ច្បាប់ទាំង ៧ សម្រាប់សហគ្រិន ដើម្បីផ្ទេរការងារប្រកបដោយប្រសិទ្ឋភាព

នៅពេលដែលអ្នកកសាង និងដឹកនាំមុខជំនួញ អ្នកតែងតែពាក់របាំងមួកជាច្រើន។ អ្នកត្រូវតែដើរតួរជាអ្នកលក់អ្នកបង្កើតថ្មី អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងអ្នកដឹកនាំផងដែរ ខណៈពេលដែលអ្នកត្រូវតែដោះស្រាយបញ្ហាជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ វាហាក់បីដូចជារឿងគួរឲ្យសប្បាយមុនដំបូង ប៉ុន្តែពីមួយថ្ងៃទៅមួយ វានឹងធ្វើឲ្យអ្នកនឿយណាយបន្តិចម្តងៗ។ អ្នកនឹងចាប់ផ្តើមធ្វើការរយៈពេលយូរ ទាំងយប់ទាំងថ្ងៃ គ្មានថ្ងៃសម្រាក ហើយអ្នកនឹងមានអ្វីៗជាច្រើនសម្រាប់ធ្វើជាប្រចាំ។

នៅពេលដែលអ្នកដល់ចំណុចមួយ ឆ្ពោះទៅរកគោលដៅ អ្នកត្រូវតែគិតពីការផ្ទេរតួនាទីការងារឲ្យទៅមនុស្សជុំវិញខ្លួន។ ការផ្ទេរតួនាទី គឺជាកត្តាមួយដ៏សំខាន់ក្នុងការធ្វើឲ្យមានភាពជោគជ័យខាងផ្នែកសហគ្រិនភាព ទាំងកម្រិតផ្ទាល់ខ្លួន និងអាជីព។ ដូចនេះហើយ អ្នកគួរតែធ្វើតាមវិន័យទាំង៧នេះ ដើម្បីធ្វើការងារឲ្យមានប្រសិទ្ធភាព។

១. បង្ខំខ្លួនឯងឲ្យផ្ទេរតួនាទីការងារ

សហគ្រិននីមួយៗ តែងតែមានវិញ្ញាណពីធម្មជាតិ ក្នុងការមានភាពជាម្ចាស់ការក្នុងការបំពេញការងាររបស់ពួកគេ។ ពួកគេចង់ធ្វើអ្វី និងអ្វីៗគ្រប់បែបយ៉ាងតាមដែលគេអាចធ្វើទៅបាន។ សម្រាប់រឿងគ្រប់យ៉ាង នេះគឺជារឿងដែលគួរឲ្យសរសើរបំផុត ពីព្រោះនេះគឺជាការបំពេញតួនាទីការងារកាន់តែល្អសម្រាប់អាជីវកម្មដំបូង។ ទោះបីអ្នកមិនចង់យ៉ាងណាក៏ដោយ នៅទីបំផុតអ្នកត្រូវបង្ខំខ្លួនឯងឱ្យផ្ទេរការងារមួយចំនួន។ ទោះបីវាជាភារកិច្ចដែលអ្នកចង់ធ្វើយ៉ាងណាក៏ដោយ វាប្រហែលជាប្រសើរជាងចំពោះអ្នកក្នុងការបែងចែកវាចេញ។

២. ធ្វើខ្លួនឲ្យសកម្ម

វិន័យទី២ គឺត្រូវតែមានសកម្មភាពរស់រវើកចំពោះ ការផ្ទេរតួនាទីការងាររបស់អ្នក។ ប្រសិនបើអ្នករង់ចាំ រហូតដល់ការងាររបស់អ្នកមានកាន់តែច្រើន ហើយមិនបានធ្វើអ្វីជាបណ្តើរៗ នោះការផ្ទេរតួនាទីរបស់អ្នកពិតជាមិនបានសម្រេចឡើយ។ ហើយម្យ៉ាងវិញទៀត វាអាចនឹងមានការយឺតយ៉ាវបន្តិច ឬយឺតខ្លាំង។ ផ្ទុយទៅវិញ អ្នកត្រូវតែទទួលស្គាល់ថា នៅពេលដែលការងាររបស់អ្នកគរដូចភ្នំ អ្នកគួរតែចាត់វិធានការក្នុងការដោះស្រាយបញ្ហា មុននឹងវាក្លាយជាបញ្ហាធំ។ ទាំងនេះរួមមាន ការជួលមនុស្សថ្មី ការរៀបចំកិច្ចការងាររបស់អ្នករួចដាក់ចូលក្នុងបញ្ជី ឬ ជួយគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឈជំនាញថ្មី ធ្វើឲ្យការងាររបស់អ្នករំកិលទៅមុខយ៉ាងរលូន។

៣. ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ក្រុម

មុនពេលដែលអ្នកចាប់ផ្តើម ផ្ទេរតួនាទី និងការងារទៅឲ្យនរណាម្នាក់ អ្នកត្រូវតែដឹងពីចំណុចខ្លាំង និងចំណុចខ្សោយសម្រាប់ក្រុមការងាររបស់អ្នក។ បុគ្គលនីមួយៗ តែងតែប្រគល់នូវអ្វីដែលថ្មី និងប្លែកសម្រាប់ក្រុមហ៊ុនរបស់អ្នក។ ដូចនេះហើយ ប្រសិនបើអ្នកចង់បង្កើតនូវដំណាក់កាលក្នុងការបែងចែកការងារបានយ៉ាងល្អប្រសើរ អ្នកត្រូវតែយល់ពីគុណសម្បត្តិ និងគុណវិបត្តរបស់បុគ្គលិកក្រុមហ៊ុនរបស់អ្នក។ ជាឧទាហរណ៍ សមាជិកក្រុមរបស់អ្នក អាចនឹងមានដំណើរយឺត ពីព្រោះពួកគេមានការពិចារណាច្រើន ខណៈពេលដែលអ្នកផ្សេងទៀតមានភាពខ្ជិលច្រអូស ប៉ុន្តែធ្វើការបានយ៉ាងរហ័ស។ នេះមានន័យថា អ្នកគួរតែចាត់ចែងការងារណាដែលមានភាពសំខាន់ ប៉ុន្តែមិនប្រញ៉ាប់ប្រញាល់ ហើយអ្នកត្រូវតែផ្ទេរតួនាទី កិច្ចការណាដែលត្រូវធ្វើឥឡូវៗនេះ។

៤. វិនិយោគលើពេលវេលាក្នុងការបង្រៀន

នៅពេលដែលអ្នកចាប់ផ្តើមផ្ទេរតួនាទី វាងាយស្រួលណាស់ដែលអ្នកនិយាយទៅកាន់ខ្លួនឯងថា ខ្ញុំត្រូវធ្វើកិច្ចការនេះ ព្រោះខ្ញុំគឺជាមនុស្សតែម្នាក់ដែលដឹងរឿងនេះ។ ហើយមានកិច្ចការងារជាច្រើន ដែលស្ថិតនៅក្នុងបញ្ជី ដែលអ្នកត្រូវតែធ្វើ ប៉ុន្តែនេះមិនប្រាកដថា អ្នកមិនអាចបង្រៀនបុគ្គលម្នាក់នោះបានទេ។ អ្នកប្រហែលជាមិនចូលចិត្តគំនិតនេះ ពីព្រោះវានឹងត្រូវការពេលជាច្រើនក្នុងការបង្រៀនក្រុមការងារធ្វើកិច្ចការមួយនេះ។ ប៉ុន្តែសូមចាត់ទុកវាជាការហ្វឹកហ្វឺន និងជាការវិនិយោគ។ អ្នកត្រូវតែបង្រៀនបុគ្គលម្នាក់នោះ ទាល់តែពួកគេអាចទទួលបាននូវកិច្ចការដ៏ជោគជ័យ។

៥. ត្រូវតែធ្វើឲ្យការរំពឹងរបស់អ្នកមានភាពច្បាស់លាស់

នៅពេលដែលបែងចែកតួនាទីការងារ អ្នកគួរតែមានភាពច្បាស់លាស់ពីការរំពឹងទុករបស់អ្នក។ ដូចនេះហើយ អ្នកត្រូវតែអនុញ្ញាតឲ្យក្រុមការងាររបស់អ្នក ដឹងច្បាស់ពីរបៀបដែលអ្នកបំពេញកិច្ចការទាំងនោះ ហើយនៅពេលណាដែលអ្នកគួរតែបញ្ចប់វា។ ប្រសិនបើមានក្រុមការងារជាច្រើន ធ្វើការងារទៅលើគម្រោងនោះ អ្នកត្រូវមានភាពច្បាស់លាស់ទៅទំនួលខុសត្រូវរបស់បុគ្គលម្នាក់ៗ ហើយយ៉ាងហោចណាស់ ក៏ត្រូវផ្ទេរតួនាទីឲ្យទៅមនុស្សម្នាក់ ដើម្បីធ្វើជាមេដឹកនាំក្រុម។ សូមចំណាយពេល ដើម្បីដោះស្រាយបញ្ហា និងកាត់បន្ថយការភ័ន្តច្រឡំ ដើម្បីការពារកុំឲ្យមានបញ្ហាកើតឡើង។

៦. ទុកចិត្ត ប៉ុន្តែត្រូវបញ្ជាក់ឡើងវិញ

ជាក់ច្បាស់ណាស់ អ្នកទុកចិត្តក្រុមការងាររបស់អ្នកថាគេអាចធ្វើការបានយ៉ាងល្អ បើមិនដូច្នោះទេ អ្នកក៏មិនជួលពួកគេមកឲ្យធ្វើការនោះដែរ។ អ្នកចាប់ផ្តើមផ្ទេរកិច្ចការ និង កំណត់កាលបរិច្ឆេទក្នុងការបញ្ចប់ការងារនោះ ពីព្រោះវាអាចធ្វើឲ្យអ្នកជឿទុកចិត្តថា ពួកគេនឹងអាចបញ្ចប់ការងារបានយ៉ាងល្អ។ ទោះជាយ៉ាងណាក៏ដោយ វានៅតែជាគំនិតល្អមួយ ដែលដំណាក់កាលនីមួយៗ កំពុងដើរទៅយ៉ាងរលូន។ សូមបង្កើតជាវេទិកា នៃការទំនាក់ទំនងគ្នា ដូចនេះអ្នក និងក្រុមការងាររបស់អ្នក​ អាចផ្តល់នូវព័ត៌មានឲ្យគ្នាទៅវិញទៅមក ទាក់ទិននឹងដំណើរការរបស់ការងារ ហើយដើម្បីធានាបានថាអ្នកអាចបញ្ចប់ការងារទាន់កាលបរិច្ឆេទបានយ៉ាងល្អ ហើយមិនមានការភ័ន្តច្រលំនោះទេ។

៧. ផ្តល់ និងទទួលយកមតិណែនាំ

ជាចុងបញ្ចប់ អ្នកត្រូវតែផ្តល់ និងទទួលយកមតិពីអ្នកដទៃ នៅពេលដែលកិច្ចការរបស់អ្នកបានបញ្ចប់។ សូមអនុញ្ញាតឲ្យសមាជិកក្រុមការងាររបស់អ្នកដឹងថា ពួកគេពិតជាអាចសម្រេចការងារបានយ៉ាងល្អ ហើយត្រូវសួរគេពីអ្វីដែលគេគិតពីការងារ និងសេចក្តីណែនាំរបស់អ្នក។ ម្យ៉ាងវិញទៀត អ្នកក៏អាចដឹងច្បាស់ពីរំហូរនៃការងាររបស់អ្នក តាមរយៈបទពិសោធន៍របស់អ្នក ហើយអ្នកនឹងអាចរក្សាបាននូវចំណេះដឹងនេះ ដើម្បីទុកជាបទពិសោធន៍សម្រាប់ថ្ងៃអនាគត។ វិន័យទាំងនេះ អាចនឹងធ្វើឲ្យអ្នកកាន់តែមានភាពច្បាស់លាស់ក្នុងការចាត់ចែងការងារបានយ៉ាងជោគជ័យ ប៉ុន្តែអ្នកក៏ត្រូវរក្សាឲ្យបាននូវតុល្យភាពរវាងការងាររបស់អ្នក និងសុខភាពរបស់អ្នក។ អ្នកត្រូវតែសិក្សាពីការផ្ទេរតួនាទីឲ្យបានច្បាស់លាស់ វាមិនអាចជាជម្រើសទេ។ បើអ្នកមិនមានផែនការទេនោះ អ្នកមិនអាចបញ្ចប់ការងាររបស់អ្នកបានយ៉ាងរលូននោះទេ។ ផ្ទុយទៅវិញចុងបញ្ចប់ អ្នកបែរជារំខានខ្លួនរបស់អ្នកផ្ទាល់។

សម្រួលពី៖ Anna Johansson, 7 Rules for Entrepreneurs to Delegate Effectively, Entrepreneur


អត្ថបទទាក់ទង

យុទ្ធសាស្ត្រសាមញ្ញចំនួន ៧ សម្រាប់ការ​សម្រេចចិត្ត​ក្រុមឲ្យ​មានប្រសិទ្ធភាព

 

Leave a Reply

Your email address will not be published. Required fields are marked *