បើចង់ក្លាយជានាយកប្រតិបត្តិ (CEO) អ្នកត្រូវដឹងភារកិច្ចសំខាន់ៗទាំងនេះជាមុនសិន

ក្រុមហ៊ុន​មួយ​ដែល​មាន​​នាយក​ប្រតិបត្តិ ​(CEO) ដ៏​​មាន​សក្ដានុពល​ម្នាក់​ ពិត​ជា​អាច​ដឹកនាំ​ក្រុមហ៊ុន​​​ឲ្យ​​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​ជាក់ជា​មិនខាន។ ទោះបី​​ជា​បែប​នេះក្ដី ​ជា​ទូទៅ​ ភាព​​​​ជា​នាយក​ប្រតិបត្តិដ៏​ល្អ​ពោរពេញ​ទៅ​ដោយ​​សមត្ថភាព និង​ជា​ទី​ស្រឡាញ់​ និង​​គួរ​គោរព​​របស់​​បុគ្គលិក​គ្រប់គ្នា​ម្នាក់ ត្រូវ​ទាមទារ​មាន​លក្ខណសម្បត្តិ​​មួយ​ចំនួន​ជា​គ្រឹះ​សម្រាប់​​​ភាព​លូតលាស់​ស្ថាប័ន​របស់​ខ្លួន។

តួនាទីរបស់ CEO​ អាចមានលក្ខណៈផ្សេងគ្នាទៅតាមប្រភេទក្រុមហ៊ុន។ CEO ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ និងជាអ្នកសម្រេចចិត្តក្នុងក្រុមហ៊ុន។ ភារកិច្ចរបស់អ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនមួយ អាចមានភាពទូលំទូលាយ និងគ្រប់ដណ្តប់ច្រើនតាំងពីការសម្រេចចិត្តទាក់ទងទៅនឹងទិសដៅយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន រហូតដល់ការរក្សាកម្រិតយល់ដឹងអំពីអ្វីៗដែលគូប្រជែងកំពុងតែធ្វើ។ CEO មានភារកិច្ចដឹកនាំ គ្រប់គ្រង និងប្រតិបត្តិក្នុងកម្រិតខ្ពស់ ដើម្បីធានាដល់ជោគជ័យនៃពាណិជ្ជកម្មទាំងមូល។

តួនាទីសំខាន់ៗទាំង៦ របស់នាយកប្រតិបត្តិ (CEO) សម្រាប់ក្រុមហ៊ុនដែលទើបបើកដំណើរការ

តំណែងជា CEO នរណាក៏ចង់បានដែរ ប៉ុន្តែមនុស្សជាច្រើនមិនទាន់បានដឹងទេថា វាមានភាពលំបាក ឬក៏ស្រួលយ៉ាងណានោះទេ។ តំណែងជានាយកប្រតិបត្តិទទួលបានប្រាក់ប្រចាំឆ្នាំរាប់លានដុល្លារ ហើយពួកគេមានអំណាចក្នុងការធ្វើការសម្រេចចិត្តនៅក្នុងក្រុមហ៊ុនធំៗថែមទៀតផង។ បើទោះជាទទួលបានអត្ថប្រយោជន៍ច្រើនក៏ដោយ ប៉ុន្តែពួកគេទទួលរងសម្ពាធការងារ ភាពហ្មត់ចត់ ការបែងចែកពេលវេលាជាច្រើនទៀត។

ខាងក្រោមនេះជាភារកិច្ចជាក់លាក់មួយចំនួនដែល CEO ត្រូវអនុវត្តតាម​៖

១. បង្កើតទិសដៅសម្រាប់ធនធានមនុស្ស

តើក្រុមហ៊ុន Xerox, Dunkin’ Donuts និង General Motors មានចំណុចត្រង់ណាខ្លះដែលដូចគ្នា? គឺគេតម្លើងមុខតំណែង អនុប្រធានផ្នែកធនធានមនុស្សទៅជា CEO។ ទោះបីយុទ្ធសាស្រ្តមួយនេះ មិនសូវមានការអនុវត្តច្រើន ក៏វាបង្ហាញអំណាចនៅពីក្រោយនាយកដ្ឋានធនធានមនុស្សដែរ និងជាការបង្ហាញរបៀបដែល CEO គួរតែគិតជាយុទ្ធសាស្រ្តជានិច្ចអំពីបុគ្គលិករបស់ក្រុមហ៊ុន។ ក្រុមហ៊ុនមួយ ទទួលបានជោគជ័យ លុះត្រាតែបុគ្គលិកសំខាន់ៗរបស់ក្រុមហ៊ុននោះបន្តរៀន និងរីកចម្រើន។

ការបង្កើតក្រុមការងារក្នុងក្តីសុបិន ជាបញ្ហាលំបាក ប៉ុន្តែវាក៏ជាកិច្ចការដែលមានតម្លៃគួរតែធ្វើដែរ។ ការវិនិយោគលើបុគ្គលិក ក៏នឹងធ្វើឱ្យមានភាពខុសគ្នាក្នុងការរក្សាបានបុគ្គលិកនៅធ្វើការយូរអង្វែងដែរ។ ការសិក្សាមួយ បានបង្ហាញថា ការរៀន និងអភិវឌ្ឍន៍ ជាអត្ថប្រយោជន៍សំខាន់បំផុតរបស់បុគ្គលិក ក្នុងការសម្រេចចិត្តថា ត្រូវជ្រើសរើសការងារធ្វើនៅក្នុងក្រុមហ៊ុនណាមួយ។ ក្នុងនាមជា CEO បើលោកអ្នកអាចពង្រឹងជំនាញរបស់ក្រុមការងារ និងរក្សាបុគ្គលិកដែលមានទេពកោសល្យឱ្យបន្តធ្វើការបានយូរអង្វែង នោះភាគីទាំងសងខាងនឹងឈ្នះដូចគ្នា។

២. បង្កើតបណ្តាញទំនាក់ទំនងពាណិជ្ជកម្ម

ការបង្កើតបណ្តាញទំនាក់ទំនង ពាណិជ្ជកម្មអាចបម្រើដល់គោលដៅជាច្រើននៅក្នុងក្រុមហ៊ុន ហើយក៏ជាភារកិច្ចសំខាន់មួយសម្រាប់ CEO ដែរ។ កិច្ចការនេះ អាចមានទំាងការភ្ជាប់ទំនាក់ទំនងជាមួយក្រុមអ្នកផ្គត់ផ្គង់ ការស្វែងរកឱកាសទិញដូរដែលមានសក្តានុពល ការចូលរួមក្នុងព្រឹត្តិការណ៍ឧស្សាហកម្មដែលពាក់ព័ន្ធ ការយល់ដឹងបញ្ហាប្រឈមរួម និងការបង្កើតក្រុមអ្នកគ្រប់គ្រងក្រុមហ៊ុនជាដើម។

ទំនាក់ទំនងជាមូលដ្ឋាននៃពាណិជ្ជកម្ម ហើយសមត្ថភាពដើម្បីចែករំលែក និងផ្លាស់ប្តូរគំនិតជាមួយអ្នកដទៃ ពិតជាមានតម្លៃណាស់។ ហើយមានឱកាសល្អដែលរលករីកចម្រើនបន្ទាប់របស់ក្រុមហ៊ុន នឹងកើតឡើងតាមរយៈការបង្កើតទំនាក់ទំនងរបស់ CEO។ ការពង្រីកជំនាញរបស់ CEO ពិតជាមានតម្លៃណាស់ ប៉ុន្តែគេមិនអាចប្រៀបបានជាមួយនឹងភាពរីកចម្រើនដែលមេដឹកនាំបង្កើតឡើង តាមរយៈការបង្កើតទំនាក់ទំនងជាយុទ្ធសាស្រ្តនោះទេ។

៣. សម្រេចចិត្តលើទិសដៅយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន

ទិសដៅយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនមួយ អាចមានទាំងគុណតម្លៃ បេសកកម្ម ទស្សនវិស័យ និងយុទ្ធសាស្រ្តជាទូទៅ។ នេះជាទំនួលខុសត្រូវរបស់ CEO ដែលត្រូវគិតរកមើលគ្រប់របៀប និងច្របាច់ធាតុផ្សំទាំងអស់នេះបញ្ចូលគ្នា អនុវត្តផែនការ និងតាមមើលប្រតិបត្តិការរបស់ក្រុមហ៊ុន ស្របតាមយុទ្ធសាស្រ្តគ្របដណ្តប់ទាំងមូល។

គុណតម្លៃស្នូល អាចធ្វើឱ្យមានភាពខុសគ្នានៅក្នុងក្រុមហ៊ុនមួយ។ ឧទាហរណ៍ ក្រុមហ៊ុន Adidas ប្តេជ្ញាថា “នឹងបន្តពង្រឹងស្លាកយីហោ និងផលិតផលរបស់ក្រុមហ៊ុន ដើម្បីអភិវឌ្ឍជំហរប្រកួតប្រជែងរបស់ខ្លួន។” ចំណែកក្រុមហ៊ុន JP Morgan Chase វិញប្តេជ្ញាចំពោះ “សេវាកម្មអតិថិជនដែលគេគូប្រៀប និងភាពអស្ចារ្យនៃប្រតិបត្តិការ។”

CEO ត្រូវតែសម្រេចឱ្យច្បាស់អំពីសំណើរលក់ ក្នុងរបៀបពិសេសផ្ទាល់ខ្លួន និងបង្កើតសំណើរនោះនៅក្នុងទីផ្សារ។​ ជាងនេះទៅទៀត CEO ភាគច្រើនត្រូវតែពិចារណាលើទស្សនវិស័យ ដែលបានកំណត់យ៉ាងជាក់ច្បាស់ ដែលសំខាន់ចំពោះជោគជ័យរបស់ក្រុមហ៊ុន។ ទស្សនវិស័យនេះ គួរតែផ្អែកលើការវិភាគជាក់ស្តែងលើទីផ្សារ ការប្រកួតប្រជែង និងសក្តានុពលរបស់ក្រុមហ៊ុន។ ទស្សនវិស័យនេះ គួរតែបង្កើតទៅជាទិសដៅទូទៅរបស់ក្រុមហ៊ុន និងគោលប្រតិបត្តិការស្នូលរបស់ក្រុមហ៊ុន។

៤. ធ្វើជាមុខមាត់សាធារណៈរបស់ក្រុមហ៊ុន

CEO តែងតែជាមុខមាត់សាធារណៈរបស់ក្រុមហ៊ុន។ ជាក់ស្តែងឈ្មោះលោក Mark Zuckerberg និង Facebook មានន័យស្ទើរដូចគ្នា។ ភារកិច្ចជាលទ្ធផល អាចពាក់ព័ន្ធទៅនឹងការសម្ភាសន៍ និងការស្នើសុំជួបពីបណ្តាញផ្សព្វផ្សាយ ការបង្ហាញវត្តមាននៅតាមវិទ្យុ និងទូរទស្សន៍ ការចេញសេចក្តីប្រកាសព័ត៌មាន និងការចូលរួមព្រឹត្តិការណ៍ផ្សេងៗទៀត។ សហគ្រិនជើងថ្មីជាច្រើន មើលឃើញលោក Mark Zuckerberg និងលោក Elon Musk ថាជាគំរូជោគជ័យ ហើយខ្លួនគេក៏ត្រូវបង្កើតមុខមាត់ជាសាធារណៈដែរ។

តាមការពិត អ្វីៗទាំងអស់នេះ គ្រាន់តែជាទិដ្ឋភាពមួយជ្រុងប៉ុណ្ណោះ។ មាន CEO ជាច្រើន ដូចជាបងប្អូនលោក Koch ជាដើម សំងំធ្វើការលាក់ខ្លួននៅពីក្រោយឆាក។ ដូច្នេះសហគ្រិនគ្រប់គ្នា ត្រូវតែសម្រេចថា តើខ្លួនគេគួរតែជ្រើសរើសយកតួនាទីជាមុខមាត់សាធារណៈរបស់ក្រុមហ៊ុន ឬយ៉ាងណា។​ សព្វថ្ងៃនេះ លោក Mark Zuckerberg អាចធ្វើឱ្យខូចខាតកេរ្តិ៍ឈ្មោះ ជាជាងលើកមុខមាត់របស់ក្រុមហ៊ុន Facebook

៥. រាយការណ៍ជូនក្រុមប្រឹក្សាភិបាល

នៅក្នុងក្រុមហ៊ុនធំៗ CEO នឹងរាយការណ៍ជូនក្រុមប្រឹក្សាភិបាលជានិច្ច ហើយតែងតែសុំដំបូន្មាន និងការណែនាំទាក់ទងទៅនឹងការសម្រេចចិត្តសំខាន់ៗ។ ជាទូទៅ ក្រុមប្រឹក្សាភិបាល ជាអ្នកសម្រេចជ្រើសរើស CEO។ ប៉ុន្តែករណីនេះ អាចមានភាពខុសគ្នាខ្លះ ទៅតាមស្ថានភាពជាក់ស្តែង។ នៅក្នុងករណីខ្លះ CEO ជាអ្នកបង្កើតក្រុមហ៊ុន ហើយក៏ជាមនុស្សដែលមានភាគហ៊ុនច្រើនជាងគេដែរ។

នៅក្នុងករណីបែបនេះ សិទ្ធិអំណាចរបស់ក្រុមប្រឹក្សា មានមិនសូវច្រើនទេលើក្រុមហ៊ុន និងអាស្រ័យលើការពាក់ព័ន្ធជាទូទៅរបស់ CEO ដោយសារគេក៏អាចដើរតួជាក្រុមប្រឹក្សាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលបានដែរ។ នេះជាប្រធានបទស្រួចស្រាវមួយ ដោយសារមានមនុស្សជាច្រើនជឿថា ប្រធានក្រុមប្រឹក្សាភិបាល និង CEO គួរតែចែកឱ្យដាច់ពីគ្នា។

 


អត្ថបទទាក់ទង

តើ CEO ដែលជោគជ័យមានយុទ្ធសាស្រ្តអ្វីខ្លះក្នុងការគ្រប់គ្រងពេលវេលា?

 

Leave a Reply

Your email address will not be published. Required fields are marked *