រឿងខ្លី៖ ចចកខ្ចីអំណាចខ្លា

កាលពីយូរមកហេីយ​ មានសត្វខ្លាធំមួយកំពុងដេីក្រវែល ស្វែងរកចាប់សត្វផ្សេងៗ យកមកធ្វេីជាចំណីអាហារ។ វាចាប់បានសត្វចចកមួយក្បាលបម្រុងនឹងហែកធ្វេីជាចំណី តែចចកនេាះបាននិយាយដោយសម្តីខ្លាំងៗដាក់វាថា៖

“ឯងហ៊ានសុីយេីងផងឬ? ព្រះជាម្ចាស់ បានបញ្ជាឱ្យយេីងចុះមកត្រួតតាពួកសត្វទាំងឡាយនេះ បេីឯងហ៊ានសុីយេីង បានសេចក្តីថាឯងរឹងទទឹងបញ្ជាព្រះជាម្ចាស់ នេះគឺជាកំហុសធ្ងន់បំផុត​ តើឯងដឹងទេ!”

សត្វខ្លាឮដូច្នេះ វាមិនទំនងជឿប៉ុន្មានទេ ឯសត្វឆ្កែចចកក៏មិនដំអក់ពេលឱ្យខ្លាគិតយូរដែរ វាប្រញាប់និយាយបន្តថា “ប្រសិនបេីឯងមិនជឿទេ យេីងនឹងនាំឯងដេីរកាត់មុខសត្វទាំងឡាយនេាះ វាខ្លាចយេីងមែនឬមិនមែន!”

ពេលខ្លាយល់ព្រមតាមហេីយ ចចកក៏ដើរពីមុខយ៉ាងស្វាហាប់ ឯសត្វខ្លាដែលងាកឆ្វេងងាកស្តាំតាមមេីលពីក្រោយ ពួកសត្វទាំងឡាយក្នុងព្រៃឃេីញខ្លាដេីរមក នាំគ្នាភ័យស្រែកញ៉េចញ៉ាចរត់ប្រសេកប្រសាចគេចប្រាសអាយុរៀងៗខ្លួន។​ ខ្លាមិនដឹងទេថា សត្វទាំងនេាះខ្លាចអំណាចរបស់ខ្លួន បែរជាវាគិតថា នេះជាអំណាចរបស់សត្វចចកទៅវិញ ទេីបវាព្រមទទួលស្គាល់នឹងរឿងនេះ ហើយរាប់អានចចក និងព្រមដោះលែងចចកឱ្យរួចខ្លួនទៅ។

គំនិតគួរពិចារណា៖ មានមនុស្សខ្លះ មានអំណាច ឬប្រាជ្ញា តែមិនចេះប្រើប្រាស់អំណាចរបស់ខ្លួនឯង បណ្តោយឱ្យជនខិលខូចឆ្លៀតឱកាសប្រើចំណេះរបស់ខ្លួនទៅប្រព្រឹត្តិអំពើមិនល្អផ្សេងៗបានដោយងាយ។ នេះអាចហៅបានថា “មានអំណាច តែមិនឆ្លាតវៃ”។ ដូច្នោះ មុននឹងជឿអ្នកដទៃ ចូរប្រុងប្រយ័ត្នខ្លួន ព្រោះអាចមានពួកចចករង់ចាំចាប់ឱកាសពីអ្នកជានិច្ច។

ដកស្រង់ពីសៀវភៅគោលការណ៍ការគ្រប់គ្រងបែបចិន


អត្ថបទទាក់ទង

រឿងខ្លី៖ ជ្រូក​បបួល​សីហៈវ៉ៃ​គ្នា

 

 

Leave a Reply

Your email address will not be published. Required fields are marked *