ការប្រកាសឯករាជមួយ ដែលប្រព្រឹត្តទៅជាមួយនឹងតំណក់ទឹកភ្នែកយ៉ាងកម្សត់នៃមេដឹកនាំ និងពលរដ្ឋ
សិង្ហបុរី បានប្រកាសឯករាជ្យពីអង់គ្លេសជាឯកតោភាគី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៦៣ មុនពេលចូលជាសមាជិកសហព័ន្ធម៉ាឡេស៊ីក្នុងខែកញ្ញា ឆ្នាំ១៩៦៣។ មេដឹកនាំនយោបាយ និងប្រជាពលរដ្ឋសិង្ហបុរីយល់ឃើញថា ផលប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់របស់សិង្ហបុរី ត្រូវការម៉ាឡេស៊ីដ៏មានអំណាចជាខ្នងបង្អែក។ ជាលទ្ធផលនៃប្រជាមតិឆ្នាំ១៩៦២ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៦៣ សិង្ហបុរី បានរួបរួមបង្កើតសហព័ន្ធថ្មីជាមួយម៉ាឡេស៊ី ដោយរដ្ឋាភិបាលសិង្ហបុរី គឺជារដ្ឋាភិបាលរដ្ឋ។ ចំណែកឯរដ្ឋាភិបាលម៉ាឡេស៊ី គឺជារដ្ឋាភិបាលកណ្ដាល។
ដោយសារហេតុនេះ ទើបពេលនោះសិង្ហបុរីធ្លាប់ត្រូវបានគេហៅថាជាផ្នែកមួយនៃប្រទេសម៉ាឡេស៊ី។ ប៉ុន្តែ រដ្ឋាភិបាលរដ្ឋសាំងហ្កាពួរ និងរដ្ឋាភិបាលកណ្ដាលម៉ាឡេស៊ី បានខ្វែងគំនិតគ្នាជាច្រើនចំណុចលើបញ្ហានយោបាយ និងសេដ្ឋកិច្ចដោយពួកអ្នកនយោបាយសាំងហ្កាពួរ បានខឹង និងអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះរដ្ឋធម្មនុញ្ញរបស់ម៉ាឡេស៊ី ដែលផ្ដល់តម្លៃ និងអាទិភាពឲ្យតែជនជាតិម៉ាឡេស៊ី ជាងជនជាតិសាំងហ្កាពួរ។
ចំណែកមេដឹកនាំម៉េឡេស៊ីវិញ មើលឃើញថាជនជាតិសាំងហ្កាពួរ ដែលភាគច្រើនជាជនជាតិចិននឹងគំរាមដល់ប្រពៃណីរបស់ម៉ាឡេស៊ី ហើយបារម្ភថារដ្ឋថ្មីនេះ (សិង្ហបុរី) នឹងស្រូបយកទ្រព្យសម្បត្តិពីដីគោក (ម៉ាឡេស៊ី)។ ការទាស់ទែងគ្នានេះ បានជាបច្ច័យនាំឲ្យផ្ទុះអំពើហិង្សារវាងជនជាតិសាំងហ្កាពួរ និងជនជាតិម៉ាឡេស៊ី ចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៦៤ ដែលហៅថា កូដកម្មជាតិសាសន៍ឆ្នាំ១៩៦៤ ដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ហើយមនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួន។ ទំនាស់មនោគមន៍វិជ្ជាឡើងកម្ដៅខ្លាំងទៅៗ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៥ សភាម៉ាឡេស៊ី បានបោះឆ្នោតដោយពុំមានវត្តមានតំណាងសាំងហ្កាពួរ ហើយមានសំឡេង ១២៦ ទល់នឹង ០ បណ្ដេញសាំងហ្កាពួរចេញពីសហព័ន្ធម៉ាឡេស៊ី។
ដោយហេតុនេះ នាយករដ្ឋមន្ត្រីសិង្ហបុរី លោកលី ក្វាន់យូ សម្រេចចិត្តដឹកនាំពលរដ្ឋរបស់គាត់ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៥ ប្រកាសថាសិង្ហបុរី គឺជារដ្ឋឯករាជ្យមានអធិតេយ្យភាព និងបូរណភាពទឹកដី។ ប៉ុន្តែវាជាការប្រកាសឯករាជមួយដែលប្រព្រឹត្តទៅជាមួយនឹងតំណក់ទឹកភ្នែកយ៉ាងកម្សត់នៃមេដឹកនាំ និងពលរដ្ឋសាំងកាពួរ គឺជាភាពផ្ទុយពីសាសន៍ដទៃក្នុងលោកដែលតែងតែប្រកាសឯករាជភាពរបស់ខ្លួនជាមួយនឹងការសាទរគគ្រឹកគគ្រេងទូទាំងប្រទេស។ នៅក្នុងសន្និសិទសារពត៌មាន ដែលត្រូវបានផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ លោកបានសម្ដែងនូវអារម្មណ៍នៃការខកចិត្តយ៉ាងធ្ងន់ធ្ងរក្នុងពេលលោកប្រកាសទៅប្រជាជនសិង្ហបុរីអំពីការបំបែកខ្លួននោះ។ ខាងក្រោមនេះជាសម្ដីរបស់លោកក្នុងសន្និសីទនោះ៖
“សម្រាប់ខ្ញុំ នេះជាវេលាដ៏ឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក្នុងមួយឆាកជីវិតរបស់ខ្ញុំ ខ្ញុំតែងប៉ងឲ្យមានការរួបរួមរវាងដែនដីទាំង២… ឥឡូវ ខ្ញុំ លី ក្វាន់យូ នាយករដ្ឋមន្ត្រីនៃសិង្ហបុរី សូមប្រកាសជាផ្លូវការជួសមុខឲ្យប្រជាជន និងរដ្ឋាភិបាលសិង្ហបុរីថា ចាប់ពីថ្ងៃនេះគឺថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៥ទៅ សិង្ហបុរីនឹងក្លាយជាប្រជាជាតិឯករាជ្យ និងប្រជាធិបតេយ្យជារៀងរហូត។ ប្រជាជាតិនេះនឹងឈរលើគោលការណ៍សេរីភាព និងយុត្តិធម៌ សម្ដៅស្វែងរកនូវសុខុមាលភាព និងសុភមង្គលជូនសង្គមមួយដែលប្រជាជនគ្រប់រូបមានសិទ្ឋិស្មើគ្នាយ៉ាងពិតប្រាកដ។”
ខាងក្រោមនេះ គឺជាសម្លេងរបស់លោក លី ខ្វាន់យូ ប្រកាស ឯករាជ្យ ប្រទេសសិង្ហបុរី នៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៥។
អត្ថបទទាក់ទង