១០ ចំណុចដើម្បីក្លាយជាអ្នកនិយាយសាធារណៈប្រកបដោយភាពបុិនប្រសប់

ការនិយាយនរណាក៏ចេះនិយាយដែរ​ លើកលែងតែមនុស្សដែលពុំអាចនិយាយបាន។ ប៉ុន្តែការនិយាយដែលប្រកបទៅដោយគតិបណ្ឌិត ដែលធ្វើឲ្យមហាជនទទួលស្គាល់វាមិនមែន​ជារឿងមួយដែលមានភាពងាយស្រួលនោះឡើយ។​ ខាងក្រោមនេះ ជាដំណោះស្រាយ​​ដ៏ល្អ​ប្រសើរដែលធ្វើឲ្យអ្នកក្លាយទៅជាអ្នកដែលមានភាពប៉ិនប្រសប់នៅក្នុងការ​និយាយ ៖

១. កំណត់អំពីចំណុចសំខាន់ៗដែលអ្នកចង់និយាយ

ពេលខ្លះ អ្នកបានធ្វើ​ការ​​និយាយនូវសម្តីជាច្រើននៅក្នុងការនិយាយជាសាធារណៈ ប៉ុន្តែបែរជាគ្មាន​ការចាប់​អារ​ម្មណ៍​ពីអ្នកស្តាប់ទៅវិញ ដូចនេះអ្នកត្រូវតែកំណត់​ឲ្យបានច្បាស់ពីអ្វីដែលអ្នកត្រូវតែ​និយាយ។ នេះមាន​ន័យ​ថា គ្រប់ពាក្យ​សម្តី​របស់​អ្នក​ដែល​អ្នក​​និយាយ​ទៅ​ហើ​យ​ ត្រូវតែ​មាន​ប្រយោជន៍​សម្រាប់​អ្នក​ស្តាប់​អ្នក​និយាយ​។

២. និយាយឲ្យបានច្បាស់

ភាសា និងសម្លេងដែលអ្នកនិយាយ អ្នកត្រូវ​តែ​ប្រាកដនៅក្នុងចិត្តថា វាមានភាពច្បាស់សមល្មមអាចទទួកយកបាន ធ្វើឲ្យគេអាចទទួល និង​ជ្រាបច្បាស់ពីអ្វីដែលយើងនិយាយ។​ ​នៅពេល​ដែល​អ្នក​និយាយ​នៅ​ក្នុង​ចំណោម​អ្នក​ចូល​​រួម​​ជាច្រើន​ អ្នក​​ត្រូវ​តែនិ​យាយ​ឲ្យ​​បាន​ច្បាស់ ​ដោយ​មិ​ន​​ត្រូវ​ញ៉ាំ​​របស់​អ្វី​​នៅ​ក្នុង​​មាត់​របស់​​​​​​អ្នក​​ឡើយ។

៣. ប្រើប្រាស់ភ្នែក

ពេលដែលអ្នកធ្វើការ​ឡើង​និយាយ​ក្នុងចំណោមមនុស្ស​ជា​ច្រើន អ្នកត្រូវប្រើ​ប្រាស់​នូវ​ក្រសែ​ភ្នែករបស់អ្នកឲ្យបានល្អ ដោយ​សម្លឹង​មើល​​ទៅអ្នក​គ្រប់​​គ្នា​ដោយសេចក្តីគោរព​ និងមាន​ភាព​សមរម្យ។ អ្នកត្រូវ​សម្លឹង​ឆ្ពោះ​ទៅមុខត្រង់ ហើយរេ​ឆ្វេង​ស្តាំ​​​ក្នុងកម្រិត២៥​ដឺ​ក្រេ។

៤. និយាយឲ្យបានឮ

អ្នកចូល​រួម​របស់អ្នក នឹងអាច​ស្តាប់ឮ​​​​នូវ​អ្វី​​ដែល​អ្នក​​បាន​អត្តាធិប្បាយ ប្រសិនបើអ្នកនិយាយបានឮ  ​និងច្បាស់ល្អ បើទោះបីជាពួកគេអង្គុយ​នៅ​កន្លែង​​​ដែលមានសភាពអ៊ូអរក៏ដោយ។

៥. កែតម្រូវនូវសម្តីរបស់អ្នកទៅតាមស្ថានភាពនៃអ្នកចូលរួម

អ្នក​ត្រូវ​តែ​ដឹង​ឲ្យបានច្បាស់ថា អ្នកចូលរួមស្តាប់ការនិយាយរបស់អ្នកជានរណា? មានកម្រិត​វប្បធម៌​បែប​ណា?​ មានឋានៈតួនាទីជាអ្វី? តើសម្តី​ដែល​អ្នក​ត្រូវ​និយាយ​ជាមួយបុគ្គលដែល​ឋានៈ​ខ្អស់​អ្នក​ត្រូវ​ប្រើ​ប្រាស់​នូវស​ម្តី​បែប​ណា? មានព្រះ​សង្ឃ​ចូល​រួម​អ្នក​ត្រូវ​ប្រើ​ប្រាស់​ភាសា​បែប​ណា? ​អ្នក​ចូលរួម​របស់​អ្នក​ជាបុគ្គល​ដែលមានចំណេះ​ដឹង​ទាបជា​ង ជាបុគ្គល​ដែល​មានវ័យ​ទាបជាង​អ្នក ​តើ​អ្នក​ត្រូវ​ប្រើ​ប្រាស់​​នូវសម្តីបែបណា?

៦. ចេះនិយាយអំពីរឿ​ងកំប្លែង ឬពាក្យ​កំប្លែង

​នៅ​ពេល​ដែល​អ្នកគិត​តែ​ពី​និយាយ​​ដោយមិនមានការលាយឡំនូវឧទាហរណ៍ ឬមិន​បានលើក​រឿងរ៉ាវណាមួយ​មក​បញ្ជាក់​​ពេល​​នោះ​អ្នក​​ចូល​រួម​​របស់​អ្នក​​ប្រាកដ​​ជា​មាន​អារម្មណ៍​ធុញ​​ទ្រាន់​​ជាក់​​ជា​មិន​​ខាន ​​ដូច្នេះអ្នក​​ត្រូវ​ចេះ​រកនឹក​​រឿង​កំប្លែង​​ដើម្បី​ធ្វើ​​ឲ្យ​​មានបរិយា​កាសរឹត​តែរីក​រាយ​ឡើង។

៧. កុំប្រើប្រាស់សម្លេងរបស់អ្នកនិយាយតែមួយបែប

ការប្រើប្រាស់សម្លេង​ វាពិត​ជាមានសារៈសំខាន់ណាស់  អ្នកត្រូវ​ចេះ​​ធ្វើការលើក​ដាក់សម្លេងរបស់អ្នកទៅតាម​ស្ថាន​​ភាពកាលៈទេសៈ និងពេលវេលាដោយផ្អែក​ទៅ​លើ​ស្ថាន​ភាព និងអារម្មណ៍​របស់​អ្នក​ចូល​រួម។ អ្នក​ត្រូវ​ចេះ​វិធី​សាស្រ្តពញ្ញាក់អារម្មណ៍ដល់​អ្នក​ចូលរួម​របស់​អ្នក​​ ឲ្យ​ពួក​គេមាន​ការ​​ចាប់​​អារម្មណ៍ចំពោះ​ប្រធានបទ​ដែល​អ្នក​កំពុង​តែ​និយាយ។

៨. មិនធ្វើការគាំទ្រ

នៅពេ​ល​​​ដែល​​អ្នក​ចូល​រួម​រ​ប​ស់អ្នក​ប្រព្រឹត្តនូវ​សកម្មភាព ឬសម្តី​ដែលមិន​មានភាព​សម​រម្យ ក្នុង​គោល​បំណង​ចង់​ធ្វើ​ឲ្យ​មានភាពវឹកវរ​នៅ​ក្នុង​​កម្មវីធី​អ​ធិប្បាយ​​របស់​​អ្នក​​​​ អ្នក​មិន​ត្រូវ​ទទួល​​យក​​នូវទ​ង្វើ​នោះទេ​ តែអ្នក​ត្រូវធ្វើ​កា​រ​សម្រ​ប​សម្រួល​ដោយ​សន្តិវិធី។

៩. ប្រើប្រាស់ដៃរបស់អ្នក

ការប្រើប្រាស់កាយវិការរបស់អ្នក ត្រូវសមស្រប​ជាមួយនូវសម្តីរបស់អ្នក ពេលខ្លះអ្វីដែលអ្នកនិយាយគេមានការពិបាកយល់ ប៉ុន្តែបើអ្នក​ពូកែ​ប្រើប្រាស់នូវកាយវិការ គេអាចមានការងាយយល់ជាង។

១០. ត្រូវមានភាពគួរសម

អ្នកត្រូវមានភាពគួរសមចំពោះការនិយាយស្តី និងគោរព​អ្នកចូលរួមរបស់អ្នក បើទោះបីជាអ្នកនោះមានកម្រិតការយល់ដឹង និងវ័យទាប​ជាង​យើង​ក៏ដោយ។ ភាសា​របស់​អ្នក​ត្រូវ​ប្រាកដ​ថា​វា​ជាភាសា​ដែល​មិនបង្ក​ឲ្យ​មានភាព​មិនល្អ​ ចំពោះ​​​​ការ​អត្ថា​ធិប្បាយ​របស់អ្នក​ឡើយ។ នេះមានន័យថា ភាសាដែល​អ្នក​និយាយ​ទៅ ​គឺ​ជា​ភាសា​បែប​​អ្នក​មានគំនិត​ប្រាជ្ញា ជា​បុគ្គល​ដែលមានការ​យល់ដឹង​ខ្ពស់ជា​ងបុគ្គល​ដែលមាន​ក្រម​សីល​ធម៌​​​​​ល្អ។

សរុបមក ដើម្បីក្លាយជាអ្នកនិយាយសាធារណៈប្រកបដោយភាពបុិនប្រសប់ អ្នកត្រូវមាន ១០ ចំណុចខាងលើនេះ ព្រមទាំងភាពស្មោះត្រង់ និងវិជ្ជមានផងដែរ។


អត្ថបទទាក់ទង

តើអ្វីទៅជាការនិយាយនៅទីសាធារណៈ?

Leave a Reply

Your email address will not be published. Required fields are marked *