ស្វែងយល់អំពីចំណុចសំខាន់ៗរបស់អ្នកដឹកនាំ និងជំនាញក្នុងការគ្រប់គ្រង

ការផ្តល់តំណែងជាអ្នកដឹកនាំ (ប្រធានស្ថាប័ន ឬអង្គភាព) ឱ្យទៅបុគ្គលម្នាក់ គឺស្មើនឹងការប្រគល់អំណាច ឱ្យទៅអ្នកស្នងបន្តវេនថ្មី។ កិច្ចការនេះ គឺជារឿងសំខាន់ខ្លាំងណាស់ និងមិនអាចធ្វេសប្រហែសបានឡើយ។

ការសិក្សាស្រាវជ្រាវ និងបទពិសោធន៍នៃការអនុវត្តន៍ដ៏ល្អៗបង្ហាញថា មុននឹងធ្វើរឿងមួយនេះ សូមស្វែងរកមើលឱ្យឃើញនូវលក្ខណៈសម្បត្តិចាំបាច់មួយចំនួនរបស់បេក្ខជន។ បើមិនទាន់មាន គឺត្រូវតែយកចិត្តទុកដាក់រៀបចំ ឬសំលៀងឱ្យបានល្អ និងមុតស្រួចជាបន្តបន្ទាប់ជាមុនសិន។ នេះគឺមានន័យថា ធ្វើការរៀបចំ ឬសំលៀង និងបំពាក់បំប៉ន ឬបំពេញលក្ខណៈសម្បត្តិចាំបាច់ទាំងអស់ឱ្យបានល្អ។ នេះក៏ព្រោះតែមនុស្សគ្រប់គ្នាក្នុងស្ថាប័ន ឬអង្គភាពចង់ឃើញ និងជាក់ស្តែងតែម្តង គឺស្ថាប័ន ឬអង្គភាពមានតម្រូវការអ្នកស្នងបន្តវេន ជាមនុស្សល្អ ខ្លាំងពូកែ និងជឿទុកចិត្តបាន។

លក្ខណៈសម្បត្តិមួយ ក្នុងចំណោមមួយចំនួននោះ គឺ ជំនាញរឹង ឬជំនាញបច្ចេកទេសផ្នែក « ការគ្រប់គ្រង (Management) » យើងនិយមហៅថា Hard-Skills។

ជំនាញខាងការគ្រប់គ្រងដ៏ពិតប្រាកដ គឺផ្តល់នូវសមត្ថភាពពេញលេញ និងស្ទាត់ជំនាញក្នុងការធ្វើរឿងចំនួន៤ ដើម្បីដឹកនាំសកម្មភាពមនុស្សក្រោមការគ្រប់គ្រង ឬក្រោមបង្គាប់របស់ខ្លួន និងនាំស្ថាប័ន ឬអង្គភាពឆ្ពោះទៅទទួលបានការរីកចម្រើន។ រឿងពិសេស ៤យ៉ាង នោះគឺ៖

ទី១ មានសមត្ថភាពខ្ពស់

១. ការផ្តួចផ្តើមនិងការដឹកនាំរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីនាំស្ថាប័ន/អង្គភាពបោះជំហានទៅទទួលបានការរីកចម្រើន

២. ការដឹកនាំរៀបចំយន្តការ ដូចជា ការសរសេរនីតិវិធិ និងការអភិវឌ្ឍកម្មវិធី គម្រោង និងថវិកា ដើម្បីអនុវត្តន៍ផែនការយុទ្ធសាស្ត្រ និង

៣. ការដឹកនាំនិងការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រ… ដើម្បីឱ្យប្រតិបត្តិការដំណើរការទៅតាមគន្លងបានកំណត់ និងសម្រេចបានជោគជ័យ។

ជុំវិញការផ្តល់តំណែងជាអ្នកដឹកនាំឱ្យទៅមនុស្សល្អ ខ្លាំងពូកែ និងជឿទុកចិត្តបាន ឆ្លើយតបបានតាមសំណូមពរ និងតម្រូវការក្នុងការអភិវឌ្ឍរីកចម្រើនរបស់ស្ថាប័ន ឬអង្គភាព ទាមទារឲ្យមានការពិនិត្យមើល។

ទី២. មានទេពកោសល្យក្នុងការចាត់ចែងកិច្ច (រៀបចំមនុស្សធ្វើការ) ដោយផ្អែកលើផែនការយុទ្ធសាស្ត្របានកំណត់ ក្នុងនោះមាន៖

១. ការពិនិត្យរៀបចំរចនាសម្ព័ន្ធ និងបែបបទនៃការធ្វើការងារ

២. ការបែងចែកធនធាន ជំនាញ និងមនុស្សសម្រាប់ការធ្វើកិច្ច

៣. ការដឹកនាំមនុស្សអនុវត្តន៍ផែនការយុទ្ធសាស្ត្រ និង

៤. រៀបចំកិច្ចការឱ្យមនុស្សធ្វើ! អ្នកណាធ្វើ! វិធីឬរបៀបធ្វើដ៏ល្អ! ដើម្បីឱ្យឆ្លើយតបតាមផែនការយុទ្ធសាស្ត្រ…

ទី៣. មានសមត្ថភាពខ្ពស់ក្នុងការដឹកនាំមនុស្សធ្វើការដើម្បីភាពជោគជ័យ ដូចជា៖

១. ការជម្រុញលើកទឹកចិត្ត ការណែនាំបង្ហាត់បង្ហាញ ការស្តាប់ និងការកែតម្រូវ (ទង្វើ កំហុស សីលធម៌ ស្មារតី វិន័យក្នុងការងារ)

២. ការជំរុញបំផុសទឹកចិត្ត ផ្តល់កម្លាំងចិត្ត និងត្រួតពិនិត្យ… ដើម្បីកុំឱ្យមនុស្ស និងការងារអនុវត្តទាំងឡាយឃ្លាតប្រាសចាកឆ្ងាយពី Vision និង ឬ Goal ពីផែនការយុទ្ធសាស្ត្របានកំណត់ និង

៣. ការជំរុញការគាំទ្រ និងការញ៉ាំងមនុស្សឱ្យលះបង់ និងនាំគ្នាធ្វើ! ធ្វើដោយការពេញចិត្ត។

ទី៤. ច្បាស់អំពីកិច្ចការត្រួតពិនិត្យ វាស់វែង វាយតម្លៃ និងវិនិច្ឆ័យលើបណ្តាសកម្មភាពទាំងឡាយ នៃផែនការយុទ្ធសាស្ត្រ ក្នុងនោះ៖

១. ត្រួតពិនិត្យមើលរឿង៤យ៉ាង គឺមើលបរិមាណដែលបានបង្កើតឡើង (ចំនួន) មើលគុណភាពនិងការពេញចិត្តរបស់អតិថិជន មើលពេលវេលា និងមើលការចំណាយ (តិចឬច្រើន) ក្នុងការធ្វើកិច្ចការអស់នេះ និង

២. ចេះកែតម្រូវ បង្កើនគុណភាពនៃផែនការយុទ្ធសាស្ត្រ បង្កើតប្រសិទ្ធផល (Efficiency) និងប្រសិទ្ឋភាព (Effectiveness)។

ជំនាញខាងការគ្រប់គ្រងដ៏ពិតប្រាកដ គឺយល់ច្បាស់ និងធ្វើឱ្យកើតមានរឿងល្អធំ២៖

ទី១. គឺការធានាឱ្យស្ថាប័ន ឬអង្គភាព ធ្វើប្រតិបត្តិការបានប្រកបដោយប្រសិទ្ធផល (Efficiency) មានន័យថា ប្រតិបត្តិការប្រព្រឹត្តទៅបានប្រកបដោយគុណភាព ដោយចំណាយធនធាន (Input) សមល្មម ទទួលបានទិន្នផល (Output) ខ្ពស់។ ធនធានរបស់ស្ថាប័ន ឬអង្គភាព ត្រូវបានសំដៅដល់ លុយ (Money) មាស កម្លាំងពលកម្ម ឬមនុស្ស សម្ភារប្រើប្រាស់ បច្ចេកវិទ្យា វត្ថុធាតុដើម និងថាមពល… ។ល។

ការធានាបាននូវប្រសិទ្ឋផល (Efficiency) ក្នុងប្រតិបត្តិការ គឺពិតជាប្រសើរណាស់! តែយ៉ាងណាមិញ វាមិនគ្រប់គ្រាន់ទេក្នុងការដឹកនាំ និងការគ្រប់គ្រង គឺត្រូវធ្វើឱ្យមានប្រសិទ្ឋភាព (Effectiveness) ថែមទៀតទើបគ្រប់ជ្រុងជ្រោយ។

ទី២. គឺការធានាបាននូវ ប្រសិទ្ឋភាព (Effectiveness) ក្នុងការដឹកនាំ និងការគ្រប់គ្រង មានន័យថា នាំស្ថាប័ន ឬអង្គភាពឱ្យឈានឡើង និងទទួលបានជោគជ័យ ឬថាសម្រេចបានទៅតាម ទស្សនវិស័យ (Vision) ឬ គោលដៅ (Goal) ឬសុបិនរបស់អ្នកដឹកនាំ។


អត្ថបទទាក់ទង

អ្នកដឹកនាំ តើអ្នកមានចក្ខុវិស័យច្បាស់លាស់ សម្រាប់អនាគតក្រោយវិបត្តិដែរឬទេ?

Leave a Reply

Your email address will not be published. Required fields are marked *