វិធីសាស្ត្រ ចំនួន៧ ដែលអ្នកគ្រប់គ្រងគួរសាកល្បង នៅពេលបុគ្គលិកតានតឹងខ្លាំង
ការតានតឹងចិត្តកើតមានឡើងពីលក្ខខ័ណ្ឌនៃការរស់នៅ ឬបទពិសោធន៏នៃជីវិតដែលមិនរីករាយ។ ភាពតានតឹង អាចរំខានដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ យ៉ាងណាមិញ ការតានតឹងចិត្ត បញ្ហាស្រ្តេស ឬសម្ពាធផ្លូវចិត្ត គឺជារឿងធម្មតាទៅហើយសម្រាប់មនុស្សម្នាក់មិនថានៅកន្លែងការងារ ឬនៅក្នុងជីវិតប្រចាំថ្ងៃនោះទេ។ លើសពីនេះ បញ្ហាសម្ពាធផ្លូវចិត្តនៅកន្លែងការងារដូចជា បុគ្គលិកមានអារម្មណ៍ហត់នឿយ អស់កម្លាំង អស់សង្ឃឹមជាដើម គឺទាមទារឲ្យអ្នកដឹកនាំយកចិត្តទុកដាក់ឲ្យខ្លាំងបន្តិច បើមិនដូច្នេះទេ ប្រសិទ្ធភាពការងារនឹងទទួលរងផលប៉ះពាល់ជាមិនខាន។
ការរៀនកត់សំគាល់អ្នកដែលមានតំណឹងចិត្តខ្លាំង ជាប្រការមួយសំខាន់ខ្លាំងណាស់។ អាកប្បកិរិយារបស់មនុស្សម្នាក់អាចបណ្តាលឲ្យអ្នកដទៃកាន់តែមានការតានតឹងចិត្ត ឬបានធូរស្បើយនូវភាពតានតឹងចិត្ត។ ភាពតានតឹងចិត្តក្នុងរយៈពេលយូរ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពរាងកាយ និងរារាំងដល់ការប្រកបការងារដែលមានប្រយោជន៏។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រ ចំនួន៧ ដែលអ្នកគ្រប់គ្រងអាចសាកល្បង ដើម្បីដោះស្រាយបញ្ហាទាំងនេះ៖
១. សូមផ្តល់ការបណ្តុះបណ្តាលដល់ពួកគេ
ក្នុងនាមជាអ្នកគ្រប់គ្រងម្នាក់ អ្នកត្រូវធ្វើឲ្យបុគ្គលិករបស់អ្នកមានសមត្ថភាពកាន់តែខ្លាំងឡើង។ សូមចាំថា ក្រៅពីការបណ្តុះបណ្តាលដែលទាក់ទងទៅនឹងចំណេះដឹងថ្មីៗជុំវិញការងាររបស់ពួកគេ អ្នកក៏ត្រូវបណ្តុះបណ្តាលពួកគេពីរបៀបគ្រប់គ្រងស្ត្រេស ការគ្រប់គ្រងពេលវេលា និងការដោះស្រាយបញ្ហាជាដើម ដើម្បីបង្ការក៏ដូចជាកាត់បន្ថយភាពតានតឹងផ្លូវចិត្តរបស់ពួកគេ។
២. សូមទទួលស្គាល់ពួកគេក្នុងនាមជាមនុស្ស
បុគ្គលិក គឺជាមនុស្ស ហេតុនេះហើយពួកគេក៏មានទំនួលខុសត្រូវ និងមានសម្ពាធជាច្រើនទៀតក្រៅពីការងាររបស់ពួកគេផងដែរ។ ពួកគេត្រូវការពេលសម្រាក ដើរលំហែ ការកម្សាន្ត និងទទួលខុសត្រូវលើការងារជាច្រើនទៀតក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ នេះជាកាតព្វកិច្ចរបស់អ្នកគ្រប់គ្រង ដែលត្រូវផ្តល់ឱកាស ការថែទាំសុខភាព និងផ្តល់ថ្ងៃឈប់សម្រាកឲ្យពួកគេមានទំនាក់ទំនង ឬចំណាយពេលវេលាជាមួយគ្រួសារ និងមិត្តភក្ដិរបស់ពួកគេ។
៣. សូមពិនិត្យមើល និងស្តាប់បញ្ហារបស់បុគ្គលិក
ក្នុងនាមជាអ្នកគ្រប់គ្រងម្នាក់ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវយកចិត្តទុកដាក់បុគ្គលិកក្រោមបង្គាប់របស់អ្នក។ សូមតាមដានសកម្មភាពរបស់បុគ្គលិករបស់អ្នកមើល៍ តើពួកគេមានអារម្មណ៍តានតឹង ធុញថប់ បង្ហាញកាយវិការព្រួយបារម្ភចំពោះគម្រោងការងារ លើកឡើងពីបន្ទុកការងាររបស់ពួកគេ ឬមានអាកប្បកិរិយាផ្លាស់ប្ដូរដែរឬទេ? បើបញ្ហាទាំងនេះបានកើតមានឡើងខុសប្លែកពីធម្មតា អ្នកត្រូវចូលទៅសន្ទនា និងជជែកពិភាក្សាជាមួយពួកគេដើម្បីស្នើសុំជំនួយពីអ្នក។
៤. សូមបង្ហាញភាពច្បាស់លាស់ពីការងារ
ក្រៅពីការរំពឹងទុកលទ្ធផលការងារស្របតាមគោលដៅកំណត់ អ្នកគ្រប់គ្រងត្រូវបង្ហាញដល់បុគ្គលិកគ្រប់គ្នាបានច្បាស់ៗ ពីគម្រោងការងារដែលមិនធ្វើឲ្យបុគ្គលិកណាម្នាក់មានការមន្ទិលសង្ស័យ ឬយល់ច្រឡំនោះឡើយ។ នៅទីនេះ អ្នកត្រូវរៀបចំគម្រោង ការងារ កំណត់ពេលជាក់លាក់មួយសម្រាប់សម្រេចការងារ បង្ហាញពីវិធីសាស្ត្រដឹកនាំអនុវត្តការងារ ផ្តល់ជំនួយ និងជំរុញឲ្យបុគ្គលិកគ្រប់រូបឲ្យអនុវត្តការងារទាំងនោះឲ្យមានប្រសិទ្ធភាព។
៥. សូមពង្រឹងភាពជាដៃគូការងារ
ទំនាស់ផ្ទាល់ខ្លួនអាចជាកត្តារួមចំណែកធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង ហើយអ្នកគ្រប់គ្រងមានតួនាទីសំខាន់ណាស់ក្នុងការជំរុញឲ្យមានការធ្វើការងារជាក្រុម និងដោះស្រាយជម្លោះទាំងនោះប្រកបដោយប្រសិទ្ធភាពដើម្បីជៀសវាងមិនឲ្យកើតមានឡើងសាជាថ្មី។ នេះជារឿងចាំបាច់ដែលមន្រ្តីធនធានមនុស្សត្រូវផ្តល់ឧបករណ៍ មធ្យោបាយ និងការណែនាំបុគ្គលិកគ្រប់រូបពីមធ្យោបាយដោះស្រាយទំនាស់ទាំងនោះដើម្បីបង្កើតសហប្រតិបត្តិ ឬភាពជាដៃគូក្នុងការងារ។
៦. សូមផ្តល់រង្វាន់ដល់ពួកគេ
ក្រៅពីការផ្តល់មធ្យោបាយខាងលើហើយនោះ អ្នកក៏ត្រូវចេះផ្តល់រង្វាន់លើកទឹកចិត្តដល់ពួកគេផងដែរ។ ពេលខ្លះបុគ្គលិកបានខិតខំប្រឹងប្រែងការងារខ្លាំងហើយ ប៉ុន្តែបើអ្នកមើលរំលងសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ពួកគេ មិនឲ្យតម្លៃ ឬលើកទឹកចិត្តពួកគេ វាអាចបណ្តាលឲ្យបុគ្គលិករបស់អ្នកមានអារម្មណ៍មិនកក់ក្តៅ និងខកចិត្តជាដើម។ ការផ្តល់រង្វាន់នេះអាចជារបស់ ការកោតសរសើរ ឬដំឡើងប្រាក់ខែដល់ពួកគេក៏បាន។ នេះនឹងធ្វើឲ្យពួកគេមានទឹកចិត្តកាន់តែខ្លាំងឡើងក្នុងការបំពេញការងារ។
៧. សូមជម្រុញឲ្យបុគ្គលិកហាត់ប្រាណឲ្យបានទៀងទាត់
ក្រៅពីការងារ អ្នកក៏ត្រូវជម្រុញឲ្យបុគ្គលិករបស់អ្នកចេះឆ្លៀតពេលហាត់ប្រាណដើម្បីកាត់បន្ថយស្រ្តេសដូចជា ហាត់ប្រាណ សម្រាក ១៤នាទី រលាស់ដៃរលាស់ជើង និងធ្វើចលនា ដូចជាងើបចេញពីកៅអីអង្គុយឲ្យបានច្រើនដងនៅពេលកំពុងធ្វើការជាដើម។ ការហាត់ប្រាណមិនត្រឹមតែអាចជួយឲ្យសុខភាពរឹងមាំប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយស្ត្រេស និងបង្កើនភាពច្នៃប្រឌិតដល់ផលិតភាពការងារពួកគេទៀតផង។
អត្ថបទទាក់ទង
តើអ្នកដឹងទេ! តើរោគសញ្ញានៃភាពតានតឹង (Stress) កើតឡើងយ៉ាងដូចម្តេច?