តើតំណែង CEO និង COO ខុសគ្នាដូចម្តេច?

អ្នកប្រហែលជាធ្លាប់ឮរួចមកហើយអំពីពាក្យ CEO និង COO ? ចុះតើតំណែងទាំងពីរមានលក្ខណៈខុសគ្នាដូចម្តេច?

១. តើតំណែង CEO គឺជាអ្វី?

CEO (Chief Executive Officer)  ឬជាភាសាខ្មែរ “នាយកប្រតិបត្ដិ” គឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់ និងជាអ្នកសម្រេចចិត្តក្នុងក្រុមហ៊ុន ពោលគឺសំដៅដល់តំណែងដែលខ្ពស់ជាងគេមួយនៅក្នុងក្រុមហ៊ុនមួយ។ ភារកិច្ចរបស់អ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនមួយ អាចមានភាពទូលំទូលាយ និងគ្រប់ដណ្តប់ច្រើន តាំងពីការសម្រេចចិត្តទាក់ទងទៅនឹងទិសដៅយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន រហូតដល់ការរក្សាកម្រិតយល់ដឹងអំពីអ្វីៗដែលគូប្រជែងកំពុងតែធ្វើ។ CEO មានភារកិច្ចដឹកនាំ គ្រប់គ្រង និងប្រតិបត្តិក្នុងកម្រិតខ្ពស់ ដើម្បីធានាដល់ជោគជ័យនៃពាណិជ្ជកម្មទាំងមូល។ ពួកគេនឹងធ្វើការពិនិត្យ និងចាត់ចែងរាល់ធនធានទាំងអស់របស់ក្រុមហ៊ុន ជាអ្នកដែលធ្វើការទាក់ទងដោយផ្ទាល់ជាមួយនឹងប្រធានក្រុមប្រឹក្សាភិបាល និងជាអ្នកដែលចេញមុខជាសាធារណៈ ឬតំណាងឲ្យក្រុមហ៊ុនទាំងមូលផងដែរ។ ជាទូទៅ CEO គឺត្រូវបោះឆ្នោតជ្រើសរើសដោយសមាជិកក្រុមប្រឹក្សាភិបាល ឬម្ចាស់ភាគហ៊ុន។

ជាទូទៅ CEO គឺអាចភាពខុសប្លែកគ្នាបន្ដិចត្រង់តួនាទី និងការទទួលខុសត្រូវ រវាង CEO នៃក្រុមហ៊ុនធំ និង CEO នៃក្រុមហ៊ុនតូច ឬក្រុមហ៊ុនទើបចាប់ផ្ដើម (Startup)។ CEO នៅក្នុងក្រុមហ៊ុនធំ ភាគច្រើនគឺច្រើនតែធ្វើសេចក្ដីសម្រេចចិត្តលើយុទ្ធសាស្ត្រធំៗ ដែលអាចដឹកនាំក្រុមហ៊ុនឲ្យរីកចម្រើនបាន។ ចំណែកឯ CEO នៃក្រុមហ៊ុនតូចៗវិញ គឺដៃម្ខាងសម្រេចចិត្ត ដៃម្ខាងអនុវត្ដ ពោលគឺពួកគេនឹងចូលរួមយ៉ាងជ្រៅនៅក្នុងប្រតិបត្ដិការនានារបស់អាជីវកម្មពីមួយថ្ងៃទៅមួយថ្ងៃ។

មែនទែនទៅ មានត្រកូល C ចំនួន៣ ដែលសំខាន់បំផុតសម្រាប់ក្រុមហ៊ុនមួយនោះគឺ៖

ទី១៖ CEO (Chief Executive Officer) ដែលជាអ្នកមើលការខុសត្រូវគ្រប់យ៉ាងនៅក្នុងក្រុមហ៊ុន (មើលការទូទៅ) សម្រេចចិត្តចុងក្រោយ រៀបផែនការ យុទ្ធសាស្ត្រ អ្នកតំណាង អ្នកចរចារ អ្នកដឹងនាំ ជាគំរូគេ ជាអ្នកឈានមុខគេ…។

ទី២៖ CFO (Chief Financial Officer) ដែលជាអ្នកជំនាញនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ជាអ្នករៀបចំផែនការចំណាយ យុទ្ធសាស្ត្រចំណាយតិច បានផលច្រើន ជាអ្នកពង្រឹងភាពខ្វះខាតរបស់ហិរញ្ញវត្ថុក្រុមហ៊ុន និងជាអ្នកផ្ដល់យោបល់ដល់ CEO ជាដើម។

ទី៣៖ COO (Chief Operating Officer) ដែលជាអ្នកអនុវត្ដគម្រោងដោយផ្ទាល់ ជាអ្នកនៅជិតដិតនឹងបុគ្គលិកជាងគេ ជាអ្នកបញ្ចេញសកម្មភាពប្រចាំថ្ងៃជាងគេ ជាអ្នកពិនិត្យមើលការងារដោយផ្ទាល់ ជំនួស CEO ជាអ្នកជំនាញខាងធ្វើការ និងរត់សំដៅទៅគោលដៅដែល CEO បានកំណត់។

ជារួមមក CFO និង COO ហាក់ដូចជាដៃឆ្វេង និងស្ដាំរបស់ CEO អញ្ចឹង។ ប៉ុន្ដែនៅក្នុងក្រុមហ៊ុនតូច ភាគច្រើន CEO ម្នាក់ឯង គឺដើរតួទាំង៣ ពោលគឺទៅធ្វើការរាល់ថ្ងៃ ដើរតួជា COO ពេលត្រូវសម្រេចចិត្ដគម្រោងថ្មី ដើរតួជា CEO ពេលគិតដល់រឿងចំណាយ និងចំណូល គឺដើរតួជា CFO ។

២. តើតំណែង COO គឺជាអ្វី?

ប្រធានប្រតិបត្តិ  Chief Operating Officer (COO) គឺជាសមាជិកជាន់ខ្ពស់ម្នាក់នៅក្នុងក្រុមហ៊ុន ឬស្ថាប័ន។ គាត់ទទួលខុសត្រូវលើការងារប្រចាំថ្ងៃនៅកន្លែងធ្វើការ និងដំណើរការអាជីវកម្ម។ ដោយមានបទពិសោធន៍ ទទួលបានការបង្វឹកច្រើន និងមានជំនាញ គាត់អាចធ្វើការនៅក្នុងក្រុមហ៊ុន អង្គការ ជួររដ្ឋាភិបាល និងគ្រឹះស្ថានជាច្រើនទៀត។

ធ្វើការក្រោមមនុស្សម្នាក់គឺ CEO ឬនាយកប្រតិបត្តិ COO ត្រូវមានភាពជាអ្នកដឹកនាំ ចេះគ្រប់គ្រង និងមានទស្សនៈវិស័យច្បាស់លាស់ធ្វើយ៉ាងណាឲ្យក្រុមហ៊ុន ឬស្ថាប័នដំណើរការតាមអ្វីដែលបានគ្រោងទុក និងសម្រេចបានគោលដៅដែលម្ចាស់អាជីវកម្មចង់បាន។

ហេតុអ្វីបានជាស្ថាប័នជួល COO មកធ្វើការ?

ជាទូទៅនៅក្នុងក្រុមហ៊ុន ទំនួលខុសត្រូវលើផ្នែកទាំងអស់ គឺធ្លាក់ទៅលើ COO ហើយក្នុងនោះរួមមាន ការផលិត ការធ្វើទីផ្សារ ការលក់ និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍។

ខាងក្រោមនេះគឺជាមូលហេតុធំៗទាំង  ដែលម្ចាស់អាជីវកម្ម និងស្ថាប័នជួល COO មកធ្វើការ៖

 • អនុវត្តន៍យុទ្ធសាស្ត្រដែលដាក់ដោយក្រុមថ្នាក់ដឹកនាំ
 • ដឹកនាំយុទ្ធសាស្ត្រច្បាស់លាស់ដើម្បីសម្រេចគោលដៅ
 • បង្ហាញ និងពន្យល់របាយការណ៍ទៅ CEO
 • បំពេញភាពខ្វះចន្លោះរបស់ CEO
 • បញ្ជូនសមាជិកក្រុមទៅជួយ CEO នៅពេលដែលគាត់មិនអាចធ្វើការងារណាមួយម្នាក់ឯង
 • ប្រូម៉ូតបុគ្គលិកដែលធ្វើការល្អ
 • កំណត់សម្គាល់ម្នាក់ណាដែលអាចធ្វើជា CEO បន្ទាប់ សម្រាប់ត្រៀមទុកបើ CEO បច្ចុប្បន្នមានបញ្ហា ឬមានគ្រោះថ្នាក់ចៃដន្យ។

តើធ្វើយ៉ាងណាទើបអាចធ្វើជា COO បាន?

ដើម្បីអាចធ្វើជា COO អ្នកត្រូវការចេះចំណេះដឹងច្រើនបូកទាំងបទពិសោធន៍ទៀត។ តម្រូវការកម្រិតសិក្សាយ៉ាងហោចណាស់ក៏ត្រឹមបញ្ចប់បរិញ្ញាប័ត្រគ្រប់គ្រងពាណិជ្ជកម្ម ឬមុខវិជ្ជាដែលពាក់ព័ន្ធផ្សេងទៀត ប៉ុន្តែភាគច្រើនគេជួលអ្នកដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម។

លើសពីនេះទៀត មុននឹងអាចធ្វើជា COO ជាទូទៅត្រូវការបទពិសោធន៍ច្រើនទាក់ទងនឹងការដំណើរការ និងគ្រប់គ្រងអាជីវកម្ម តាំងពីតំណែងទាបរហូតដល់ខ្ពស់ យ៉ាងហោចណាស់ ១៥ឆ្នាំ ហើយគួរមានបទពិសោធន៍យ៉ាងតិច ៥ឆ្នាំក្នុងតំណែងគ្រប់គ្រង។

រាល់ស្ថាប័នតែងតែរើសបេក្ខភាពតំណែងនេះ ដែលមានជំនាញដឹកនាំខ្លាំង និងថ្វីគំនិតអាជីវកម្ម ចេះរៀបយុទ្ធសាស្ត្រឈ្នះៗ ចេះគ្រប់គ្រងហិរញ្ញវត្ថុ និងមានជំនាញសម្រេចចិត្តបានលឿន ហើយច្បាស់។

អ្វីដែលមេដឹកនាំអាជីវកម្មចង់បានពី COO?

នៅពេលរើស COO ថៅកែ ឬនាយកក្រុមហ៊ុន ចង់បានចំណុចផ្សេងទៀតក្រៅពីការសិក្សា និងបទពិសោធន៍ពី COO 

 • មានសមត្ថភាពចាត់ចែង និងវិភាគហានិភ័យ តាមដានស្ថានភាពគ្រប់គ្រងរបស់ស្ថាប័ន តែងតែមានគម្រោងច្បាស់លាស់មុនធ្វើអ្វីមួយ
 • ត្រូវតែអាចធ្វើការដោយឯករាជ្យនៅក្នុងក្រុម មិនមែនចាំតែមានគ្នាបានធ្វើ និងបង្កើតការផ្លាស់ប្តូរដើម្បីបង្កើនប្រសិទ្ធភាពការងារ
 • មានសមត្ថភាពគ្រប់គ្រងខ្លាំង ដឹកនាំ និងប្រឹក្សាដល់ក្រុមការងារ
 • មានជំនាញទំនាក់ទំនងល្អជាមួយក្រុមការងារ និងអតិថិជន និងមានជំនាញជម្រុញឲ្យអ្នកដទៃខំធ្វើការ
 • ទទួលយកគំនិតថ្មីៗ និងមធ្យោបាយថ្មីៗដើម្បីបំពេញការងារ  មានភាពច្នៃប្រឌិត មានចក្ខុវិស័យវែងឆ្ងាយ និងអាចគ្រប់គ្រងការច្នៃប្រឌិតទាំងនោះឲ្យកាន់តែមានភាពរស់រវើក
 • មានជំនាញចរចា និងដោះស្រាយបញ្ហាបានលឿន។

អត្ថបទទាក់ទង

តើ Founder, Chairman, និង CEO ខុសគ្នាដូចម្តេចខ្លះ?

Leave a Reply

Your email address will not be published. Required fields are marked *