យុទ្ធសាស្រ្តសំខាន់ៗចំនួន ៥ ដើម្បីកែសម្រួលការគ្រប់គ្រង និងចាប់ផ្តើមភាពជាអ្នកដឹកនាំពិតប្រាកដ

ក្នុងនាមជាអ្នកគ្រប់គ្រង បើអ្នកជាមនុស្សមានផ្នត់គំនិតទទួលខុសត្រូវ គន្លឹះមិនមែនស្ថិតនៅត្រង់ការជឿជាក់ថា​ អ្នកជាមនុស្សឆ្លាតជាងគេបំផុតនោះទេ។ នៅពេលអ្នកគិតបែបនោះ អ្នកអាចនឹងបំផ្លាញទេពកោសល្យ និងសមត្ថភាពរបស់អ្នកក្នុងការដឹកនាំ។ អ្នកមិនត្រឹមតែធ្វើខ្លួនឱ្យរវល់នឹងការសម្រេចចិត្តគ្រប់យ៉ាងនោះទេ ប៉ុន្តែអ្នកក៏ប្រហែលលូកដៃចូលក្នុងកិច្ចការដែលមិនចាំបាច់ថែមទៀតផង។

ខាងក្រោមនេះជាយុទ្ធសាស្រ្តសំខាន់ៗចំនួន ៥ ដើម្បីកែសម្រួលការគ្រប់គ្រង និងចាប់ផ្តើមដឹកនាំក្រុមការងារទៅរកប្រសិទ្ធភាព និងផលិតភាពនៃការងារ៖

១. ជ្រើសរើស និងបណ្តុះបណ្តាលអ្នកខ្លាំង

ជួល និងអភិវឌ្ឍមនុស្សណាដែលមានទេពកោសល្យខ្ពស់ជាងអ្នក។ ត្រូវទទួលស្គាល់ថាតួនាទីរបស់អ្នកគឺបង្កើតជំនឿចិត្តនិងទេពកោសល្យរបស់ក្រុមការងារ។ ជាងនេះទៅទៀត អ្នកក៏ត្រូវជម្នះគំនិតចង់ចងក្រុមការងារនៅមួយកន្លែងដែរ ប៉ុន្តែត្រូវពង្រីកចំណុចខ្លាំងរបស់គេនៅគ្រប់ផ្នែកនៃពាណិជ្ជកម្ម។ នៅពេលអ្នកអាចដកខ្លួនថយមកមើលផ្នែកផ្សេងៗនៃពាណិជ្ជកម្មរបស់អ្នកមានន័យថាបេសកកម្មរបស់អ្នកក៏ចប់ហើយដែរ។

២. ផ្តល់កម្លាំងចិត្ត និងទំនួលខុសត្រូវ

អ្នកត្រូវធ្វើឱ្យមានភាពច្បាស់លាស់ជាមួយក្រុមការងារថាពេលណាដែលគេអាចធ្វើកិច្ចការបានដោយមិនបាច់រង់ចាំការសម្រេចចិត្តឬការអនុញ្ញាតពីអ្នក និងពេលណាដែលគេត្រូវសហការជាមួយអ្នក។ អ្នកត្រូវពន្យល់ឱ្យច្បាស់ថាអ្នកមិនចង់សម្រេចចិត្តគ្រប់រឿងទេ ប៉ុន្តែអ្នកក៏នៅតែបន្តជួយអភិវឌ្ឍជំនាញនិងបទពិសោធចាំបាច់រហូតដល់ក្រុមការងារអាចធ្វើការបានដោយឯករាជ្យ។

៣. គោរពចំពោះក្រុមការងារ

អ្នកមិនមែនជាមនុស្សឆ្លាតជាងគេទេ ដូច្នេះហើយឈប់ព្យាយាមគិតបែបនេះទៀតទៅ។ ចូរព្រមទទួលយកភាពឱនលំទោន និងជម្រុះមានះទាំងអស់របស់អ្នកចេញ។ គំនិតយោបល់មនុស្សគ្រប់គ្នា សុទ្ធតែមានតម្លៃទៅតាមកាលៈទេសៈ ហើយបើអ្នកព្រមស្តាប់ និងប្រមូលគំនិតទាំងអស់មកវិភាគថ្លឹងថ្លែង អ្នកនឹងឃើញគំនិតល្អលេចធ្លោខុសៗគ្នាមិនខាន។

៤. សុំយោបល់ពីមនុស្សជុំវិញខ្លួន

អញ្ជើញមិត្តរួមការងារឬក្រុមការងារណាដែលអ្នកទុកចិត្តមកពិនិត្យមើលរបៀបរបបនិងឥរិយាបថរបស់អ្នកនៅក្នុងពេលជួបប្រជុំ។ តើមនុស្សដែលមានហេតុផលអាចសន្និដ្ឋានបានថាអ្នកត្រូវធ្វើខ្លួនឱ្យគេឃើញថាឆ្លាតបំផុតទេ? អ្នកត្រូវត្រៀមខ្លួនទទួលយកយោបល់ពីគេនិងប្តេជ្ញាចិត្តផ្លាស់ប្តូរខ្លួនឯង។

៥. ប្រកាសបំណងរបស់អ្នក

បើគ្មានការពិតទេ មនុស្សនឹងបង្កើតរឿងគ្រប់យ៉ាង។ បើក្រុមការងាររបស់អ្នកមិនដឹងច្បាស់បំណងរបស់អ្នកទេ គេនឹងមានការសង្ស័យច្រើន។ អ្នកត្រូវវិនិយោគពេលវេលាចាំបាច់ដើម្បីធ្វើយ៉ាងណាឱ្យមនុស្សគ្រប់គ្នាដឹងមូលហេតុដែលអ្នកចូលរួមដឹកនាំពួកគេ។ នៅពេលគេដឹងបំណងអ្នកហើយ គេនឹងផ្តល់តម្លៃហើយចូលរួមពិតប្រាកដជាមួយអ្នក។

សូមចងចាំថា មនុស្សយើងមានភាពវៃឆ្លាតកាន់តែខ្លាំងនៅពេលរួមគ្នាជាក្រុម ជាជាងភាពវៃឆ្លាតរបស់បុគ្គលម្នាក់ៗ។ ហេតុដូច្នេះហើយ គ្មាននរណាម្នាក់ជាមនុស្សឆ្លាតបំផុតនោះទេ រួមទាំងអ្នកដឹកនាំដែរ។ 


អត្ថបទទាក់ទង

កំហុស​នៃការគ្រប់គ្រង​មនុស្ស​ចំនួន ៧ ដែល​នាំ​​ឲ្យ​ភាព​ជា​អ្នកដឹកនាំ​ចុះ​ខ្សោយ

Leave a Reply

Your email address will not be published. Required fields are marked *