តើអ្នកដឹកនាំត្រូវធ្វើយ៉ាងណាដើម្បីទទួលបានទាំងចិត្ត និងទាំងខ្លួនបុគ្គលិក?

សម្របស្រួល សម្រួលធ្វើឲ្យស្រប សម្របធ្វើឲ្យស្រួល” “សម្រួលសម្រេច សម្រួលធ្វើឲ្យស្រេច សម្រេចធ្វើឲ្យស្រួល

បើអ្នកដឹកនាំទទួលបានទាំងខ្លួន និងទាំងចិត្តបុគ្គលិក មានន័យថា ទទួលបានទាំងការប្រឹងប្រែង និងទាំងក្តីស្រឡាញ់ ដែលនាំឱ្យពួកគេសុខចិត្តធ្វើការដោយមិនគិតពេលវេលា និងការនឿយហត់ រួមសុខ រួមទុក្ខជាមួយគ្នា ជាពិសេសពេលប្រធានមានរឿងក៏ហ៊ានចេញមុខការពារ។ យ៉ាងណាមិញ ដើម្បីទទួលបានទាំងចិត្ត និងទាំងខ្លួនបុគ្គលិក អ្នកដឹកនាំត្រូវអនុវត្តវិធីសាស្រ្ត ចំនួន៣ ដូចខាងក្រោម៖

១. ចំណាយពេលវេលាឲ្យបានច្រើនជាមួយនឹងបុគ្គលិករបស់អ្នក

នៅពេលដែលអ្នកមានការប្រឡូកផ្ទាល់ជាមួយនឹងការងារ និងចូលរួមជាមួយនឹងបុគ្គលិករបស់អ្នកនោះអំណាច និងឥទ្ធិពលនៃភាពជាមេដឹកនាំ វានឹងជះឥទ្ធិពលទៅលើសកម្មភាពរបស់បុគ្គលិករបស់អ្នកឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ លោក Walt Disney បានលើកឡើងថា “គ្រប់ក្ដីស្រមៃរបស់យើងទាំងអស់សុទ្ធតែអាចក្លាយជាការពិត ប្រសិនបើយើងទទួលបានកម្លាំងជំរុញចិត្ដដ៏ខ្លាំងក្លាមួយ។” ការនៅជាមួយបុគ្គលិកដែលនៅក្រោមបង្គាប់ វាជាកាយវិការនៃការលើកទឹកចិត្តដ៏ល្អប្រសើរមួយផងដែរ ដោយហេតុថា បុគ្គលិករបស់អ្នកនឹងមានអារម្មណ៍ថា អ្នកមិនបានបោះបង់ពួកគេចោល និងចេះរួមសុខរួមទុក្ខជាមួយគ្នា ដែលរឹតតែធ្វើឲ្យបុគ្គលិករបស់អ្នកមានកម្លាំងចិត្តនៅក្នុងការបំពេញការងារ។ ក្នុងនោះផងដែរយើងក៏អាចរៀនសូត្របានយ៉ាងច្រើនពីបុគ្គលិករបស់យើងផងដែរ។ ចំណែកលោក Steve Jobs ធ្លាប់និយាយថា៖​ “ចូរបង្កើនភាពស្និតស្នាលឲ្យបានច្រើនបំផុតជាមួយនឹងអតិថិជនរបស់អ្នកហើយទៅកាន់តែជិតពួកគេនិងនិយាយប្រាប់ពួកគេពីអ្វីដែលជាតម្រូវការរបស់ពួកគេរហូតដល់ពួកគេជឿជាក់និងទិញវាដោយខ្លួនឯង។” មិនខុសគ្នាដែរបុគ្គលិករបស់អ្នកក៏ត្រូវការភាពកក់ក្ដៅពីអ្នក និងភាពស្និតស្នាលជាមួយអ្នកផងដែរ។ ជារួមមក ដើម្បីបង្កើននូវផលិតភាពនិងប្រសិទ្ធិភាពការងារ សហគ្រិន ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង ឬអ្នកដឹកនាំជាច្រើនតែងមានការយល់ស្របគ្នាថា ការលើកទឹកចិត្ត គឺជាវិធីសាស្រ្ដដ៏មានប្រសិទ្ធិភាពមួយនៅក្នុងការជម្រុញបុគ្គលិកឲ្យធ្វើការដល់ចំណុចកំពូល និងអាចសម្រេចគោលដៅរបស់អង្គភាព។

២. ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់បុគ្គលិក

ដើម្បីអាចរៀបចំតារាងការងារត្រូវតាមកម្លាំង និងសមត្ថភាពរបស់បុគ្គលិកអ្នកគ្រប់គ្រងត្រូវចាំបាច់ដឹងពីសមត្ថភាពរបស់បុគ្គលិកម្នាក់ៗជាមុនសិន។ លោក Peter Drucker បានលើកឡើងថា នៅក្នុងអង្គភាពមួយតែងមានរឿង៣យ៉ាងកើតមានឡើងជានិច្ច៖

ទី១ គឺការប៉ះទង្គិចគ្នាមិនថាពាក្យសម្ដី ឬកាយវិការ

ទី២ គឺការយល់ច្រឡំ

ទី៣ គឺការធ្វើការមិនបានល្អ

មូលហេតុសំខាន់ដែលនាំឲ្យកើតមានឡើងនូវរឿងទាំង៣នេះ គឺដោយសារតែអ្នកគ្រប់គ្រងមិនបានដឹងពីសមត្ថភាព និង ទេពកោសល្យរបស់បុគ្គលិកម្នាក់ៗ។ ការចេះតែប្រើបុគ្គលិកទាំងមិនដឹងពីជំនាញ រួមទាំងចំណុចខ្លាំង និងខ្សោយរបស់ពួកគេវាជាការខាតបង់ដ៏ធំរបស់អង្គភាព។ មានពេលខ្លះវាអាចក្លាយជាបញ្ហាទៀតផង។ ការចេះប្រើប្រាស់មនុស្សឲ្យត្រូវតាមសមត្ថភាពនិងទេពកោសល្យ វាជាជំនាញរបស់អ្នកគ្រប់គ្រង។ ប្រសិនបើពួកគេមិនអាចយល់ពីរបៀបប្រើប្រាស់មនុស្សនោះការរីកចម្រើននឹងគ្មានតែអ្វីដែលមានគឺបញ្ហាដែលកើតឡើងមិនចេះចប់។ ដូច្នេះគ្រប់អ្វីៗទាំងអស់សុទ្ធតែត្រូវការភាពជាអ្នកដឹកនាំ។

៣. ទទួលយកការកែលំអពីបុគ្គលិករបស់អ្នក

លោក Albert Einstein បានលើកឡើងថា៖ “អ្នកដឹកនាំ គឺជាអ្នកដែលធ្វើឲ្យភាពរញ៉េរញ៉ៃទៅជាភាពងាយស្រួល ធ្វើឲ្យការមិនចុះសម្រុងគ្នាទៅជាភាពស្រុះស្រួលគ្នា ធ្វើឲ្យការលំបាក ក្លាយទៅជាឳកាស។” ជាការពិតណាស់គ្មាននរណាម្នាក់ដែលចេះតែធ្វើត្រូវរហូតនោះទេ។ កំហុសឆ្គងតែងតែកើតមានឡើងរាល់ពេលដែលយើងសាកល្បងធ្វើអ្វីដែលថ្មី ប៉ុន្តែកំហុសទាំងនោះ វានឹងក្លាយជាចំណុចខ្លាំងរបស់យើង ប្រសិនបើយើងចេះយកវាមកកែប្រែ។ ដូចពាក្យគេថាមនុស្សមិនអាចមើលឃើញខ្លួនឯងគ្រប់កន្លែងនោះទេលុះត្រាតែមានការអង្កេត និងប្រាប់ពីអ្នកដទៃ។ ក្នុងនាមជាអ្នកដឹកនាំគំរូ ត្រូវចេះបើកចិត្តទទួលយកនូវការរិះគន់ស្ថាបនា និងកែលំអពីមនុស្សនៅជុំវិញខ្លួន ជាពិសេស គឺបុគ្គលិកខ្លួនឯងផ្ទាល់ ដោយហេតុថា ពួកគេជាមនុស្សដែលបាននៅជិតនឹងបញ្ហាច្រើនជាងអ្នក។ ការទទួលយកការកែលំអ វាមិនបានធ្វើឲ្យយើងបាត់បង់តម្លៃជាអ្នកដឹកនាំនោះទេ តែវាបានបង្ហាញថា អ្នកគឺជាអ្នកដឹកនាំដ៏ពិតប្រាកដម្នាក់។ អ្នកដឹកនាំដែលអស្ចារ្យ គឺត្រូវតែមានគំនិត និងទស្សនវិស័យវែងឆ្ងាយ និងបើកទ្វាទទួលយកការកែលំអ។ លោក Joan Rivers ធ្លាប់បាននិយាយថា៖ “ខ្ញុំមិនមានវិធីសាស្ត្រដឹកនាំអ្វីនោះទេ អ្វីដែលខ្ញុំធ្វើ គឺគ្រាន់តែទទួលយកការពិតពីមនុស្សម្នាក់ៗតែប៉ុណ្ណោះ។


អត្ថបទទាក់ទង

យុទ្ធសាស្ត្រចំនួន៥ ដើម្បីកែប្រែបុគ្គលិកដែលខ្ជិលឱ្យក្លាយជាបុគ្គលិកឧស្សាហ៍

 

Leave a Reply

Your email address will not be published. Required fields are marked *