ហេតុផលសំខាន់ៗចំនួន ៣ ដែលបញ្ជាក់អំពីសារៈសំខាន់នៃទស្សនវិស័យក្នុងជីវិត

ទស្សនវិស័យ គឺជាទស្សនៈដែលត្រឹមត្រូវ ច្បាស់លាស់ ជាក់ស្ដែង និងប្រាកដប្រជា ក្នុងការដោះស្រាយបញ្ហាអ្វីមួយ។ នេះមានន័យថា គឺជាការមើលឃើញច្បាស់លាស់ និងជាក់ស្ដែង ដោយបញ្ញាថា បញ្ហាអញ្ចឹង ត្រូវតែដោះស្រាយបែបហ្នឹង។

ទស្សនវិស័យរបស់ក្រុមហ៊ុន ជាធាតុសំខាន់មួយសម្រាប់ស្ថាប័ន។ វាជួយផ្តល់ឱ្យក្រុមហ៊ុននូវទិសដៅដើម្បីធ្វើដំណើរទៅមុខ និងផ្តល់គោលបំណងទូលំទូលាយដល់បុគ្គលិកឱ្យអនុវត្តតាម។ បើគ្មានទស្សនវិស័យច្បាស់លាស់ទេ ក្រុមហ៊ុននឹងជាប់គាំងមិនអាចទៅណារួចទេ។

ក្នុងនាមជាសហគ្រិន លោកអ្នកប្រហែលដឹងរឿងនេះរួចទៅហើយ។ លោកអ្នកក៏ប្រហែលវិនិយោគពេលវេលាច្រើនក្នុងការបង្កើតទស្សនវិស័យសម្រាប់ក្រុមហ៊ុន និងប្រឹងប្រែងប្រមូលផ្តុំមនុស្សគ្រប់គ្នាឱ្យយល់អំពីទស្សនវិស័យនោះ។ ប៉ុន្តែចុះទស្សនវិស័យសម្រាប់ជីវិតវិញ? មនុស្សភាគច្រើនមិនបានគិតអំពីទស្សនវិស័យជីវិតឱ្យដូចទស្សនវិស័យក្រុមហ៊ុនទេ។ ប៉ុន្តែរឿងទាំងពីរនេះមិនខុសគ្នាទេ។

ដូចទស្សនវិស័យរបស់ក្រុមហ៊ុនដែរ ការបង្កើតទស្សនវិស័យសម្រាប់ជីវិតផ្តល់ទិសដៅដើម្បីធ្វើដំណើរទៅមុខ។ គោលដៅវែងឆ្ងាយដែលកើតចេញពីការបង្កើតទស្សនវិស័យជីវិតអាចផ្តល់ភាពច្បាស់លាស់និងជួយលោកអ្នកឱ្យមើលឃើញកន្លែងដែលត្រូវទៅ។ ជាលទ្ធផលលោកអ្នកអាចងាយស្រួលគ្រប់គ្រងស្ថានការណ៍ដែលកើតឡើងក្នុងជីវិត។

ខាងក្រោមនេះ ជាហេតុផលមួយចំនួនទៀតដែលបញ្ជាក់អំពីសារៈសំខាន់នៃទស្សនវិស័យក្នុងជីវិត ៖

១. ទស្សនវិស័យកំណត់ការរំពឹងទុក

ជោគជ័យពិបាកកំណត់និយមន័យឱ្យបានច្បាស់ណាស់។ រឿងមួយដែលសហគ្រិនម្នាក់កំណត់ថាជាជោគជ័យប្រហែលខុសពីរឿងដែលសហគ្រិនផ្សេងទៀតចាត់ទុកថាជាជោគជ័យ។ មនុស្សខ្លះចង់លះបង់គ្រប់យ៉ាងដើម្បីបង្កើតពាណិជ្ជកម្មត្រឹមតែមួយប៉ុណ្ណោះ ចំណែកមនុស្សខ្លះទៀតចង់បង្កើតហើយបង្កើតទៀត។

ការស្គាល់ទស្សនវិស័យក្នុងជីវិតរបស់ខ្លួនឯង និងជួយឱ្យលោកអ្នកកំណត់ការរំពឹងទុកចំពោះជោគជ័យ។ នៅពេលលោកអ្នកដឹងថាលោកញអ្នកចង់សម្រេចបានអ្វីខ្លះក្នុងជីវិត លោកអ្នកនឹងខិតកាន់តែជិតទៅរកការរំពឹងទុកផ្ទាល់ខ្លួនអំពីជោគជ័យ។

កុំបណ្តោយឱ្យការបង្កើតទស្សនវិស័យក្នុងជីវិតក្លាយជាសម្ពាធអារម្មណ៍។ លោកអ្នកអាចកែប្រែ ឬផ្លាស់ប្តូរផែនការជានិច្ច។ បើលោកអ្នកយល់ឃើញថាគោលដៅ ឬអាទិភាពរបស់លោកអ្នកផ្លាស់ប្តូរ លោកអ្នកអាចត្រឡប់ទៅផ្ទៀងផ្ទាត់ជាមួយទស្សនវិស័យរបស់លោកអ្នកបានគ្រប់ពេល។

២. ទស្សនវិស័យប្រាប់អត្ថន័យនៅពីក្រោយគោលដៅ

ការកំណត់គោលដៅពិតជាចាំបាច់ណាស់សម្រាប់បន្តដំណើរជីវិតទៅមុខ។ បើគ្មានគោលដៅទេ មនុស្សពិតជាពិបាកបង្កើតផ្លូវទៅរកជោគជ័យណាស់។ ប៉ុន្តែ បើលោកអ្នកគ្រាន់តែបង្កើតគោលដៅ ដោយគ្មានទិសដៅទូលំទូលាយនៅក្នុងចិត្តទេ ការប្រឹងប្រែងរបស់លោកអ្នកក៏គ្មានប្រយោជន៍អ្វីដែរ។

សូមគិតដល់ទស្សនវិស័យរបស់លោកអ្នកឱ្យដូចជាទិសដៅដែលត្រូវទៅ គឺវាជាគោលដៅចុងក្រោយ។ វានឹងផ្តល់គោលបំណងទូលំទូលាយដែលគ្របដណ្តប់លើគោលដៅតូចៗដែលលោកអ្នកប្រឹងប្រែងសម្រេចរាល់ថ្ងៃ។ ការបង្កើតទស្សនវិស័យជាការដាក់អត្ថន័យទៅក្នុងគោលដៅ។

៣. ទស្សនវិស័យជួយឱ្យងាយស្រួលជម្នះឧបសគ្គ

នៅពេលលោកអ្នកប្រឹងប្រែងដើម្បីរីកចម្រើនក្នុងនាមជាសហគ្រិន លោកអ្នកចៀសមិនផុតពីឧបសគ្គខ្លះទេ។ បើលោកអ្នកមិនប្រឹងប្រែងទេ លោកអ្នកមិនអាចសម្រេចគោលដៅទេ។ ប៉ុន្តែនៅពេលលោកអ្នកដើរដល់ផ្លូវទ័ល លោកអ្នកត្រូវការអ្វីម្យ៉ាងលើសពីការប្រឹងប្រែងដើម្បីជម្នះឧបសគ្គ។ អ្វីម្យ៉ាងដែលលោកអ្នកត្រូវការនោះ គឺទស្សនវិស័យនេះឯង។ នៅពេលលោកអ្នកមានអ្វីម្យ៉ាងដើម្បីផ្តោតការយកចិត្តទុកដាក់ទៅលើហើយនោះ លោកអ្នកនឹងដឹងថាការជម្នះឧបសគ្គមានសារៈសំខាន់យ៉ាងណា។

សម្រួលពី៖ Inc.


អត្ថបទទាក់ទង

គុណសម្បត្តិ ២១ប្រការ ដែលមិនអាចខ្វះបានរបស់អ្នកដឹកនាំ

Leave a Reply

Your email address will not be published. Required fields are marked *