តើអ្វីជាភាពខុសគ្នារវាងគ្រូបង្វឹក អ្នកពិគ្រោះយោបល់ ទីប្រឹក្សា ឬ អ្នកណែនាំ?
យោងតាមវចនានុក្រម Merriam Webster គ្រូបង្វឹក (Coach) គឺជាគ្រូឯកជន ឬ ជាអ្នកណែនាំ ឬ បណ្តុះបណ្តាល។ អ្នកពិគ្រោះយោបល់ (Consultant) គឺជាអ្នកដែលពិគ្រោះជាមួយអ្នកដទៃ ឬ ផ្តល់សេវាកម្មវិជ្ជាជីវៈដល់អ្នកដទៃ។ ទីប្រឹក្សា (Advisor) គឺជាអ្នកដែលផ្តល់អនុសាសន៍ដល់នរណាម្នាក់អំពីអ្វីដែលគួរធ្វើ។ អ្នកណែនាំ (Mentor) គឺជាទីប្រឹក្សា ឬ អ្នកមគ្គុទេសក៏ដែលអាចទុកចិត្តបាន។ ទាំងនេះគឺជានិយមន័យដ៏សាមញ្ញ ប៉ុន្តែពិតជាផ្តល់គុណតម្លៃតិចតួច ឬ គ្មានសោះ សម្រាប់នាយកប្រតិបត្តិអាជីវកម្មដែលកំពុងស្វែងរកគ្រូបង្វឹក អ្នកពិគ្រោះយោបល់ ទីប្រឹក្សា ឬ អ្នកណែនាំ។ ដូច្នេះ ខ្ញុំសូមពន្យល់ពីរបៀបដែលពាក្យទាំងនេះត្រូវបានប្រើប្រាស់នៅក្នុងរង្វង់អាជីវកម្ម និងអត្ថន័យរបស់វាក្នុងន័យជាក់ស្តែង ប្រសិនបើអ្នកកំពុងស្វែងរកដើម្បីយល់ដឹងបន្ថែម។
គ្រូបង្វឹក (Coach)
គ្រូបង្វឹក ជួយអ្នកឱ្យឃើញនូវអ្វីដែលអ្នក ឬ ក្រុមរបស់អ្នកមើលមិនឃើញ ដោយសួរអ្នកនូវសំណួរដែលអ្នកដទៃខ្លាចក្នុងការសួរ។ គ្រូបង្វឹក ក៏អាចជួយអ្នក និង/ឬ ក្រុមរបស់អ្នក រៀនពីមធ្យោបាយថ្មីនៃការគិតផងដែរ។ នៅក្នុងន័យសាមញ្ញ ពួកគេនាំមកនូវក្បួន ឬ វិធីសាស្រ្តផ្សេងៗគ្នា។ ក្នុងនាមជាគ្រូបង្វឹកយុទ្ធសាស្ត្រ ខ្ញុំជួយមនុស្សជាច្រើន និងក្រុមដែលជាអ្នកយុទ្ធសាស្រ្តដ៏អស្ចារ្យ ប៉ុន្តែពួកគេជាប់គាំងក្នុងការគិត ក្បួន ឬ វិធីសាស្រ្តរបស់ពួកគេ។ ពួកគេជាប់គាំងដោយសារតែពួកគេមិនអាចមើលឃើញថាហេតុអ្វីបានជាយុទ្ធសាស្រ្តរបស់ពួកគេមិនផ្តល់លទ្ធផលដែលពួកគេរំពឹងទុក។ គ្រូបង្វឹក មិនធ្វើការងារពិតប្រាកដ ដើម្បីផ្លាស់ប្តូរលទ្ធផលនោះទេ ពួកគេជួយអ្នកឱ្យមើលឃើញពីរបៀបដែលការគិត ក្បួន ឬ វិធីសាស្រ្តរបស់អ្នកមិនដំណើរការ។ បន្ទាប់មក ពួកគេសួរសំណួរជាច្រើន ដូច្នេះអ្នកអាចកែសម្រួលអ្វីដែលអ្នក ឬ ក្រុមរបស់អ្នកកំពុងធ្វើ ដើម្បីទទួលបានលទ្ធផលដែលអ្នកកំពុងស្វែងរក។ ដោយសារតែប្រហែល ៨៥% នៃការសម្រេចចិត្តរបស់អ្នក ស្ថិតនៅក្នុងចិត្តគំនិតរបស់អ្នក ហើយរត់ចេញពីគំរូចាស់នៅក្នុងជីវិត ឬ អាជីវកម្មរបស់អ្នក គ្រូបង្វឹកជួយអ្នកឱ្យមើលឃើញគំរូដែលមិនផ្តល់លទ្ធផលដែលអ្នកចង់បាន។ គ្រូបង្វឹកមិនធ្វើការងារសម្រាប់អ្នកទេ ពួកគេជួយការយល់ដឹងរបស់អ្នក ដូច្នេះ អ្នក និងក្រុមរបស់អ្នក អាចសម្របខ្លួនឆ្ពោះទៅរកការតម្រង់ទិសកាន់តែរឹងមាំ ដើម្បីទទួលបានលទ្ធផលដែលអ្នកកំពុងស្វែងរក។
អ្នកពិគ្រោះយោបល់ (Consultant)
អ្នកពិគ្រោះយោបល់ ជួយអ្នក ឬ ក្រុមរបស់អ្នកឲ្យទទួលបានលទ្ធផលដែលអ្នកកំពុងស្វែងរក ដោយធ្វើការងារជាមួយអ្នក ឬ សម្រាប់អ្នក ដើម្បីទទួលបានការផ្លាស់ប្តូរ និង/ឬលទ្ធផលដែលអ្នកចង់បាន។ អ្នកពិគ្រោះយោបល់ ស្វែងយល់ពីអ្វីដែលអ្នក ឬ ក្រុមរបស់អ្នកកំពុងធ្វើ បន្ទាប់មកបង្កើតផែនការ ឬ លទ្ធផលថ្មី។ ពួកគេធ្វើការងារដែលអ្នក ឬ ក្រុមរបស់អ្នកអាចធ្វើដោយខ្លួនឯង ប្រសិនបើអ្នកមានធនធាន និង/ឬ ទេពកោសល្យ។ អ្នកពិគ្រោះយោបល់ភាគច្រើន មានជំនាញដែលអ្នក ឬ ក្រុមរបស់អ្នកប្រហែលជាខ្វះខាត។ ពួកគេគាំទ្រគម្រោង ឬ គំនិតផ្តួចផ្តើមជាមួយនឹងជំនាញជាក់លាក់របស់ពួកគេ ហើយនៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់ ពួកគេនឹងបន្តទៅក្រុមហ៊ុន ឬ គម្រោងបន្ទាប់។ អ្អ្នកពិគ្រោះយោបល់ មានប្រយោជន៍ខ្លាំងណាស់ ប្រសិនបើក្រុមហ៊ុនមួយខ្វះធនធាន ឬ ទេពកោសល្យដែលពួកគេត្រូវការសម្រាប់លទ្ធផល។ អ្នកពិគ្រោះយោបល់ភាគច្រើន មិនដោះស្រាយជាមួយនឹងអាកប្បកិរិយាដែលត្រូវការផ្លាស់ប្តូរការគិតរបស់មនុស្សនោះទេ ពួកគេបានលើកដៃអាវរបស់ពួកគេ ហើយធ្វើអ្វីដែលចាំបាច់ដើម្បីទទួលបានលទ្ធផល។
ទីប្រឹក្សា (Advisor)
ទីប្រឹក្សា ជួយអ្នក ឬ ក្រុមរបស់អ្នកជាមួយនឹងបទពិសោធន៍ដែលអ្នកកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ដោយផ្តល់នូវដំបូន្មានផ្អែកលើជំនាញវិជ្ជាជីវៈរបស់ពួកគេ និង/ឬ បទពិសោធន៍ផ្ទាល់ខ្លួនជាមួយនឹងកាលៈទេសៈស្រដៀងគ្នាពីអតីតកាលរបស់ពួកគេ។ ពួកគេនឹងផ្តល់ឱ្យអ្នកនូវអនុសាសន៍ចំពោះវិធីសាស្រ្ត ឬ ការសម្រេចចិត្តដែលអ្នកប្រឈមមុខ។ ឧទាហរណ៍៖ ក្នុងអាជីពរបស់លោក ដេវីដ ឆាវេស (David Chavez) គាត់បានទិញ និងលក់ក្រុមហ៊ុនជាច្រើន ហើយបានជួយម្ចាស់អាជីវកម្មជាង ១០០នាក់ ធ្វើដូចគាត់។ ជាញឹកញយ ដោយសារប្រវត្តិ និងជំនាញរបស់គាត់ គាត់ត្រូវបានគេទាក់ទងឱ្យធ្វើជាទីប្រឹក្សានាយកប្រតិបត្តិដែលចង់បានដំបូន្មាន និងការណែនាំរបស់គាត់ នៅពេលពួកគេឆ្លងកាត់ដំណើរការនេះ។ ទីប្រឹក្សា គឺជាធនធានព័ត៌មានដ៏ល្អសម្រាប់អ្នក ឬ ក្រុមរបស់អ្នក ដោយប្រើបទពិសោធន៍របស់ពួកគេ។
អ្នកណែនាំ (Mentor)
អ្នកណែនាំ គឺជាគ្រូបង្វឹក អ្នកពិគ្រោះយោបល់ ឬ ទីប្រឹក្សា ដែលជាធម្មតាបំពេញមុខងារនេះដោយឥតគិតថ្លៃ។ ពួកគេមានគុណលក្ខណៈមួយ ឬ ទាំងអស់របស់គ្រូបង្វឹក អ្នកពិគ្រោះយោបល់ ឬ ទីប្រឹក្សាដ៏អស្ចារ្យ ហើយបានសម្រេចចិត្តប្រគល់មកវិញដោយទទួលយកទំនាក់ទំនងជាមួយអ្នកដោយមិនគិតថ្លៃ ព្រោះវាបំពេញតម្រូវការពួកគេក្នុងការប្រគល់មកវិញតាមរបៀបណាមួយ។ វាជារឿងសំខាន់ក្នុងការយល់ដឹងថា អ្នកណែនាំតែងតែបំពេញតម្រូវការនៅក្នុងខ្លួនពួកគេ និង/ឬ ពួកគេនៅកន្លែងណាមួយក្នុងជីវិត ឬ អាជីពរបស់ពួកគេ ដែលនេះជាគុណតម្លៃសម្រាប់ពួកគេ។ ប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ក្នុងការស្វែងរកអ្នកណែនាំ ចូរលោតចាប់ឱកាសនោះ។ ទោះជាយ៉ាងណាក៏ដោយ សូមប្រយ័ត្នថា ដំបូន្មាន “ឥតគិតថ្លៃ” មិនធ្វើឱ្យមានការវិនិច្ឆ័យល្អរបស់អ្នកអំពីអ្វីដែលអ្នកពិតជាត្រូវការនោះទេ។
អត្ថបទទាក់ទង