របៀប​គ្រប់គ្រង​ពេលវេលា​ប្រកបដោយប្រសិទ្ឋភាព​ និងការបង្កើតគោលដៅឆ្លាតវៃ

ការគ្រប់គ្រងពេលវេលា

ការគ្រប់គ្រងពេលវេលា គឺការរៀបគម្រោងពីពេលវេលាសម្រាប់ការងារនីមួយៗ។ ការគ្រប់គ្រងពេលវេលាដែលល្អមួយ នឹងអាចជួយអ្នកបំពេញការងារដោយឆ្លាតវៃ ពោលគឺអាចបំពេញការងារច្រើនក្នុងពេលតិចជាងមុន និងបំពេញការងារបានល្អទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាក ឬមានសំពាធខ្លាំង។ អ្នកត្រូវចងចាំថា បើអ្នកមិនអាចគ្រប់គ្រងពេលវេលាបានល្អ នោះវានឹងបណ្តាលឲ្យកើតមានប្រសិទ្ធភាពការងារមិនល្អ និងជំងឺស្រ្តេស។

តើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកមិនមានពេលវេលាគ្រប់គ្រាន់សោះក្នុងមួយថ្ងៃៗ?

ដើម្បី​អាច​គ្រប់​គ្រង់​ពេលវេលា​ឲ្យ​មាន​ប្រសិទ្ធភាព គឺមាន​គន្លឹះ​សំខាន់ៗ ចំនួន​៤ ដែល​អ្នក​ត្រូវ​ដឹង​ពី​ខ្លួនឯង និង​សួរ​ខ្លួនឯង​ថា៖

ទី១. តើ​ការងារ​ណា​សំខាន់ ហើយ​វា​បន្ទាន់?

ទី២. តើ​ការងារ​ណា​សំខាន់ ប៉ុន្តែ​វា​មិន​បន្ទាន់?

ទី៣. តើ​ការងារ​ណា​មិន​សំខាន់ ប៉ុន្តែ​វា​បន្ទាន់?

ទី៤. តើ​ការងារ​ណា​មិន​សំខាន់ ហើយក៏​វា​មិន​បន្ទាន់​ដែរ?

បន្ទាប់​ដឹង​ពី​គន្លឹះ​ទាំងនេះ អ្នក​ត្រូវ​ចាប់ផ្តើម​ចាត់​អាទិភាព​ការងារ​នោះ​ឲ្យ​បាន​ច្បាស់លាស់ ថា​តើ​ការងារ​ណា​ត្រូវធ្វើ​មុនគេ ការងារ​ណា​ត្រូវធ្វើ​បន្ទាប់ និង​ការងារ​ណា​ត្រូវ​ទុក​ធ្វើ​ក្រោយ​គេ ឬលុបវាចោល។ ដើម្បី​អនុវត្តន៍​របៀប​គ្រប់គ្រង​ពេលវេលា​ឲ្យ​ជោគជ័យ អ្នក​ត្រូវមាន​ទម្លាប់​ធ្វើ​ផែនការ​ប្រចាំថ្ងៃ​ឲ្យ​បាន​ទៀងទាត់ ដោយ​ត្រូវ​សរសេរ​ផែនការ​នៅថ្ងៃនេះ​សម្រាប់​អនុវត្តន៍​នៅ​ថ្ងៃស្អែក និង​ត្រូវ​ចំណាយពេល​រម្លឹក​ការអនុវត្ត​របស់​អ្នក ថា​តើ​ត្រូវ​តាម​ពេលវេលា​ដែល​អ្នក​បានកំណត់​ដែរឬទេ? បន្ទាប់មក​អ្នក​ត្រូវ​សរសេរ​ផែនការ​សម្រាប់​ថ្ងៃ​បន្ទាប់​ទៀត។ ដូច្នេះ​អ្នក​ត្រូវ​អនុវត្តន៍​របៀបនេះ​ឲ្យ​ក្លាយជា​ទម្លាប់ ទើប​ការគ្រប់គ្រង​ពេលវេលា​របស់​អ្នកទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

ការបង្កើតគោលដៅឆ្លាតវៃ

ការបង្កើតគោលដៅឆ្លាតវៃ គឺជាវិធីសាស្រ្តដ៏អស្ចារ្យបំផុតសម្រាប់អ្នកមិនទាន់ចេះកំណត់គោលដៅដ៏ឆ្លាតវៃ ឬគោលដៅ SMART ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨១ មកម្លេះ ដោយលោក George T. Doran ជាទីប្រឹក្សា និងជាអតីតប្រធានផ្នែកផែនការសាជីវកម្មសម្រាប់ក្រុមហ៊ុនថាមពលទឹកវ៉ាស៊ីនតោន។ ។ ដូច្នេះអ្នកអាចសាកល្បងធ្វើការបង្កើតគោលដៅឆ្លាតវៃ ឬគោលដៅ SMART ដូចខាងក្រោម៖

១. S = Specific (មានភាពច្បាស់លាស់)

បើអ្នកនិយាយថា “ខ្ញុំចង់ស្រកគីឡូ គឺគ្រាន់តែជាបំណងប្រាថ្នា តែវាមិនមែនគោលដៅទេ។ វានឹងក្លាយជាគោលដៅបាន លុះត្រាតែអ្នកកំណត់ខ្លួនឯងថា ត្រូវតែស្រក១០គីឡូក្នុងរយៈពេលមួយខែ។​ តើអ្នកចង់បានអ្វីអោយប្រាកដ?

២. M = Measurable (អាចវាស់វែង)

កុំបង្កើតគោលដៅធំពេក ឬតូចពេកតែត្រូវដាក់គោលដៅឱ្យសមល្មម ឬលើសពីសមត្ថភាពយើងបន្តិចបន្តួច។ បើពុំដូច្នោះទេ វានឹងក្លាយជារឿងគ្មានន័យ ពីព្រោះបើកាលណាតូចពេក អ្នកដទៃក៏អាចធ្វើបាន ហើយបើវាធំពេក យើងក៏មិនអាចធ្វើបាន។ បើយើងមានសមត្ថភាពឈោងបានកម្ពស់ពីរម៉ែយើងគួរដាក់គោលដៅពីរម៉ែតកន្លះឡើងទៅ។

៣. Attainable (អាចសម្រេចបាន)

បើកាលណាយើងសម្រេចគោលដៅខ្ពស់ពេក តែនៅពេកធ្វើមិនបាន យើងនឹងក្លាយទៅជាបាក់ទឹកចិត្តហើយនឹងគិតថាយើងគ្មានសមត្ថភាព។ គោលដៅយើងត្រូវតែស្របជាមួយនឹងធម្មជាតិ។

៤. R = Realistic (ភាពប្រាកដនិយម)

គោលដៅរបស់យើងត្រូវតែមានភាពប្រកដនិយមជានិច្ច តែមិនមែនចេះតែស្មានៗ ទំាងមិនមានភាពច្បាស់លាស់នោះទេ។

៥. T = Timeline (កំណត់ពេលវេលា)

គោលដៅដែលគ្មានការកំណត់ពេលវេលាច្បាស់លាស់ គឺជាគោលដៅដែលគ្មានន័យ បើទោះបីជាសម្រេច ឬមិនសម្រេចក៏ដោយ។ អ្នកគួរតែចាប់ផ្តើមដោយមានកាលបរិច្ចេទបញ្ចប់ច្បាស់លាស់។

*វិធីសរសេរគោលដៅ SMART ដែលមានប្រសិទ្ធភាព

មកដល់ចំណុចនេះ អ្នកមានចំណេះដឹងកាន់តែស៊ីជម្រៅអំពីគោលដៅ SMART។ ប៉ុន្តែ ដើម្បីធ្វើឲ្យវាមានប្រសិទ្ធភាពបន្ថែមទៀតនោះ គឺរាល់ពេលលេចចេញនូវគំនិត ឬគោលដៅថ្មីៗត្រូវសរសេរវាទុកក្នុងសៀវភៅ ព្រោះក្នុងរយៈពេលមួយថ្ងៃៗ យើងមានគំនិតរាប់ពាន់លាន ហើយមានពេលខ្លះវាបានលេចឡើងជាលាយលក្ខណ៍អក្សរសម្រាប់រឿងមួយចំនួន។

ក្រោយពីការសរសេរហើយនោះយើងនឹងឃើញថាយើងកំពុងសួរសំណួរបន្ថែម ហើយចម្លើយនឹងចាប់ផ្តើមកែសម្រួលគោលដៅរបស់អ្នកបន្ថែមទៀត និងយុទ្ធសាស្រ្តរបស់អ្នកដើម្បីសម្រេចបាន។ គន្លឹះមួយនៅពេលនិយាយអំពីការកំណត់គោលដៅ SMART គឺថាអ្នកចង់កំណត់តែមួយ ហើយធ្វើការវាតាមលក្ខណៈវិនិច្ឆ័យ SMART។ បន្ទាប់ពីនោះអ្នកអាចបង្រួមគោលដៅទៅជាសេចក្តីថ្លែងការណ៍តែមួយ។ អ្នកគ្រាន់តែកំណត់គោលដៅមួយ ហើយរឿងតូចៗមួយចំនួនអ្នកអាចកំណត់វានៅតាមផ្លូវឆ្ពោះទៅគោលដៅធំ ពីព្រោះនៅពេលយើងកំណត់គោលដៅច្រើនវាអាចបង្កើតការប្រកួតប្រជែងសម្រាប់ការយកចិត្តទុកដាក់របស់យើង។ វាបំបែកការផ្តោតអារម្មណ៍របស់យើង ហើយអាចនាំឲ្យមានបញ្ហាជាច្រើនទៀតនៅតាមផ្លូវ។ ផ្ទុយទៅវិញវាសំខាន់ណាស់ដែលយើងកំណត់គោលដៅសម្រេច​វា ហើយបន្ទាប់មករក្សាលទ្ធផលនៅពេលដែលយើងឈានឆ្ពោះទៅរកគោលដៅផ្សេងទៀត។

*វាយតម្លៃភាពជោគជ័យ និងការបរាជ័យនៅពេលកំណត់គោលដៅ SMART

ទោះបីយល់ពីអ្វីដែលជាគោលដៅរបស់ SMART និងវិធីសរសេរវាឲ្យមានប្រសិទ្ធិភាពក៏ដោយក៏មានអ្នកខ្លះនឹងទទួលជោគជ័យក្នុងគោលដៅរបស់អ្នក រីឯអ្នកខ្លះទៀតនឹងបរាជ័យ។នោះគឺជាធម្មជាតិនៃគោលដៅ។ ទោះបីជាអ្នកខិតខំអស់ពីសមត្ថភាពក៏ដោយក៏ពេលខ្លះអ្នកមិនអាចបំពេញវាបានដែរ។ ប៉ុន្តែមិនអីទេពីព្រោះនេះបង្ហាញពីទិដ្ឋភាពមួយទៀតនៃគោលដៅ។

ទោះយ៉ាងណានេះគឺជាវិធីដែលអ្នកអាចចូលទៅជិត និងវាយតម្លៃពីទិដ្ឋភាពទាំងនេះ៖

  • វាយតម្លៃការបរាជ័យ

យកការបរាជ័យជាឱកាសរៀនសូត្រ។ វាជាឱកាសសម្រាប់អ្នកដើម្បីរៀនអំពីខ្លួនអ្នក យុទ្ធសាស្រ្តកំណត់គោលដៅរបស់អ្នក និងគោលដៅខ្លួនឯង។ អ្នកអាចយកចំណេះដឹង ព័ត៌មានពាក់ព័ន្ធទាំងនោះមកកែតម្រូវមុនពេលព្យាយាមគោលដៅម្តងទៀត។ ទាំងនេះគឺជាបញ្ហាប្រឈម និងការកែតម្រូវបន្ថែមទៀត។ ចំណុចសំខាន់គឺត្រូវដើរចេញពីទិដ្ឋភាពទាំងនេះដោយមានចំណេះដឹងច្រើនជាងមុន។

  • វាយតម្លៃភាពជោគជ័យ

ជោគជ័យ គឺអស្ចារ្យ ប៉ុន្តែវាច្រើនតែនាំឲ្យមានសំណួរថា “តើមានអ្វីបន្ទាប់ទៀត?” ហើយសម្រាប់មនុស្សជាច្រើន នេះមិនមែនជាសំណួរងាយស្រួលឆ្លើយនោះទេ។ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏ជាគន្លឹះធ្វើឲ្យយើងរីករាយនឹងលទ្ធផលនៃការខិតខំរបស់យើងផងដែរ។

ទោះយ៉ាងណាក៏ដោយមានចំណុចមួយដែលយើងត្រូវឆ្លុះបញ្ចាំងពីជោគជ័យនោះ។ តើអ្នកទទួលបានអ្វីខ្លះពីភាពជោគជ័យនោះ? តើអ្នកអាចធ្វើអ្វីខ្លះឆ្ពោះទៅមុខដើម្បីសម្រេចបានច្រើនជាងនេះ? តើអ្នកចង់ធ្វើអ្វីបន្ទាប់?

តាមរយៈការសួរសំណួរកាន់តែស៊ីជម្រៅអំពីអ្វីដែលអ្នកសម្រេចបាន អ្នកអាចអភិវឌ្ឍខ្លួនអ្នកបន្ថែមទៀត និងបង្រួមនូវអ្វីដែលចាំបាច់ត្រូវផ្តោតទៅលើបន្ទាប់។


អត្ថបទទាក់ទង

ញាំកង្កែបនោះទៅ!​​​ (Eat That Frog) ច្បាប់ដ៏អស្ចារ្យទាំង២១ ដោយលោក Brain Tracy

 

One thought on “របៀប​គ្រប់គ្រង​ពេលវេលា​ប្រកបដោយប្រសិទ្ឋភាព​ និងការបង្កើតគោលដៅឆ្លាតវៃ

Leave a Reply

Your email address will not be published. Required fields are marked *