វិធីសាស្ត្រចំនួន ៣ ដែលអាចជួយកែប្រែបុគ្គលិកមិនល្អឲ្យទៅជាបុគ្គលិកគំរូ

អ្នកដឹកនាំពិតប្រាកដ សាងនូវទំនុកចិត្ត និងថាមពលតាមរយៈគោលដៅដ៏មោះមុតរបស់ពួកគេដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ ក្នុងនាមជាអ្នកដឹកនាំអស្ចារ្យម្នាក់ អ្នកត្រូវមានសមត្ថភាពបំផុសឡើងនូវការព្រមព្រៀងដែលល្អប្រសើរព្រមទាំងប្រសិទ្ធភាពការងារដែលរីកចម្រើនពីមនុស្សជុំវិញខ្លួនអ្នកផងដែរ។

សម្រាប់ការងារជាអ្នកដឹកនាំ ក្រៅពីការបង្ហាត់បង្រៀនបុគ្គលិកថ្មី អ្នកក៏ជាអ្នកតាមដានសង្វាក់ការងារ និងដោះស្រាយបញ្ហាដែលជាប់គាំងរាប់តាំងពីការធ្វើគម្រោង សកម្មភាពការងារ ការប្រាស្រ័យទាក់ទងគ្នារវាងបុគ្គលិក រហូតដល់ការអង្កេត និងកែប្រែចំណុចខ្វះខាតរបស់បុគ្គលិកឲ្យប្រសើរឡើងវិញ។ គ្រប់កន្លែងការងារ តែងមានបុគ្គលិកឆ្នើម និងបុគ្គលិកមិនសូវពូកែ។ ខាងក្រោមនេះជាវិធីសាស្ត្រចំនួន ៣ ដែលអាចជួយកែប្រែបុគ្គលិកមិនល្អឲ្យទៅជាបុគ្គលិកគំរូបាន៖

១. បុគ្គលិកដែលមានសមត្ថភាពខ្សោយ

បុគ្គលិកខ្លះពេលបញ្ជូនប្រវត្តិរូបមកឃើញថា មានបទពិសោធន៍ និងសមត្ថភាពមិនធម្មតា។ តែដល់ពេលចូលធ្វើការមែនទែន អាចខុសពីអ្វីដែលបានសរសេរក្នុងក្រដាស។ គេអាចធ្វើការលំៗមិនអស់លទ្ធភាព ដែលពេលខ្លះធ្វើឲ្យអ្នកធ្វើការខ្លាំងមើលបំណាំ និងត្រាប់តាម។

ជាអ្នកដឹកនាំ អ្នកត្រូវអង្កេតដោយយកចិត្តទុកដាក់។ ហៅគេមកសួរនាំដើម្បីដឹងថា តើអ្វីដែលគេធ្វើជាអ្វីដែលគេចង់បានឬអត់? តើគេចង់បានការងារបន្ថែមដែលជំរុញឲ្យគេធ្វើការជាងមុនឬអត់?

តើការងារប្រភេទណាដែលគេចង់ធ្វើដើម្បីបំប៉នជំនាញរបស់គេបន្ថែម។ ធ្វើដូច្នេះ អ្នកអាចផ្លាស់ប្ដូរតួនាទីដែលត្រូវនឹងអ្វីដែលពួកគេចង់បាន។

២. បុគ្គលិកពូកែយកចិត្តមេ

គ្រប់ការិយាល័យ តែងមានបុគ្គលិកដែលការងាររបស់គេ គឺចាំតែយកចិត្តមេ។ ជាធម្មតា បុគ្គលិកប្រភេទនេះ សុខចិត្តឆុងកាហ្វេ ធ្វើសកម្មនៅមុខមេឲ្យមើលទៅឃើញល្អ បើទោះជាការងារខ្លះខុសពីការងារពិតប្រាកដដែលគេត្រូវបំពេញក៏ដោយ។

អ្នកធ្វើការជាមួយគេ មិនសូវសប្បាយចិត្តនឹងសកម្មភាពគេប៉ុន្មានទេ ព្រោះគិតថា បុគ្គលិកប្រភេទនេះ មិនខំធ្វើការ តែនៅតែអាចឲ្យមេមើលឃើញជាងពួកគេដែលខិតខំបំពេញការងារខ្លួនឯងបានល្អទៅទៀត។ ដូច្នេះក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវចេះបែងចែករវាងបុគ្គលិកឡេមឡឺមប្រភេទខាងលើ និងបុគ្គលិកដែលធ្វើការពិត។

បង្កើតបរិយាកាសការងារដែលទទួលស្គាល់បុគ្គលិកនៅពេលសម្រេចគោលដៅការងារផ្អែកលើការងារដែលបានដាក់ឲ្យបុគ្គលិក។ សូមឲ្យបុគ្គលិកមានការចូលរួម ស្ងើចសរសើរចំពោះលទ្ធផលក្រុម។ ធ្វើដូចនេះបន្តិចម្ដងៗ ពួកគេនឹងយល់ពីតម្លៃនៃការងារពិត ហើយគិតថា ការសរសើរមិត្តរួមក្រុមដូចសរសើរគេដែរ។

៣. បុគ្គលិកប្រភេទចូលចិត្តញ៉ាំត្រាវ

បើមានបុគ្គលិកមិនគិតពីការងារ ហើយចំណាយពេលពាក់កណ្ដាល រកគិតតែនិយាយដើមបុគ្គលិកដូចគ្នា ឬក្រុមហ៊ុន នោះក្រុមហ៊ុនរបស់អ្នកប្រាកដជាវីវរមិនខាន។ ជួនកាលសកម្មភាពរបស់បុគ្គលិកម្នាក់នោះ រំខានដល់បុគ្គលិកផ្សេងទៀត មិនឲ្យធ្វើការបានពេញដៃពេញជើង ខ្លាចត្រូវគេនិយាយដើមដោយមិនដឹងខ្លួន។ ហើយពេលខ្លះបើមានអ្នកត្រចៀកស អាចនឹងនាំឲ្យបែកបាក់សាមគ្គីក្រុមថែមទៀត។ ដូច្នេះ បើអ្នករកឃើញបុគ្គលិកបែបនេះគួររកការងារណាដែលរវល់ច្រើនឲ្យគេធ្វើកុំឲ្យមានពេលញ៉ាំត្រាវច្រើន។

សូមឲ្យគេធ្វើការ ដូចជារៀបចំគម្រោងដើរលេងក្រុមហ៊ុនដែលអាចឲ្យគេមានពេលទាក់ទងមនុស្សច្រើន និងព្យាយាមបង្កើតចរិតលក្ខណៈអាជីពដើម្បីអាចកៀរគរមនុស្សចូលរួមបាន។

នៅពេលមានមនុស្សចូលរួមច្រើន គេនឹងរីករាយនឹងការងារដែលបានធ្វើ ស្គាល់មនុស្ស និងរៀនកាន់តែច្រើន ព្រមទាំងងាកចេញពីការនិយាយដើមច្រើន។


អត្ថបទទាក់ទង

​សកម្មភាព​សំខាន់ចំនួន ៤ ដែលមេក្រុមល្អតែងស្វាគមន៍បុគ្គលិកថ្មី

 

Leave a Reply

Your email address will not be published. Required fields are marked *