សិក្សាពីគន្លឹះ ៧យ៉ាង នេះដើម្បីប្រែក្លាយជាអ្នកគ្រប់គ្រងល្អប្រសើរមួយរូប
អ្នកគ្រប់គ្រងដើរតួសំខាន់ណាស់ក្នុងការសម្របសម្រួលការងាររបស់សមាជិកទាំងអស់នៃក្រុមហ៊ុនមួយឱ្យដើរទៅមុខដោយរលូន គ្មានភាពរអាក់រអួល។ យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Gallup អ្នកគ្រប់គ្រងទទួលខុសត្រូវ ៧០ភាគរយ លើកម្រិតនៃការរក្សាសង្វាក់សកម្មភាពរបស់ក្រុមហ៊ុន។
ប៉ុន្តែ ត្រឹមតែជាអ្នកគ្រប់គ្រងគ្រប់គ្រាន់ដែរឬទេ? នេះជាសំនួរមួយដែលអ្នកគ្រប់គ្រងទាំងឡាយ គួរស្វែងយល់ឲ្យបានហ្មត់ចត់។ អ្នកអាចយល់ថា ដោយសារតែលោកអ្នកជាមនុស្សមានសមត្ថភាព និងមានទំនុកចិត្តទើបត្រូវបានគេចាត់តាំងឲ្យទទួលខុសត្រូវ ជាអ្នកគ្រប់គ្រងនៅក្នុងស្ថាប័នណាមួយ។ យ៉ាងណាមិញ សូមចាំថា រាល់បុគ្គលិកទាំងអស់ ត្រូវការអ្នកគ្រប់គ្រងម្នាក់ដែលមានគុណភាព គុណសម្បត្តិ និងគុណតម្លៃយ៉ាងច្រើនដល់បុគ្គលិកគ្រប់គ្នា។ ដូច្នេះ ត្រឹមតែជាអ្នកគ្រប់គ្រង វាមិនទាន់គ្រប់គ្រាន់ទេ តែអ្នកត្រូវក្លាយជាអ្នកគ្រប់គ្រងមួយដ៏ល្អប្រសើរ ដោយផ្តល់ភាពជាគំរូដល់មនុស្សគ្រប់គ្នា។
ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗចំនួន ៧ ដើម្បីប្រែក្លាយជាអ្នកគ្រប់គ្រងល្អប្រសើរមួយរូប៖
១. បង្ហាញភាពចាស់ទុំ និងគំរូដល់មនុស្សគ្រប់គ្នា
ភាពជាចាស់ទុំក្នុងពេលបំពេញការងារក្តី ក្រៅការងារក្តីសុទ្ធតែជះឥទ្ធិពល និងផ្តល់គំរូមួយដល់មនុស្សគ្រប់គ្នា ជាពិសេសរបស់បុគ្គលិកក្រោមបង្គាប់តែម្តង។ ម៉្លោះហើយ អ្នកគ្រប់គ្រងដែលល្អត្រូវគិតគូរបង្ហាញឧត្តមភាពមួយយ៉ាងមានតម្លៃសម្រាប់ធ្វើជាកញ្ចក់ដល់មនុស្សគ្រប់គ្នា។ នេះមិនត្រឹមតែ បង្ហាញគុណតម្លៃរបស់អ្នកប៉ុណ្ណោះទេ តែវាបានធ្វើឲ្យបុគ្គលិកឯទៀតអនុវត្តតាម និងមានទំនូលខុសត្រូវខ្ពស់ទាំងទំនាក់ទំនងក្នុងការងារក្តី ក្រៅការងារក្តី ជាពិសេសគឺក្រមសីលធម៌នេះឯង។
២. រក្សាឥរិយាបថឲ្យបានល្អ
ឥរិយាបថ (ដេក ដើរ ឈរ អង្គុយ) គឺជាចំណុចស្លាប់រស់មួយរបស់អ្នកគ្រប់គ្រងដ៏ល្អ ហើយអ្នកគ្រប់គ្រងដ៏ល្អបានដឹងថា ថាមភាព និងឥរិយាបថជួយបង្កើនល្បឿនការងារនៅថ្ងៃនេះ។ គេអាចមើលឃើញជាទូទៅថា ភាពខុសគ្នារវាងអ្នកគ្រប់គ្រងសាមញ្ញ និងអ្នកគ្រប់គ្រងល្អ គឺថាអ្នកគ្រប់គ្រងសាមញ្ញឡើងជណ្តើរមួយៗ ខណៈដែលអ្នកគ្រប់គ្រងល្អវិញព្យាយាមរត់ឡើងជណ្តើរនោះ។
ងាកមកមើលការស្លៀកពាក់ និងតុបតែងកាយវិញ អ្នកគ្រប់គ្រងល្អតែងស្លៀកពាក់សមរម្យភាពជាអ្នកដឹកនាំ ហើយថាធានាថា ភាសាកាយវិការពិតជាជះឥទ្ធិពល និងគំរូដល់បុគ្គលិកឯទៀត។ រីឯភាសាទំនាក់ទំនងវិញ មានភាពច្បាស់លាស់ ងាយយល់ ម៉ត់ចត់ ដែលធ្វើឲ្យបុគ្គលិកគ្រប់គ្នាអាចទទួលយកបាន ទោះបីជាស្ថិតនៅក្នុងស្ថានភាពតឹងតែងណាមួយក៏ដោយ។
៣. ចេះបទបែនតាមកាលៈទេសៈ
អ្នកគ្រប់គ្រងល្អ គឺជាបុគ្គលស្គាល់កាលៈទេសៈច្បាស់លាស់ថា អ្វីដែលគូរធ្វើ ឬផ្លាស់ប្ដូរនៅពេលនេះ។ ជាមួយជំនឿដ៏ជឿជាក់របស់អ្នក អ្នកត្រូវប្រែក្លាយឧបសគ្គ និងបញ្ហាប្រឈមមុខដ៏តឹងតែងទាំងនោះឲ្យស្របតាមកាលៈទេសៈ អាចបោះជំហានទៅមុខយ៉ាងរលូនហាក់មិនមានអ្វីកើតឡើង។
អ្វីដែលរឹតកាន់តែពិសេសជាងនេះទៅទៀតក្នុងអំឡុងពេលនេះ អ្នកត្រូវឈ្លេចសួរបុគ្គលិក ឬ មនុស្សគ្រប់គ្នា ថាតើអ្នកទាំងនោះមានប្រតិកម្មយ៉ាងណាចំពោះបញ្ហាថ្មីៗនេះ? សូមកុំនៅស្ងប់ស្ងៀមឲ្យសោះ ព្រោះថាកាលៈទេសៈដែលផ្លាស់ប្ដូរទាមទារឲ្យមានកិច្ចពិភាក្សាកាន់តែច្រើន ត្បិតអីវាវិធីសាស្ត្រដ៏ល្អដើម្បីដំណោះស្រាយបញ្ហាដែលឥតព្រាងទុក។
៤. ធ្វើឲ្យមានតម្លាភាពដល់មនុស្សគ្រប់គ្នា
អ្នកមិនអាចក្លាយជាអ្នកគ្រប់គ្រងដ៏ល្អបានទេ បើសម្ដីរបស់អ្នកសាបដូចជាចុងអំពៅ។ ហេតុដូច្នេះការនិយាយស្តីចំៗ ពិតៗ និងដោយផ្ទាល់ទន្ទឹមនឹងមានភាពស្មោះត្រង់ជាពិសេសនៅពេលមានស្ថានភាពមិនល្អ នោះហើយជាអ្វីដែលអ្នកគ្រប់គ្រងល្អត្រូវធ្វើ។ លើសពីនេះទៅទៀត តម្លាភាពរបស់អ្នកគ្រប់គ្រងល្អ បង្ហាញភាពជាវិជ្ជមានក្នុងការឆ្លើយតបភ្លាមៗ ជាមួយនឹងការយកយន្តការដំណោះស្រាយធ្វើជាមូលដ្ឋាន។
អ្វីដែលគេមើលឃើញកាន់តែច្បាស់បន្ថែមទៀតនោះគឺថា អ្នកគ្រប់គ្រងដែលមានតម្លាភាព គឺជាបុគ្គលដែលនិយាយដោយបើកចំហ មិនលាក់លៀម និង បង្កលក្ខណៈងាយស្រួលដល់មនុស្សគ្រប់គ្នាឲ្យចូលរួមវាយតម្លៃ ព្រមទាំងផ្តល់មតិកែលំអលទ្ធផលការងារបានដោយស្មើភាព។
៥. អភិវឌ្ឍទេពកោសល្យរបស់អ្នក
សារសំខាន់តែមួយគត់របស់ក្រុមហ៊ុនមួយដែលមានអ្នកគ្រប់គ្រងល្អ គឺជាក្រុមហ៊ុនដែលមានបុគ្គលចូលរួមអភិវឌ្ឍទេពកោសល្យរបស់ខ្លួនច្រើន។ បុគ្គលទាំងនេះ ជាអ្នកដែលអាចផ្លាស់ប្ដូរវិវត្តឈរនៅលើទីតាំងមួយដ៏ត្រឹមត្រូវ និង ចំកាលៈទេសៈ។ ទាំងនោះមានដូចជា ការលើកទឹកចិត្តឲ្យមានឱកាសថ្មីៗ និង ការអនុវត្តគម្រោងនានាដែលឆ្ពោះទៅរកការអភិវឌ្ឍមួយជាតម្រូវការ និង ការសម្រេចចិត្តរបស់មនុស្សគ្រប់គ្នា។ អ្នកគ្រប់គ្រងល្អ ក៏ជាបុគ្គលដែលគិតគូរពីអនាគតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីបង្កើនសក្តានុភាពការងារ និង ផលប្រយោជន៍របស់មនុស្សគ្រប់គ្នា
៦. ពង្រឹងគណនេយ្យភាពក្នុងការងារ
ចំណុចមួយទៀតដែលគេយល់ថា ធ្វើឲ្យគ្រប់គ្រងសាមញ្ញម្នាក់ក្លាយទៅជាអ្នកគ្រប់គ្រងល្អបាន គឺគណនេយ្យភាពនៅក្នុងការងារ។ គណនេយ្យភាពដែលនិយាយឲ្យងាយយល់ថា ជាទំនូលខុសត្រូវធ្វើឲ្យការងារទទួលបានផ្លែផ្កា ជាភារកិច្ចរបស់អ្នកគ្រប់គ្រង។ ហេតុដូចនេះ បើអ្នកចង់ក្លាយជាអ្នកគ្រប់គ្រងល្អ អ្នកត្រូវបង្កើតឲ្យមានវប្បធម៌ល្អៗ ជាដំណោះស្រាយក្នុងការងារ និង ខិតខំឲ្យអស់ពីលទ្ធភាពកសាងបរិស្ថានការងារមួយដែលមានការរៀនសូត្រគ្មានដែនកំណត់។
៧. ជួយអនុវត្តយុទ្ធសាស្ត្រការងារដល់បុគ្គលិក
អ្នកគ្រប់គ្រងល្អ មិនមានគ្រាន់តែដឹងត្រឹមតែភាពជាអ្នកគ្រប់គ្រងប៉ុណ្ណោះទេ តែត្រូវបង្ហាញ និង អនុវត្តយុទ្ធសាស្ត្រការងារដល់បុគ្គលិកក្រោមបង្គាប់របស់ខ្លួនផងដែរ។ ជាឧទាហរណ៍ អ្នកគ្រប់គ្រងល្អមិនត្រឹមតែតែផ្តល់មតិកែលំអប៉ុណ្ណោះទេ តែត្រូវអនុវត្តដំណោះស្រាយឬ មតិកែលំអទាំងនោះផងដែរជាមួយគោលដៅមួយយ៉ាងច្បាស់លាស់ពិតប្រាកដ។ នៅពេលដែលអ្នកបើកផ្លូវណាមួយដល់ពួកគេ នោះជាចំណែកមួយយ៉ាងធំធេងជួយកសាងទំនុកចិត្តដល់ពួកគេបន្ថែមទៀតដើម្បីឆ្ពោះទៅកាន់គោលដៅនោះ។
ជារួមមកវិញ សូមសិក្សាពីគន្លឹះសំខាន់ៗខាងលើនេះឲ្យល្អជាប្រចាំ នោះអ្នកនឹងអាចបំពេញចំណុចខ្វះខាតរបស់អ្នក ដើម្បីប្រែក្លាយពីអ្នកគ្រប់គ្រងសាមញ្ញទៅជាអ្នកគ្រប់គ្រងល្អប្រសើរមួយរូប។
អត្ថបទទាក់ទង
គន្លឹះសំខាន់ៗទាំង៧នេះ អាចឲ្យអ្នកគ្រប់គ្រងស្ថានការណ៍តឹងតែងបាន