លោក លីហាវ ៖ អ្នកដឹកនាំប្រៀបបាននឹងតួឯកក្នុងស្ថាប័ន

ភាពដឹកនាំ ជាប្រធានបទមួយដែលសម្បូរគេយកមកនិយាយ ហើយភាគច្រើន ជាការជជែកអំពីនិយម័យរបស់អ្នកដឹកនាំល្អ។ ការធ្វើបែបនេះ មានគោលបំណង២យ៉ាង គឺជួយឲ្យក្មេងជំនាន់ក្រោយ ស្គាល់ភាពជាអ្នកដឹកនាំ ឬចង់ធ្វើខ្លួនជាអ្នកដឹកនាំ។ គោលបំណងផ្សេងទៀត គឺចង់បង្ហាញពីអ្នកដឹកនាំក្នុងស្ថាប័នផ្សេង ដើម្បីធ្វើជាគម្រូដល់អ្នកដទៃ។

លោក លីហាវ អ្នកជំនាញបណ្តុះបណ្តាលផ្នែកធនធានមនុស្ស បានលើកឡើងថា “អ្នកដឹកនាំប្រៀបបាននឹងតួឯកក្នុងស្ថាប័ន” ។

តើពាក្យនេះបានន័យដូចម្តេច?

ខ្ញុំនឹងបកស្រាយជូនក្នុងអត្ថបទនេះ។

នៅក្នុងវេទិកាដេញដោលគ្នា រវាងលោក លីហាវ និង​ លោកឆាត សុឆេត មានសំណួរមួយបានឡើងថា តើមានអ្នកណាដែលចង់ធ្វើការជាមួយអ្នកដឹកនាំដែលខ្លួនអាចយកជាគម្រូបាន? អ្នកស្តាប់លើកដៃគ្រប់គ្នា។ នេះបញ្ជាក់បានថា ថ្នាក់ក្រោម ចង់យកតម្រាប់តាមថ្នាក់លើ។

ការប្រដូចអ្នកដឹកនាំទៅជាតួឯក ជារឿងត្រឹមត្រូវណាស់ ព្រោះមានបុគ្គលិកជាច្រើនតាមមើលពួកគាត់គ្រប់ពេល។ មិនថាគាត់ធ្វើអ្វីទេ សកម្មភាពទាំងនោះ ដូចជាមេរៀន ឬការផ្តល់សិទ្ធិឲ្យបុគ្គលិកដទៃ ធ្វើរឿងនោះដែរ។

អ្នកដឹកនាំ ដែលប្រើប្រាស់ពាក្យអសុរោះ ទោះបីជាគ្មានបំណងក៏ដោយ ក៏បានបង្រៀនអ្នកដទៃឲ្យប្រើពាក្យប្រភេទនោះដែរ។ អ្នកដឹកនាំ ត្រូវដឹងថា សកម្មភាពរបស់ខ្លួន អាចកែប្រែវប្បធម៌ ឬរបៀបធ្វើការរបស់បុគ្គលិកមួយស្ថាប័នបាន។

ខ្ញុំធ្លាប់ចាំបានថា ខ្ញុំចំណាយពេលជិត២ខែដើរព័ទ្ធដៃមកក្រោយ តាមថៅកែរបស់ក្រុមហ៊ុនខ្ញុំ។ ខ្ញុំគិតថា ធ្វើបែបនោះទៅឡូយ និង​មានអំណាច។​

“មិនមែនថាបុគ្គលិក ចាំឃ្លាំមើលយើងដូចអ្នកទោសទេ ប៉ុន្តែពួកគាត់ចង់រៀនសូត្រ ឲ្យបានជោគជ័យដូចយើង” ។

លោក លីហាវ

តួនាទីតួឯកក្នុងស្ថាប័នមានអ្វី មានដូចជា ៖

  • លើកទឹកចិត្តអ្នកដទៃ ដែលទើបនឹងចាប់ផ្តើម
  • បង្កើតភាពល្បីល្បាញរបស់ស្ថាប័ន
  • រួមចំណែកបង្កើតវប្បធម៌ក្នុងស្ថាប័ន
  • ចែកចាយបទពិសោធន៍
  • បង្កើនរឿងសប្បាយៗក្នុងកន្លែងការងារ។

ដើម្បីងាយស្រួលចងចាំពីចំណុចនេះ ខ្ញុំបានបង្កើតជាគំនិតមួយឡើងមក។ បើអ្នកមិនអាចធ្វើជាគម្រូដល់អ្នកដទៃបានទេ កុំធ្វើជាគម្រូតែម្តង ប្រសើរជាង។ ជួលអ្នកណាម្នាក់ឲ្យមកធ្វើជាតួឯកក្នុងស្ថាប័ន ដើម្បីជៀសវាងកំហុសព្រោះសកម្មភាពខ្លួនឯង។ អ្នកដឹកនាំ ត្រូវដឹងថា ខ្លួនមិនអាចល្អគ្រប់ដប់ទេ ប៉ុន្តែការប្រុងប្រយ័ត្ន អាចជួយឲ្យអ្នកជៀសផុតពីការធ្វើជាគម្រូអាក្រក់បាន។

អានអត្ថបទផ្សេងទៀតនៅខាងក្រោមនេះ ដើម្បីបង្កើនសមត្ថភាពដឹកនាំរបស់អ្នក។

Leave a Reply

Your email address will not be published. Required fields are marked *