ទំនួលខុសត្រូវសំខាន់ៗចំនួន ៧ របស់អ្នកដឹកនាំ
ជាអ្នកដឹកនាំ អ្នកចាំបាច់ត្រូវមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំមនុស្ស និងរុញក្រុមហ៊ុនឆ្ពោះទៅរកវិបុលភាព និងវឌ្ឍនភាពជានិរន្ដន៍។ អ្នកដឹកនាំពិតប្រាកដសាងនូវទំនុកចិត្ត និងថាមពលតាមរយៈគោលដៅដ៏មោះមុតរបស់ពួកគេ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ ក្នុងនាមជាអ្នកដឹកនាំអស្ចារ្យម្នាក់ អ្នកត្រូវមានសមត្ថភាពបំផុសឡើងនូវការព្រមព្រៀងដែលល្អប្រសើរ ព្រមទាំងប្រសិទ្ធភាពការងារដែលរីកចម្រើនពីមនុស្សជុំវិញខ្លួនអ្នក និងទទួលខុសត្រូវលើកិច្ចការចម្បងៗជាច្រើនផងដែរ។ ខាងក្រោមនេះ គឺជាទំនួលខុសទាំង ៧ របស់អ្នកដឹកនាំ៖
ទំនួលខុសត្រូវទី១៖ ការដឹកនាំ គឺប្រៀបដូចជាអ្នកគ្រប់គ្រងម្នាក់
អ្នកគ្រប់គ្រងល្អម្នាក់ គឺជាមនុស្សដែលសម្រេចកិច្ចការបានល្អ ឆាប់រហ័ស និងលឿនជាងមុន។ តួនាទីរបស់គេរួមមាន៖
- ចេះកំណត់របៀបវារៈក្នុងការងារ
- ចេះផ្ដល់សារដែលមានអត្ថន័យច្បាស់លាស់
- ចេះវាស់វែងកម្រិតជោគជ័យការងារ
- ចេះត្រួតពិនិត្យដំណើរការការងារ
- មានគណនេយ្យភាពខ្ពស់ចំពោះការងារ
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺដើម្បីសម្រេចកិច្ចការងារឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព តម្រូវឱ្យអ្នកដែលជាអ្នកគ្រប់គ្រង គឺជាបុគ្គលដែល៖
- មានយុទ្ធសាស្រ្ដ ឬយុទ្ឋវីធីខ្ពស់
- ចេះរៀបចំចាត់ចែងបានល្អបំផុត
- មានការប្រមើលមើលវែងឆ្ងាយ
- អាចជឿទុកចិត្តបាន
ទំនួលខុសត្រូវទី២៖ ការដឹកនាំ គឺបៀបដូជាអ្នកជំនាញម្នាក់
ក្នុងនាមអ្នកជាអ្នកជំនាញម្នាក់ អ្នកគម្បីត្រូវដឹងពីអ្វីខ្លះដែលអ្នកត្រូវធ្វើ ទោះបីជាអ្នកកំពុងស្ថិតក្នុង ជម្រើសជាច្រើន ឬក្នុងស្ថានភាពមិនច្បាស់លាស់ណាមួយក៏ដោយ។ កិច្ចការងារសំខាន់ របស់អ្នកដែលត្រូវធ្វើរួមមាន៖
- ត្រូវផ្ដល់ព័ត៌មានឱ្យបានលម្អិត
- ត្រូវរកឫសគោលនៃប្រភពបញ្ហាឱ្យបានច្បាស់លាស់
- ត្រូវបង្វិកក្រុមការងារឱ្យមានភាពរីកចម្រើន
ជំនាញការរបស់អ្នកអាចនាំអ្នកឱ្យជោគជ័យ ប៉ុន្ដែមិនអាចកំណត់បានថា អ្នកអាចដឹកនាំក្រុមហ៊ុន ឱ្យរុលទៅមុខមួយកម្រិតទៀតនោះទេ។ ជាញឹកញាប់ អ្នកជំនាញច្រើនតែខ្វះជំនាញអន្ដរបុគ្គលដូចខាងក្រោម៖
- ជំនាញស្ដាប់
- ជំនាញទំនាក់ទំនង
- ជំនាញដោះស្រាយទំនាស់ ឬវិវាទ
- ជំនាញបង្វិក
ទំនួលខុសត្រូវទី៣៖ ការដឹកនាំ គឺប្រៀបដូចជាគ្រូបង្វិកម្នាក់
អ្នកត្រូវទទួលស្គាល់ថា សមាជិកក្រុមការងាររបស់អ្នកគឺមានសមត្ថភាពខុសៗគ្នា។ ក្នុងនាមអ្នកជាគ្រូ បង្វិកម្នាក់ អ្វីដែលអ្នកត្រូវធ្វើនោះគឺត្រូវសួរសំណួរឱ្យច្រើន ហើយត្រូវចេះផ្ដល់សិទ្ធិអំណាចដើម្បីឱ្យពួកគេអាចដោះស្រាយបញ្ហាផ្ទាល់ខ្លួន ។ កិច្ចការងារសំខាន់ដែលអ្នកត្រូវធ្វើរួមមាន៖
- ដឹងពីសមាសភាពសមាជិកក្រុមរបស់អ្នក
- បណ្ដុះបណ្ដាលសមាជិកក្រុមម្នាក់ៗ
- ផ្ដល់ការគាំទ្រ ជួយទំនុកបម្រុង និងធ្វើប្រតិកិរិយាឱ្យបានត្រឹមត្រូវ
- ផ្ដល់ការតម្រង់ទិសដៅការងារដើម្បីជោគជ័យក្នុងរយៈពេលវែង
ក្នុងនាមជាគ្រូបង្វិក អ្នកត្រូវតែលះបង់ពេលវេលា និងការខិតខំប្រឹងប្រែងដើម្បីក្រុមការងារ ដោយមិនត្រឹមតែចំណាយពេលដោះស្រាយបញ្ហាផ្ទាល់ខ្លួននោះទេ។ ការណ៍ធ្វើដូច្នេះ អ្នកនឹងទទួលបានផលត្រឡប់តបស្នងមកវិញដូចជា៖
- អ្នកក្លាយជាមនុស្សដែលគិតឯករាជ្យ
- ជួយរឹតចំណងទំនាក់ទំនងកាន់តែមានភាពល្អប្រសើរ
- ជួយឱ្យអង្គភាពមានភាពរីកចម្រើន
ទំនួលខុសត្រូវទី៤៖ ការដឹកនាំ គឺប្រៀបដូចជាអ្នកដឹកនាំការផ្លាស់ប្ដូរម្នាក់
បើជាអ្នកជាអ្នកដឹកនាំម្នាក់ អ្នកនឹងធ្វើឱ្យមានការផ្លាស់ប្ដូរកើតឡើងជាក់ជាមិនខាន។ យ៉ាងណាមិញ ក្នុងនាមអ្នកជាមេដឹកនាំការផ្លាស់ប្ដូរ កិច្ចការសំខាន់របស់អ្នករួមមាន៖
- ដឹងពីស្ទីលផ្ទាល់ខ្លួនពេលប្រឈមមុខនឹងការផ្លាស់ប្ដូរ
- យល់ដឹងពីស្ទីលចំណង់ចំណូលចិត្តផ្លាស់ប្ដូរនៃក្រុមការងាររបស់អ្នក
- ពន្យល់ពីអ្វីដែលត្រូវធ្វើ ធ្វើនៅពេលណា ធ្វើដោយរបៀបណា និងហេតុអ្វីចាំបាច់ត្រូវធ្វើរឿងហ្នឹងជារឿយៗ។
- គិតពីគោលគំនិត ឬទស្សនៈរបស់មនុស្សផ្សេងគ្នា
- បង្កើតឱ្យមានចូលរួម និងមានការប្ដេជ្ញាខ្ពស់ជាងមុន
- បង្កើតភាពសប្បាយរីករាយ
ការផ្លាស់ប្ដូរបង្កការលំបាកសម្រាប់មនុស្សភាគច្រើន។ ប៉ុន្ដែអ្នកដឹកនាំខ្លាំងយល់ថា ការផ្លាស់ប្ដូរនឹងជួយ គេឱ្យកាន់តែរឹងមាំ និងធ្វើការងារកាន់តែមានផលិតភាពជាងមុន។ ដោយសារពួកគេគិតថា ៖
- ការផ្លាស់ប្ដូរគឺចាំបាច់ត្រូវការពេលវេលាសមស្របណាមួយ
- ត្រូវការភាពចេះអត់ធន់
- ត្រូវមានគំនិតសុទិដ្ឋិនិយម
- ត្រូវចេះសាទរចំពោះកាលៈទេសៈលំបាកនោះ
ទំនួលខុសត្រូវទី៥៖ ការដឹកនាំ គឺប្រៀបដូជាអ្នកជំរុញទឹកចិត្តម្នាក់
ជាអ្នកជំរុញទឹកចិត្តដ៏ខ្លាំងពូកែម្នាក់ អ្នកគម្បីមានគ្រប់ស្ទីល កលវិធី និងយុទ្ធសាស្រ្ដគ្រប់យ៉ាង ដើម្បីជួយ និងជំរុញលើកទឹកចិត្តក្រុមការងាររបស់អ្នក។ តើអ្នកអាចជំរុញលើកទឹកចិត្ត ស្មារតី និងរុញក្រុមការងាររបស់អ្នកឱ្យធ្វើសកម្មភាពបានដែរឬទេ? ការងារសំខាន់របស់អ្នក៖
- បង្កើតឱ្យមានថាមពលជាវិជ្ជមានក្នុងក្រុម
- បង្កើតបរិយាសជំរុញចិត្ត
- កំណត់គោលដៅឱ្យបានច្បាស់ ហើយអនុញ្ញាតឱ្យសមាជិកគ្រប់គ្នាដឹង
- ប្រាស្រ័យទាក់ទងតាមវិធីផ្សេងៗ ទៅតាមប្រភេទមនុស្សផ្សេងគ្នា
- បន្ដជំរុញទៅមុខជានិច្ចនៅពេលជួបបញ្ហាប្រឈមនានា
ការលើកទឹកចិត្តគឺប្រៀបដូចជារលកអ៊ីចឹង។ ថ្ងៃខ្លះរលកឡើង ឯថ្ងៃខ្លះទៀតរលកចុះក៏មាន។ កិច្ចការរបស់អ្នកក្នុងនាមជាអ្នកដឹកនាំ គឺធ្វើយ៉ាងណាត្រូវបង្កើតវប្បធម៌ដែលធ្វើឱ្យខ្លួនឯងបន្ដមានថាមពលល្អក្នុងខ្លួនជាប្រចាំ។ កិច្ចការដែលអ្នកត្រូវធ្វើរួមមាន៖
- ទទួលស្គាល់ការខិតខំប្រឹងប្រែងជាប្រចាំ
- ផ្ដល់រង្វាន់ចំពោះអ្នកដែលទទួលបានលទ្ធផល
- ទទួលស្គាល់ភាពពិតនៃការឈឺចាប់ និងបង្ហាញពីឱកាសដែលកំពុងខិតមកជិត
ទំនួលខុសត្រូវទី៦៖ ការដឹកនាំ គឺប្រៀបដូចជាឯកអគ្គរាជទូតម្នាក់
អ្នកគឺជាអ្នកតំណាងឱ្យស្ថាប័នរបស់អ្នក។ នៅពេលអ្នកចូលរួមកិច្ចប្រជុំជាមួយមុខជំនួញអន្តរជាតិ អ្នកគឺជាអ្នកតំណាងឱ្យភាពរស់រវើកនៃបេសកកម្ម ចក្ខុវិស័យ និងគុណតម្លៃរបស់ក្រុមការងាររបស់អ្នកទាំងមូល។ កិច្ចការរបស់អ្នករួមមាន៖
- បង្កើតបណ្ដាញការងារខាងក្រៅ
- បញ្ជាក់យ៉ាងច្បាស់ពីយីហោស្ថាប័នរបស់អ្នក
- ទាក់ទាញអ្នកដែលមានសមត្ថភាព និងទេពកោសល្យឱ្យបានច្រើន
- លក់ផលិតផលរបស់អ្នក
- ជាអ្នកបង្កើនប្រាក់ចំណូលខ្ពស់ដល់ក្រុមហ៊ុន
ក្នុងនាមអ្នកជាឯកអគ្គរាជទូតដ៏ល្អម្នាក់ អ្នកត្រូវដឹងពីក្រុមហ៊ុនឱ្យបានច្បាស់នូវរឿងសំខាន់មួយចំនួន៖
- គោលបំណងរបស់ក្រុមហ៊ុន
- អតិថិជនគោលដៅរបស់ក្រុមហ៊ុន
- អត្ថប្រយោជន៍ដែលក្រុមហ៊ុនផ្ដល់ជូនទៅកាន់ទីផ្សារ
- ចូលរួមផ្ដល់ដំណោះស្រាយចំពោះបញ្ហាក្រុមហ៊ុន
ទំនួលខុសត្រូវទី៧៖ ការដឹកនាំ គឺប្រៀបដូចជាអ្នកផ្ចុងផ្ដើមម្នាក់
បើគ្មានការប្រមើលមើលពីអនាគតទេ នោះអ្នកដឹកនាំនឹងមិនអាចធ្វើឱ្យអង្គភាពរីកចម្រើនបានដែរ។ មូលដ្ឋានគ្រឹះនៃអ្នកដឹកនាំពូកែៗ គឺត្រូវអភិវឌ្ឍចក្ខុវិស័យឱ្យបានល្អ។ កិច្ចការគោលរបស់អ្នកត្រូវ៖
- ជាមនុស្សដែលចង់ចេះចង់ដឹង និងមានការច្នៃប្រតិដ្ឋ
- គិតឱ្យបានវែងឆ្ងាយ និងក្នុងរូបភាពមួយធំទូលាយ
- បង្វែរចក្ខុវិស័យទៅជាគោលដៅដ៏ច្បាស់លាស់ និងកិច្ចការទាំងឡាយណាដែលអាចធ្វើសកម្មភាព
- ចេះប្រាស្រ័យនាក់ទំនងប្រកបដោយប្រសិទ្ធភាព
- បន្តការវិវឌ្ឍទៅមុខជានិច្ច
អ្នកដឹកនាំដែលគ្មានចក្ខុវិស័យគឺប្រៀបដូចជាមនុស្សដែលឥតបានការ។ ដើម្បីរក្សាចក្ខុវិស័យរបស់អ្នកឱ្យបានច្បាស់លាស់ អ្នកត្រូវគិតដល់៖
- បច្ចេកវិទ្យាថ្មីៗ
- ស្ថានភាពដែលមានការប្រកួតប្រជែង
- តម្រូវការ ចំណង់ចំណូលចិត្ត និងសេចក្ដីប្រាថ្នារបស់អតិថិជន
- ការកែច្នៃផលិតផល ឬសេវាកម្ម
សម្រួលពី៖ សៀវភៅ The Responsibility Ethics: 12 Strategies Exceptional People Use to Do the Work and Make Success Happen by Adam Kreek
អត្ថបទទាក់ទង
គន្លឹះគ្រប់គ្រងកំពូលទាំង ៧ ពីទស្សនាវដ្តីពាណិជ្ជកម្មហាវើដ (Harvard Business Review)