វិធីសាស្រ្តសំខាន់ៗ ចំនួន ៧ ដើម្បីប្រើប្រាស់ពេលវេលាប្រកបដោយប្រសិទ្ឋភាព
ការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ឋភាព នឹងអាចជួយអ្នកបំពេញការងារដោយឆ្លាតវៃ ពោលគឺអាចបំពេញការងារច្រើនក្នុងពេលតិចជាងមុន និងបំពេញការងារបានល្អទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាក ឬមានសំពាធខ្លាំងក៏ដោយ។ អ្នកត្រូវចងចាំថា បើអ្នកមិនអាចគ្រប់គ្រងពេលវេលាបានល្អទេ នោះវានឹងបណ្តាលឲ្យកើតមានប្រសិទ្ធភាពការងារមិនល្អ ក៏ដូចជាជំងឺស្រ្តេសផងដែរ។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តសំខាន់ៗ ចំនួន ៧ ដែលអ្នកអាចប្រើប្រាស់ពេលវេលាប្រកបដោយប្រសិទ្ឋភាព៖
១. សរសេរពីគម្រោងជីវិត គម្រោងប្រចាំថ្ងៃ បើទោះជាអ្នកគិតថា អ្នកចាំមិនភ្លេចក៏ដោយ ត្រូវតែសរសេរ
សរសេរនូវអ្វីដែលយើងចង់ធ្វើថ្ងៃនេះ ថ្ងៃស្អែក ថ្ងៃខានស្អែក ឬក៏អាទិត្យក្រោយ ។ ការសរសេរនេះ មិនចាំបាច់ទាល់តែ មានគម្រោងច្បាស់លាស់ មានចំណុចដាច់ខាតត្រូវតែធ្វើនោះទេ តែជាចំណង់ចំណូលចិត្ត ឬអ្វីដែលយើងចង់ធ្វើ អាចមានដូចជា សរសេរពីរឿងដែលអ្នកចង់ទៅមើល សរសេរពីសៀវភៅដែលអ្នកចង់អាន កន្លែងដែលអ្នកចង់ទៅ ម្ហូបដែលជាចង់ភ្លក្ស ឬសម្លៀកបំពាក់ដែលយើងចង់ទិញ ។
២. ចេះបែងចែកតួនាទី និងទំនួលខុសត្រូវ
នៅពេលអ្នកចេះបែកចែងទំនួសខុសត្រូវច្បាស់លាស់ហើយនោះ អ្នកនឹងចំណាយពេលរបស់អ្នកចំគោលដៅ មិនថាជីវិតប្រចាំថ្ងៃ ការរៀនសូត្រ ឬជីវិតការងារឡើយ វីធីនេះនឹងជួយអ្នកឲ្យសម្រេចភារកិច្ច និងទទួលបានជោគជ័យខ្ពស់បំផុត ។
៣. កុំឧស្សាហ៍ទម្លាប់និយាយ “ចាំបន្តិចទៀត” ឬ “ចាំស្អែក”
ពេលវេលារបស់អ្នកពិតជាសំខាន់បំផុត ។ ចួនកាលអ្នកអាចនឹងខ្ជះខ្ជាយនឹងរឿងមួយចំនួនដែលមិនគួរចំណាយ ។ ឧទាហរណ៍ៈ នៅក្នុងផ្ទះអ្នក អ្នកគួរកត់ចំនុចដែលអ្នកត្រូវធ្វើក្នុងផ្ទៃថ្ងៃហ្នឹង ។ សរសេរនៅអ្វីដែលអ្នកត្រូវធ្វើមុន ហើយយកភារកិច្ចមិនសំខាន់ ឬមិនចាំបាច់មកធ្វើក្រោយគេ ។ ធ្វើបែបនេះ អ្នកនឹងសន្សំពេលវេលារបស់អ្នកបានច្រើនបំផុត ។
៤. ប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍ កុំទុកចោលវាចោល
ក្នុងន័យនេះសំដៅទៅលើពេលអ្នករង់ចាំមិត្តភក្តិអ្នក ពេលកំឡុងធ្វើដំណើរផ្លូវឆ្ងាយៗ ឬអង្គុយលើឡានក្រុង ដោយជំនួសឲ្យការចំណាយពេលច្រើនទៅលើស្មាតហ្វូន មកដោយការអានសៀវភៅវិញនោះ អ្នកនឹងកេងចំណេញពេលវេលាបានច្រើន ។ អានច្រើន ដឹងច្រើន កើនចំណេះ ចំណេញទាំងពេលវេលា ។
៥. សរសេរពីអ្វីដែលយើងបានធ្វើ
ចំណុចដែលនិយាយពីខាងលើ គឺសរសេរមុនធ្វើ ប៉ុន្តែចំណុចនេះ គឺធ្វើហើយ ត្រូវសរសេរទុក។ ហើយព្យាយាមរម្លឹកចំណាំខ្លួនឯងថា អ្នកបានធ្វើអ្វីខ្លះថ្ងៃនេះ ចំណាយពេលវេលាច្រើនទៅលើអ្វីចំណុចណាខ្លះ ហើយរៀនស្វែងយល់ពីពេលវេលារបស់អ្នក។
៦. ព្យាយាមសម្រាកឲ្យបានទៀងទាត់ កុំចាំទាល់តែហត់ខ្លាំងបានសម្រាក
ព្យាយាមសម្រាកឲ្យបានច្រើនជារៀង ៥០នាទីម្ដង។ យើងអាចធ្វើ្វការសម្រាក ៥ ទៅ ១០នាទី ដើម្បីឲ្យយើងកាត់បន្ថយភាពនឿយហត់។ ត្រូវចង់ចាំថា ផលិតភាពការងាររបស់យើងម្នាក់ៗ គឺអាស្រ័យទៅលើកម្លាំង ប្រសិនបើយើងចុះខ្សោយ វាពិបាកនឹងនិយាយថា យើងអាចធ្វើការងារមួយដែលល្អណាស់។
៧. កុំចំណាយពេលវេលាលើទូរទស្សន៍ច្រើនពេក
ការចំណាយពេលវេលាច្រើនលើកញ្ចក់ទូរទស្សន៍ ពុំផ្ដល់ផលចំណេញដល់អ្នកឡើយ។ ខ្ញុំពុំបាននិយាយថា រាល់ការចំណាយពេលវេលាលើវា សុទ្ធតែជារឿងអាក្រក់នោះទេ ប្រសិនបើអ្នកចំណាយពេលទៅលើព័ត៌មាន ការសិក្សា ឬត្រឹមជាការកម្សាន្តយូរៗម្ដង វាជារឿងប្រពៃល្អ ប៉ុន្តែបើអ្នកចំណាយពេលច្រើន ហើយគ្មានសកម្មភាពអ្វីសោះនោះ អ្នកនឹងចំណាយពេលវេលាឥតប្រយោជន៍ហើយ។
អត្ថបទទាក់ទង
របៀបគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ឋភាព និងការបង្កើតគោលដៅឆ្លាតវៃ