កំហុសចម្បងៗចំនួន ៥ ដែលអ្នកគ្រប់គ្រងថ្មីគួរជៀសវាង
ជាទូទៅ ផ្នែកមួយដែលសំខាន់បំផុតដែលអ្នកត្រូវពង្រឹង ប្រសិនជាអ្នកចង់ក្លាយជាអ្នកដឹកនាំឆ្នើមនៅថ្ងៃខាងមុខ គឺធ្វើយ៉ាងណាឲ្យអ្នកចេះគ្រប់គ្រងមនុស្សបានល្អ។ មនុស្ស គ្រប់គ្រងមនុស្ស មិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាមិនដូចជាមនុស្សគ្រប់គ្រងវត្ថុឥតជីវិតនោះឡើយ។ មនុស្សខ្លះមានទេពកោសល្យដឹកនាំគេពីកំណើត ប៉ុន្តែទោះជាមនុស្សប្រភេទណាក៏ដោយ ក៏ត្រូវរៀនរបៀបគ្រប់គ្រងឱ្យមានប្រសិទ្ធភាពដែរ ប្រសិនចង់ធ្វើជាមេដឹកនាំជោគជ័យ។ ភាពជាអ្នកដឹកនាំ អាចនឹងមានបញ្ហាខ្លះៗសម្រាប់សហគ្រិន ឬមេដឹកនាំថ្មីដែលកំពុងតែព្យាយាមពង្រីកក្រុមហ៊ុន និងគ្រប់គ្រងក្រុមការងារក្នុងពេលជាមួយគ្នា។
ចំណុចសំខាន់ គឺត្រូវស្គាល់ក្រុមការងារឱ្យបានច្បាស់ និងដឹងថាគេត្រូវការអ្វីខ្លះពីលោកអ្នកក្នុងនាមជាមេដឹកនាំគេ។ តាមពិតទៅអ្នកគ្រប់គ្រងជើងថ្មីជាច្រើននាក់បង្កើតកំហុសនៅពេលកំពុងតែរៀនដឹកនាំ។ កំហុសខ្លះជារឿងតូចតាច ប៉ុន្តែក៏មានកំហុសខ្លះដែលធំ ហើយអ្នកគ្រប់គ្រងថ្មីត្រូវតែដឹង និងជៀសឱ្យផុតដែរបើចង់សន្សំពេល និងដើមទុន៖
១. គ្រប់គ្រងមនុស្សគ្រប់គ្នាក្នុងរបៀបតែមួយ
មេដឹកនាំល្អជាមនុស្សពូកែគិតរកវិធីជំរុញទឹកចិត្តសមាជិកក្រុមការងារនិងស្គាល់និស្ស័យបុគ្គលិកម្នាក់ៗ។ មេរៀននេះប្រហែលមិនងាយស្រួលសម្រាប់មេដឹកនាំប៉ុន្មានទេ ហើយអ្នកគ្រប់គ្រងខ្លះទទួលបាននៅក្រោយពេលបង្កើតកំហុសរួចទៅហើយ។ លោកAaron Schwartz សហស្ថាបនិកក្រុមហ៊ុនPassport បានសារភាពថា “នៅពេលខ្ញុំក្លាយជាអ្នកដឹកនាំគេលើកដំបូង ខ្ញុំមានរបៀបផ្ទាល់ខ្លួន គឺធ្វើការឱ្យច្រើនដោយគ្មានលេស ហើយទុករឿងផ្ទាល់ខ្លួននៅផ្ទះ។ ប៉ុន្តែមេដឹកជោគជ័យជាមនុស្សដែលពូកែប្រើក្រុមការងារ មិនមែនមនុស្សដែលព្យាយាមធ្វើឱ្យមនុស្សគ្រប់គ្នាខិតខំធ្វើការដូចខ្លួនឯងទាំងស្រុងនោះទេ។”
២. មិនចេះបត់បែនតាមស្ថានការណ៍
ភាពបត់បែនជាគន្លឹះនៅពេលលោកអ្នកគ្រប់គ្រងពាណិជ្ជកម្ម។ គន្លឹះនេះកាន់តែចាំបាច់ថែមទៀតនៅពេលលោកអ្នកគ្រប់គ្រងក្រុមការងារ។ មនុស្សធ្វើការបានប្រសើរនៅក្នុងបរិស្ថានការងារដែលមានភាពបត់បែន។ នៅពេលលោកអ្នកដកឃ្លាចេញពីការគ្រប់គ្រង់ល្អិតល្អន់គ្រប់ផ្នែក លោកអ្នកនឹងទទួលបានស្នាដៃការងារល្អបំផុតពីក្រុមការងារ។ លោកអ្នកត្រូវចងចាំថាគ្មាននរណាម្នាក់អាចធ្វើកិច្ចការគ្រប់យ៉ាងតែម្នាក់ឯងបានទេ ទោះជាមនុស្សនោះមានគំនិតអស្ចារ្យនិងសមត្ថភាពគ្រប់ជំនាញក៏ដោយ។ ដូច្នេះការចេះបត់បែននិងបណ្តោយតាមស្ថានការណ៍គន្លឹះសំខាន់ក្នុងការបែងចែកទំនួលខុសត្រូវ។
៣. គ្រប់គ្រងក្រុមការងារលម្អិតពេក
កំហុសទូទៅមួយរបស់ម្ចាស់ពាណិជ្ជកម្មជើងថ្មីគឺការព្យាយាមគ្រប់គ្រងប្រតិបត្តិការក្នុងក្រុមហ៊ុន។ លោក Frank Mengert ស្ថាបនិកក្រុមហ៊ុនebenefit Marketplace ក៏ធ្លាប់ជាមនុស្សម្នាក់បែបនេះដែរ ហើយលោកសារភាពថាលោកមានបញ្ហាក្នុងការទុកចិត្តក្រុមការងារ គឺត្រូវបង្ខំចិត្តគ្រប់គ្រងយ៉ាងល្អិតល្អន់នៅគ្រប់ទិដ្ឋភាពពាណិជ្ជកម្មទាំងអស់ហើយចង់លូកដៃក្នុងរឿងរ៉ាវគ្រប់យ៉ាង។ ការធ្វើបែបនេះមិនត្រឹមតែរំខានដល់សមត្ថភាពក្នុងការផ្តោតចិត្តលើការពង្រីកពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឱ្យក្រុមការងារលែងមានម្ចាស់ការនិងទំនួលខុសត្រូវ ហើយខ្លាចមិនហ៊ានផ្តួចផ្តើមគំនិតអ្វីទាំងអស់។
៤. ព្យាយាមសម្តែងឱ្យគេឃើញថាចេះគ្រប់យ៉ាង
មេដឹកនាំខ្លះព្យាយាមធ្វើពុតហាក់ដូចជាខ្លួនគេមានចម្លើយគ្រប់ពេលសម្រាប់ដោះស្រាយបញ្ហាទាំងអស់ដែលកើតឡើងរាល់ថ្ងៃ។ ពុតត្បុតបែបនេះកាន់តែចាក់ឫសជ្រៅថែមទៀតនៅពេលក្រុមហ៊ុនរីកពីតូចទៅកាន់តែធំនិងមានបុគ្គលិកកាន់តែច្រើន។ លោកKasey Kaplan ស្ថាបនិកនិងជាប្រធានក្រុមហ៊ុនUrban FT បានរំឭកថា “កំហុសធំបំផុតរបស់ខ្ញុំគឺការមិនហ៊ានបង្ហាញភាពទន់ខ្សោយ និងការមិនចេះបែងចែកការងារនិងតួនាទីឱ្យបានត្រឹមត្រូវ។” ការប្រើប្រាស់មនុស្សតាមជំនាញនៅក្នុងក្រុមនិងទាក់ទងគ្នាដោយបើកទូលាយជាគន្លឹះនៃការបើកច្រកគំនិតច្នៃប្រឌិត។
៥. ចាត់ទុករឿងការងារជារឿងផ្ទាល់ខ្លួនពេក
សហគ្រិនជាច្រើនចាត់ទុកពាណិជ្ជកម្មដូចជាកូនរបស់គេដែរ គឺជារបស់ដែលគេបង្កើតឡើងនិងមានទំនួលខុសត្រូវពេញទំហឹងចំពោះការថែរក្សានិងពង្រីករហូតដល់ចំណុចជោគជ័យ។ សហគ្រិនបែបនេះងាយនឹងមើលឃើញកំហុសឆ្គងនិងបរាជ័យជារឿងផ្ទាល់ខ្លួនណាស់ ប៉ុន្តែស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុនJones Therapy Serices លោកស្រីGinger Jones រំឭកម្ចាស់ពាណិជ្ជកម្មទាំងអស់ថា ពេលខ្លះស្ថានភាពមិនល្អមិនមែនសុទ្ធតែកើតឡើងដោយសារលោកអ្នកនោះទេ។
សម្រួលពី៖ Inc., New Managers: Avoid These 7 Mistakes to Be a More Successful Leader
អត្ថបទទាក់ទង