រឿងខ្លី៖ “ក្រឡាសំណាញ់មួយប្រឡោះ” បង្កប់អត្ថន័យអំពីការងារជាក្រុម ឬប្រព័ន្ឋ
ពួកអ្នកដើរទាក់សត្វ គេតែងដឹងថា សត្វនឹងហើរមកតាមផ្លូវណា គេក៏យកសំណាញ់នោះទៅលាតសន្ធឹងចាំទាក់។ បុរសម្នាក់ទៀតតាមសង្កេតមើល គេទាក់សត្វយ៉ាងយកចិត្តទុកដាក់បំផុត។ គេសង្កេតដឹងម្យ៉ាងថាពេលសត្វជាប់សំណាញ់ គេឃើញជាប់ម្តងៗតែមួយក្រឡាទេ ហេតុអីក៏ពួកទាក់សត្វវាចាក់ក្រឡាសំណាញ់ឲ្យច្រើននាំតែខាតពេលធ្វើអី?
ពេលត្រឡប់មកផ្ទះវិញ បុរសនោះក៏រកអំបោះខ្លីៗមកធ្វើក្រឡាជារង្វង់តែមួយដាច់ៗពីគ្នាជាច្រើនវង្វង់ដើម្បីយកទៅទាក់សត្វ។
អ្នកភូមិដែលនៅក្បែរនោះ ដើរមកឃើញដូច្នោះ នឹកឆ្ងង់ហើយសួរថា៖ “ឯងធ្វើស្អីហ្នឹង?”
បុរសនោះឆ្លើយ៖ “អានេះខ្ញុំផលិតវាសម្រាប់យកទៅទាក់សត្វ ព្រោះថាសត្វវានឹងជាប់សំណាញ់ម្តងតែមួយក្រឡាទេ ដូច្នោះយើងចាំបាច់ទៅចាក់អាសំណាញ់ក្រឡាច្រើននាំតែខាតធ្វើស្អី?”
រឿងនេះចង់ផ្តល់អត្ថន័យសម្រាប់អ្នកជាការគិតពិចារណាថា៖
សំណាញ់ត្រូវមានក្រឡាច្រើន ក្រឡានីមួយៗរបស់វា គឺជាចំណែកមួយរបស់សំណាញ់ទាំងមូលមិនអាចផ្តាច់ចេញពីគ្នាបានឡើយ។ ការដែលគេយកសំណាញ់ទៅទាក់សត្វ ឬទៅចាប់ត្រីបានវាដោយសារតែការរួមគ្នារបស់ក្រឡាច្រើន បង្កើតបានទៅជាសំណាញ់ទាំងផ្ទាំង ដើម្បីបង្កឲ្យមានប្រសិទ្ធិភាព ទោះបីសត្វមួយវាជាប់ក្នុងក្រឡាសំណាញ់តែមួយ ប៉ុន្តែបើពុំមានក្រឡាសំណាញ់ច្រើនរួមគ្នាទេក្រឡាតែមួយនោះក៏គ្មានបានការអ្វីដែរ។ បុរសល្ងង់គិតឃើញពីគុណសម្បត្តិក្រឡាសំណាញ់មួយប្រឡោះ តែគេមិនបានយល់ពីសម្ព័ន្ធភាពរបស់ក្រឡាសំណាញ់ទាំងអស់ទេ ការដែលមើលឃើញតែចំណុចតូចតាចមួយ ហើយមើលមិនឃើញពីបុព្វហេតុរួមដូច្នោះ ទោះជាខំប្រឹងពេញមួយជីវិត ក៏អ្នកមិនអាចចាប់អ្វីបានដែរ។
ដកស្រង់ចេញពីសៀវភៅគោលការណ៍ការគ្រប់គ្រងនិងការដឹកនាំបែបចិន
គម្ពីរលីស៊ឺឈុនឈីវ
អត្ថបទទាក់ទង
រឿងខ្លី៖ កូនឥន្ទ្រី និងមេមាន់ បង្កប់អត្ថន័យអំពីការប្រើសក្ដានុពលជាឥន្ទ្រីនៅក្នុងខ្លួនអ្នក