មធ្យោបាយសាមញ្ញៗ ៧ យ៉ាង ដើម្បីកាត់បន្ថយស្ត្រេសនៅកន្លែងធ្វើការ
ស្ត្រេស និងអន្ទះសារ គឺជាបញ្ហាសុខភាព ដែលប្រជាពលរដ្ឋខ្មែរទូទៅ កំពុងតែជួបប្រទះរាល់ថ្ងៃ ប៉ុន្តែពួកគាត់ទាំងនោះ មិនបានដឹងថា វាជាជំងឺដែលកំពុងគម្រាមកំហែង ដល់សុខភាពពួកគាត់ឡើយ។ ស្ត្រេស ជាស្ថានភាពមួយ ដែលទាមទារការព្យាបាល ពីព្រោះបើទុកយូរទៅវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ អាចនឹងកើតឡើងជាមិនខានឡើយ។ វាក៏ជាឧបសគ្គដែលគួរឱ្យខ្លាចមួយចំពោះសកម្មភាពការងាររបស់បុគ្គលិកនៅកន្លែងការងារផងដែរ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដែលអាចប្រើ ដើម្បីកាត់បន្ថយភាពតានតឹងនៅកន្លែងធ្វើការ ដូច្នេះសូមដាក់គំនិតទាំងនេះទៅជាសកម្មភាព ហើយចងចាំថាយុទ្ធសាស្ត្រល្អបំផុតចាប់ផ្តើមពីឧទាហរណ៍របស់អ្នកដឹកនាំ។
១. លើកកម្ពស់សុខុមាលភាពនៅកន្លែងធ្វើការ
ការហាត់ប្រាណនិងការរស់នៅប្រកបដោយសុខភាពល្អ គឺជាអាវុធដ៏ល្អបំផុតរបស់អ្នកប្រឆាំងនឹងភាពតានតឹងនៅកន្លែងធ្វើការ។ ការធ្វើលំហាត់ប្រាណធ្វើឱ្យបុគ្គលិកលែងគិតពីភាពតានតឹង ហើយផ្តោតលើការងារដែលពួកគេមាន។ បុគ្គលិកមានអារម្មណ៍ល្អប្រសើរនៅពេលពួកគេដឹងថាអ្នកកំពុងមើលថែសុខភាពរបស់ពួកគេ។
២. កែប្រែទម្លាប់ឡើងវិញ
ភាពតានតឹងជាច្រើនកើតចេញពីបរិស្ថាន។ គិតអំពីគ្រប់ផ្នែកទាំងអស់នៃការិយាល័យរបស់អ្នក និងអ្វីដែលគួរធ្វើនិងមិនធ្វើ ដើម្បីសុខុមាលភាពរបស់ក្រុមការងាររបស់អ្នក។ រឿងសាមញ្ញៗ ដូចជាគុណភាពកាហ្វេ ឬ ពណ៌ជញ្ជាំងសុទ្ធតែអាចប៉ះពាល់ដល់សកម្មភាពរបស់បុគ្គលិក។
ការលាបពណ៌ថ្មី និងដាក់ដើមរុក្ខជាតិបន្ថែម ឬការលម្អមួយចំនួនទៀតទៅតាមកន្លែងធ្វើការរបស់អ្នក។ ការលេងល្បែងកំសាន្តដែលចំណាយពេលវេលាបន្តិចចន្តួចក៏អាចជាផ្នែកមួយក្នុងការបំបាត់ភាពតានតឹងរបស់ពួកគេផងដែរ។ ការផ្លាស់ប្តូរណាមួយដែលបង្កើនភាពរីករាយរបស់បុគ្គលិក នឹងធ្វើឱ្យពួកគេមានអារម្មណ៍តានតឹងកាន់តែតិច។
៣. អនុញ្ញាតឱ្យមានម៉ោងអាចបត់បែនបាន
ដោយសារការមានទំនុកចិត្តលើសមត្ថភាពលើបុគ្គលិករបស់អ្នកក្នុងការបំពេញការងារបានល្អនិងទាន់ពេលវេលា ដូច្នេះអ្នកគួរអនុញ្ញាតឱ្យបុគ្គលិករបស់អ្នកធ្វើការដោយភាពបត់បែនសមស្របទៅតាមពេលវេលារបស់ពួកគេ។
៤. លើកទឹកចិត្តចំពោះសកម្មភាពសង្គម
បុគ្គលិកចំណាយពេលច្រើនជាមួយគ្នា ហើយនៅពេលពួកគេមានភាពចុះសម្រុងនិងគ្នាកាន់តែខ្លាំង ពួកគេនឹងមានអារម្មណ៍តានតឹងកាន់តែតិចផងដែរ។ នៅពេលដែលមិត្តរួមការងារស្គាល់គ្នា បញ្ហាក្នុងការប្រាស្រ័យទាក់ទងគ្នា នឹងលែងជាឧបសគ្គតទៅទៀតហើយ។
៥. បង្កើតពេលវេលាស្ងប់ស្ងាត់
យើងមិនអាចចៀសវាងភាពតានតឹងទាំងស្រុងបានទេ ប៉ុន្តែអ្នកអាចជួយកាត់បន្ថយវាបាន។ ត្រូវប្រាកដថាបុគ្គលិករបស់អ្នកមានកន្លែងដែលពួកគេអាចសម្រាកបាន។
ការស្រាវជ្រាវបានបង្ហាញថាជាង ៨០% នៃបុគ្គលិកមិនសូវចូលរួមសកម្មភាពនានា និងមិនសូវពូកែនិយាយស្ដី ចូលចិត្តការកាត់បន្ថយភាពតានតឹងរបស់ខ្លួនតាមរយៈការគេងមួយស្របក់នៅពេលថ្ងៃ។ ការមានបន្ទប់តូចមួយដែលជាកន្លែងសម្រាប់អង្គុយលេង ឬក៏កន្លែងដែលអង្គុយហើយអាចមើលទៅខាងក្រៅបាន អាចជាកន្លែងដែលល្អមួយ ដើម្បីដកខ្លួនពីភាពអ៊ូអរនៅក្នុងបន្ទប់ធ្វើការបាន។
៦. ផ្តល់ការប្រឹក្សានៅនឹងកន្លែង ឬ ពីចម្ងាយ
ក្រុមហ៊ុនជាច្រើនក៏បានចាប់ផ្តើមផ្តល់ការប្រឹក្សាយោបល់ដែលជាមធ្យោបាយសម្រាប់បុគ្គលិកក្នុងការជួយដោះស្រាយភាពតានតឹង។ នៅក្នុងការសិក្សាក៏បានបញ្ហាថា ស្ទើរតែ ៥០% នៃអ្នកធ្វើការ មានអារម្មណ៍ថា ពួកគេត្រូវការជំនួយក្នុងការរៀនពីរបៀបដោះស្រាយនៅពេលពួកមានភាពតានតឹងអំពីការងាររបស់ពួកគេ។ យុទ្ធសាស្ត្រនេះ មិនថានៅក្នុង ឬ ក្រៅការិយាល័យ មិនថាកំណត់ជាក្រុម ឬ ជាលក្ខណៈបុគ្គលនោះទេ គឺសុទ្ធតែអាចជួយបុគ្គលិករបស់អ្នករៀបចំខ្លួននៅពេលដែលមានភាពតានតឹងកើតមានឡើង។
៧. ទទួលស្គាល់ពីអ្វីដែលបុគ្គលិករបស់អ្នកបានធ្វើ
បុគ្គលិកចូលចិត្តការសរសើរចំពោះការងារដែលពួកគេធ្វើបានល្អ ហើយការទទួលស្គាល់លទ្ធផលរបស់ពួកគេនេះ គឺជាការជំរុញយ៉ាងខ្លាំងក្នុងការលើកទឹកចិត្ត។ បុគ្គលិកម្នាក់ៗ មានបុគ្គលិកលក្ខណៈខុសៗគ្នា ដូច្នេះសូមពិចារណាពីរបៀប និងពេលណាដែលត្រូវការសរសើរពួកគេ។ បុគ្គលិកខ្លះពេញចិត្តចំពោះការហៅចេញក្នុងអំឡុងពេលកិច្ចប្រជុំ ឬ ការសរសើរនៅក្នុងអ៊ីមែលនៅក្នុងក្រុមហ៊ុន ខណៈដែលពេលដែលខ្លះទៀតអាចចូលចិត្តទទួលជាសំបុត្រនៅលើតុរបស់ពួកគេ ឬ ការអរគុណដោយផ្ទាល់។
ការជ្រើសរើសការទទួលស្គាល់ពីអ្វីដែលបុគ្គលិករបស់អ្នកបានធ្វើ នឹងជួយឲ្យពួកគេមានអារម្មណ៍ថាអ្នកដឹងពីជោគជ័យរបស់ពួកគេ ហើយចង់ចែករំលែកវាជាមួយអ្នកដទៃ។ នេះធ្វើឱ្យពួកគេរីករាយជាងមុន ដែលនេះជាផ្នែកមួយក្នុងការបន្ថយកម្រិតនៃភាពតានតឹង។
ដកស្រង់ពី៖ https://www.quantumworkplace.com/
អត្ថបទទាក់ទង