គន្លឹះគ្រប់គ្រងកំពូលទាំង ៧ ពីទស្សនាវដ្តីពាណិជ្ជកម្មហាវើដ (Harvard Business Review)

Harvard Business Review បានចេញសៀវភៅមួយក្បាល អំពី “គន្លឹះសំខាន់នៃការគ្រប់គ្រង” ។ ខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៌ និងយកមកអនុវត្តតាមយ៉ាងល្អ តាមរយៈ Management Tips From Harvard Business Review៖

១. ពិនិត្យឡើងវិញនូវបញ្ជី សកម្មភាពដែលត្រូវធ្វើជាប្រចាំថ្ងៃរបស់អ្នក

ការមានវិន័យផ្ទាល់ខ្លួន គឺអាចពិបាកនឹងកើតឡើងខ្លាំងណាស់។ ចូរសាកល្បងអនុវត្តគន្លឹះបីសំខាន់ៗខាងក្រោមនេះ ដើម្បីធ្វើឲ្យការងាររបស់អ្នកកាន់តែមានប្រសិទ្ធភាពជារៀងរាល់ថ្ងៃ។

  • ធ្វើរឿងបីឲ្យហើយ មុនពេលថ្ងៃត្រង់៖ យោងតាមស្ថិតិបានបង្ហាញថា ក្រុមការងារណាដែលនាំមុខគេនៅពាក់កណ្តាលម៉ោងមុន គឺជាទូទៅអាចនឹងឈ្នះការប្រកួត។ ដោយអ្នកសម្រេចបាននូវកិច្ចការបីនៅពេលព្រឹកនេះហើយ ដូច្នេះអ្នកគួរតែរីករាយនឹងអាហារថ្ងៃត្រង់របស់អ្នក។
  • បែងចែកការងារទៅតាមល្បឿន៖ ចូរបែងចែកការងារចេញដោយឡែកៗ។ សូមធ្វើការងារណា ដែលប្រើរយៈពេលវែងមុន ទើបធ្វើការងារផ្សេងៗទៀតជាក្រោយ។ ប្រសិនបើអ្នកទុកចោលការងារណាដែលវែងនៅចុងក្រោយ អ្នកអាចនឹងបាត់បង់ថាមពលក្នុងការបន្តការងារជាមិនខាន។
  • ដោះស្រាយការងារណា ដែលមានភាពស្រដៀងគ្នាក្នុងពេលតែមួយ។ ការគិតរបស់យើងមានការវិវត្តដដែលៗ។ ដូចនេះហើយ អ្នកអាចរកបង្កើនសន្ទុះការងារបានច្រើន ប្រសិនបើអ្នកបំពេញកិច្ចការណាដែលមានភាពស្រដៀងគ្នាក្នុងពេលតែមួយ។

២. ធ្វើពុតជាមានអ្វីដែលអ្នកចង់បាន

ចិត្តរបស់អ្នក ជារឿយៗជាវត្ថុដែលអស្ចារ្យបំផុត ប៉ុន្តែនៅពេលដែលអ្នកត្រូវបានគ្របដណ្តប់ដោយ ភាពភ័យខ្លាច ភាពខឹង និងកង្វល់ហើយនោះ វាក៏អាចជាសត្រូវមួយដ៏ធំរបស់អ្នកផងដែរ។ បើទោះជាអ្នកមានភាពព្រួយបារម្ភថា មិត្តភក្តិរបស់អ្នក មិនមានការគោរពចំពោះអ្នក ឬអតិថិជនមិនទូរស័ព្ទមកក្រុមហ៊ុនរបស់អ្នកម្តងទៀត នេះគ្រាន់តែជារឿងដែលធ្វើឲ្យបញ្ហាកាន់តែធំ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកគួរតែធ្វើពុតជាមានអ្វីគ្រប់បែបយ៉ាង ហើយព្យាយាមធ្វើធម្មតា ធ្វើពុតជាអ្នកទទួលបានការគោរពពីមិត្តភក្តិរបស់អ្នក ធ្វើពុតជាបានទទួលការហៅចូលពីភ្ញៀវរបស់អ្នកម្តងទៀត ។ នេះហាក់បីដូចជាការកំប្លែង។ ប៉ុន្តែវាគឺជារឿងល្អ ប្រសិនបើអ្នកសម្តែងមកដោយភាពជឿជាក់។ ហើយឱកាសនោះ គឺកាន់តែមានភាពប្រសើរឡើងផងក៏ថាបានដែរ។

៣. ផ្តល់អាទិភាពទៅលើគុណតម្លៃជាជាងបរិមាណ

តាមការស្រាវជ្រាវ បានឲ្យដឹងថា ការធ្វើការងារជាច្រើនក្នុងពេលតែមួយ តែងតែចេញលទ្ធផលមិនសមប្រកប។ ដោយសារតែការយកចិត្តទុកដាក់តិចពេកទៅលើការងារ អ្នកនឹងមិនទទួលបានជោគជ័យទាំងស្រុងពីការងារនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ចម្លើយក៏មិនស្ថិតត្រង់ការងារមួយៗ ដែលធ្វើផ្សេងៗគ្នានោះដែរ។ ការធ្វើកិច្ចការតែមួយ មិនអាចជួយអ្នកឲ្យបានទទួលជោគជ័យ នៅក្នុងពិភពលោកដែលដើរលឿនយ៉ាងរហ័សនាបច្ចុប្បន្ននេះទេ។ ផ្ទុយទៅវិញ ចុរចំណាយពេលកំណត់ ថាតើកិច្ចការមួយណាខ្លះ ដែលបង្កើតបានជាតម្លៃការងារដ៏ច្រើនបំផុត បន្ទាប់មកផ្តោតសំខាន់លើការងារទាំងអស់នោះ។ ដោយផ្តល់តម្លៃទៅលើគុណប្រយោជន៍ច្រើនជាងបរិមាណ នឹងជួយសម្លៀងការយកចិត្តទុកដាក់របស់អ្នកទៅលើការងារដែលសំខាន់ចម្បងទាំងអស់នោះ ហើយអ្នកនឹងអាចបង្កើននូវគុណភាពការងារ។ ចុងក្រោយ អ្នកនឹងទទួលបានគុណប្រយោជន៍ច្រើនជាងមុន។ ចុះអ្នកត្រូវធ្វើយ៉ាងណា ចំពោះការងារបន្ទាប់បន្សំនោះ? សូមចាត់ការងារទាំងនោះ ជាកិច្ចការត្រូវធ្វើបន្ទាប់។ ប្រសិនបើការងារបន្ទាប់បន្សំទាំងនោះ មិនបានផ្តល់តម្លៃការងារខ្ពស់ អ្នកគួរតែសួរខ្លួនឯង ថាហេតុអ្វីត្រូវធ្វើវា។

៤. កំណត់ការប្រជុំឲ្យបានទៀងទាត់ជាមួយខ្លួនរបស់អ្នក

ដោយសារតែយើងកំពុងឈានឆ្ពោះទៅកាន់រំហូរសេដ្ឋកិច្ចដែលឥតឈប់ឈរ តើអ្នកអាចរក្សាបាននូវការងារឲ្យបានល្អ យ៉ាងដូចម្ត៉េចទៅ ហើយអាចនឹងបង្កើនលទ្ធផលការងារឲ្យបានច្រើនជាងមុនយ៉ាងដូចម្ត៉េចទៅ? ត្រឹមត្រូវណាស់! បើទោះជាអ្នករវល់យ៉ាងណាក៏ដោយ វាគឺជារឿងចាំបាច់ដែលត្រូវតែធ្វើ គឺថាជារឿងរាល់សប្តាហ៍ អ្នកត្រូវចំណាយពេលឲ្យបានមួយម៉ោង ដើម្បីរំឮកអំពីសកម្មភាពសំខាន់ៗ ដែលអ្នកបានធ្វើ។ សកម្មភាពទាំងអស់នោះ រួមមានដូចជា ជម្លោះ បរាជ័យ ឱកាស ដែលអ្នកទើបតែបានឆ្លងកាត់ ការសង្កេតទៅលើសកម្មភាពរបស់អ្នកដទៃ ការផ្តល់ជាមតិពីអ្នកដទៃ។ ពិចារណាពីរបៀបដែលអ្នកឆ្លើយតបទៅអ្នកដទៃ អ្វីដែលបានដំណើរការល្អ អ្វីដែលមិនដំណើរការបានល្អ និងអ្វីដែលមានប្រសិទ្ធភាពនៅពេលអនាគត។ ដូចនេះហើយ សូមកុំច្រានចោលការប្រជុំនេះឲ្យសោះ វាពិតជាមានសារៈសំខាន់ណាស់។

៥. បោះចោលនូវគំនិតលើសលប់ “ចង់ធ្វើជាខ្លួនឯង”

អ្វីដែលជាទម្លាប់អាក្រក់របស់អ្នកដឹកនាំ គឺការដោះសារចំពោះឥរិយាបទរបស់ពួកគាត់ ដោយពាក្យថា “នេះគឺជាចរិករបស់ខ្ញុំ់” ។ ត្រូវឈប់តោងតៀមទៅនឹងអាកប្បកិរិយាមិនល្អរបស់អ្នក ពីព្រោះ ទាំងអស់នោះ វាអាចជះឥទ្ធិពលមកលើអ្នក។ ផ្ទុយពីការទទូចមិនផ្លាស់ប្តូរ អ្នកគួរតែគិត ថាតើអាកប្បកិរិយាទាំងអស់នោះ អាចប៉ះពាល់ដល់ភាពជោគជ័យរបស់អ្នកដទៃដែលនៅជុំវិញខ្លួនអ្នកយ៉ាងដូចម៉្តេច។

កុំគិតថា ឥរិយាបទទាំងនោះ គឺជាលក្ខណៈដែលមានពីកំណើត ផ្ទុយទៅវិញ វាជាឱកាសសម្រាប់ការអភិវឌ្ឍ។ អ្នកនឹងភ្ញាក់ផ្អើលពីភាពផ្លាស់ប្តូររបស់អ្នក នៅពេលដែលអ្នកអាចជួយខ្លួនរបស់អ្នកឲ្យទទួលបានភាពជោគជ័យ។

៦. មានវិធានការសម្រាប់ខ្លួនរបស់អ្នក

បើទោះជាមានការរំខានក៏ដោយ ការផ្លាស់ប្តូរខាងផ្នែកគ្រប់គ្រង ពេលខ្លះវាអាចផ្តល់នូវផលល្អសម្រាប់ក្រុមហ៊ុន។ ការផ្លាស់ប្តូរទាំងនោះ បាននាំមកនូវការគិតថ្មីៗ និងតម្រូវឲ្យអ្នកដឹកនាំទាំងអស់នោះពិចារណាទៅលើសមត្ថភាពបំពេញភារកិច្ចរបស់ពួកគេ។ សូមកុំរង់ចាំឲ្យក្រុមហ៊ុនរបស់អ្នកស្ថិតនៅក្នុងបញ្ហា។ ផ្ទុយទៅវិញ ត្រូវមានវិធានការសម្រាប់ខ្លួនអ្នក និងក្រុមហ៊ុន។ ចូរគិតអំពីអ្វីដែលអ្នកគួរតែធ្វើ ប្រសិនបើអ្នកចាប់ផ្តើមពីចំណុចថ្មី។ តើអ្នកគួរតែធ្វើយ៉ាងណា ប្រសិនបើអ្នកមកធ្វើការនៅថ្ងៃដំបូងវិញ។ ដោយពិចារណាទៅលើចំណុចទាំងអស់នោះ អ្នកនឹងអាចស្វែងរកយុទ្ធសាស្ត្រ និងវិធីសាស្ត្រថ្មីៗ សម្រាប់ជាការអភិវឌ្ឍខ្លួនអ្នកផ្ទាល់ និងអាចធ្វើឲ្យអ្នកមានថាមពលសារជាថ្មីសម្រាប់ឧបសគ្គដែលមាននៅខាងមុខ។

៧. ធ្វើជាអ្នកដឹកនាំ

នៅពេលបច្ចុប្បន្ននេះ មានសំណួរជាច្រើនបានលើកឡើងថា តើអ្នកដឹកនាំគួរតែមានការវិភាគឲ្យខ្លាំង មានការរៀបចំឲ្យបានត្រឹមត្រូវ មានការអធ្យាស្រ័យច្រើន និងមានសមត្ថភាពខាងផ្នែកទំនាក់ទំនង? ចម្លើយនោះ គឺធម្មតាបំផុត គឺពួកគេគួរតែមានលក្ខណៈសម្បត្តិទាំងអស់នោះ។ ជាជាងចាត់ប្រភេទខ្លួនរបស់អ្នកចូលជាប្រភេទអ្នកដឹកនាំមួយណាឲ្យបានច្បាស់លាស់ អ្នកគួរតែសម្លឹងមើល ថាតើបច្ចុប្បន្ននេះបរិយាកាសខាងផ្នែកមុខជំនួញ តម្រូវឲ្យអ្នកដឹកនាំមានអ្វីខ្លះ? អ្នកដឹកនាំ ត្រូវតែផ្ទេរសារទៅឲ្យអ្នកក្រោមឱវាទដោយមានភាពជឿជាក់ ដោយមានភស្តុតាងត្រឹមត្រូវ ប៉ុន្តែពួកគេក៏ត្រូវមានភាពប្រតិកម្មរហ័ស ចំពោះសកម្មភាពដែលមនុស្សទាំងនោះទទួលសាររបស់អ្នកដែរ។ ភាពជាអ្នកដឹកនាំទាំងអស់ មិនមែនជាជម្រើសទេ ប៉ុន្តែវាជាចំណុចបន្ថែមទៅលើការគ្រប់គ្រងដ៏ជោគជ័យ។

សម្រួលពី៖ Eric Barker, The Top 7 Management Tips From Harvard Business Review, Time


អត្ថបទទាក់ទង

យុទ្ធសាស្ត្រសាមញ្ញចំនួន ៧ សម្រាប់ការ​សម្រេចចិត្ត​ក្រុមឲ្យ​មានប្រសិទ្ធភាព

 

Leave a Reply

Your email address will not be published. Required fields are marked *