តើអ្វីជាការគ្រប់គ្រងគម្រោង?
តើគម្រោងជាអ្វី? (What is a project?)
គម្រោង គឺជាការប្រមូលផ្ដុំនៃសកម្មភាពជាច្រើនដែលពាក់ព័ន្ធគ្នា ដែលនឹងត្រូវអនុវត្ដតាមបែបបទដែលបានរៀបចំរួចជាស្រេច ដោយមានចំណុចចាប់ផ្ដើម និងបញ្ចប់ច្បាស់លាស់។ គោលបំណងរបស់គម្រោង គឺធ្វើយ៉ាងណាឱ្យសម្រេចបាននូវលទ្ធផលជាក់លាក់ ដើម្បីបំពេញតាមតម្រូវការយុទ្ធសាស្ដ្ររបស់អង្គភាពមួយ។ ការងាររបស់គម្រោង គឺលើសពីសកម្មភាពអាជីវកម្មធម្មតារបស់អង្គភាពមួយ។ សកម្មភាពនានារបស់គម្រោងមានទំនាក់ទំនងជាលំដាប់លំដោយ ពោលគឺ សកម្មភាពជាក់ស្ដែងមួយចំនួនត្រូវតែធ្វើឱ្យរួចរាល់ មុននឹងសកម្មភាពថ្មីមួយទៀតអាចចាប់ផ្ដើមបាន ដោយផ្អែកលើលក្ខណៈបច្ចេកទេស ឬរដ្ឋបាល។ ឧទាហរណ៍សាមញ្ញមួយចំនួននៃគម្រោងមានដូចខាងក្រោម ៖
- ការស្ថាបនាស្ថានីយ៍ថាមពលកម្ដៅដែលមានកម្លាំង៥០០MW
- ការស្ថាបនាផ្លូវរថភ្លើងក្រោមដី
- ការស្ថាបនាស្ពានឆ្លងទន្លេ
- ការស្ថាបនាភោជនីយដ្ឋាន ឬរោងចក្រ
- ការបោះពុម្ពសៀវភៅ/ព្រឹត្តិបត្រព័ត៌មាន
ការគ្រប់គ្រងគម្រោង (Managing a project)
ការគ្រប់គ្រងគម្រោង គឺជាដំណើរការប្រកបដោយថាមពលយ៉ាងសកម្មដែលត្រូវប្រើប្រាស់ធនធានរបស់អង្គភាព ឱ្យបានសមស្របតាមរចនាសម្ព័ន្ធគ្រប់គ្រង ដើម្បីសម្រេចគោលបំណងច្បាស់លាស់មួយចំនួនដែលបានកំណត់នៅក្នុងតម្រូវការជាយុទ្ធសាស្ដ្រ ។ គម្រោងត្រូវគ្រប់គ្រងនៅក្នុងរង្វង់នៃបញ្ហាដែលប្រឈមនឹងពេលវេលា តម្លៃ ឬធនធានមនុស្សដែលមាន។ ការបញ្ចប់គម្រោងតាមពេលវេលាកំណត់ គឺមានសារៈសំខាន់ណាស់ ពីព្រោះការពន្យាពេលគម្រោងនាំមានបញ្ហាដូចខាងក្រោម ៖
- កើនតម្លៃគម្រោងតាមរយៈប្រាក់ឈ្នួល
- ការចំណាយធនធានបន្ថែមលើគម្រោង ធ្វើឱ្យអ្នកទទួលផលខកចិត្ដ
- ខាតបង់ប្រាក់ចំណេញ ប្រសិនបើគម្រោងស្វែងរកកម្រៃ (ឧទាហរណ៍៖ ស្ថានីយ៍ថាមពលអគ្គីសនី ឬការបូមយកប្រេង)
ដូច្នេះ ការអនុវត្ដគម្រោងទាន់ពេលវេលាជាគោលបំណងចម្បងមួយនៃការគ្រប់គ្រងគម្រោង។ គោលបំណងនៃការកសាងផែនការគឺដើម្បីធានាឱ្យសកម្មភាពទាំងអស់ ត្រូវបានកំណត់ និងដាក់ចេញជាកាលវិភាគឱ្យគម្រោងចប់តាមពេលកំណត់នេះ។ ការគ្រប់គ្រងគម្រោងរួមមានមុខងារគួរឱ្យចាប់អារម្មណ៍មួយចំនួនដូចជា ការកសាងផែនការ រចនាសម្ព័ន្ធតួនាទី ការសម្របសម្រួល និងការត្រួតពិនិត្យ។ គម្រោងពាក់ព័ន្ធនឹងក្រុម ការងារ និងការដោះស្រាយបញ្ហាតាមដំណាក់កាលផ្សេងៗពីគ្នា។
ដំណាក់កាលគម្រោង (Stages of a project)
គម្រោងប្រព្រឹត្ដិទៅតាមដំណាក់កាលមូលដ្ឋានចំនួន៤ ៖
១. ទស្សនទាន និងនិយមន័យគម្រោង ៖ ដំណាក់កាលនេះគឺជាការកំណត់នូវសេចក្ដីត្រូវការរបស់គម្រោងដែលបានឯកភាពគ្នាជាមួយអ្នកដែលចាប់អារម្មណ៍លើលទ្ធផលគម្រោង។
២. ការកសាងផែនការគម្រោង ៖ ដំណាក់កាលនេះពាក់ព័ន្ធនឹងដំណើរការនៃការកសាងផែនការគម្រោងដើម្បីបង្កើតកាលវិភាគជាក់ស្ដែងមួយ ដែលឆ្លើយតបទៅនឹងការប្រឈមនានារបស់គម្រោង។
៣. ការអនុវត្ដគម្រោង ៖ ដំណាក់កាលនេះសំដៅលើការចាប់ផ្ដើមគម្រោង និងការធានាថាគ្រប់គ្នានៅក្នុងក្រុមយល់ច្បាស់លាស់អំពីសកម្មភាព ក៏ដូចជាការប្រឈមនានា ។ សកម្មភាពត្រូវបានអនុវត្ដដោយពិចារណាលើការផ្លាស់ប្ដូរណាដែលអាចកើតមានឡើងនៅក្នុងផែនការ។
៤. ការបញ្ចប់គម្រោង និងប្រគល់សមិទ្ធិផលឱ្យអ្នកទទួលផលៈ ដំណាក់កាលនេះគឺផ្ដោតទៅលើការរៀបចំដើម្បីឱ្យអ្នកទទួលផលទទួលស្គាល់ និងការប្រគល់ជូន ដោយធានាថាគម្រោងពិតជាបានផ្ដល់នូវលទ្ធផលតាមការព្រមព្រៀង និងឆ្លងតាមដំណើរការវាយតម្លៃគម្រោងផងដែរ។
ដំណាក់កាលទាំង៤នេះ គឺជាចំណាត់ថ្នាក់ងាយស្រួលក្នុងការយល់អំពីគម្រោង។ តាមពិត គម្រោងភាគច្រើនធ្វើជាដដែលៗច្រើនសារគួរឱ្យកត់សម្គាល់។ ក្នុងដំណាក់កាលអនុវត្ដគម្រោងណាមួយ អាចមានការពិនិត្យឡើងវិញលើនិយមន័យគម្រោង ធ្វើផែនការការងារម្ដងទៀត រៀបចំកាលវិភាគសកម្មភាពសាជាថ្មី។ ទិដ្ឋភាពបម្រែបម្រួលនៃគម្រោងទាំងនេះ គឺធ្វើឱ្យអ្វីៗគ្រប់យ៉ាងរៀបរយដើម្បីសម្រេចឱ្យបានលទ្ធផលរំពឹងទុក។