគិតដូចជាអ្នកដឹកនាំ។ ពេលមានអ្នកណាធ្វើអ្វីខុសមួយ ត្រូវចូលរួមដោះស្រាយបញ្ហា ទោះបីជាអ្នកមិនមែនជាមេបង្កបញ្ហានោះក៏ដោយ។ ការធ្វើបែបនេះ បង្ហាញពីម្ចាស់ការលើស្ថានភាព និង​តួនាទីរបស់ខ្លួនឯង។

ទោះបីអ្នកជាអ្នកគ្រប់គ្រង តែអ្នកក៏ត្រូវមានភាពជាអ្នកដឹកនាំដែរ

អ្នកគ្រប់គ្រង ឆ្លាតរក្សាទំនួលខុសត្រូវរបស់ខ្លួន ដោយចូលរួមគ្រប់ពេលដែលស្ថាប័នមានបញ្ហា។

រឿងតូចតាច មិនគួរខាតពេលបន្ទោសទេ។ រឿងធំដុំ អ្នករឹតតែមិនគួរបន្ទោសអ្នកដទៃ។ អ្នកអាចរកពេលហៅបុគ្គលិកមកជជែកណែនាំបាន ដើម្បីជៀសវាងពួកគាត់ធ្វើខុសដដែលៗ នៅថ្ងៃក្រោយ។ ការបន្ទោស មិនមែនជាវិធីគ្រប់គ្រងបុគ្គលិកទេ ហើយក៏មិនមែនជាវិធីធ្វើឲ្យគេគោរពអ្នកដទៃ។

កំហុសខ្លះ ជាឱកាសដែលជួយឲ្យបុគ្គលិករៀន បើពួកគេកំពុងរៀន ស្រាប់តែអ្នកទៅបន្ទោស ថ្ងៃក្រោយពួកគេក៏លែងហ៊ានរៀនអ្វីដែរ។

Leave a Reply

Your email address will not be published. Required fields are marked *